អ្នកស្រាវជ្រាវនៅប្រទេសហ្វាំងឡង់បានរកឃើញអំពីទំនាក់ទំនងរវាងការទទួលសារធាតុចិញ្ចឹម និងសមត្ថភាពក្នុងការអានសម្រាប់កុមារក្នុងថ្នាក់បឋមសិក្សា។ ការសិក្សានេះបានធ្វើឡើងលើសិស្សជនជាតិហ្វាំងឡង់១៦១នាក់ដែលមានអាយុចន្លោះពី៦ឆ្នាំនិង៨ឆ្នាំ។ ដោយតម្រូវឲ្យកូនសិស្សធ្វើការស្ទង់មតិខ្លះអំពីរបបអាហារនិងត្រួតពិនិត្យទៅលើការអានរបស់ក្មេងៗទាំងនោះតាមរយៈតេស្តមួយចំនួន។
កំណត់ត្រាអាហាររបស់ក្មេងៗទាំងនោះក៏ត្រូវបានកត់ទុកផងដែរ។ លទ្ធផលដែលទទួលបានពិតជាគួរឲ្យភ្ញាក់ផ្អើលមែនទែនព្រោះកុមារដែលមិនសូវបរិភោគសាច់ក្រហម អាហារកំប៉ុង ឬអាហារសំបូរជាតិស្ករ និងការទទួលទានផ្លែឈើច្រើន បន្លែ ត្រី គ្រាប់ធញ្ញជាតិ និងខ្លាញ់ក្នុងរបបអាហាររបស់ពួកគេគឺមានសមត្ថភាពក្នុងការអានល្អជាងលើអ្នកបរិភោគអាហារខាងលើច្រើនលើសលប់។
ទោះកុមារអាចអានបានយ៉ាងល្អនៅពេលរៀនថ្នាក់ទី១ក៏ដោយ ប៉ុន្តែប្រសិនបើរបបអាហាររបស់ក្មេងទាំងនោះមិនគ្រប់គ្រាន់ទេ សមត្ថភាពក្នុងការអានអាចនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរពេលក្មេងរៀនដល់ថ្នាក់ទី៣។ ប៉ាម៉ាក់ត្រូវចងចាំថាគុណភាពនៃរបបអាហារ និងសមត្ថភាពក្នុងការអានមិនមានទំនាក់ទំនងជាមួយកត្តាផ្សេងទៀតដូចជាសកម្មភាពផ្លូវកាយ ទ្រព្យសម្បត្តិ មុខដំណែងក្នុងសង្គម ការហាត់កីឡា ឬសារធាតុខ្លាញ់ក្នុងរាងកាយនោះទេ។