backup og meta

ហេតុផល ២​ យ៉ាងគួរចៀសវាងពាក់កៅស៊ូចងសក់នៅកដៃ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 16, 2020

    ហេតុផល ២​ យ៉ាងគួរចៀសវាងពាក់កៅស៊ូចងសក់នៅកដៃ

    គ្នាយើង​អាច​នឹង​ធ្លាប់​ឮ​ហើយ​ថា​ការ​ពាក់​កៅស៊ូ​ចង​សក់​នៅ​ក​ដៃ​អាច​ផ្តល់​ប៉ះពាល់​ដល់​សុខភាព ប៉ុន្តែ​យើង​អាច​នឹង​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ។ ​តើ​ការ​ពាក់​កៅស៊ូ​ចង​សក់​នៅ​នឹង​ក​ដៃ​អាច​ប៉ះពាល់​យ៉ាង​ម៉េច​ខ្លះ?

    ១. បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ

    ស្បែក​គឺជា​របាំង​ការពារ​ពពួក​មេរោគ​ផ្សេងៗ ប៉ុន្តែ​នៅ​ពេល​មាន​ការ​រលាត់​ស្បែក​អាច​ធ្វើ​ឲ្យ​មាន​មេរោគ​ឆ្លង​ចូល​បាន​យ៉ាង​ងាយ។ កៅស៊ូ​ចង​សក់​ធម្មតា​គឺ​មិន​ធ្វើឲ្យ​មាន​ការ​ខូចខាត​លើ​ស្បែក​ច្រើន​ទេ ប៉ុន្តែ​ពពួក​កៅស៊ូ​ចង​សក់​ដែល​មាន​ការ​រចនា​ជាមួយ​គ្រាប់​តូច​ភ្លឺផ្លេក ឬ​មាន​ដែក​ ​អាច​បង្កើត​មាន​ស្នាម​រលាត់​តូចៗ​  ដែល​នេះ​ហើយ​ធ្វើ​ឲ្យ​បាក់តេរី​ឆ្លង​ចូល​ក្នុង​ស្បែក​បាន​ទោះបីជា​មាន​ការ​រលាត់​តូច​ក៏​ដោយ។

    កៅស៊ូ​ចង​សក់​អាច​មាន​បាក់តេរី​ច្រើន​ប្រភេទ​ព្រោះ​យើង​ប្រើ​វា​ចង​សក់​ញឹកញាប់ ហើយ​កៅស៊ូ​ចង​សក់​ថ្មី​មិនទាន់​ប្រើ​ក៏​មាន​បាក់តេរី​ដែរ។ ជាពិសេស​ពេល​យើង​លាង​ដៃ​ និង​​សម្ងួត​ដៃ​ហើយ​ កៅស៊ូ​ចង​សក់​នៅ​តែ​សើម​ដដែល ហើយ​បាក់តេរី​ចូលចិត្ត​បរិយាកាស​សើម​បែបនេះ​ដែល​វា​អាច​លូតលាស់​បាន​។ នៅ​សហរដ្ឋអាមេរិក​ស្ត្រី​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ដៃ​របស់​នាង​មាន​ដុំ​ពក​មួយក្រោយពី​ពាក់​កៅស៊ូចងសក់​នៅ​កដៃ​។ នាង​ក៏​បាន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​បាន​ទទួល​ការ​ព្យាបាល​តែ​ដុំ​ពក​នៅ​​ដដែល​ដែល​នេះ​តម្រូវ​ឲ្យ​នាង​ធ្វើ​ការ​​វះកាត់ដុំ​ពក​នេះ​ ហើយ​ដុំ​ពក​នេះ​បង្ក​ដោយ​ការ​ឆ្លង​មេរោគ​។

    ២. បញ្ហា​ចរន្ត​ឈាម

    កៅស៊ូ​ចង​សក់មាន​សភាព​តឹង​​ពេល​ពាក់​ជាប់​នៅ​នឹង​ដៃយូរ​​អាច​​បង្ក​ឲ្យ​មាន​បញ្ហា​ចរន្ត​ឈាមបាន។ ការ​ពាក់​កៅស៊ូ​ចង​សក់​នៅ​កដៃ​អាច​រឹត​សរសៃ​ឈាម​ ដែល​នេះ​ប៉ះពាល់​ដល់​ចរន្ត​ឈាម​ក្នុង​រាងកាយ ហើយ​យើង​អាច​មាន​ Carpal Tunnel Syndromeដែល​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់ និង​ស្ពឹក​ម្រាម​ដៃ។

    ការ​មិន​ពាក់​កៅស៊ូ​ចង​សក់​នៅ​កដៃ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ ឬ​ដើម្បី​ចៀសវាង​ការ​ឆ្លង​មេរោគ​យើង​អាច​ដោះ​ចេញ​ពេល​លាង​ដៃ ឬ​ធ្វើ​កិច្ចការផ្ទះ​ផ្សេងៗ។ ប្រសិនជា​យើង​គិត​ថា​កៅស៊ូ​ចង​សក់​ចាស់​មាន​បាក់តេរី​ច្រើន យើង​អាច​បោក​សម្អាត ឬ​បោះចោល​តែ​ម្ដង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 16, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម