backup og meta

នេះជាប្រភេទអាហារបំប៉នតាមអាយុក្មេង ពីពេលកើត ដល់៥ឆ្នាំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 28, 2019

    នេះជាប្រភេទអាហារបំប៉នតាមអាយុក្មេង ពីពេលកើត ដល់៥ឆ្នាំ

    ក្មេង​តូច​ត្រូវ​ការ​ការ​មើល​ថែទាំ​ជា​ចាំ​បាច់ ក្នុង​នោះ​ការ​គិតគូរ​ពី​ចំណី​អាហារ​ក៏​ជារឿងសំខាន់​បំផុតដែរ។ ដើម្បី​ជា​ចំណេះ​ដឹង​ដល់​ម៉ាក់​ប៉ា​ដែល​មាន​កូន​តូចៗ Hello គ្រូពេទ្យ​ នឹង​បង្ហាញ​នូវ​ប្រភេទ និង​បរិមាណ​អាហារូបត្ថម្ភ​កុមារ​ទៅ​តាម​អាយុ ចាប់​ពី​ពេល​កើត​ភ្លាម រហូត​ដល់​អាយុ ៥ ឆ្នាំ។

    អាយុ ០ – ៦ខែ ៖ ក្នុង​រយៈ​ពេល ៦ ខែ​ដំបូង​នេះ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយតែ​មួយ​មុខ​គត់ គឺ​គ្រប់​គ្រាន់​ហើយ ម៉ាក់ៗ​មិន​ចាំបាច់​ឲ្យ​កូន​ញ៉ាំ​អី​ផ្សេង​នោះ​ទេ សូម្បី​តែ​ទឹក។

    ចាប់​ពី​​អាយុ ៦ ខែ ឡើង​ទៅ រហូត​ដល់​អាយុ ២ឆ្នាំ ម៉ាក់ៗ​ត្រូវ​ឲ្យ​អាហារបំប៉ន​បន្ថែម​ទៅ​កូន​ពី​លើ​ទឹកដោះ​ម្តាយ ឬ​ទឹកដោះ​គោ ដោយ​ចាប់​ផ្តើម​ពី​អាហារ​ទន់ៗ ដែល​ក្នុង​នោះ​បបរ​ខាប់​គ្រប់​គ្រឿង គឺ​ជា​អាហារូបត្ថម្ភ​ដ៏​សំខាន់​សម្រាប់​កុមារ ដើម្បី​ជួយ​ដល់​ការ​លូត​លាស់​លាស់​ផ្នែក​រាង​កាយ និង​បញ្ញា​ស្មារតី។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ កុមារជាតិ។

    អាយុ ៦ ខែ៖ ឲ្យ​កូន​ញ៉ាំបបរខាប់គ្រប់គ្រឿង ២ដង/ថ្ងៃ ដោយ​ម្តងៗ​ឲ្យ​ញ៉ាំ ២-៣ ស្លាបព្រាបាយ បន្ថែម​ពី​លើ​ការ​ញ៉ាំ​ទឹកដោះ​ម៉ាក់ ឬ​ទឹកដោះគោ។

    អាយុ ៧-៨ ខែ៖ ការ​ញ៉ាំ បបរ​ខាប់​គ្រប់​គ្រឿង​កើន​ដល់ ៣ដង/ថ្ងៃ ១ដង​កន្លះ​ចាន​ចង្កឹះ បន្ថែម​ពី​លើ​ការ​ម៉ឹមដោះ។

    អាយុ ៩-១១ ខែ៖ ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង ៣ដង/ថ្ងៃ ញ៉ាំម្តងៗ​កាច​ចាន​ចង្កឹះ បន្ថែម​ពី​ការ​លើ​ម៉ឹម​ដោះ និង​ផ្តល់​អាហារ​ក្រៅ​ពេល ១ដង/ថ្ងៃ ដូច​ជា​ចេកទុំ ស្វាយទុំ ល្ហុងទុំ ឬ​ផ្លែឈើ​ដទៃ​ទៀត ដោយ​កិន​ឲ្យ​ម៉ដ្ដ។

    អាយុ ១២-២៤ ខែ៖ ឲ្យ​កូន​ញ៉ាំ បបរ​ខាប់​គ្រប់​​គ្រឿង ៣ដង/ថ្ងៃ ១ដង ១ចានចង្កឹះ​ពេញ បន្ថែម​ពី​ការ​លើ​ការ​បំបៅដោះ និង​ផ្តល់​អាហារ​ក្រៅ​ពេល ២ដង/ថ្ងៃ ដូចជាចេកទុំ ស្វាយទុំ ល្ហុងទុំ ដំឡូងស្ងោរ ឬផ្លែឈើផ្សេងៗទៀត។

    អត្ថបទពាក់ព័ន្ធ៖ អូនៗ​អាយុ​បាន៦​ខែ​ហើយ តោះ! រៀន​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​កូន​ញ៉ាំ

    អាយុ ២-៣ ឆ្នាំ ៖ កុមារ​អាច​ញ៉ាំ​អាហារ​ជាមួយ​មនុស្ស​ធំ ឬគ្រួសារ​បាន ៣ដង/ថ្ងៃ ហើយ​បើ​កូន​នៅ​​បន្ត​បៅ​ដោះ​​ម្តាយ ឬ​​ទឹកដោះ​គោ ម៉ាក់ៗ​ត្រូវ​បន្ត​បំបៅ​ដោះ​កូន។ ពេល​ញ៉ាំ​អាហារ​ជាមួយ​គ្រួសារ ម៉ាក់ប៉ា​កុំ​ឲ្យ​កូន​ញ៉ាំ​អាហារ​ដោយ​ខ្លួន​ឯង ព្រោះ​កូន​នៅ​តូច ខ្លាច​ក្រែង​កូន​ញ៉ាំ​មិន​គ្រប់​គ្រាន់ ឬ​មិន​ញ៉ាំ​បន្លែ ធ្វើ​ឲ្យ​ងាយ​ខ្វះ​អាហារូត្ថម្ភ។

    ក្រៅ​ពី​អាហារ​សំខាន់​ទាំង ៣ ពេល យើង​ត្រូវ​ផ្តល់​ចំណី​អាហារ​បន្ថែម ២ដង/ថ្ងៃ ដូចជា​ចេកទុំ ល្ហុងទុំ ស្វាយទុំ ស៊ុតស្ងោរ ដំឡូង​ស្ងោរ ឬ​ផ្លែឈើ​ផ្សេង​ទៀត តាម​ចំណង់​ចិត្ត​កុមារ តែ​កុំ​ឲ្យ​កូន​ញ៉ាំ​បង្អែម​ច្រើន​ពេក ឬ​នំកញ្ចប់ នៅ​ចន្លោះ​ពេល​បាយ។

    អាយុ ៣-៥ ឆ្នាំ៖ កុមារ​អាច​ញ៉ាំ​បាយ​ដោយ​ខ្លួន​ឯង​បាន តែ​យើង​ជា​ម៉ាក់ប៉ា​ត្រូវ​ចាំ​មើល​កូន តើ​កូន​ញ៉ាំ​គ្រប់​គ្រាន់​ទេ ញ៉ាំ​អាហារ​ចម្រុះ​មុខ​អត់ និង​​ត្រូវ​ផ្តល់​​ចំណី​អាហារ​បន្ថែម ២ដង/ថ្ងៃ ដូច​នឹង​កាល​អាយុ២-៣ឆ្នាំដែរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 28, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម