backup og meta

ដឹង ៧ ក្បាច់នេះ នៅផ្ទះគ្មានថ្នាំ ក៏អាចសម្រួល​អាការៈក្អកបាន

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 30, 2021

    ដឹង ៧ ក្បាច់នេះ នៅផ្ទះគ្មានថ្នាំ ក៏អាចសម្រួល​អាការៈក្អកបាន

    ក្អក​អាច​ជួយ​កម្ចាត់​ស្លេស្ម​ពី​បំពង់ក និង​ការ​រលាក​ផ្សេងៗ ប៉ុន្តែ​បើ​ក្អក​មិន​ឈប់​អាច​បង្ក​ជា​ការ​រំខាន​មួយ។ ក្អក​អាច​បង្ក​ដោយ​អាលែកហ្សី ការ​ឆ្លង​វីរុស ឬ​បាក់តេរី​ជាដើម។ ជាទូទៅ​យើង​អាច​ព្យាបាល​អាការៈ​ក្អក​បង្ក​ដោយ​ជំងឺ​ផ្ដាសាយ អាលែកហ្សី និង​ការ​ឆ្លង​មេរោគ​នៅ​តំបន់​ sinus បាន​ដោយ​ប្រើ​ថ្នាំ ប៉ុន្តែ​ក៏មាន​វិធីមួយចំនួន​អាច​ជួយសម្រួលអាការៈនេះ​បាន​ខ្លះដែរ ក្នុង​ករណី​មិន​ប្រើថ្នាំពេទ្យ។​

    ១. ទឹក​ឃ្មុំ

    ទឹកឃ្មុំ​ក៏​ត្រូវ​គេ​ប្រើ​សម្រាប់​អាការៈ​ឈឺ​ក​ដែរ។ តាម​ការ​សិក្សា​មួយ​បង្ហាញ​ថា​ទឹកឃ្មុំ​ក៏​អាច​សម្រាល​អាការៈ​ក្អក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផងដែរ។ យើង​អាច​សម្រាល​អាការៈ​ក្អក​បាន​ដោយ​លាយ​ទឹកឃ្មុំ​២​ស្លាបព្រាកាហ្វេ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហៗ​ ​និង​​អាច​ថែមទឹក​ក្រូចឆ្មារ​ក៏បាន។

    ក្អកលេចនោម១

    ២. ខ្ញី

    ខ្ញី​អាច​បំបាត់​អាការៈ​ក្អក​ស្ងួត ព្រោះ​ខ្ញី​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ការ​រលាក ហើយ​ក៏​ជួយ​បំបាត់​អាការៈ​ចង្អោរ និង​ការ​ឈឺចាប់​ដែរ។ ការសិក្សា​មួយ​បាន​អះអាង​សារធាតុ​ប្រឆាំង​ការ​រលាក​ក្នុង​ខ្ញី​អាច​សម្រួល​ដល់​ភ្នាស​នៅ​ផ្លូវ​ដង្ហើម​ដែល​អាច​កាត់បន្ថយ​អាការៈ​ក្អក​បាន។ យើង​អាច​ធ្វើ​ទឹកខ្ញី​បាន​ដោយ​ដាក់​ខ្ញី​ស្រស់​២០ទៅ៤០ក្រាម​ទៅ​ក្នុង​ទឹកក្ដៅ​មួយ​ពែង​ និង​ទុក​ចោល​មួយ​សន្ទុះ។ យើង​ក៏​អាច​ថែម​ទឹក​ឃ្មុំ ឬ​ទឹក​ក្រូចឆ្មារ​ដែរ។​

    ៣. រក្សាជាតិទឹកក្នុងខ្លួន

    ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​គឺ​សំខាន់​សម្រាប់​អ្នក​មាន​អាការៈ​ក្អក ឬ​ឆ្លង​ជំងឺ​ផ្ដាសាយ​ណាស់។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ការ​ផឹក​ទឹក​អាច​ជួយ​បំបាត់​អាការៈ​ក្អក ហៀរ​សំបោរ និង​កណ្ដាស់។ សម្រាប់​ទឹក​ក្ដៅ​ឧណ្ហៗ​វិញ​អាច​ជួយ​សម្រួល​ដល់​អាការៈ​ឈឺក គ្រុន​រងា និង​អស់​កម្លាំង​ផង​ដែរ។ ក្រៅ​ពី​ទឹក យើង​អាច​ហុត​ស៊ុប​ក្ដៅៗ តែ​រុក្ខជាតិ (Herbal tea) និង​តែ​ខ្មៅ​ដែល​មិន​មាន​ជាតិ​កាហ្វេអ៊ីន។

    ៤. ផ្លែ​ម្នាស់

    ផ្លែ​ម្នាស់​មាន​អង់ហ្សីម Bromelain ដែល​អាច​ប្រឆាំង​ការ​រលាក​បាន និង​អាច​កម្ចាត់​ស្លេស្ម​ចេញ​ពី​រាងកាយ។ ការ​ផឹក​ទឹកម្នាស់​អាច​បន្ថយ​ស្លេស្ម​នៅ​ក្នុង​បំពង់ក​ និង​ទប់ស្កាត់​ការ​ក្អក។

    ៥. ចំហាយ​ទឹក

    ចំពោះក្អក​ស្លេស្ម​​យើង​អាច​​ប្រើ​ចំហាយ​ទឹក​ដើម្បី​ជួយ​ឲ្យ​អាការៈ​មាន​ភាព​ប្រសើរ​ឡើង។ យើង​អាច​ងូតទឹកក្ដៅ​ដើម្បី​បង្កើត​ចំហាយ​ទឹក​ក្នុង​បន្ទប់​ទឹក​ និង​នៅ​ក្នុង​នោះ​រហូត​ដល់​អស់​ចំហាយ​។ ក្រោយ​ពី​ចេញ​មក​គួរ​ញ៉ាំ​ទឹក​មួយ​កែវ​ដើម្បី​បង្ការ​ការ​បាត់បង់​ជាតិ​ទឹក។ ក្រៅ​ពី​ងូតទឹក​ក្ដៅ យើង​ក៏​ឆ្ពុង​រយៈពេល​៥​នាទី​បាន​ដែរ។

    ៦. ខ្ពុរ​ទឹក​អំបិល

    ការ​ខ្ពុរ​ទឹក​អំបិល​គឺ​ជា​វិធី​ដ៏​ងាយស្រួល​មួយ​ដែល​អាច​សម្រួល​អាការៈ​រមាស់​ក​ដែល​ធ្វើឲ្យ​យើង​ក្អក។ យើង​អាច​លាយ​អំបិល​កន្លះ​ស្លាបព្រាកាហ្វេ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហៗ​មួយកែវ​។ គួរ​បញ្ជាក់​​ដែរ​ថា​សម្រាប់​ក្មេង​ក្រោម​៦ឆ្នាំ​មិន​គួរ​ឲ្យ​ខ្ពុរ​ទឹក​អំបិល​ទេ។

    ៧. Probiotics

    Probiotics មិន​បំបាត់​អាការៈ​ក្អក​ដោយ​ផ្ទាល់​ទេ ប៉ុន្តែ​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​បាន​ដោយ​រក្សា​តុល្យភាព​បាក់តេរី​ក្នុង​ពោះវៀន។ ប្រព័ន្ធភាពស៊ាំ​ខ្លាំង​អាច​ប្រឆាំង​នឹង​ការ​ឆ្លង​ជំងឺ​ផ្សេងៗ​ដែល​បង្ក​ឲ្យ​មាន​អាការៈ​ក្អក។ អាហារ​ដែល​មាន​ Probiotics ច្រើន​មាន​ស៊ុប​មីសូ (Miso soup) យ៉ាអួ និង​គីមឈី​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 30, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម