backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

អាយុ ៣៤ សប្តាហ៍៖ អាអូនចេះជំនាញម្យ៉ាង ម៉ាក់ប៉ាត្រូវប្រយ័ត្នឲ្យមែនទែន

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Ros Khemary · កែ Jan 23, 2019

អាយុ ៣៤ សប្តាហ៍៖  អាអូនចេះជំនាញម្យ៉ាង ម៉ាក់ប៉ាត្រូវប្រយ័ត្នឲ្យមែនទែន

ការលូតលាស់ និងអាកប្បកិរិយា

ក្នុង​វ័យ​នេះ អាអូន​អាច​រក​របស់​របរមក​គ្រវី​ ឬ​អាច​មាន​គំនិត​លេង​ផ្សេងៗ​ចំពោះ​វត្ថុ​នោះ ដូច​ជា​អាច​បោក ចាក់ មួល ច្របាច់ គ្រវី ទម្លាក់ និង​បើក​ឡើង ដែល​សកម្មភាព​ទាំង​នោះ​នាំ​ឲ្យ​ពួក​គេ​សប្បាយ ដូច្នេះ​ម៉ាក់ប៉ា​ត្រូវ​ប្រយ័ត្ន​របស់​កូន​លេង​ដែល​ងាយ​បែក​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់។

ក្នុង​សប្ដាហ៍​ទី ២ នៃ​ខែ​ទី ៨ នេះ កូន​យើង​អាច​នឹង៖

– បោះ​ប្រអប់ ឬ​របស់​លេង​ពី​ដៃ​ម្ខាង​ទៅ​ដៃ​ម្ខាង​ទៀត

– ចូល​ចិត្ត​ទះ​ដៃ

– យក​របស់​លេង​គោះ​គ្នា និង​បោះ​របស់​លេង​ទៅ​លើ​ឥដ្ឋ

– ឈរ​ដោយ​ទប់​ឬ​កាន់​ដៃ

– យក​របស់​លេង​​នៅ​ឆ្ងាយ​បាន

– លេង​បិទ​ពួន

– ចេះ​ក្រោក​អង្គុយ។

១- បង្រៀនកូនដោយរបៀបណា?

កូន​យើង​ក្នុង​វ័យ​នេះ​អាច​ចង​ចាំ​របស់​លេង​ខ្លះ ដូច​ជា​ទូរសព្ទ។ ទោះ​បី​ជា​អាអូន​មិន​អាច​កាន់​ដាក់​ត្រចៀក​ស្តាប់​ដោយ​ខ្លួន​ឯង យើង​គួរ​តែ​លេង​ជាមួយ​កូន​ធ្វើ​ដូច​ជា​កំពុង​និយាយ​ទូរសព្ទ​ឆ្លើយ​ឆ្លង​ជាមួយ​ពួក​គេ។ ប៉ុន្មាន​ខែ​ក្រោយ អាអូន​អាច​នឹង​ប្រើប្រាស់​វត្ថុ​ទាំង​នោះ​ទៅ​តាម​មុខងារ​របស់​ពួក​វា​បាន ដូច​ជា​យក​ក្រាស់​យក​មក​សិត​សក់ ផឹក​ទឹក​ដោយ​ប្រើ​កែវ ហើយ​និយាយ​លេង​ឆ្លើយ​ឆ្លង​ជាមួយ​ទូរសព្ទ។

សុខភាព និងសុវត្ថិភាព

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

ទោះបី​ជា​មិន​មាន​ការ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ ប៉ុន្តែ​បើ​យើង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សុខភាព​កូន ដែល​មិន​អាច​ចាំ​ដល់​ការ​ណាត់​ជួប​ខែ​ក្រោយ​បាន​ទេ អាច​ទូរសព្ទ​សាកសួរ​គ្រូពេទ្យ​បាន។

៣- ចំណុចត្រូវដឹង

ពុល៖ កូន​យើង​លេប​ជាតិ​ពុល​ចូល​ទៅ​ក្នុង​ខ្លួន ​បណ្តាល​ឲ្យ​ឆ្អល់​ពោះ ឯ​ជាតិ​ពុល​ខ្លះ​ទៀត​វា​អាច​ប៉ះពាល់​ដល់​សួត ឬ​ពោះវៀន​ធ្ងន់ធ្ងរ ឈាន​ដល់​ស្លាប់​ក៏​មា​ន។ ដូច្នេះ​ម៉ាក់ប៉ា​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​លើ​ចំណុច​ខាង​ក្រោម​នេះ៖

– មើល​ស្លាក​បិទ​លើ​ផលិតផល​មាន​សារធាតុ​គីមី​

– ទុក​គ្រឿង​សម្អាងឆ្ងាយ​ពី​ដៃ​កូន

– ទុកថ្នាំ​ពេទ្យ ​វីតាមីន​អាហារ​បំប៉ន ថ្នាំ​លាង​សម្អាត-សម្លាប់​សត្វ​ល្អិត ឲ្យខ្ពស់ពីដៃកូន

– បើ​សិន​ជា​អាច ​ទិញ​ថ្នាំ​ណា​ដែល​គម្រប​ពិបាក​បើក

– ទុក​របស់​របរ​គ្រោះ​ថ្នាក់​ក្នុង​ធុង​ដែល​មាន​សុវត្ថិភាព

– កុំ​លួង​ក្មេង​ឲ្យ​ផឹក​ថ្នាំ ដោយ​ប្រាប់​​ថា វា​ជា​ស្ករ​គ្រាប់

– ទុក​របស់​របរ​ដាំ​ដំណាំ​ឲ្យឆ្ងាយ​ពី​ក្មេងៗ។

បើ​អាអូន​ពុល​អ្វី​ម្យ៉ាង ​ត្រូវ​នាំ​កូន​ទៅពេទ្យ ឬ​ជួយ​សង្រ្គោះ​បន្ទាន់​កូន​តាម​វិធី​ទាំង​នេះ៖

– បើ​កូន​មិន​អាច​ដក​ដង្ហើម​បាន ចាប់​ផ្តើម​សង្គ្រោះ​ដោយ​ធ្វើ​ចលនា​បេះដូង និង​ដក​ដង្ហើម

– ព្យាយាម​យក​វត្ថុ​ចេញ​ពី​មាត់​របស់​កូន ហើយ​​រក្សា​ទុក​វា​ជា​គំរូ

– កុំ​បង្ខំ​កូន​ឲ្យ​ក្អួត ឬ​ផឹក​ថ្នាំ​ឲ្យ​ក្អួត ដំបូង​គួរ​ស្តាប់​ការ​ណែនាំ​ពី​គ្រូ​ពេទ្យ

– ដោះ​ខោអាវ​ចេញ ហើយ​លាង​សម្អាត​ខ្លួន​កូន​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ។

កូន​មិន​ទាន់​ចេះ​វារ៖ ការ​លូត​លាស់​របស់​ក្មេង​មិន​ដូចគ្នា​នោះ​ទេ។ ការ​ចេះ​វារ​របស់​អូន​តូច​គ្រាន់​តែ​ជា​ជំនាញ​មួយ​ប៉ុណ្ណោះ មិន​អាច​វាស់​ពី​ការ​វិវត្ត​របស់​ក្មេង​បាន​ទាំង​ស្រុង​នោះ​ទេ។ ក្មេង​ខ្លះ​អាច​វារ​បាន​ពេល​ឈាន​ចូល​អាយុ ៦ ខែ​ ឯ​ខ្លះ​ទៀត​យូរ​ជាង​នេះ។ ក្មេង​ខ្លះ​បាន​រំលង​ចោល​ការ​លូត​លាស់​ក្នុង​ការ​ចេះ​វារ​លូន ហើយ​ចាប់​ផ្តើម​ដើរ​តែ​ម្តង ពួក​គេ​អាច​​ស្វែង​រក​វិធី​តោង​ឈរ និង​បម្លាស់​ទី (ដូច​ជា​ពី​កៅអី ទៅ​តុ ​ឬ​សាឡុង)។ ជា​ការ​ពិត​ណាស់​ក្មេង​ដែល​មិន​ចេះ​វារ តែ​ពួក​គេ​ចេះ​ដើរ​បាន​មុន​ក្មេង​ចេះ​វារ​ក៏​មាន។

ក្នុង​ចំណោម​ក្មេង​ដែល​ចេះ​វារ​លូន ក៏​មាន​របៀប​ខុស​គ្នា​ដែរ ក្មេង​ខ្លះ​រំកិល​ដោយ​ប្រើ​ពោះ ឬ​ក្មេង​ខ្លះ​រំកិល​ដោយ​ប្រើ​ជើង និង​ដៃ។ អូន​តូច​ខ្លះ​អាច​ចាប់​ផ្តើម​វារ ឬ​លូន​ថយ​ក្រោយ ឬ​ចំហៀង ខ្លះ​ទៀត​អាច​រំអិល​ដោយ​ប្រើ​ជង្គង់​ឬ​គូទ ឯ​មួយ​ចំនួន​ទៀត​អាច​ប្រើ​ដៃ​ជើង​សម្រាប់​ការផ្លាស់ទី។ នេះ​គឺ​ជា​ដំណាក់​មុន​ឈាន​ដល់​ការ​ដើរ​របស់​ក្មេង។

ក្មេង​ខ្លះ​មិន​ទាន់​ចេះ​វារ​លូន​​ព្រោះ​​គ្មាន​ជម្រើស ​ឬ​ឱកាស ដោយសារ​តែ​ភាគ​ច្រើន​ពួក​គេ​ត្រូវ​​ឃុំ​ក្នុង​គ្រែ​កូន​ង៉ែត ជិះ​រទេះ​រុញ ព និង​លេង​ក្នុង​របង​​ក្មេង។ ម៉ាក់ប៉ា​ត្រូវ​ចាំ​ថា​កូន​យើង​នឹង​ប្រើ​ពោះ​​ដើម្បី​លូន​វារ​លើ​ឥដ្ឋ​ (កុំ​បារម្ភ​ចំពោះ​ភាព​កខ្វក់​លើ​ឥដ្ឋ តែ​យើង​ត្រូវ​បោស​ និង​យក​វត្ថុ​គ្រោះ​ថ្នាក់​ចេញ​ឲ្យ​អស់)។ ដើម្បី​លើក​ទឹក​ចិត្ត​កូនៗ​ទៅ​មុខ​ទៀត យើង​គួរ​ដាក់​របស់​លេង​ដែល​កូន​ចូល​ចិត្ត​។ យកល្អគួរ​តែ​មាន​ទ្រនាប់ជង្គង់​កូន ដើម្បី​កុំ​ឲ្យ​ក្រិន ឬ​កកិត​យូរ​ឈឺ ធ្វើ​ឲ្យ​កូន​យើង​លែង​ចង់​វារ​តទៅទៀត​។

ការព្រួយបារម្ភ

៤- រឿងអ្វីខ្លះត្រូវបារម្ភ?

មាន​ឆ្ងល់​ទេ តើ​គួរ​បង្រៀន​កូន​និយាយ​ភាសា​សញ្ញា​បែប​ណា​ទៅ? ការ​ពិត​ទៅ​ក្មេងៗ​ដែល​ចេះ​ប្រើ​ភាសា​សញ្ញា​ មាន​សមត្ថភាព​ទំនាក់​ទំនង​ល្អ​ជាង​ក្មេង​ទូទៅ។ នៅ​ពេល​​កូន​​ចេះ​និយាយ នោះ​ភាសា​សញ្ញា​នឹង​កាត់​បន្ថយ ឬ​បាត់​ទៅ​វិញ។ ដូច្នេះ​កុំ​គិត​ថា​ការ​ប្រើប្រាស់​ភាសា​សញ្ញា​ធ្វើ​កូន​ឆ្លាត​ជាង​មុន ឬ​ជួយ​ដល់​ការ​លូតលាស់​ល្អ​ប្រសើរ ​យើង​ប្រើ​ប្រាស់​ភាសា​សញ្ញា​ដើម្បី​ជួយ​ក្នុង​ការ​និយាយ​ទំនាក់​ទំនង​ឲ្យ​ស្រួល​យល់​ជាមួយ​កូនប៉ុណ្ណោះ។

នេះ​គឺ​ជា​របៀប​នៃ​ការ​ប្រើប្រាស់​ភាសា​សញ្ញា៖

-ការ​ចាប់​ផ្តើម​ដំបូង​នៅ​ពេល​ក្មេងៗ​មាន​អាយុ​យ៉ាង​តិច​ណាស់ ៨ ឬ ៩ ខែ កូន​យើង​ចាប់​ផ្តើម​បង្ហាញ​កាយ​វិការ​ពេញ​ចិត្ត និង​ចាប់​អារម្មណ៍​ក្នុង​ការ​ទាក់​ទង​ជាមួយ​យើង។

-ការ​ប្រើប្រាស់​សញ្ញា​​ជា​រឿង​ធម្មតា​សម្រាប់​ក្មេងៗ។ ការ​ធ្វើ​កាយ​វិការ​សាមញ្ញៗ​ដែល​សម​នឹង​ពាក្យ ឬ​ឃ្លា​អាច​នឹង​បាន​ផល​ល្អ ឧទាហរណ៍ ការ​ទះ​ដៃ​ជំនួស​ដោយ​ពាក្យ​ថា “សត្វ​ចាប” ឬ​ការ​អេះ​ក្លៀក​សម្រាប់ “សត្វ​ស្វា” និង​ផ្គុំ​ម្រាម​ដៃ​ទាំង​ពីរ​ហើយ​ដាក់​ទ្រ​ក្បាល​ជំនួស​ថា “ការ​គេង” ​អង្អែល​ក្បាល​ពោះ​មាន​ន័យ​ថា “ឃ្លាន” កាយ​វិការ​លើក​កែវ​ចូល​មាត់​ប្រាប់​ថា “ផឹក” និង​ម្រាម​ដៃ​ប៉ះ​ច្រមុះ​មាន​ន័យ​ថា “ក្លិន”។

-ឲ្យ​របស់​កូន​ត្រូវ​ការ​ទៅ​តាម​ភាសា​សញ្ញា​ដែល​ជា​តម្រូវ​ការ​រាល់​ថ្ងៃ​ដូច​ជា ​ឃ្លាន ស្រេក​ទឹក និង​អស់​កម្លាំង។

-គ្រប់​ភាសា​សញ្ញា​ទាំង​អស់ កូន​យើង​អាច​យល់ និង​ធ្វើ​ត្រាប់​តាម​បាន​យ៉ាង​លឿន​ដោយ​សារ​តែ​ឃើញ​សញ្ញា​នេះ​ម្តង​ហើយ​ម្តង​ទៀត។

-ការ​និយាយ និង​ការ​ធ្វើ​សញ្ញា​ក្នុង​ពេល​តែ​មួយ ដើម្បី​កូន​រៀន​ទាំង​ពីរ ទាំង​ការ​និយាយ និង​សញ្ញា។

ត្រូវ​ចូល​រួម​គ្រួសារ​ទាំង​មូល ពី​ព្រោះ​មនុស្ស​ច្រើន​​អាច​និយាយ និង​ធ្វើ​កាយ​វិការ​សញ្ញា​បាន​ច្រើន នោះ​កូន​យើង​នឹង​ពេញ​ចិត្ត សប្បាយ​ចិត្ត​តាម​ហ្នឹង​ដែរ។ បង​ប្អូន​បង្កើត យាយតា មេ​ដោះ​ឬ​នរណា​ក៏​ដោយ​ឲ្យ​តែ​នៅ​ជាមួយ​កូនយើងច្រើន យ៉ាង​ហោច​ណាស់​គួរ​តែ​ស្គាល់​ភាសា​សញ្ញា​សំខាន់ៗ ដើម្បីបំពេញ​តម្រូវការ​កូន។

-កុំ​បង្ខំ​ឲ្យ​ភាសា​សញ្ញា​ទៅ​ជា​បែប​បទ​នៃ​ការ​ប្រាស្រ័យ​ទាក់​ទង គួរ​តែវិវត្ត​តាម​ធម្មជាតិ និង​​ជំហាន​កូន​។ ក្មេងៗ​រៀន​បាន​ល្អ​បំផុត​តាម​សកម្មភាព​ដែល​ធ្លាប់​ឃើញ និង​ធ្លាប់​ធ្វើ​មិនមែន​តាម​ការ​រៀនសូត្រ​លក្ខណៈ​ផ្លូវ​ការ​នោះ​ទេ។ បើកូ​នយើង​មិន​ពេញ​ចិត្ត​នឹង​ភាសា​សញ្ញា​នោះ​ហើយ ដូច្នេះ​គួរ​អង្កេត និង​យក​ចិត្ត​ទុកដាក់​ជាមួយ​កូន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Ros Khemary · កែ Jan 23, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម