លោកស្រីវេជ្ជបណ្ឌិត ថៃ សុវណ្ណារ៉ា ឯកទេសរោគស្ត្រី បម្រើការងារនៅ Singapore Medical Center បានឲ្យដឹងថា ការស្ទាបសុដន់ដោយខ្លួនឯង ដើម្បីរកជំងឺមហារីក ស្ត្រីអាចពិនិត្យនៅពេលក្រោយមករដូវ ៧-១០ ថ្ងៃ ដោយ ១ខែ ស្ត្រីត្រូវពិនិត្យខ្លួនឯងម្តង។ ការស្ទាបសុដន់ ស្ត្រីអាចស្ទាបពេលងូតទឹក ពេលពាក់អាវ ពេលគេងក៏បាន ដោយដាក់ម្រាមដៃស្ទាបជុំវិញសុដន់ តែកុំច្របាច់ តើមានដុំអ្វីប្លែកអត់? លោកស្រីវេជ្ជបណ្ឌិតថា បើសិនជាមានដុំ យើងអាចស្ទាបដឹង។
លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមទៀតថា សូមកុំមានការភាន់ច្រឡំ នោះជាតិចនិកស្ទាបសុដន់រកជំងឺមហារីក មិនមែនច្របាច់នោះទេ កាលណាយើងច្របាច់សុដន់ យើងនឹងឃើញដុំហើយ ដែលដុំនោះជាដុំក្រពេញទឹកដោះប៉ុណ្ណោះ។
តាមការអះអាងរបស់លោកស្រីវេជ្ជបណ្ឌិត ថៃ សុវណ្ណារ៉ា ការពិនិត្យសុដន់ដោយខ្លួនឯង មិនអាចរកឃើញជំងឺមហារីកសុដន់បាន ១០០% ទេ បើសិនជាយើងស្ទាបមិនច្បាស់ ឬស្ទាបឃើញដុំអ្វីប្លែក យើងអាចទៅជួបគ្រូពេទ្យដើម្បីពិនិត្យអេកូបន្ថែមទៀត នេះក្នុងករណីស្ត្រីអាយុក្រោម ៤០ ឆ្នាំ។
ចំពោះស្ត្រីអាយុ លើសពី ៤០ ឆ្នាំ បច្ចុប្បន្ននេះមានមធ្យោបាយមួយទៀត ដើម្បីធ្វើតេស្តរកជំងឺមហារីកសុដន់ គឺការថតគាបសុដន់ ដោយម៉ាស៊ីន Mommography ដែលជាការថត X-ray សុដន់។