backup og meta

វីតាមីន និង​រ៉ែ ទាំងនេះ សំខាន់​ខ្លាំង​សម្រាប់​ការ​លូត​លាស់​របស់​កុមារ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Sep 11, 2020

    វីតាមីន និង​រ៉ែ ទាំងនេះ សំខាន់​ខ្លាំង​សម្រាប់​ការ​លូត​លាស់​របស់​កុមារ

    ការ​ទទួល​បាន​ជីវជាតិ​ ឬ​សារធាតិ​ចិញ្ចឹមគ្រប់​គ្រាន់​​ គឺ​ជា​រឿង​ចាំបាច់​ក្នុង​ការ​លូតលាស់​របស់កុមារ​ ដែល​នេះ​ហើយ​បាន​ជា​ប៉ាម៉ាក់​​ត្រូវ​ដឹង​ពី​តម្រូវ​ការ​ដែល​កូនយើង​​ត្រូវ​ការ​ដើម្បី​ធំធាត់​ដោយ​មាន​សុខ​ភាព​ល្អ​។ អត្ថបទ​នេះ​នឹង​ណែនាំ​ប៉ាម៉ាក់​​វីតាមីន​ និង​សារធាតុ​ចិញ្ចឹម​ សំខាន់មួយ​ចំនួន​​គួរ​តែ​មាន​ក្នុង​របប​អាហារ​កូន​​ដើម្បី​​អាច​ជួយ​ឲ្យ​លូត​លាស់​បាន​ល្អ។

    ១- កាល់ស្យូម

    កាល់ស្យូម​ជួយ​ឲ្យ​ឆ្អឹង​និង​ធ្មេញ​រឹង​មាំ ជួយ​ជំរុញ​​ប្រព័ន្ធ​ប្រសាទ និង​មុខងារ​របស់​សាច់ដុំ បង្កើន​កំណក​ឈាម និង​ជួយ​ឲ្យ​រាង​កាយ​បំប្លែង​​អាហារ​ទៅ​ជា​ថាមពល។ ជាតិ​កាល់ស្យូម​សម្បូរ​​ជា​ពិសេស​នៅ​ក្នុង ទឹក​ដោះ ឈីស យ៉ាអួ តៅហ៊ូ និង​ទឹក​ក្រូច​ដែល​បន្ថែម​ជាតិ​​កាល់ស្យូម។

    ២- អាស៊ីដ​ខ្លាញ់​ពិសេស (Essential fatty acids – EFAs)

    អាស៊ីដ​ខ្លាញ់​ពិសេស អាច​ជួយ​សាង​សង់​កោសិកា គ្រប់​គ្រង​ប្រព័ន្ធ​ប្រសាទ ពង្រឹង​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង សាង​សង់​ប្រព័ន្ធ​ភាព​ស៊ាំ និង​ជួយ​ឲ្យ​រាង​កាយ​ស្រូប​ជីវជាតិ​ផ្សេង​ទៀត​កាន់​តែ​ងាយ​ស្រួល។ សារធាតុ​នេះ​សំខាន់​ណាស់ ចំពោះ​ខួរក្បាល និង​ភ្នែក ដើម្បី​ឲ្យ​សរីរៈ​ទាំង​ពីរ​នេះ​ដំណើរ​ការ​ល្អ។ អាស៊ីដ​ខ្លាញ់​ពិសេស​ពីរ​ដែល​សំខាន់ គឺ លីណូឡេអ៊ិក​អាស៊ីដ (Linoleic acid) ឬ​ហៅ​ថា អូមេហ្គា ៦ (omega-6) និង​ អាល់ហ្វា លីណូឡេនិក អាស៊ីដ (alpha-linolenic acid) ឬ​ហៅ​ថា អូមេហ្គា ៣ ។ អូមេហ្គា ៣ អាច​រក​ឃើញ​មាន​នៅ​ក្នុង គ្រាប់​ផ្កា Flax គ្រាប់​ល្ពៅ សណ្ដែក​សៀង និង​ផលិតផល​ពី​សណ្ដែក​សៀង ដូច​ជា​តៅហ៊ូ និង​នំ តំប៉េ (Tempeh – នំ​ម្យ៉ាង​ធ្វើ​ពី​សណ្ដែក​សៀង)។ ឯ​អាស៊ីដ​ខ្លាញ់ អូមេហ្គា ៦ អាច​រក​ឃើញ​ភាគ​ច្រើន​នៅ​ក្នុង គ្រាប់​ធញ្ញជាតិ គ្រាប់​រុក្ខជាតិ បន្លែ និង​ផលិតផល​ពី​ទឹកដោះ​គោ។

    ៣- ជាតិ​ដែក

    ជាតិ​ដែក​ គឺ​សំខាន់​ចំពោះ​ការ​ផលិត​ជាតិ​អេម៉ូក្លូប៊ីន ដែល​ជា​សារធាតុ​ពណ៌ក្រហម​នៅ​ក្នុង​ឈាម​មាន​នាទី​ជា​អ្នក​ដឹក​អុកស៊ីសែន និង​មីយូក្លូប៊ី (Myoglobin) ​ជាតិ​ពណ៌​ដឹក​អុកស៊ីសែន នៅ​ក្នុង​សាច់​ដុំ។ ការ​ខ្វះ​ជាតិ​ដែក​ធ្វើ​ឲ្យ​ក្មេង​មាន​ជំងឺ​ស្លេក​ស្លាំង ដែល​បណ្ដាល​ឲ្យ​ខ្សោយ អស់​កម្លាំង និង​ឈឺ​ចាប់។ ប្រភព​នៃ​ជាតិ​ដែក អាច​រក​មាន​នៅ​ក្នុង​សាច់​ក្រហម​មិន​ជាប់​ខ្លាញ់ សាច់​មាន់ និង​បង្គា ហើយ​ក៏​មាន​ផង​ដែរ​ក្នុង​ផលិត​ផល​ដែល​មិន​ផលិត​ពី​សាច់ ​មាន​ដូច​ជា សណ្ដែក​សៀង គ្រាប់​ធញ្ញ​ជាតិ សណ្ដែក​ដី និង​សណ្ដែកឡង​ទី (Lentils)។

    ៤- ម៉ាញេស្យូម

    ម៉ាញេស្យូម ជួយ​ឲ្យ​រក្សា​ឆ្អឹង​ឲ្យ​នៅ​តែ​រឹង​មាំ និង​ធ្វើ​ឲ្យ​ចង្វាក់​បេះដូង​ដើរ​ធម្មតា ភ្ញោច​ប្រព័ន្ធ​ប្រសាទ និង​ជួយ​ថែរក្សា​សាច់ដុំ និង​មុខងារ​ប្រព័ន្ធ​ប្រសាទ។ ជាតិ​ម៉ាញេស្យូម​ អាច​រក​បាន​នៅ​ក្នុង​អង្ក​សម្រូប (brown rice) តៅហ៊ូ សណ្ដែក គ្រាប់​អាល់ម៉ុន គ្រាប់​ធញ្ញជាតិ និង Fibrous Cereals ។

    ៥- ប៉ូតាស្យូម

    ប៉ូតាស្យូម​មាន​នាទី​ជួយ​គ្រប់​គ្រង​ជាតិ​ទឹក​ក្នុង​រាង​កាយ​ឲ្យ​មាន​តុល្យ​ភាព ដែល​អាច​ជួយ​រក្សា​សម្ពាធ​ឈាម​បាន។ វា​ជួយ​ដល់​មុខងារ​របស់​សាច់ដុំ និង​ចង្វាក់​បេះដូង ហើយ​នៅ​ពេល​ដល់​វ័យ​ចាស់ វា​អាច​ជួយ​បន្ថយ​គ្រោះ​ថ្នាក់​នៃ​គ្រោះ​តម្រង​នោម និង​ពុក​ឆ្អឹង (Osteoporosis)។ ប្រភព​នៃ​ជាតិ​ប៉ូតាស្យូម មាន​នៅ​ក្នុង ផ្លែ​ចេក បន្លែ​បៃតង ខាត់ណា​ខៀវ និង​ល្ពៅ Squash។

    ៦- វីតាមីន A

    វីតាមីន A មាន​នាទី​សំខាន់ ដើម្បី​រក្សា​ការ​មើល​ឃើញ និង​ការ​លូត​លាស់​របស់​ឆ្អឹង ហើយ​វា​ក៏​ជួយ​ការ​ពារ​រាងកាយ​ពី​ការ​បង្ក​រោគ ជំរុញ​សុខភាព​ និង​ការ​លូតលាស់​របស់​កោសិកា​ និង​ជាលិកា​ក្នុង​រាង​កាយ រួម​មាន​សក់ ក្រចក ​និង​ស្បែក។ ប្រភព​ល្អ​បំផុត​របស់​វីតាមីន​ A រួមមាន ទឹក​ដោះ​គោ ឈីស ស៊ុត និង​បន្លែ​ដែល​មាន​ពណ៌​លឿង​ និង​ទឹក​ក្រូច ដែល​មាន​ដូច​ជា ការ៉ុត និង​ល្ពៅ។

    ៧- វីតាមីន C

    វីតាមីន C ជួយ​ដល់​ទម្រង់​ និង​ជួស​ជុល កោសិកា​ឈាម​ក្រហម ឆ្អឹង និង​ជាលិកា ជួយ​រក្សា​អញ្ចាញ​ធ្មេញ​កុមារ​មាន​សុខភាព​ល្អ និង​ពង្រឹង​សរសៃ​ឈាម បន្ថយ​ស្នាម​របួស ជួយ​ដល់​ការ​ជា​សះ បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ និង​ធ្វើ​ឲ្យ​ការ​បង្ក​រោគ​មិន​រីក​រាល​ដាល។ វា​ក៏​ជួយ​ឲ្យ​រាង​កាយ​ស្រូប​យក​ជាតិ​ដែក​ពី​អាហារ​ឲ្យ​បាន​ច្រើន។ វីតាមីន​នេះ​អាច​រក​បាន​នៅ​ក្នុង ផ្លែ​ឈើ​ដែល​មាន​ជាតិ​ជូរ ស្ត្រប​ប៊ឺរី ផ្លែ​គីវី ប៉េងប៉ោះ និង​បន្លែ​ពណ៌​បៃតង ដូច​ជា ផ្កា​ខាត់ណា​ខៀវ (broccoli)។

    ៨- វីតាមីន D

    វីតាមីន D ជួយ​ឲ្យ​រាង​កាយ​ស្រូប​យក​សារធាតុ​រ៉ែ ដូច​ជា កាល់ស្យូម និង​ជួយ​ឲ្យ​ធ្មេញ​ និង​ឆ្អឹង​រឹង​មាំ។ វា​សំខាន់​ណាស់​ដើម្បី​ឲ្យ​កូន​លូត​លាស់​បាន​ល្អ ​និង​ម៉ាស់​ឆ្អឹង​ដល់​ចំណុច​ពេញ​លេញ។ វីតាមីន D ​ក៏​មាន​មុខងារ​ជា​អ័រម៉ូន ដែល​មាន​នាទី​ទាក់​ទង​នឹង​សុខភាព​ប្រព័ន្ធ​ភាព​ស៊ាំ ផលិត​អាំងស៊ុយលីន និង​សម្រួល​ការ​លូតលាស់​របស់​កោសិកា។ ប្រភព​ល្អ​របស់​វីតាមីន D រួម​មាន​ទឹក​ដោះ និង​ត្រី​ដែល​សម្បូរ​ខ្លាញ់ ដូច​ជា​ត្រី​សាល់​ម៉ុន និង​ត្រី Mackerel ។ ប៉ុន្តែ​ប្រភព​ល្អ​បំផុត​របស់​វីតាមីន D គឺ​ពន្លឺ​ព្រះ​អាទិត្យ។

    ៩- វីតាមីន E

    វីតាមីន E កម្រិត​ការ​ផលិត​រ៉ាឌីកាល់​សេរី ដែល​​ធ្វើ​ឲ្យ​ខូច​ដល់​កោសិកា។ វា​មាន​សារសំខាន់​ចំពោះ​ប្រព័ន្ធ​ភាព​ស៊ាំ ជួយ​ជួសជុល DNA និង​ជួយ​ដល់​វិធី​សាស្ត្រ​មេតាបូលិសផ្សេងៗ​ទៀត។ ប្រភព​ដែល​សម្បូរ​ វីតាមីន E រួម​មាន គ្រាប់​អាល់ម៉ុន គ្រាប់​ផ្កាឈូក​រ័ត្ន និង​គ្រាប់​ល្ពៅ និង​ស្ពៃ​ពុយឡេង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Sep 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម