backup og meta

មិនថាតែក្មេងតូចៗទេ កូនវ័យចូលរៀនក៏នៅតែអាចខ្វះជាតិដែកដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Aug 11, 2020

    មិនថាតែក្មេងតូចៗទេ កូនវ័យចូលរៀនក៏នៅតែអាចខ្វះជាតិដែកដែរ

    ជាតិដែកជាសារធាតុរ៉ែសំខាន់ក្នុងរបបអាហារដែលរាងកាយមនុស្សយើង​មិនអាចផលិតបានដោយខ្លួនឯង​នោះទេ​។ ជាតិដែកមានពាក់ព័ន្ធនៅក្នុងមុខងាររាងកាយ រួមមានការដឹកជញ្ជូនអុកស៊ីសែននៅក្នុងឈាម។ ប្រការនេះគឺចាំបាច់នៅក្នុងការផ្តល់ថាមពលសម្រាប់ជីវិតប្រចាំថ្ងៃ។ ជាតិដែកក៏សំខាន់ផងដែរសម្រាប់ការអភិវឌ្ឍរបស់ខួរក្បាល។

    ទារក ទារកចេះដើរតេះតះ កុមារអាយុត្រៀមចូលសាលារៀន និងកុមារវ័យក្នុង​វ័យ​ចូល​រៀន​ គឺ​​ជាវ័យ​ស្ថិតនៅដំណាក់​កាល​ប្រឈមកាន់តែខ្ពស់​នឹង​បញ្ហា​កង្វះជាតិដែក។ បុព្វហេតុចម្បងគឺតម្រូវការជាតិដែកកើនឡើងក្នុងអំឡុងពេល​នៃ​ការ​លូតលាស់លឿន​របស់​​កុមារ​។ ដោយគ្មានអន្តរាគមន៍ កុមារដែលមិនត្រូវបានផ្តល់​ជាតិដែកគ្រប់គ្រាន់ នឹងកើតចេញនូវជំងឺស្លេកស្លាំង​ដោយខ្វះជាតិ​ដែក។ យើងត្រូវ​នាំកូន​ទៅ​​ជួបវេជ្ជបណ្ឌិត​ប្រសិនបើ​សង្ស័យថា​កូនអាច​នឹង​ខ្វះ​ជាតិ​ដែក។

    រឿងគួរដឹង​ទាក់ទង​នឹង​ជាតិ​ដែក

    ជាតិដែកអាចពុលបានបើ​ប្រើ​ក្នុងកម្រិតច្រើន។ ចៀសវាងការប៉ុនប៉ងធ្វើរោគវិនិច្ឆ័យដោយខ្លួនឯង និងឲ្យឱសថបំប៉នបន្ថែមជាតិដែកដែលមិនត្រូវការវេជ្ជបញ្ជាដល់កូនជាដាច់ខាត​ ព្រោះ​ថា​ការប្រើលើសកម្រិតនៃជាតិដែក​អាច​បណ្តាល​ឲ្យ​ស្លាប់បាន។ ចំពោះទារកតូច និងកុមារក្មេងៗ ត្រូវ​ការ​ជាតិ​ដែក​ ២០ មិល្លីក្រាម​ក្នុងមួយថ្ងៃ ដែល​នេះ​ជាកម្រិតដែល​កំណត់ខ្ពស់ជាងគេ និង​មានសុវត្ថិភាព​ចំពោះ​ក្មេង​។ ឱសថបំប៉នជាតិដែកសឹងទាំងអស់មានផ្ទុកជាតិ​ដែក​ប្រហែល ១០០​មិល្លី​ក្រាម​ក្នុងមួយគ្រាប់។

    រោគសញ្ញាជំងឺស្លេកស្លាំងដោយខ្វះជាតិដែក

    រោគសញ្ញា និងសញ្ញានៃជំងឺស្លេកស្លាំងដោយខ្វះជាតិដែកលើកុមារអាចនឹងមានដូចជា៖

    • បញ្ហាអាកប្បកិរិយា

    • មានការបង្ករោគម្តងហើយម្តងទៀត

    • បាត់បង់ចំណង់បរិភោគអាហារ

    • អស់កម្លាំងល្ហិតល្ហៃ

    • ហត់

    • បែកញើសកើនឡើង

    • មានអារម្មណ៍ឃ្លាន ‘អាហារ’ ប្លែកពីធម្មតាដូចជាឃ្លានចង់ញ៉ាំ​ដី

    • មិនលូតលាស់នៅក្នុងកម្រិតអត្រាមួយដូចការ​រំពឹងទុក។

    បុព្វហេតុនៃកង្វះជាតិដែកលើកុមារ

    កត្តាហានិភ័យធំៗសម្រាប់ការកើតមាននៃកង្វះជាតិដែកចំពោះកុមាររួមមាន៖

    • កើតមិនគ្រប់ខែ និងទម្ងន់រាងកាយពេលកើតទាប

    • បៅដោះម្តាយតែមួយមុខគត់លើសពីប្រាំមួយខែ (មិនបានដាក់បញ្ចូលអាហារបន្ថែម)

    • ក្មេងញ៉ាំទឹកដោះគោច្រើន​ពេល​អាយុតិចជាងពីរឆ្នាំ

    • ក្មេង​ញ៉ាំជាតិសាច់តិច ឬមិនញ៉ាំសោះ

    • របបអាហារមិនល្អនៅក្នុងឆ្នាំទីពីរ

    • ជំងឺក្រពះពោះវៀនដែលអាចមាន

    • ពុលសំណ។

    ទារក កុមារ និងកុមារវ័យ​ចូល​រៀន​​ដែលឆ្លងកាត់សន្ទុះលូតលាស់យ៉ាងរហ័ស ​គឺតម្រូវការជាតិដែករបស់ពួកគេ​កើនឡើង​ដែរ​។ បុព្វហេតុចម្បងនៃកង្វះជាតិដែកលើកុមារទៅតាមក្រុមអាយុរួមមាន៖

    • ទារកអាយុតិចជាងប្រាំមួយខែ៖ ទារកទើបកើតថ្មីៗទទួលស្តុកជាតិដែកនៅក្នុងស្បូន។ នេះមានន័យថារបបអាហារម្តាយក្នុងអំឡុង​ពេល​មាន​គភ៌គឺ​សំខាន់ខ្លាំងណាស់។ ទារកដែលមានទម្ងន់ពេលកើតទាប ឬកើតមិនគ្រប់ខែស្ថិតនៅប្រឈមកាន់តែខ្លាំងនឹងហានិភ័យកង្វះជាតិដែក។ ពួកគេនឹងត្រូវការឱសថបំប៉នបន្ថែមជាតិដែក (ក្រោមការត្រួតពិនិត្យមើលខុសត្រូវផ្នែកវេជ្ជសាស្ត្រតែប៉ុណ្ណោះ)។

    • ទារកអាយុប្រាំមួយខែរហូតដល់មួយឆ្នាំ៖ ស្តុកជាតិដែករបស់ទារកកាន់តែចុះទាបនៅក្នុងពាក់កណ្តាលទីពីរនៃឆ្នាំទីមួយ (អាយុជិត​១ឆ្នាំ) របស់ពួក​គេ​។ កង្វះជាតិដែកអាចកើតមានប្រសិនបើរបបអាហារពួកគេមិនបូកបញ្ចូលអាហាររឹងដែលសម្បូរជាតិដែក​បានគ្រប់គ្រាន់ទេនោះ។ នៅពេលកូន​អាយុប្រាំមួយខែ ប៉ាម៉ាក់​​គួរតែផ្តល់ឲ្យទារកនូវគ្រាប់ធញ្ញជាតិមាន​ជាតិដែកលាយជាមួយទឹកដោះម្តាយ ឬទឹកដោះម្ស៉ៅកំប៉ុងសប្បនិមិត្ត។ ពេលពួកគេទម្លាប់បាននឹងគ្រាប់ធញ្ញជាតិហើយ យើង​អាចបន្ថែមសាច់ស្ងោរកិនម៉ត់ដូចបបរធម្មតាចូលក្នុងអាហាររឹងដទៃទៀត។ ការដាក់បញ្ចូលយឺតយ៉ាវ​នៃអាហាររឹងទៅក្នុងរបបអាហាររបស់ទារកគឺជាបុព្វហេតុនៃកង្វះជាតិដែក។

    • កុមារអាយុមួយទៅដល់ប្រាំឆ្នាំ៖ ទឹកដោះម្តាយមានផ្ទុកចំនួនតិចតួចនៃជាតិដែក ដូចនេះត្រឹមតែការបំបៅដោះម្តាយមិនគ្រប់គ្រាន់ឡើយ។ ជាពិសេស ការជំនួសអាហាររឹងដោយទឹកដោះម្តាយនឹងនាំទៅដល់កង្វះជាតិដែក។សម្រាប់​ក្មេង​​អាយុក្រោម​ ១២ ខែ យើង​មិនគួរប្រើប្រាស់ទឹកដោះគោ ទឹកដោះពពែ និងទឹកសណ្តែកសៀងឡើយ ព្រោះថា​ទឹកដោះ​ប្រភេទ​នេះ​មានជាតិដែកទាប។ កុមារដែលផឹកទឹកដោះ មិនបន្ថែម​អាហារផ្សេងទៀត​គឺស្ថិតក្នុងគ្រោះថ្នាក់នៃកង្វះជាតិដែក។

    • ក្មេង​ជំទង់៖ ក្មេងស្រីជំទង់ស្ថិតនៅប្រឈមនឹងហានិភ័យដោយសារតែកត្តាមួយចំនួន។ កត្តាទាំង​នោះ​រួមមាន៖

    – សន្ទុះការលូតលាស់នៅពេលវ័យគ្រប់ការ

    – ការបាត់បង់ជាតិដែកតាមរយៈការមករដូវ

    –  ហានិភ័យនៃអាហារូបត្ថម្ភមិនគ្រប់គ្រាន់ដោយសារការតមអាហារ។

    • ជាទូទៅ៖  វិបត្តិមិន​ប្រ​ក្រតី​លើ​ក្រពះពោះវៀន ដូចជាជំងឺរលាកជញ្ជ្រាំងពោះវៀនតូច។ ទោះបីជា​បញ្ហា​នេះ​កម្រកើតមាន តែ​ក៏​ជាមូលហេតុមួយ​​អាចបង្ក​ឲ្យ​​មានជំងឺស្លេកស្លាំងនៅលើកុមារ។

    ប្រការ​គួរ​ស្វែងយល់​សម្រាប់ទារក

    ដើម្បីបង្ការបញ្ហា​កង្វះជាតិដែកនៅលើទារកអាយុតិចជាង ១២ ខែរួមមាន៖

    • ម៉ាក់ៗ​គួរ​បរិភោគអាហារដែលសម្បូរជាតិដែកក្នុងអំឡុងពេលមានគភ៌​។ សាច់ក្រហមគឺជាប្រភពប្រសើរបំផុតនៃជាតិដែក។

    • ធ្វើតេស្តដើម្បីពិនិត្យរកមើលជំងឺស្លេកស្លាំងក្នុងអំឡុងពេលមានផ្ទៃ​ពោះ។ ប្រសិនបើវេជ្ជបណ្ឌិតចេញវេជ្ជបញ្ជា​ឲ្យ​ញ៉ាំ​ជាតិដែក ម៉ាក់ៗ​ត្រូវ​លេបដោយគោរពតាមវេជ្ជបញ្ជា។

    • បំបៅដោះទារក ឬជ្រើសរើសទឹកដោះម៉្សៅសម្រាប់​ទារកដែលមានបន្ថែមជាតិដែក។

    • កុំឲ្យទឹកដោះគោដល់ទារក ឬសារធាតុរាវដទៃផ្សេងទៀតមុនអាយុ ១២ ខែ។

    • កុំអូសបន្លាយពេលការដាក់បញ្ចូលអាហាររឹង។ នៅប្រហែលអាយុប្រាំមួយខែ ម៉ាក់ៗ​ចាប់ផ្តើមផ្តល់ដល់ទារកនូវអាហារកិនទន់ប៉ិៗ ដូច ជា​បបរ​បាន​។

    ប្រការ​គួរ​ស្វែងយល់​សម្រាប់កុមារតូច

    ដើម្បីបង្ការកង្វះជាតិដែកនៅលើកុមារចេះដើរតេះតះ និងមុនអាយុចូលសាលារៀនយើង​​ត្រូវ៖

    • បូកបញ្ចូលសាច់ក្រហមឥតជាប់ខ្លាញ់បីទៅបួនដងក្នុងមួយសប្តាហ៍។ ទាំងនេះគឺជាប្រភពដ៏សំខាន់នៃជាតិដែកនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់កូនៗ។ ផ្តល់ជម្រើសផ្សេងជំនួសសាច់ដូចជា៖

    – សណ្តែកក្រៀម

    – សាច់សត្វស្លាប

    – ត្រី

    – ស៊ុត

    – គ្រាប់រុក្ខជាតិ

    ក្រៅពីនេះ​ប៉ាម៉ាក់​ក៏​គួរ​បូកបញ្ចូលវីតាមីន C ដោយសារវីតាមីន​នេះអាច​ជួយរាងកាយស្រូបយក​ជាតិដែកបានកាន់តែច្រើន។ អាហារ​សម្បូរដោយវីតាមីន C មាន​ដូចជា៖

    – ផ្លែក្រូច

    –  ក្រូចឆ្មារ

    – ក្រូចឃ្វិច

    – ផ្លែប៊ើរី

    – ផ្លែគីវី

    – ប៉េងប៉ោះ

    – ស្ពៃក្តោប

    – ម្ទេសប្លោក

    – ផ្កាខាត់ណាខៀវ

    ប៉ាម៉ាក់​ត្រូវ​ចាំថាការរាករូសរ៉ាំរ៉ៃអាចបង្អស់ស្តុកជាតិដែករបស់កូនយើង​ឲ្យខ្សោះបាន។ ពពួកប៉ារ៉ាស៊ីតពោះវៀនដូចជាព្រូនអាចបង្កនូវបញ្ហា​កង្វះជាតិដែកបានដែរ​។ យើង​ត្រូវ​ជួបវេជ្ជបណ្ឌិត​ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលឲ្យបានរហ័ស។

    ប្រការ​គួរ​ស្វែងយល់​សម្រាប់ក្មេងជំទង់

    ដើម្បីបង្ការកង្វះជាតិដែកលើក្មេង​ជំទង់យើង​ត្រូវ​៖

    • ប៉ា​ម៉ាក់​ត្រូវ​ប្រាប់​កូន​អំពីសារៈសំខាន់នៃជាតិដែក។ ជួយពួកគេឲ្យបានដឹង​​ និង​ចេះ​ជ្រើសរើសអាហារប្រកបដោយការទទួលខុសត្រូវ។

    • ប៉ាម៉ាក់​ត្រូវ​លើកទឹក​ចិត្ត​កូន​ឲ្យញ៉ាំ​អាហារដែលសម្បូរជាតិដែក ដូចជាគ្រាប់ធញ្ញជាតិ និងនំបុ័ង អាហារពេលព្រឹកដែលមានបន្ថែមជាតិដែក ហើយផ្តល់សាច់ សាច់សត្វស្លាប ឬត្រីក្នុង​របប​អាហារ​។

    • ផ្តល់អាហារ​សម្បូ​ជាតិដែកផ្សេង​ទៀត​មាន​ដូចជា​សណ្តែកស្ងួត សណ្តែកឡង់ទីល សណ្តែកបារាំង ផ្កាខាត់ណាខៀវ បន្លែអេពីណា សណ្តែក គ្រាប់ធញ្ញជាតិ និង​នំបុ័ង​។ អាហារសម្បូរវីតាមីន C ក៏គួរតែត្រូវដាក់​ឲ្យកូនញ៉ាំ​ផងដែរ ដូចជាផ្លែឈើ ឬបន្លែជាក្នុង​របបអាហារ​។​

    • ណែនាំកូន​កុំឲ្យ​ផឹកភេសជ្ជៈមានជាតិ​កាហ្វេអ៊ីនច្រើន​ ដោយសារសារធាតុនេះអាចជ្រៀតជ្រែករំខានការ​ស្រូបចូលនៃជាតិដែក។

    ការធ្វើរោគវិនិច្ឆ័យបញ្ហា​កង្វះជាតិដែក

    វាជារឿង​សំខាន់ណាស់​ដែល​យើង​ជាប៉ាម៉ាក់​ត្រូវជួបវេជ្ជបណ្ឌិតប្រសិនបើសង្ស័យថាកូនអាចនឹងខ្វះជាតិដែក។ វិធីសាស្ត្ររោគវិនិច្ឆ័យអាចរួមមាន៖

    • ការពិនិត្យរាងកាយ

    • ការយកប្រវត្តិជំងឺ

    • ការធ្វើតេស្តឈាម

    រឿងត្រូវចងចាំ

    ទារក ទារកចេះដើរតេះតះ កុមារមុនចូលសាលារៀន និងកុមារវ័យជំទង់នៅប្រឈមខ្ពស់នឹងហានិភ័យនៃការកើតមានកង្វះជាតិដែក។ មូលហេតុចម្បងគឺដោយសារតម្រូវការជាតិដែកក្នុង​វ័យនេះ​កើនឡើង ហើយ​របបអាហារ​មាន​មិនគ្រប់គ្រាន់។

    ប៉ាម៉ាក់​ត្រូវ​រក្សា​ថ្នាំ​បំប៉ន​ជាតិដែកឲ្យឆ្ងាយពីកុមារ ការប្រើលើសកម្រិតអាចបណ្តាលឲ្យស្លាប់បាននៅលើកុមារវ័យក្មេង និងទារកតូច។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Aug 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម