backup og meta

ជំងឺ ១០ មុខ ឧស្សាហ៍កើតបំផុតអំឡុងខែភ្លៀង គ្រប់គ្នា​ត្រូវ​ប្រយ័ត្ន

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ សន សុភា · កែ May 26, 2020

    ជំងឺ ១០ មុខ ឧស្សាហ៍កើតបំផុតអំឡុងខែភ្លៀង គ្រប់គ្នា​ត្រូវ​ប្រយ័ត្ន

    ដូច​ដឹង​ស្រាប់​ហើយ រដូវ​ភ្លៀង​ទោះ​បី​ជា​សីតុណ្ហភាព​ត្រជាក់​ស្រួល​មែន ប៉ុន្តែ​បាក់តេរី មេរោគ និង​ជំងឺ​ឆ្លង​ផ្សេងៗ ក៏​ងាយ​កើត​ឡើង​ដែរ ហេតុនេះ​ប៉ា​ម៉ាក់​ត្រូវ​ប្រយ័ត្ន​កូនៗ​ឲ្យ​បាន​ច្រើន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ’ នឹង​លើក​ឡើង​ពី​ជំងឺ​មួយ​ចំនួន ដែល​ឧស្សាហ៍​កើតមាន ពិសេសកើត​លើ​ក្មេងៗ និង​រោគ​សញ្ញា​​ឲ្យ​បាន​ដឹង​ទាំង​អស់​គ្នា។

    ១- ជំងឺ​គ្រុន​ឈាម

    គ្រុន​ឈាម ជា​ជំងឺ​ឧស្សាហ៍​កើត​មាន​បំផុត​អំឡុង​ពេលរដូវ​វស្សា ឆ្លង​រាល​ដាល​តាម​រយៈ​មូស​ខាំ ដែល​ជា​ពពួក​មូសខ្លា ខណៈ​រោគសញ្ញា​​មាន​ដូច​ជា៖

    – ក្តៅ​ខ្លួន​ខ្លាំង

    – ឡើង​កន្ទួលលើ​ស្បែក

    – ចំនួនប្លាកែតធ្លាក់ចុះ

    – ងាយ​រងប្រតិកម្មលើស្បែក ឬច្រមុះ​ជា​ដើម។

    ២- ជំងឺ​បង្ក​ដោយ​វីរុស Chikungunya

    ជំងឺ Chikungunya គឺ​បង្ក​ឡើង​ដោយ​សត្វ​មូស ដែល​រស់​នៅ​ក្នុង​ថ្លុក​ទឹក​ ហើយ​មូស​ទាំង​នោះ ត្រូវ​ប្រទះ​ឃើញ​មាន​គ្រប់​ទី​កន្លែង​ជុំ​វិញ​បរិវេណ​ផ្ទះ​របស់​យើង មាន​ទាំង​ក្នុង​ផើង​ផ្កា ទុយោទឹក នឹង​វត្ថុផ្សេងៗ​ទៀត​ដែល​ដក់​ទឹក​បាន ខណៈ​ភ្នាក់​ងារ​ចម្លង​ជំងឺ​នេះ គឺ​ជា​ពពួក​មូសខ្លា។ រោគ​សញ្ញា​មាន​ដូច​ជា៖

    – ឈឺ​សន្លាក់ស្រួចស្រាវ

    – គ្រុន​ក្តៅ​ខ្លាំង

    – រងារ​ញាក់

    – អស់​កម្លាំង។

    ៣- ជំងឺ​គ្រុនចាញ់

    ជំងឺ​គ្រុន​ចាញ់ គឺ​ចម្លង​ពី​មូសដែក​គោល ខណៈ​ករណី​ឆ្លង​ជំងឺ​នេះ តែង​កើន​ឡើង​ខ្លាំង​អំឡុង​ពេល​រដូវ​ភ្លៀង​ចូល​មក​ដល់ ដោយ​ពពួក​មូស​​នឹង​បន្ត​ពូជ​នៅ​តាមកន្លែង​ដក់​ទឹក​ផ្សេង​ជុំ​វិញព្រៃក្បែរៗ​ផ្ទះ​របស់​យើង ខណៈ​រោគ​សញ្ញា​មាន​ដូច​ជា៖

    – គ្រុន​ក្តៅ​ខ្លាំង

    – ឈឹចុក​ចាប់​រាង​កាយ

    – គ្រុនរងារញាក់

    – បែក​ញើស​ខ្លាំង។

    ៤- ជំងឺ​អាសន្នរោគ

    ជំងឺ​អាសន្នរោគ គឺ​បណ្តាល​មក​ពី​ការ​ញ៉ាំ​អាហារ និង​ទឹក​ដែល​មាន​ផ្ទុក​មេរោគ។ កង្វះ​អនាម័យ ក៏​ជា​មូល​ហេតុ​ចម្បង​បង្ក​ឲ្យ​កើត​ជំងឺ​នេះ​ដូច​គ្នា។ អាសន្នរោគ គឺ​ត្រូវ​ការ​ការ​ព្យាបាល​ឲ្យ​បាន​ឆាប់​បំផុត ព្រោះ​អាច​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ខណៈ​រោគ​សញ្ញា​ជាទូទៅ​មាន​ដូចជា៖

    – ធ្លាក់​ចុះ​សម្ពាធ​ឈាម

    – រមួល​សាច់​ដុំ

    – ចង្វាក់​បេះដូង​លោត​ញាប់

    – ស្ងួត​ ភ្នាសសើមនៅត្រង់បំពង់ក និងច្រមុះជាដើម។

    ៥- ជំងឺ​គ្រុន​ពោះ​វៀន

    គ្រុន​ពោះ​វៀន ជា​ជំងឺ​ឆ្លង​ឧស្សាហ៍​កើត​មាន​ដូច​គ្នា​អំឡុង​រដូវ​ភ្លៀង​ចូល​មក​ដល់។ ជំងឺ​នេះ ធម្មតា​បង្ក​ឡើង​ដោយការ​ញ៉ាំ​អាហារ និង​ទឹក​មិនមាន​អនាម័យ​ ហើយ​រោគ​សញ្ញា​មាន​ដូច​ជា៖

    – គ្រុន​ក្តៅ​រយៈ​ពេល​យូរ

    – អស់​កម្លាំង

    – ឈឺពោះ

    – ទល់​លាមក

    – ឈឺក្បាល

    – ក្អួត។

    ៦- គ្រុន​ក្តៅ​ដោយ​សារ​ឆ្លង​រោគ (Viral fever)

    ជំងឺ​នេះ អាច​កើត​ឡើង​គ្រប់​ពេល​វេលា​ពេញ​មួយ​ឆ្នាំតែម្ដង​ ប៉ុន្តែ​ហានិភ័យ​កើត​ជំងឺ​នេះ នឹង​កើន​ឡើង​កាន់​តែ​ខ្ពស់​អំឡុង​ពេល​រដូវ​ភ្លៀង ដោយ​រោគ​សញ្ញា​ជា​ទូទៅ​មាន​ដូចជា៖

    – គ្រុនក្តៅ

    – អស់​កម្លាំង​

    – វិលមុខ

    – ល្ហិតល្ហៃ

    – គ្រុន​ញាក់

    – ឈឺចាប់​រាងកាយ សាច់ដុំ និង​សន្លាក់។

    ៧- រាក

    រាក ជា​បញ្ហា​សុខភាព​មួយ​ឧស្សាហ៍​កើត​មាន និងអាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ពិសេស​អំឡុង​ពេល​រដូវ​វស្សា​តែ​ម្តង។  ជំងឺរាក​​អាច​បណ្តាល​មក​ពី​ញ៉ាំអាហារ ឬ​ទឹក​គ្មាន​អនាម័យ ហើយ​​រោគ​សញ្ញា​មាន​ដូច​ជា៖

    – លាមក​រាវ (សុទ្ធ​តែ​ទឹក)

    – រមួល​ពោះ

    – គ្រុន​ក្តៅ

    – ហើម​ពោះ

    – ក្អួត​ចង្អោរ

    – ឈាម​ក្នុង​លាមក។

    ៨- ផ្តាសាយ​ធម្មតា និង​ផ្តាសាយ​ធំ

    នៅ​ពេល​អាកាស​ធាតុ​ប្រែ​ប្រួល​ភ្លាមៗ នឹង​បង្ក​ឲ្យ​សីតុណ្ហភាព​រាងកាយ​យើង​ប្រែប្រួល​ដូច​គ្នា ហើយ​បញ្ហា​ចម្បង​អាច​កើត​មាន​ឡើង​ចំពោះ​សុខភាព គឺផ្តាសាយធម្មតា និងផ្តាសាយ​ធំ។ អំឡុង​ពេល​រដូវ​ភ្លៀង ប្រព័ន្ធ​ការពារ​ក្នុង​រាងកាយ​យើង​នឹង​ចុះ​ខ្សោយ ដែល​ជា​កត្តា​កាន់​តែ​ងាយ​ធ្វើ​ឲ្យ​កើត​ផ្តាសាយ ក្អក និង​ផ្តាសាយ​ធំ ខណៈ​រោគសញ្ញា​ជាទូទៅ​មាន​ដូចជា៖

    – ក្តៅ​ខ្លួន

    – ឈឺ​សាច់​ដុំ

    – ហៀរ​សំបោរ

    – កណ្តាស់

    – តឹង​ច្រមុះ។

    ៩- ជំងឺ Leptospirosis (ឆ្លង​មេរោគ​ពី​សត្វ)

    ជំងឺ Leptospirosis សំដៅ​លើ​ការ​ឆ្លង​បាក់តេរី​មួយ​ប្រភេទ​ដែល​ជា​ការ​ចម្លង​ពី​សត្វ​មក​លើ​មនុស្ស នៅ​ពេល​មាន​ស្បែក​យើង​មាន​ការ​ដាច់​រលាត់​កន្លែង​ណា​មួយ។ ជំងឺ​នេះ​ជា​ធម្មតា​ឆ្លង​រាល​ដាល​តាម​រយៈ​​មុខ​របួស អំឡុង​ពេល​យើង​ធ្វើ​ដំណើរ​លុយទឹក​មាន​មេរោគ ប៉ះលើ​មុខ​របួស ខណៈ​រោគសញ្ញា​មាន​ដូច​ជា៖

    – គ្រុនក្តៅ​ខ្លាំង

    – ឈឺក្បាល

    – ឈឺសាច់ដុំ

    – ឈឺពោះ និង​រាក

    – ឡើង​កន្ទួលលើ​ស្បែក។

    ១០- ឆ្លង​មេរោគ​ក្នុង​ក្រពះ

    ឆ្លង​មេរោគក្នុង​ក្រពះ កើត​ឡើង​នៅ​ពេល​យើង​ញ៉ាំ​អាហារ ឬ​ផឹក​ទឹក​ដែល​មិន​ស្អាត​ល្អ​។ ជំងឺ​ក្រពះ​ពោះ​វៀន ជា​ជំងឺ​មួយ ជា​ទូទៅ​កើត​ឡើង​ពេល​ក្រពះ​មាន​ឆ្លង​មេរោគ និង​ឧស្សាហ៍​កើត​មាន​បំផុត​អំឡុង​ពេល​រដូវ​ភ្លៀង។ សូមផឹក​ទឹក​ដាំ​ពុះ​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ញ៉ាំ​អាហារ​ចម្អិនឆ្អិនល្អ ដើម្បីអាចបង្ការ​បញ្ហាទាំងនេះ។ រោគសញ្ញា​ជំងឺនេះ​មាន​ដូចជា៖

    – គ្រុន​ញាក់​ដោយ​សារ​សីតុណ្ហភាព​រាងកាយ​ធ្លាក់​ចុះ

    – ក្អួត និង​ចង្អោរ

    – រមួល ឬឈឺ​ពោះ

    – រាក។

    អត្ថបទ​ពាក់​ព័ន្ធ៖

    * វិធី​បង្ការ​ជំងឺ​រដូវ​ភ្លៀង

    មាន​តិចនិក​មួយ​ចំនួន​​ជួយ​យើង​ចៀស​ឆ្ងាយ​ពី​ជំងឺ​ឧស្សាហ៍​កើត​មាន​អំឡុង​រដូវ​ភ្លៀង ដោយ​គ្រាន់​តែ​អនុវត្ត​ដូច​ខាង​ក្រោម៖

    – ព្យាយាម​នៅ​ក្នុង​ផ្ទះ និង​កន្លែង​ដែល​គ្មាន​មូស

    – ប្រើ​ថ្នាំ​បាញ់​មូស និង​ស្លៀក​ពាក់​ជិតៗ​ពេល​ចេញ​ទៅ​ក្រៅ​ផ្ទះ

    – កុំ​ព្យាយាម​ទៅ​កន្លែង​មាន​មនុស្ស​កកកុញ​ច្រើន ដើម្បី​កាត់​បន្ថយ​អត្រា​ឆ្លង​មេរោគ

    – ផឹក​​ទឹក​ដាំ​ពុះ

    – ញ៉ាំ​អាហារ​ស្រស់ៗ​ធ្វើ​ឲ្យ​ផ្ទាល់​ដៃ

    – ត្រូវ​ប្រាកដ​ថា ផ្ទះ​របស់​យើង​មាន​ខ្យល់​ចេញ​ចូល​គ្រប់​គ្រាន់

    – លាង​ដៃ​ឲ្យ​បាន​ស្អាត​មុន​ពេល​ញ៉ាំ​អាហារ

    – កុំ​យក​ដៃ​ប៉ះ​ច្រមុះ ឬមាត់​មុន​លាង​សម្អាត​។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ សន សុភា · កែ May 26, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម