backup og meta

រឿង ៥​ យ៉ាងគួរធ្វើមុនពេលចូលគេង ជួយឲ្យពោះវៀនមានសុខភាពល្អ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Oct 28, 2020

    រឿង ៥​ យ៉ាងគួរធ្វើមុនពេលចូលគេង ជួយឲ្យពោះវៀនមានសុខភាពល្អ

    ទម្លាប់​មុន​ចូលគេង​គឺ​មាន​ប្រយោជន៍​ណាស់​ដើម្បី​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល។ ប៉ុន្តែ​ដឹង​ទេ​ថា​ការ​គេង​លក់​ស្រួល​ក៏​ជួយ​ដល់​សុខភាព​ពោះវៀន​ដែរ។ យើង​អាច​សាកល្បង​ប៉ុន្មាន​វិធី​ខាងក្រោម​ដើម្បី​គេង​លក់​ស្រួល​ក៏​ដូចជា​ជួយ​ឲ្យ​សុខភាព​ពោះវៀន​​យើង​ល្អដូចគ្នា​។

    . ញ៉ាំ​ខ្ញី

    មើមខ្ញី​មាន​ប្រសិទ្ធភាព​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ រីឯ​ភេសជ្ជៈ​ក្ដៅ​ឧណ្ហៗ​ជួយ​សម្រួល​ដល់​ប្រព័ន្ធរំលាយ​អាហារ។ ម៉្យាងទៀត មើម​ខ្ញី​អាច​ជួយ​សម្រួល​ដល់​ខ្យល់​ក្នុង​ពោះ និង​ហើមពោះ ដូចនេះ​ការ​ញ៉ាំ​ខ្ញី​មុន​ចូលគេង​គឺ​ជា​ការ​ល្អ។ យើង​អាច​ផឹក​ទឹកខ្ញី​មុន​ចូលគេង​ដើម្បី​ជួយ​ដល់​ក្រពះ ឬ​ញ៉ាំ​ស្ករ​ខ្ញី​ក្រោយ​អាហារ​ពេលល្ងាច ឬ​ក៏​បន្ថែម​ខ្ញី​ទៅ​ក្នុង​អាហារ​ពេលល្ងាច​តែ​ម្ដង។

    . ហាត់​យ៉ូហ្កា

    គ្នា​យើង​អាច​ដឹង​ហើយ​ថា​យ៉ូហ្កា​ល្អ​សម្រាប់​ការ​រំលាយ​អាហារ ទោះហាត់​ត្រឹម​៥នាទី​ក៏​អាច​ជួយ​ដល់​សុខភាព​ពោះវៀន និង​ជួយ​​ដល់​​ដំណេក​ដែរ។ យើង​អាច​ហាត់​លំហាត់ប្រាណ​យ៉ូហ្កាណា​ដែល​ប្រើ​កម្លាំង​តិច​ព្រោះ​នេះ​អាច​ជួយ​សម្រួល​ដល់​លំហូរ​ឈាម និង​ចលនា​ក្រពះ​ ជាពិសេស​សម្រាប់​អ្នក​មាន​បញ្ហា​ទល់លាមក និង​​ហើម​ពោះ។

    . សម្រាក​ខួរក្បាល

    គ្នា​យើង​មួយ​ចំនួន​អាច​នឹង​ចូលគេង​ទាំង​ស្ត្រេស​ដោយ​មិន​បន្ធូរ​អារម្មណ៍​ជា​មុន​សិន។ ស្ត្រេស​ក៏​អាច​ប៉ះ​ពាល់​​ដល់​​ប្រព័ន្ធ​រំលាយ​អាហារ​ដែ​រ​ដែល​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ទល់លាមក រាករូស ឬ​ឈឺពោះ។ ដូចនេះ​ការ​ធ្វើ​សមាធិ​​ពី​​៥ទៅ១០ នាទី​ ឬ​ធ្វើ​សកម្មភាព​ផ្សេង​ទៀត​ដែល​ជួយ​បន្ធូរ​អារម្មណ៍​បាន​ដូចជា​ការ​អាន​មុន​ចូលគេង​​ ក៏​អាច​ឲ្យ​ខួរក្បាល​បាន​សម្រាក និង​សម្រាល​​ស្ត្រេស​​បាន​​។ នេះ​មាន​ប្រយោជន៍​ខ្លាំង​ដល់​សុខភាព​ពោះវៀន។

    . ញ៉ាំ​ផ្លែ​ព្រូន (prune)

    ផ្លែព្រូន​ផ្ទុក​ម៉ាញ៉េស្យូម កាល់ស្យូម និង​វីតាមីន B6 ដែល​ជួយ​ដល់​ការ​ផលិត​អ័រម៉ូន​មេឡាតូនីន (melatonin)។ អ័រម៉ូន​​នេះ​​ជួយ​​ធ្វើ​​ឲ្យ​​យើង​​ងងុយ​គេង។ ការ​ញ៉ាំ​ផ្លែ​នេះ​២ទៅ៣​ផ្លែ​មុនចូលគេង​ប្រហែល​១ម៉ោង​អាច​ទទួល​បាន​ប្រសិទ្ធភាព​លឿន ហើយ​​ការ​​ញ៉ាំ​​ផ្លែ​ព្រូន​​រាល់​ថ្ងៃ​​គឺ​​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​ព្រោះ​ផ្លែ​នេះ​មាន​ជាតិ​សរសៃ។ ប៉ុន្តែ​​យក​​ល្អ​កុំ​​ញ៉ាំ​​ច្រើន​​ជាង​៣ផ្លែ​​មុន​ចូលគេង​​ព្រោះ​​​អាច​​ធ្វើ​​ឲ្យ​យើង​​ចូល​​បង្គន់​​ញឹក​ញាប់​​។

    . ចៀសវាងអាន​ព័ត៌មាន

    ការ​ដឹង​ពី​បញ្ហា​ផ្សេងៗ​ជុំវិញ​ពិភពលោក​គឺ​សំខាន់ ប៉ុន្តែ​​យក​​ល្អ​គួរ​អាន​ព័ត៌មាន​អំឡុង​ពេល​ថ្ងៃ។ នេះ​​មក​​ពី​​កម្រិត​​ថប់​អារម្មណ៍​របស់​​យើង​​អាច​​នឹង​​កើន​ឡើង​ដែល​នេះ​ភាគច្រើន​អាច​បង្ក​ភាព​មិន​ស្រួល​​ដល់​​ក្រពះ​ពោះវៀន​​របស់​​យើង​​។ ដូច​នេះ​​អ្នក​ជំនាញ​​តែង​​ណែនាំ​​ឲ្យ​​ចៀស​វាង​​ការ​​អាន​​ព័ត៌មាន​២ម៉ោង​មុន​ចូលគេង​ដើម្បី​ឲ្យ​ខួរក្បាល​បាន​សម្រាក​​​ដែល​​នេះ​​ក៏​ល្អ​​សម្រាប់​​សុខភាព​​ពោះ​វៀន​​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Oct 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម