បើតាមការឲ្យដឹងពីលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានដេប៉ាតឺម៉ង់ជំងឺបេះដូង នៃមន្ទីរពេទ្យ កាល់ម៉ែត និងជាប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា ជំងឺបេះដូងពីកំណើតមួយចំនួនអាចជាដោយឯងៗ នៅពេលទារកវិវត្តធំទៅ អាយុ ១ឆ្នាំ ២ឆ្នាំ ៣ឆ្នាំ ជួនកាលបេះដូងប្រហោងអាចជាឯង បិទជិតមកវិញ។ ប៉ុន្តែបើមិនជាទេ គ្រូពេទ្យត្រូវការព្យាបាលដោយភ្ជិត ដោយវិធីវះកាត់ ឬប្រើឆ្នុកទៅញ៉ុកប្រហោងឲ្យជិត។
“ជំងឺបេះដូងមួយចំនួនអាចព្យាបាលជាដាច់ ជាពិសេសជំងឺបេះដូងពីកំណើត ប៉ុន្តែជំងឺបេះដូងមួយចំនួនធំព្យាបាលមិនជាដាច់ទេ ដូចជាសម្លៀកបំពាក់ខូចខាត វារហែល វាធ្លុះ ទោះបីយើងប៉ះយ៉ាងណា ក៏នៅមានបំណះដែរ វាមិនអាចដូចរបស់ថ្មីទេ។ អ៊ីចឹងហើយមានតែការថែទាំសុខភាព របបអាហារ និងអនុវត្តទៅតាមការណែនាំរបស់គ្រូពេទ្យទេ ដែលអាចឲ្យអ្នកជំងឺរស់បានធម្មតា ប៉ុន្តែឲ្យព្យាបាលឲ្យជាដូចមនុស្សធម្មតា មិនអាចទេ’។