backup og meta

៨ រឿងរ៉ាវជុំវិញជំងឺមហារីក យើងប្រហែលជាមិនធ្លាប់ដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 02, 2021

    ៨ រឿងរ៉ាវជុំវិញជំងឺមហារីក យើងប្រហែលជាមិនធ្លាប់ដឹង

    ជំងឺ​មហារីក កើត​ឡើង​ដោយ​សារ​ការ​លូតលាស់​កោសិកា រីក​លូតលាស់​លឿន​ខុស​ប្រក្រតី។ ការ​រីក​លូតលាស់​ខុស​ធម្មតា​នៃ​កោសិកា​របស់​ជំងឺ​មហារីក​អាច​បណ្ដាល​មក​ពី​កត្តា​ខាងក្រៅ និង​កត្តា​ហ្សែន។ ប្រភេទ​មហារីក​ដែល​កើត​ឡើង​ញឹក​ញាប់​ជាង​គេ​រវាង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី មិន​ដូច​គ្នា​ទេ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អង្គការ​សុខភាព​ពិភពលោក (WHO)

    ស្រប​ពេល​គ្នា​នេះ​ដែរ មាន​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​គ្នា​យើង​បាន​ដឹង​ឮ​ទាក់​ទង​នឹង​ជំងឺ​កាច​សាហាវ​មួយ​នេះ និង​មាន​រៀង​រ៉ាវ​មួយ​ចំនួន​ទៀត​គ្នា​យើង​នៅ​មិន​ទាន់​បាន​ដឹង​ពី​ជំងឺ​មហារីក​នៅ​ឡើយ។ ខាង​ក្រោម​នេះ ជា​រឿង​រ៉ាវ​ ៨​យ៉ាង​ដែល​មិន​សូវ​មាន​អ្នក​ណា​ចាប់​អារម្មណ៍​របស់​ជំងឺ​មហារីក។

    ១. ជំងឺ​មហារីក​ត្រូវ​បាន​ពណ៌នា​ដំបូង​បង្អស់​ដោយ​ជនជាតិ​អេហ្ស៊ីបសម័យ​បុរាណ។ ការ​ពណ៌នា​ពី​ជំងឺ​មហារីក​ដំបូង​បង្អស់​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សៀវភៅ “Edwin Smith Papyrus” ដែល​ជា​សៀវភៅ​វេជ្ជសាស្ត្រ​ចាស់​ជាង​គេ​បង្អស់​និយាយ​ពី​ការ​ព្យាបាល​ជំងឺ​របស់​មនុស្ស មាន​អាយុ​កាល​តាំង​ពី​ឆ្នាំ​១ ៦០០ មុន​គ.ស។ នៅ​ក្នុង​សៀវភៅ​នោះ​មាន​រៀប​រាប់​ពី​ការ​យក​ចេញ​ដុំ​សាច់​សុដន់ ដោយ​ប្រើ​ឧបករណ៍​ដូច​ឈេី​សម្រាប់​បង្កាត់​ភ្លើង។ ប៉ុន្តែ នៅ​ក្នុង​សៀវភៅ​បាន​ចែង​ថា មិន​មាន​ការ​ព្យាបាល​សម្រាប់​ជំងឺ​នេះ​ទេ។

    ២. ករណី​ជំងឺ​មហារីក​ស្បែក​កើត​ឡើង​ដោយ​សារ​ការ​ប្រើ​ម៉ាស៊ីន​ហាល​ថ្ងៃ​ឲ្យ​ស្រគាំស្បែក (indoor tanning) មាន​ច្រើន​ជាង ករណី​ជំងឺ​មហារីក​សួត​ដោយ​សារ​ការ​ជក់​បារី បើ​យើង​ប្រៀបធៀប​គ្នា។ ការ​សិក្សា​បង្ហាញ​ឲ្យ​ឃើញ​ថា ករណី​ជំងឺ​មហារីក​ស្បែក​ដោយ​ប្រើ​ម៉ាស៊ីន​ហាល​ថ្ងៃ​ឲ្យ​ស្រគាំ​ស្បែក មាន​ច្រើន​ជាង ​៤១៩ ០០០ ករណី​រាល់​ឆ្នាំ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

    ហាលថ្ងៃ

    ៣. ជំងឺ​មហារីក​ច្រើន​ជាង​ពាក់​កណ្ដាល​អាច​ទប់​ស្កាត់បាន។ អ្នក​ស្រាវជ្រាវ​ជឿ​ជាក់​ថា ជាង​ពាក់​កណ្ដាល​នៃ​ករណី​ជំងឺ​មហារីក​ទាំង​អស់ និង​ជាង​ពាក់​កណ្ដាល​នៃ​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​សុទ្ធ​តែ​អាច​បង្ការ​បាន។ នេះ​មាន​ន័យ​ថា ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺ​មហារីក​អាច​ជៀស​ផុត​ពី​ច​ន្លោះ ២,៤ លាន​ទៅ ៣,៧ លាន​នាក់​ក្នុង​មួយ​ឆ្នាំ ដែល ៨០% នៃ​ការ​ស្លាប់​នេះ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម។

    ៤. ជំងឺ​មហារីក​មិន​មែន​មាន​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ។ នៅ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា មាន​ប្រភេទ​ជំងឺ​មហារីក​ច្រើន​ជាង​២០០​ប្រភេទ និង​ក្រុម​បែង​ចែក​តូច​ៗ​ជា​ច្រើន​ប្រភេទ​ទៀត។

    ៥. សត្វ​កណ្ដុរ​អត់​រោម (naked mole rat) មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ធន់​នឹង​ជំងឺ​មហារីក។ នៅ​ក្នុង​រាង​កាយ​របស់​កណ្ដុរ​អត់​រោម​នេះ សម្បុរ​ទៅ​ដោយ​សារធាតុ​ម៉្យាង​ហៅ​ថា hyaluronan មាន​មុខ​ងារ​ទប់​ស្កាត់​កោសិកា​មហារីក​មិន​ឲ្យ​លូតលាស់​បាន។ ផ្អែក​លើ​ការ​សិក្សា​ទៅ​លើ​សត្វ​កណ្ដុរ​នេះ អ្នក​វិទ្យាសាស្ត្រ​អាច​នឹង​រក​បាន​ថ្នាំ​ព្យាបាល​ជំងឺ​មហារីក​នៅ​ថ្ងៃ​អនាគត។

    ៦. អ្នក​ជំងឺ​ជា​សះ​ស្បើយ​ពី​ជំងឺ​មហារីក​មាន​ច្រើន​ជាង ​២៨​លាន​នាក់​នៅ​ទូទាំង​ពិភពលោក។ រាល់​ការ​កើត​ជំងឺ​មហារីក​មិន​មែន​មាន​ន័យ​ថា អ្នក​ជំងឺ​ត្រូវ​តែ​ស្លាប់​ទាំង​អស់​នោះ​ទេ។ ដោយ​សារ​តែ​បច្ចេកវិទ្យា​ជឿនលឿន​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ធ្វើ​ឲ្យ​អ្នក​ជំងឺ​មហារីក​អាច​ជា​សះ​ស្បើយ​បាន​ច្រើន។

    ៧. ចំពោះ​ជំងឺ​មហារីក មាន​ត្រឹម​តែ​ ៥-១០%​ ប៉ុណ្ណោះ​កើត​ឡើង​ដោយ​សារ​កត្តា​តំណពូជ។ ជំងឺ​មហារីក​ភាគ​ច្រើន អាច​កើត​ឡើង​ដោយ​មាន​ការ​ចូល​រួម​ទាំង​កត្តា​បរិយាកាស​ខាង​ក្រៅ(ជក់​បារី ផឹក​ស្រា របប​អាហារ…) និង​កត្តា​តំណ​ពូជ។

    ៨.ជំងឺ​មហារីក​សុដន់ ច្រើន​កើត​លើ​សុដន់​ខាង​ឆ្វេង​ជាង​ខាង​ស្ដាំ។ សុដន់​ខាង​ឆ្វេង​មាន ​៥-១០% អាច​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ជាង​សុដន់​ខាង​ស្ដាំ។ ដូច​គ្នា​នេះ សុដន់​ខាង​ឆ្វេង​ងាយ​នឹង​កើត​ជំងឺ​មហារីក​ស្បែក​មួយ​ប្រភេទ​ហៅ​ថា ​melanoma ​ផង​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម