៣- ត្រូវដឹងពីអីខ្លះ?
ចំណុចមួយចំនួនខាងក្រោមនេះគឺជាអ្វីដែលអ្នកគួរតែយល់ដឹង៖
ជំងឺផ្តាសាយ៖ អាយុ ១ ឆ្នាំដំបូងនេះ កូនយើងជៀសមិនផុតឡើយពីជំងឺផ្តាសាយ ដោយសារតែមានវីរុសបង្កជំងឺផ្តាសាយជាច្រើនប្រភេទ។ តាមរយៈការប៉ាន់ស្មានមួយបានឲ្យដឹងថា ជាទូទៅកុមារ កើតជំងឺផ្តាសាយ យ៉ាងតិច ៨ ដង/ឆ្នាំ។
វីរុសទាំងនេះ អាចសាយភាយតាមរយៈខ្យល់ និងតោងភ្ជាប់ទៅនឹងវត្ថុដែលមានមេរោគជាច្រើនដូចជា ដៃទ្វារ និងរបស់ក្មេងលេង។ ដោយសារតែប្រព័ន្ធភាពស៊ាំនៅខ្សោយក្មេងងាយកើតជំងឺផ្តាសាយណាស់។ អូនតូចអាចយកដៃទៅដាក់នៅជិតភ្នែក និងមាត់ញឹកញាប់ ដូច្នេះរឹតតែងាយរងការវាយប្រហារដោយមេរោគផ្តាសាយ។ រោគសញ្ញាទូទៅរួមមានការហៀរសំបោរ ឬទឹកភ្នែក តឹងច្រមុះ ក្អក ក្តៅខ្លួនតិចៗ។ រោគសញ្ញាទាំងនេះមានរយៈពេលយ៉ាងយូរ ១ អាទិត្យ។
យើងអាចប្រើប្រដាប់បូមយកស្លេស្មនៅពេលតឹងច្រមុះ ឬប្រើឧបករណ៍សម្រួលការដកដង្ហើម ឬឧបករណ៍បន្សើមក្នុងបន្ទប់គេងកូនយើង ដើម្បីឲ្យអាអូនងាយដកដង្ហើមជាងមុន។ ត្រូវចាំថា តឹងច្រមុះអាចធ្វើឲ្យអូនតូចមានអារម្មណ៍មិនល្អ ដូច្នេះម៉ាក់ប៉ាគួរព្យាយាមលើកក្បាលកូនឲ្យផុតពីខ្នើយ ២-៣ សង់ទីម៉ែត្រនៅពេលគេង ឬដាក់កូនឲ្យគេងក្នុងទម្រង់អង្គុយ ៤៥ ដឺក្រេ ដើម្បីបន្ថយការស្ទះបំពង់ក។ យើងមិនត្រូវឲ្យកូនញ៉ាំថ្នាំដែលមិនបានពិគ្រោះជាមួយគ្រូពេទ្យនោះទេ។ ការប្រើថ្នាំផ្សះ ពពួកអង់ទីប៊ីយ៉ូទីក មិនមានប្រសិទ្ធិភាពជាមួយជំងឺបង្កដោយវីរុសទេ។ គ្រូពេទ្យនឹងប្រាប់យើងឲ្យប្រើថ្នាំប៉ារ៉ាសេតាមុល ប្រសិនបើកូនក្តៅខ្លួន។
ត្រូវទាក់ទងទៅគ្រូពេទ្យភ្លាម បើកូនមានសញ្ញាដូចខាងក្រោម៖
– ក្តៅខ្លួនលើសពី ៣៨ អង្សារសេ
– ចង្វាក់ដង្ហើមលឿន ជាង ៦០ ដង/នាទី
– ក្អកខ្លាំង និងពិបាកដកដង្ហើម
– ភ្នែកមានសភាពមិនធម្មតា ឬមានហៀរសារធាតុរាវ
– ទាញត្រចៀក យំពេលញ៉ាំ ឬដាក់ឲ្យគេង។
ការដុះធ្មេញ៖ ជាទូទៅធ្មេញរបស់ទារកដំបូងនឹងលូតលាស់ក្នុងអំឡុងអាយុ ៧ ខែ ដុះធ្មេញលឿនបំផុតនៅអាយុ ៣ខែ និងយូរបំផុតពេលអាអូនមានអាយុ ១២ ខែ ហើយការលូតលាស់នេះនឹងកើតមានទៅតាមហ៊្សែនរបស់ម៉ាក់ប៉ា។ យ៉ាងណាមិញ សញ្ញានៃការដុះធ្មេញ ជាទូទៅអាចកើតមាន ប្រហែល ២-៣ ខែមុន ហើយមានលក្ខណៈផ្សេងៗគ្នាពីទារកម្នាក់ទៅទារកម្នាក់។