បើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិតឯកទេសជំងឺទូទៅ ចាន់ ស៊ីណេត ទោះបីការញ៉ាំសាច់ អាហារបំពង ជារសនិយមនៃការញ៉ាំរបស់វ័យជំទង់ក៏ពិតមែន តែចាំបាច់តែកែប្រែ បើនៅតែទម្លាប់បែបនេះទៀតអាចនឹងប៉ះពាល់ដល់សុខភាព ខួរក្បាលមិនសូវសកម្ម។ លោកវេជ្ជបណ្ឌិតថា ការញ៉ាំរបបអាហារនោះមិនជួយអ្វីច្រើនដល់វ័យជំទង់ទេ ក្រៅឆ្ងាញ់មាត់នោះ ឯផលប៉ះពាល់ចំពោះសុខភាពវិញមានច្រើនយ៉ាង ហើយអាចកើតឡើងក្នុងរយៈពេលខ្លី និងវែង។
ចំពោះលោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ វិញបានលើកឡើងដូចគ្នាថា ពពួកអាហារផ្អែមៗ អាហារសម្បូរខ្លាញ់ Fast Food ញ៉ាំទៅធ្វើឲ្យក្មេងធាត់លឿន កាលណាក្មេងធាត់ខ្លាំង ទៅជាលើសទម្ងន់មិនល្អនោះទេ អាចមានជំងឺប្រចាំកាយមួយចំនួន ក្មេងដែលលើសទម្ងន់ខ្លាំង ឯចាស់ទៅ ងាយនឹងមានជំងឺលើសជាតិខ្លាញ់ ធាត់ លើសឈាម ទឹកនោមផ្អែម មានបញ្ហាតម្រងនោម បញ្ហាបេះដូង សរសៃឈាមជាដើម។
ផ្ទុយទៅវិញ វ័យជំទង់ញ៉ាំអាហារបានចម្រុះមុខ បន្ថែមនូវពពួកថ្នាំវីតាមីនផ្សេងៗ ទម្លាប់ហាត់ប្រាណទៀតនោះ រាងកាយនឹងស្វាហាប់ ទទួលបាននូវពពួកប្រូតេអ៊ីន កាបូអ៊ីដ្រាត ជាតិខ្លាញ់ ជាតិទឹក វីតាមីន និងជាតិរ៉ែជាច្រើនមុខ ដែលទាំងអស់នោះល្អចំពោះសុខភាពរាងកាយ និងបញ្ញាស្មារតី មិនមានឧបសគ្គដល់ការសិក្សារៀនសូត្រ។