backup og meta

អ្នកចូលចិត្តច្រៀង​ច្បាស់ជាញញឹមបិទមាត់មិនជិតទេ បើ​ដឹងពីគុណប្រយោជន៍ទាំងនេះ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ សន សុភា · កែ Aug 07, 2020

    អ្នកចូលចិត្តច្រៀង​ច្បាស់ជាញញឹមបិទមាត់មិនជិតទេ បើ​ដឹងពីគុណប្រយោជន៍ទាំងនេះ

    តន្ត្រី អាចនិយាយបានថាជាផ្នែកមួយនៃជីវិត គ្នាយើងភាគច្រើនចូលចិត្តច្រៀង ហើយបើទោះមិនចូលចិត្តច្រៀង ក៏ចូលចិត្តស្តាប់ចម្រៀង​ដែរ។ ចុះដឹងអត់ ក្រៅពីជួយឲ្យធូរអារម្មណ៍ ស្រស់ស្រាយ បំបាត់ភាពតប់ប្រមល់ តន្រ្តីមានប្រយោជន៍អ្វីខ្លះ? គ្នាយើងចូលចិត្តច្រៀង ដឹងថាខ្លួនទទួលបានអ្វីពីការច្រៀងដែរអត់? ច្រៀង គឺមានគុណសម្បត្តិធំៗចំនួន ៣ គ្រប់គ្រាន់ឲ្យយើងរស់នៅដោយ​សប្បាយចិត្តបាន។

    ១. គុណប្រយោជន៍ពីការច្រៀងមកលើរាងកាយ

  • ច្រៀងជួយពង្រឹងប្រព័ន្ធភាពស៊ាំ
  • យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Frankfurt នៅអាល្លឺម៉ង់ បាន​បង្ហាញ​ថា ការច្រៀង​អាចជួយជំរុញ​សកម្ម​ភាពប្រព័ន្ធ​ភាពស៊ាំ។ ការសិក្សាបានធ្វើតេស្តទៅលើការហាត់សមរបស់អ្នកចំរៀងអាជីព មួយម៉ោងមុនចាប់ផ្តើមឡើងសម្តែង​ដោយលទ្ធផលបង្ហាញថា​ ប្រូតេអ៊ីនក្នុងប្រព័ន្ធភាពស៊ាំអ្នកទាំង​នោះ បានបំប្លែងខ្លួនទៅជាអង់ទីករប្រឆាំងមេរោគ ឈ្មោះ​ថា Immunoglobulin A។

    • ច្រៀងដូចជាការហាត់ប្រាណ

    សម្រាប់ម៉ាក់អ៊ំចាស់ៗ និងអ្នកមានរបួស ការច្រៀង អាចចាត់ទុកជាការធ្វើលំហាត់ប្រាណល្អបំផុតមួយ។ នៅពេលច្រៀង សុខភាពយើង សួតយើង នឹងបញ្ចេញសកម្មភាពដូចទៅនឹងគ្នាយើងកំពុងធ្វើការ ខណៈគុណប្រយោជន៍សុខភាពផ្សេងទៀត គឺជួយពង្រឹងសាច់ដុំសន្ទះទ្រូងឲ្យរឹងមាំ និងចលនាឈាមរត់បានល្អ។ អំឡុងពេលច្រៀង ​យើង​ដកដង្ហើមវែងៗ​ដើម្បី​ទាញ​យកអុកស៊ីសែនឲ្យបានច្រើន គឺល្អខ្លាំងជាងការដកដង្ហើមអំឡុងហាត់ប្រាណមួយចំនួនទៅទៀត ខណៈអ្នកជំនាញជឿថា ការច្រៀង​អាចជួយពង្រឹងសមត្ថភាពស្រូបយកអុកស៊ីសែន ថែមទៀត​ផង។

    • ច្រៀងអាចជួយពង្រឹងលក្ខណៈសម្បត្តិរបស់យើង

    ក្រោកឈរជាមួយភាពក្លាហាន តែងតែជាផ្នែកមួយនៃតិចនិកច្រៀងរបស់មនុស្សភាគច្រើន មានន័យថា វាជាទម្លាប់ល្អមួយដើម្បី​ភាព​ក្លាយហានរបស់​យើង​ ហើយនៅពេលយើងពើងទ្រូងទៅមុខបើកទ្រូងឲ្យរីកធំ និងចំហរស្មា គឺសុទ្ធតែជួយបង្ហាញពីរូបសម្រស់ និងលក្ខណៈសម្បត្តិនៃរាងកាយយើងកាន់តែល្អឡើង។

    • ច្រៀងជួយឲ្យគេងលក់ស្រួល

    យោងតាមអត្ថបទសុខភាពរបស់កាសែត Daily Mail Online អ្នកជំនាញជឿថា ការច្រៀង​អាចជួយពង្រឹងសាច់ដុំបំពង់ក និងក្រអូមមាត់ ជួយដោះស្រាយបញ្ហាស្រមុក និងគេងមិនដកដង្ហើមបានដែរ​។

    អត្ថបទ​ពាក់ព័ន្ធ៖

    ២. គុណសម្បត្តិលើផ្លូវចិត្ត និងផ្លូវអារម្មណ៍

    • ច្រៀងជាថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្តដ៏មានប្រសិទ្ធភាព

    ការច្រៀង​ត្រូវគេរកឃើញថា​អាចជួយបញ្ចេញអ័រម៉ូនអង់ដូហ្វីនកាន់តែច្រើន នាំឲ្យ​យើងមានអារម្មណ៍ល្អ និង​រីករាយ។ លើសពីនេះ អ្នកវិទ្យាសាស្ត្របានរកឃើញភស្តុតាងពាក់ព័ន្ធនឹងជាលិកាតូចមួយក្នុងត្រចៀក ដែលគេស្គាល់ថា Sacculus ដែលឆ្លើយ​តប​ហ្វ្រេកង់​បង្កើតជាចង្វាក់ភ្លេងឲ្យយើងបានឮ។ ការឆ្លើយតបពីជាលិកា Sacculus នឹងធ្វើឲ្យយើងមានអារម្មណ៍រីករាយ និងមិនគិត​អ្វីក្រៅពីចំរៀងយើងកំពុងស្តាប់នោះឡើយ។ ច្រើនជាងនេះទៀត ច្រៀង ជាធម្មតានឹងធ្វើឲ្យយើងភ្លេចអស់បញ្ហាដែលកើតមាន​ក្នុងអារម្មណ៍​បាន។

    • ច្រៀងជួយឲ្យកម្រិតស្ត្រេសធ្លាក់ចុះ

    ទោះជាយើងច្រៀងពិរោះ ឬមិនពិរោះក៏ដោយ សុទ្ធតែអាចធ្វើឲ្យអារម្មណ៍ធូរស្រាល ព្រោះវាជួយបញ្ចេញអារម្មណ៍តានតឹងទាំងប៉ុន្មាន​មកក្រៅ អាចកាត់បន្ថយកម្រិតអ័រម៉ូនស្ត្រេសចេញពីក្នុងឈាមទៀតផង។

    • ច្រៀងឲ្យយើងបានត្រៀមខ្លួនតទល់បញ្ហាផ្លូវចិត្ត

    ការពង្រឹងចលនា​អុកស៊ីសែន​ក្នុងចរន្តឈាម សុទ្ធតែជួយឲ្យអុកស៊ីសែន​ កាន់តែងាយបញ្ជូនទៅដល់ខួរក្បាល ជាកត្តាអាចជួយពង្រឹងឲ្យយើងបានត្រៀមខ្លួនពីបញ្ហាផ្លូវចិត្ត ផ្តោតអារម្មណ៍បានល្អ និងពង្រឹងការចងចាំ។ នៅក្នុងសហគមន៍សម្រាប់អ្នកជំងឺវង្វេងវង្វាន់ អ្នកជំនាញបានបង្កើតវេទិកាច្រៀងសម្រាប់ពង្រឹងសមត្ថភាពខួរក្បាល (Singing for the Brain) ដើម្បីជួយឲ្យអ្នកជំងឺវង្វេងទាំងអស់ អាចពង្រឹងការចងចាំបានល្អឡើងវិញ។

    ៣. គុណប្រយោជន៍ទំនាក់ទំនង​ក្នុងសង្គម

    • ការច្រៀងអាចជួយឲ្យយើងមានមិត្តភក្តិកាន់តែច្រើន

    ទោះបីយើងជាអ្នកចម្រៀងអាជីព ឬគ្រាន់តែច្រៀងខារ៉ាអូខេបង្កើតបរិយាកាសសប្បាយជាមួយមិត្តភក្តិក្តី ទាំងមិនរំពឹងគុណប្រយោជន៍សុខភាពខាងលើ យើងនៅតែអាចពង្រឹងគុណភាពជីវិតក្នុងសង្គមយើងកំពុងរស់នៅបានដូចគ្នា។ ការច្រៀងលេងជាមួយមិត្តភក្តិ ឬអ្នកដទៃ គឺវាមានន័យជ្រាល​ជ្រៅ និងស្និទ្ធស្នាលជាងត្រឹមតែការនិយាយរកគ្នា។

    • ច្រៀងជួយពង្រឹងភាពជឿជាក់លើខ្លួនឯង

    ដំណាក់កាលភ័យខ្លាចនៅលើឆាក គឺជាអារម្មណ៍ធម្មតារបស់អ្នកចម្រៀងថ្មីថ្មោង។ ទោះជាយ៉ាងណា ការសម្តែងបានល្អ និងទទួលបានការសរសើរពីមិត្តភក្តិ ក្រុមគ្រួសារ អាចជាគន្លឹះចម្បងជួយពង្រឹងសេចក្តីក្លាហាន និងភាពជឿជាក់សម្រាប់យើង។ ពេលខ្លះ ការច្រៀង ជួយឲ្យយើងកាន់តែហ៊ានប្រឈមមុខជាមួយមនុស្សជាក្រុម ជួយយើងក្លាហានក្នុងការឡើងធ្វើបទបង្ហាញទៀតផង។

    • ច្រៀងជួយជំនាញទំនាក់ទំនងកាន់តែខ្លាំង

    យោងតាមអត្ថបទចុះផ្សាយដោយកាសែត The Guardian ច្រៀងឲ្យទារកស្តាប់ អាចជួយរៀបចំខួរក្បាលរបស់អូនៗ សម្រាប់ទទួលយកភាសាផ្សេងៗ។ ចំរៀង ជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញឲ្យក្មេងៗទទួលយកជំនាញអាន និងសរសេរ អាចបង្ការបញ្ហាផ្នែកភាសានៅពេលធំឡើងបាន។ បើគ្នាយើង កាន់តែរីករាយជាមួយការតាក់តែងនិពន្ធទំនុកច្រៀងទៀត ច្បាស់ជាជួយឲ្យជំនាញ​ទំនាក់ទំនងយើង​ឈានដល់កម្រិតមួយផ្សេងទៀត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ សន សុភា · កែ Aug 07, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម