backup og meta

ញ៉ាំអាហារ ៤ មុខនេះ អាចជួយ​រាងកាយបំលែង​អាហារ​ទៅជា​ថាមពល​បាន​លឿន​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 02, 2020

    ញ៉ាំអាហារ ៤ មុខនេះ អាចជួយ​រាងកាយបំលែង​អាហារ​ទៅជា​ថាមពល​បាន​លឿន​

    នៅ​ពេល​ដែល​ការ​ធ្វើ​មេតាបូលីស​របស់​យើង​យឺត​ជាង​ធម្មតា​​អាច​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់ និង​មាន​ខ្លាញ់​ច្រើន។ ការ​ធ្វើ​មេតាបូលីស​សំដៅ​លើ​ដំណើរការ​ដែល​រាងកាយ​បំលែង​អាហារ​ទៅ​ជា​ថាមពល​ដើម្បី​ធ្វើ​សកម្មភាព​ផ្សេងៗ​ប្រចាំ​ថ្ងៃ។ កត្តា​ដែល​កំណត់​ល្បឿន​នៃ​ការ​ធ្វើ​មេតាបូលីស​រួមមាន៖

  • ទំហំ​រាងកាយ៖ អ្នក​ដែល​មាន​សាច់ដុំ​ច្រើន​តែង​ដុត​កាឡូរី​បាន​ច្រើន​ទោះបី​ពេល​កំពុង​សម្រាក​ក៏​ដោយ
  • ភេទ៖ មនុស្ស​ប្រុស​តែង​មាន​ខ្លាញ់​តិច និង​មាន​សាច់ដុំ​ច្រើន​ជាង​ស្ត្រី
  • កត្តា​អាយុ៖ នៅ​ពេល​ចាស់​ទៅ សាច់ដុំ​មាន​ការ​ថយ​ចុះ ហើយ​ខ្លាញ់​នឹង​កើន​ឡើង​ដែល​អាច​ពន្យឺត​ការ​ធ្វើ​មេតាបូលីស។
  • ជាធម្មតា ការ​ធ្វើ​មេតាបូលីស​របស់​យើង​គឺ​មាន​មិន​មាន​ការ​ប្រែប្រួល​ទេ ប៉ុន្តែ​យើង​អាច​ពន្លឿន​ការ​ធ្វើ​មេតាបូលីស​បាន​តាម​រយៈ​អាហារ។ ការ​ធ្វើ​មេតាបូលីស​លឿន​អាច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​ដូចជា​បន្ថែម​ថាមពល មិន​ងាយ​អស់​កម្លាំង ផ្ចង់​អារម្មណ៍​បាន​ល្អ និង​មិន​ងាយ​ឡើង​ទម្ងន់​ទៀត។ អាហារ​មួយ​ចំនួន​ខាង​ក្រោម​​អាច​ជួយ​ពន្លឿន​ការ​ធ្វើ​មេតាបូលីស​។

    ១. សាច់​អត់​ខ្លាញ់

    ពេល​រំលាយ​ប្រូតេអ៊ីន​រាងកាយ​ធ្វើ​ការ​ខ្លាំង​ជាង​ពេល​រំលាយ​កាបូអ៊ីដ្រាត ឬ​ខ្លាញ់។ ហេតុ​នេះ​ហើយ​អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​ការ​ញ៉ាំ​សាច់​អត់​ខ្លាញ់​ដូចជា​សាច់​មាន់ និង​សាច់​ត្រី​។ ដំណើរការ​រំលាយ​អាហារ​គឺ​ត្រូវការ​ថាមពល​ច្រើន ដូចនេះ​ហើយ​រាងកាយ​ដុត​កាឡូរី​ដើម្បី​បំបែក​អាហារ​ទាំង​នោះ។ ការ​សិក្សា​ជា​ច្រើន​ក៏​បាន​បង្ហាញ​ថា​ប្រូតេអ៊ីន​អាច​បង្កើន​ការ​ដុត​កាឡូរី​ក្រោយ​អាហារ​បាន​រហូត​ដល់ ៣៥%។ ម៉្យាងទៀត រាងកាយ​ត្រូវការ​ប្រូតេអ៊ីន​ដើម្បី​បង្កើន​សាច់ដុំ ហើយ​ពេល​យើង​មាន​សាច់ដុំ​កាន់តែ​ច្រើន ការ​ធ្វើ​មេតាបូលីស​កាន់តែ​លឿន។

    ២. ពពួក​សណ្ដែក (Legumes)

    គ្រាប់​សណ្ដែក​គឺជា​ប្រភព​ដ៏​ល្អ​សម្រាប់​ប្រូតេអ៊ីន​រុក្ខជាតិ ហើយ​ក៏​សម្បូរ​ជាតិ​សរសៃ​ដែរ។ រាងកាយ​យើង​ប្រើ​ថាមពល​ច្រើន​នៅ​ពេល​បំបែក​ជាតិ​សរសៃ និង​ប្រូតេអ៊ីន​ដែល​នេះ​អាច​រក្សា​ការ​ធ្វើ​មេតាបូលីស​ឲ្យ​មាន​ដំណើរការ​ល្អ។ ជាតិ​សរសៃ​ខ្ពស់​ក្នុង​សណ្ដែក​ក៏​ជួយ​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​បង្ការ​ការ​ឃ្លាន​របស់​ផ្អែម​នៅ​ពេល​រសៀល។ បន្ថែម​ពី​នេះ​ទៀត ពពួក​សណ្ដែក​ក៏​ផ្តល់​ជាតិ​ដែក ស័ង្កសី និង​សេលេន្យូម​ដែល​សុទ្ធ​តែ​ជា​ជាតិ​រ៉ែ​ក្រពេញ​ទីរ៉ូអ៊ីត​ត្រូវការ​ដើម្បី​ផលិត​អ័រម៉ូន​ឲ្យ​បាន​គ្រប់គ្រាន់។ បើ​គ្មាន​ជាតិ​រ៉ែ​ទាំង​នេះ ការ​ធ្វើ​មេតាបូលីស​របស់​យើង​អាច​យឺត ឬ​ចុះ​ខ្សោយ។

    ៣. គ្រាប់​ផ្លែឈើ (Nuts)

    គ្រាប់​ផ្លែឈើ​ជា​ប្រភព​នៃ​ប្រូតេអ៊ីន និង​ជាតិ​សរសៃ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​អ្នក​ដែល​ញ៉ាំ​គ្រាប់​ផ្លែឈើ​ជា​ប្រចាំ​តែង​មាន​ហានិភ័យ​ទាប​នៃ​ភាព​ស៊ាំ​អាំងស៊ុយលីន (Insulin Resistance) និង​មាន​ទំហំ​ចង្កេះ​តូច​ជាង​អ្នក​ដែល​មិន​ញ៉ាំ​។ នៅ​ពេល​ដែល​យើង​មាន​ភាព​ស៊ាំ​អាំងស៊ុយលីន​ទាប រាងកាយ​យើង​នឹង​មិន​ស្តុក​ជាតិ​ខ្លាញ់​ច្រើន ឬ​វិវត្ត​ទៅ​ជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ។ គ្រាប់ផ្លែឈើ​ត្រូវការ​ពេល​យូរ​ក្នុង​ការ​បំបែក ​ជួយ​ឲ្យ​ឆ្អែត​បាន​យូរ និង​ការ​ធ្វើ​មេតាបូលីស​ឲ្យ​ប្រសើរ​ឡើង​។

    ៤. ជាតិ​កាហ្វេអ៊ីន

    ជាតិ​កាហ្វេអ៊ីន​អាច​ជួយ​ដាស់​ស្មារតី​ និង​ជំរុញ​ដល់​ការ​ធ្វើ​មេតាបូលីស​បាន​ដោយ​ជាតិ​កាហ្វេអ៊ីន​ទប់ស្កាត់​តំណ​ភ្ជាប់​ប្រព័ន្ធសរសៃ​ប្រសាទ​ឈ្មោះ Adenosine ដែល​ជំរុញ​ឲ្យ​បញ្ចេញ​អ័រម៉ូន dopamine និង​អ័រម៉ូន norepinephrine។ អ័រម៉ូន​ទាំង​នេះ​ជួយ​ដាស់​ស្មារតី និង​អាច​ធ្វើ​ឲ្យ​យើង​ហាត់ប្រាណ​បាន​យូរ។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ជាតិ​កាហ្វេអ៊ីន​អាច​បង្កើន​អត្រា​ការ​ធ្វើ​មេតាបូលីស​ប្រហែល ៣-១១% តាម​កម្រិត​ដែល​យើង​ញ៉ាំ ហើយ​ក៏​ជួយ​ការ​ដុត​ខ្លាញ់​លឿន​ជាង​មុន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 02, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម