backup og meta

បំបៅដោះបែបនេះទើបកូនទទួលសារធាតុចិញ្ចឹមគ្រប់គ្រាន់ ថ្លោស

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 28, 2023

    បំបៅដោះបែបនេះទើបកូនទទួលសារធាតុចិញ្ចឹមគ្រប់គ្រាន់ ថ្លោស

    ការ​បំបៅ​ដោះ​កូន​របស់​ម៉ាក់ៗមួយ​ចំនួន​នៅ​មាន​កំហុស​ឆ្គង បែប​នេះ​ទើប​កូន​ទទួល​បាន​សារ​ចិញ្ចឹម​មិន​គ្រប់​គ្រាន់។ លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល នឹង​ណែនាំ​ពី​វិធី​នៃ​ការ​បំបៅ​ដោះ​កូន ដើម្បី​ឲ្យ​កូន​បៅ​គ្រប់ ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ កូន​លូត​លាស់ល្អ ហើយ​ថ្លោស។

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ដំបូ​ងបំផុត​លោក​ជំទាវ​ថា ម៉ាក់ៗ​ត្រូវ​ដាក់​មាត់​ទារក​ជាប់​ផ្អឹប​នឹង​ដោះ មិន​ត្រូវ​ឲ្យ​កូន​បៅ​នៅ​ចុង​ដោះ​ទេ ធ្វើ​យ៉ាង​ឲ្យ​មាត់​កូន​ចូល​ដល់​រង្វង់​ខ្មៅៗ ទើប​អាច​ជញ្ជក់​ទឹកដោះ​បាន​ច្រើន។ កាល​ណា​ទារក​ជញ្ជក់​បាន​ច្រើន ទឹកដោះ​ក៏​ផលិត​បាន​ច្រើន ផ្ទុយ​ទៅ​វិញ បើ​ម្តាយ​អត់​សូវ​ឲ្យ​កូន​ជញ្ជក់ ឬ​ជញ្ជក់​តែ​ចុងៗ​ដោះ ទឹកដោះ​ក៏​មិន​អាច​ចេញ​មក​ក្រៅ​បាន​ច្រើន​ដែរ។ ធ្វើ​បែប​នេះ​ម៉ាក់ៗ​កុំ​ភ័យ​ថា កូន​បៅ​ទៅ​អត់​មាន​ទឹក​ដោះ​លើក​ក្រោយ​ទៀត គឺ​មិន​មែន​នោះ​ទេ។

    ទី២ រាល់​ពេល​បំបៅ​កូន​ម្តងៗ ម៉ាក់ៗ​ត្រូវ​ឲ្យ​កូន​បៅ​ទឹក​ដោះ​ឲ្យ​អស់​ពី​ដោះ​ម្ខាង រួច​ចាំ​ប្តូរ​ទៅ​ដោះ​ម្តាង​ទៀត។ ការបៅ​ឲ្យអស់ទឹកដោះ​ពី​ដោះ​ម្ខាងៗនេះ កូននឹង​​ទទួល​បាន​ទាំង​ទឹក​ដោះ​ដើម និង​ទឹក​ដោះ​ចុង ញ៉ាំ​បាន​គ្រប់​គ្រាន់ ធ្វើ​ឲ្យ​កូន​ថ្លោស​ល្អ ម្តាយ​ក៏​មាន​សុខភាព​ល្អ មិន​ខូច​ទម្រង់​ដើម​ទ្រូង។

    “ឧទាហរណ៍​ថា លើក​ហ្នឹង​កូន​បៅ​ដោះ​ខាង​ស្តាំ ត្រូវ​បៅ​ឲ្យ​ដល់​បាត​ទឹក​ដោះ ព្រោះ​ទឹក​ដោះ​ចុង​ក្រោយ​សម្បូរ​សារធាតុ​ចិញ្ចឹម​ខ្ពស់ សម្បូរជាតិ​ខ្លាញ់ ជួយ​ឲ្យ​ទារក​លូតលាស់​លឿន ថ្លោស។ ម្តាយ​ខ្លះ ដោះ២ តែង​មាន​ភាព​លម្អៀង មួយ​រាង​ស្រួល មួយ​ទៀត​អត់​សូវ​ស្រួល​ចេញ ហើយ​បើ​ខាង​ណា​ស្រួល​បឺត​ជញ្ជក់ កូន​ក៏​ចង់​ម៉ឹម​តែ​ខាង​នោះ ឯ​ម៉ាក់ៗ​ក៏​ចូល​ចិត្ត​បំបៅ​តែ​ខាង​នោះ​ដែរ”។ 

    បំបៅដោះ
    លោកជំទាវ ប្រាក់ សោភ័ណនារី​​ អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល

    វេជ្ជបណ្ឌិត​ទទួល​​បន្ទុក​​ផ្នែក​​អាហារូត្ថម្ភ​រូប​នេះ បានលើកឡើងថា បើ​សិន​ជា​ម្តាយបំបៅ​កូនបន្តិច​ប្តូរ​ទៅ​ឆ្វេង បៅ​បន្តិច​ដូរ​ទៅ​ស្តាំ មាន​ន័យ​ថា ទារក​យក​បាន​តែ​ទឹក​ដោះ​ដើម ទឹក​ដោះ​ថ្លាៗ​តិច​តួច បែប​នេះ​ទារក​មិន​អាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​នោះ​ទេ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​ទារក​មួរម៉ៅ ទៅ​ជា​ខឹង លែង​ចង់ម៉ឹម​តទៅ​ទៀត។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    បំបៅដោះបែបនេះទើបកូនទទួលសារធាតុចិញ្ចឹមគ្រប់គ្រាន់ ហើយថ្លោស៖
    • ម៉ាក់ៗ​ត្រូវ​ដាក់​មាត់​ទារក​ជាប់​ផ្អឹប​នឹង​ដោះ មិន​ត្រូវ​ឲ្យ​កូន​បៅ​នៅ​ចុង​ដោះ​ទេ ធ្វើ​យ៉ាង​ឲ្យ​មាត់​កូន​ចូល​ដល់​រង្វង់​ខ្មៅៗ ទើប​អាច​ជញ្ជក់​ទឹកដោះ​បាន​ច្រើន
    • រាល់​ពេល​បំបៅ​កូន​ម្តងៗ ម៉ាក់ៗ​ត្រូវ​ឲ្យ​កូន​បៅ​ទឹក​ដោះ​ឲ្យ​អស់​ពី​ដោះ​ម្ខាង រួច​ចាំ​ប្តូរ​ទៅ​ដោះ​ម្តាង​ទៀត

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 28, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម