backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

ខែទី ១៧៖ អាអូន​ចង់​លេង​ច្រើន ហើយ​ស្រែក​ដាក់​យើង​បបួល​លេង​រហូត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Mar 11, 2019

ខែទី ១៧៖ អាអូន​ចង់​លេង​ច្រើន ហើយ​ស្រែក​ដាក់​យើង​បបួល​លេង​រហូត

ការ​លូត​លាស់ និង​អាកប្បកិរិយា

១- កូនចេះអីខ្លះ?

១៧ខែហើយ ជិត​មួយ​ឆ្នាំ​កន្លះ អាអូន​ចេះ​ស្រែក​ហើយ។ ពួក​គេ​ស្រែក​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​យើង ដូចនេះ​វិធី​ដ៏​ល្អ​គឺ​ធ្វើ​កុំ​ខ្វល់…ហាហា! ធ្វើ​បាប​គ្នា។ ស្រែក​ហ្នឹង​ស្រែក​រក​អ្នក​លេង​ជាមួយ តែ​យើង​ចាប់​ផ្ដើម​ធុញ ហើយ​ហត់​គេច អត់​ចង់​លេង​ជាមួយ កុំ​ធ្វើ​ខ្វល់​ជាមួយ​អី បើ​ខ្វល់​លោក​កូន​​បាន​ចិត្ត ហើយ​ស្រែក​កាន់​តែ​ខ្លាំង។

២- ជួយកូនរបៀបណា?

កូន​យើង​អាច​និយាយ​បាន​ច្រើន​ជាង​មុន​ដោយសារ​តែ​អណ្តាត និង​សាច់​ដុំ​មាត់​លូត​លាស់​ជាង​មុន។ ឲ្យ​កូន​កាន់​តែ​ឆាប់​ចេះ​និយាយ ជួយ​បង្រៀន ឬ​នាំ​កូននិយាយ​ឡើង​វិញ​​ពាក្យ​ដែល​គេ​បាន​និយាយ។ ចំណុច​នេះ ប្រហែល​ជា​ត្រូវ​ចំណាយ​ពេលវេលា និង​អត់​ធ្មត់ច្រើន​បន្តិច។ កាន់​តែ​ចេះ​ស្រែក កាន់​តែ​ខូច​ហើយ ពេល​ខ្លះ​មក​ស្រែក​ដាក់​ត្រចៀក​យើង​ក៏​មាន។ ត្រង់​ចំណុច​នេះ គិតគូរ​រឿង​អប់រំ បង្រៀន​កូន​ និង​ពន្យល់​ដោយ​ហេតុផល ថា​កុំ​ធ្វើ​បែប​នេះ អត់​ល្អ​ទេ​កូន​ជា​ដើម។ ចៀសវាងការ​ស្រែក​គំហក​ទៅ​វិញ នាំ​ឲ្យ​ប៉ះពាល់​ដល់​កូន។

មួយ​ទៀត​រឿង​ញ៉ាំ កុំ​ព្យាយាម​លាយ​អាហារ​ស្មើ​គ្នា​គ្រប់​មុខ​ឲ្យ​កូន​​ញ៉ាំ​ក្នុង​ពេល​តែ​មួយ។ យើង​គួរ​តែ​ឲ្យ​ជម្រើស​អាហារ​ប្រភេទ​ផ្សេងៗ​គ្នា​ឲ្យ​កូន​​រើស​វិញ​ប្រសើរ​ជាង ព្រោះ​គេ​អាច​ស្វែងយល់​ពី​ការ​សម្រេច​ចិត្ត និង​ការ​ទទួល​ខុសត្រូវ ឬ​ចង់​ញ៉ាំ​អី​ដែល​គេ​ចូលចិត្ត។

សុខភាព និងសុវត្ថិភាព

៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

យើងអាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​នូវ​ចំណុច​ខាង​ក្រោម​នេះ៖

កូន​គេង​បែប​ណា​ដែរ?៖ ក្មេងៗ​ភាគច្រើន​ក្នុង​វ័យ​នេះ​គេង ១១​ម៉ោង​ ពេល​យប់ និង​ពេល​ថ្ងៃ ២​ម៉ោង។ គេង​យប់​អាអូន​ប្រហែល​ពិបាក​បន្តិច​ ព្រោះ​គេ​ចូល​ចិត្ត​លេង​ច្រើន ​ហើយ​ខ្លាច​ងងឹត ​និងការ​នៅ​ម្នាក់ឯង។

ការ​ញ៉ាំ​ម៉េច​ដែរ?៖ គ្រូពេទ្យ​សួរ​សំណួរនេះ​ដើម្បី​ចង់​ដឹង​ថាអាអូន ញ៉ាំ​អាហារ​មាន​តុល្យភាព និង​បាន​គ្រប់​មុខ​ឬ​ទេ។ គួរ​ណែនាំ​អាហារ​សម្រន់​ដែល​មាន​ជីវជាតិ ក៏​ដូច​ជា​គន្លឹះ​ឲ្យ​កូន​នៅ​ស្ងៀម​ពេល​ញ៉ាំ​បាយ ព្រោះ​ថា​ក្នុង​វ័យ​នេះ​ពួក​គេ​លែង​ចង់​អង្គុយ​ក្នុង​កៅអី​កូន​ក្មេង​ទៀត​ហើយ។

កូន​ចេះ​ចង់​បត់ជើង​ដោយ​ខ្លួន​ឯង​ឬ​នៅ?៖ ក្នុង​ចន្លោះ​ខែ​ទី១៨-២៤ ពួក​គេ​ចេះ​ទាញ​ខោ​ពាក់​ឡើង​លើ ​និង​ស្រាត​ចុះ​ក្រោម ប៉ុន្តែ​ក្មេង​ខ្លះ​អាច​ដល់​អាយុ​៤​ឆ្នាំ ទើប​ពួក​គេ​ចេះ​ធ្វើ​បែប​នេះ។

អាអូន​អាច​ដើរ​បាន​ឬ​នៅ?៖ ក្មេង​ចាប់​ផ្តើម​រៀន​ដើរ​នៅ​អាយុ ៩-១៨​ខែ។ បើ​កូន​ដើរ​ដោយ​ប្រើ​ចុង​ជើង ​ឬ​ផ្អៀង​ទៅ​ម្ខាង​ឆាប់​ប្រាប់​គ្រូពេទ្យ។

តើ​ពួក​គេ​ធ្លាប់​ប្រកែក​ថា​‍ “ទេ’ ឬ​ក៏​រក​រឿង​ង៉ិកង៉ក់​ឬ​អត់?៖ អាអូន​ចូល​ចិត្ត​ប្រកែក ហើយ​និយាយ​ថា​ អត់ ឬ​ ទេ អាច​ជា​សញ្ញា​បង្ហាញ​​ពី​ភាព​ឯករាជ្យ​ និង​ការវិវត្ត​នៃ​ភាសា​និយាយ​របស់​គេ។

៤- ត្រូវដឹងអីខ្លះ?

នៅ​ពេល​ណាត់​ជួប​គ្រូពេទ្យ​នឹង៖

– ពិនិត្យ​មើល​ភ្នែក​ និង​ត្រចៀក

– ពិនិត្យ​មើល​ចង្វាក់​បេះដូង​ និង​ដង្ហើម

– យល់​ដឹង​ពី​ការ​លូតលាស់ ​និង​អាកប្បកិរិយា​កូន

– វាស់​ទំហំ​ក្បាល​ដើម្បី​ឲ្យ​ដឹង​ពី​ការ​លូតលាស់​របស់​ខួរ​ក្បាល

– ចាក់​វ៉ាក់សាំង​ DTaP, hep A និង​វ៉ាក់សាំង​ដែល​ភ្លេច​ចាក់​ផ្សេងៗ

– ថ្លឹង​គីឡូ ​និង​វាស់​កម្ពស់​ដើម្បី​ឲ្យ​ប្រាកដ​ថា​កូន​អ្នក​លូតលាស់​បាន​ល្អ

– សូរ​សំណួរ​ទាក់ទង​នឹង​ការ​បង្រៀន​កូន​បត់​ជើង​ និង​វិន័យ​មួយ​ចំនួន​សម្រាប់​កូន

-ធ្វើ​តេស្ត​ឈាម​រក​មើល​សញ្ញា​ស្លេកស្លាំង​ និង​ការ​ពុល​សំណ ​បើ​កូន​យើង​មាន​កត្តា​ប្រឈម។

ការព្រួយបារម្ភ

៥- រឿងអីខ្លះគួរបារម្ភ?

កាន់​តែ​បារម្ភ ​គឺអាអូន​ចេះ​ដើរ​តេះតេះ ប្រលែង​ចោល​អត់​បាន​ដូច​កាល​អត់​ទាន់​ចេះ​ដើរ​ទៀត​ទេ។ គ្រោះ​ថ្នាក់​សព្វមុខ​ អាច​កើត​ឡើង​គ្រប់​ពេលវេលា បើ​ធ្វេសប្រហែស រាប់​ចាប់​ពី​គ្រោះ​ថ្នាក់​តូច​តាច រហូត​ដល់​បាត់បង់​អាយុ​ជីវិត​ក៏​មាន ដូច​ជា ធ្លាក់​ពី​អង្រឹង ធ្លាក់​ពី​ជណ្ដើរ បុក​ត្រូវ​អី ឬ​ចេញ​ក្រៅ​ផ្ទះ ឆ្លង​ថ្នល់​ជា​ដើម។ ដំណាក់​កាល​នេះ គួរ​រៀបចំកន្លែង​លេងឲ្យ​មាន​សុវត្ថិភាព។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Mar 11, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម