backup og meta

គួរបំបៅកូនមួយថ្ងៃប៉ុន្មានដង ហើយទុកចន្លោះពេលបំបៅប៉ុន្មាន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Mar 23, 2020

    គួរបំបៅកូនមួយថ្ងៃប៉ុន្មានដង ហើយទុកចន្លោះពេលបំបៅប៉ុន្មាន?

    ម៉ាក់ៗ​ថ្មី​ថ្មោង​ប្រាកដជា​មិន​ដឹង​ពី​របៀប និង​បរិមាណ​ឲ្យ​កូន​បៅ​ក្នុង​មួយ​ថ្ងៃ​ឡើយ ព្រោះ​កូន​ខ្លះ​ក៏​បៅច្រើន ហើយ​កូន​ខ្លះ​ទៀត​ក៏​បៅ​តិច ដូចនេះ​ប្រាកដជា​មាន​ចម្ងល់​ថា តើ​ទឹកដោះ​ដែល​កូន​ទទួល​បាននោះ គ្រប់គ្រាន់​ទៅ​ចិញ្ចឹម​កូន​ឬ​ទេ។

    ទាក់ទិន​នឹង​បញ្ហា​នេះ​ លោកស្រី​វេជ្ជបណ្ឌិត ជា ម៉ារី ប្រធាន​ស្ដីទី​កម្មវិធី​ជាតិ​អាហារូបត្ថម្ភ នៃ​ក្រសួងសុខាភិបាល ​បាន​ឲ្យ​ដឹង​ថា ​បញ្ហា​នេះ​មិន​អាច​កំណត់ ឬ​មាន​កាល​វិភាគ​ត្រឹមត្រូវ​ឡើយ។ លោកស្រី​បាន​បន្ត​ទៀត​ថា ការ​ឲ្យ​ទារក​បៅ​មិន​គួរ​កំណត់​ម៉ោង​ឡើយ ព្រោះ​ទារក​ទើប​នឹង​កើត​ យំ​ឃ្លាន​គ្រប់​ពេល ពេល​ណា​យំ​គឺ​អាច​ឲ្យ​បៅ​បាន ចំណែក​ទារក​ខ្លះ​ស្លូត​មិន​យំ​ទារ​បៅ​ អាច​ឲ្យ ២-៣ ម៉ោង​ម្ដង។ អំឡុង​សប្ដាហ៍​ដំបូង​ ទារក​បៅ​តិច ​តែ​ញឹក​ញាប់ យើង​ត្រូវ​បំបៅ​កូន​យ៉ាង​ហោច​ណាស់ លើស​ពី ១០ដង/ថ្ងៃ មាន​ន័យ​ថា​កូន​អាច​បៅ​ពី ១ ម៉ោងកន្លះ ទៅ ២ ម៉ោង​ម្ដង

    ចំណែក​ការ​បំបៅ​ទៀតសោត ស្រីៗ​ត្រូវ​បំបៅ​ដោះ​កូន​ទាំង​សងខាង ដោយ​បៅ​ឲ្យ​អស់​ម្ខាង ចាំ​ប្ដូរ​កូន​ទៅ​ម្ខាង​ទៀត។ តែ​ម៉ាក់​ៗ​គួរ​ចៀសវាង​បំបៅ​ដោះ​ម្ខាង​មិន​ទាន់​អស់​ផង ហើយ​ម្ខាង​ទៀត​ចេញ​ទឹកដោះ​ហៀរហូរ​ ក៏​ស្រាប់​លើក​ទារក​ទៅ​បំបៅ​ខាង​នោះ​ទេ ត្រូវ​បំបៅ​ទាល់តែ​លែង​ចេញ​ទើប​ជា​ការ​ត្រឹមត្រូវ។ នេះ​ក៏​ដោយ​សារ​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​មាន​ច្រើន​ក្នុង​ទឹកដោះ​ម្ដាយ​ដែល​ចេញ​ជិត​អស់ ពេល​បំបៅ។

    ទាក់ទង​នឹង​ពេល​យប់​វិញ ត្រូវ​បំបៅ​ប៉ុន្មាន​ដង លោកស្រី​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា អាស្រ័យ​ទៅ​លើកូន និង​ម៉ាក់​ៗ។ ប្រសិនបើ​ម៉ាក់​ៗ​សម្បូរ​ទឹកដោះ​ ឲ្យ​កូន​បៅ ២-៣ ដង/មួយ​យប់ ហើយ​បើ​ស្រី​ៗ​មិនសូវ​មាន​ទឹក​ដោះ​ កូន​ងាកៗ​យំ​ទារ​បៅ​ជាក់ជា​មិន​ខាន ព្រោះ​តែ​បៅ​មិន​ឆ្អែត។

    ក្នុង​នោះ​ដែរ​ ម៉ាក់​ៗ​ត្រូវ​ដឹង​ពី​សញ្ញា​កូន​ឃ្លាន​បៅ ព្រោះ​គេ​មិន​អាច​និយាយ​ប្រាប់​ម៉ាក់​ថា ឃ្លាន​នោះ​ទេ មាន​តែ​សញ្ញា និង​កាយវិការ​ប៉ុណ្ណោះ​ដែល​យើង​អាច​ចំណាំ​ទុក​បាន។

    – ប្រែប្រួល​ការ​ដក​ដង្ហើម

    – រើ​ខ្លួន​ចុះ​ឡើង

    – ធ្វើ​ចលនា ភ្នែក មាត់ និង មុខ

    – លាដៃ លាជើង

    – ហា​មាត់

    – លិឍ​បបូរមាត់ ឬ​ជញ្ជក់មាត់

    – បៀម​ដៃ

    – យំ។

    អត្ថបទពាក់ព័ន្ធ៖ 

    ពេល​កូន​ឈាន​ដល់​វ័យ​ចេះ​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង (អាយុ​បាន​៦​ខែ) ចំនួន​នៃ​ការ​បៅ​ធ្លាក់​ចុះ ព្រោះ​ពួកគេ​នឹង​ពោះ​ដោយសារ​អាហារ ហើយ​បៅ​បន្ថែម​តែ​បន្តិច​ឆ្អែត​បាន​យូរ។ រី​ឯ​ក្មេង​បៅ​ទឹកដោះ​គោ​វិញ​ ម៉ាក់​ៗ​អាច​មើល​តាម​ការ​ណែនាំ​របស់​ផលិត​ផល​​ម្សៅ​ទឹកដោះ​គោ ដែល​មាន​សរសេរ​ច្បាស់លាស់​ទៅ​តាម​វ័យ​ទារក។

    វេជ្ជបណ្ឌិត ជា ម៉ារី ក៏​បាន​ណែនាំ​ដល់​ម៉ាក់​ៗ​ដែល​មិន​ចង់​អត់​ងងុយ​ក្រោក​ឲ្យ​កូន​បៅ​ច្រើន​ដង​ ត្រូវ ព្យាយាម​ញ៉ាំ​អាហារ​ដែល​ជួយ​ដល់​ការ​ផលិត​ទឹកដោះ​បាន​រាល់ថ្ងៃ ទើប​បៅ​បាន​យូរ និង​ឆ្អែត​លែង​សូវ​យំ។ អាហារ​ទាំង​នោះ​ត្រូវ​ចម្រុះ​មុខ​មាន​ទាំង​ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ពិសេស​ពពួក​សម្ល ឬ​ស៊ុប បើ​អាច ​ញ៉ាំ​ពពួក​វីតាមីន​បន្ថែម ផឹក​ទឹក​ឲ្យ​បាន​ច្រើន និង​បំបៅ​កូន​ឲ្យ​បាន​ញឹក​ញាប់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Mar 23, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម