backup og meta

គ្រោះថ្នាក់! "មូស" តូចមែន តែអាចចម្លងជំងឺកាច​សាហាវ​ជាច្រើន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Feb 21, 2019

    គ្រោះថ្នាក់! "មូស" តូចមែន តែអាចចម្លងជំងឺកាច​សាហាវ​ជាច្រើន

    ប្រុង​ប្រយ័ត្ន​ផង​គ្នា​យើង! មូសខាំ មិន​ត្រឹម​តែ​រមាស់ គួរ​ឲ្យ​រំខាន​ប៉ុណ្ណោះ​ទេ ជំងឺ​កាច​សាហាវ​ជា​ច្រើន​ សុទ្ធ​ចម្លង​ដោយ​សារ​អា​សត្វ​ចង្រៃ​នេះ​តែ​ម្តង អាច​គម្រាម​កំហែង​អាយុ​ជីវិត​ទៀត​ផង។ ចង់​ដឹង​ថា មូស អាច​ចម្លង​ជំងឺ​អ្វី​ខ្លះ? គួរ​ការពារ​ដោយ​វិធី​ណា? កុំ​រំលង​អត្ថបទ​នេះ​ឲ្យ​សោះ។

    ១- ជំងឺហ្ស៊ីកា

    វីរុស​ហ្ស៊ីកា បាន​រក​ឃើញ​លើក​ដំបូង​នៅ​ទ្វីប​អាហ្វ្រិក នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៤០។ តាំង​ពី​ពេល​នោះ​មក វា​បាន​រាល​ដាល​ទៅ​កាន់ទ្វីប​អាមេរិក​ខាង​ត្បូង អាមេរិក​កណ្តាល ប្រទេស​ម៉ិចស៊ិចកូ តំបន់​ការីបប៊ីន អាស៊ីអាគ្នេយ៍ និង​ប្រជុំ​កោះ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ យើងពិបាក​នឹង​ដឹង​ថា តើ​យើង​មាន​ឆ្លង​រោគ​ដោយ​វីរុស ហ្ស៊ីកា ឬ​អត់​ណាស់ ខណៈ​រោគ​សញ្ញា​ឆ្លង​រោគ​ដោយ​វីរុស ហ្ស៊ីកា គឺ​មាន​សភាព​ស្រាល​ តាម​ធម្មតា នឹង​បាត់​ទៅ​វិញ​ដោយ​ឯក​ឯង អំឡុង​ពេល​មួយ​សប្តាហ៍។ រោគ​សញ្ញា​ឃើញ​មាន​ជា​ញឹកញាប់ ដូចជា ឈឺចាប់​នៅ​សន្លាក់ និង​សាច់​ដុំ គ្រុន​ក្តៅ ឈឺ​ភ្នែក​ក្រហម ពេល​ខ្លះ​កន្ទួល​រោល​ស្បែក។ ទោះ​យ៉ាង​ណា វិរុស ហ្ស៊ីកា មាន​ទំនាក់​ទំនង​ជាមួយ​បញ្ហា​សុខ​ភាព​ធ្ងន់ធ្ងរ ដូចជា ប្រជុំ​រោគ​សញ្ញា Guillain-Barre និងអូនៗកើតមកមានលលាដ៍ក្បាលតូច។

    – Guillain-Barre៖ ជា​វិបត្តិ​មិន​ធម្មតា​នៃ​ប្រព័ន្ធ​ប្រសាទ បណ្តាល​ឲ្យ​មាន​ភាព​ទន់​ខ្សោយ និង​ខ្វិន​ពិការ ប៉ុន្តែ ស្ថានភាព​នេះ​គ្រាន់​តែ​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ ដោយ​អ្នក​មាន​រោគ​សញ្ញា​សឹង​គ្រប់គ្នា​បាន​ជា​ងើប​ចេញ​ពី​ជំងឺ​នេះ​បាន។

    – លលាដ៍ក្បាលតូច៖ ជា​ភាព​ខុស​ប្រក្រតី​ពី​កំណើត បង្ក​ឲ្យ​បេប៊ី​កើត​មក​មាន​ក្បាល​តូច​ខុស​ធម្មតា និង​មិន​មាន​ការ​លូត​លាស់​រាង​កាយ​ពេញ​លេញ។ បេប៊ី​មាន​លលាដ៍​ក្បាល​តូច ជា​រឿយៗ​រងគ្រោះ​ដោយ​សារ​ភាព​យឺត​យ៉ាវ​ ក្នុង​ការ​វិវឌ្ឍសតិ បញ្ញា និង​បញ្ហា​សុខភាព​ដទៃ​ទៀត។

    ជំងឺហ្ស៊ីកា ត្រូវ​ជឿ​ថា បណ្តាល​ឲ្យ​មាន​លលាដ៍​ក្បាល​តូច​នៅ​លើ​ទារក ដែល​ម៉ាក់ៗ​បាន​ឆ្លង​រោគ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។

    ដោយ​សារ​តែ​គ្មាន​ថ្នាំ​បង្ការ​ប្រឆាំង​វីរុស ហ្ស៊ីកា មជ្ឈ​មណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ បាន​ណែនាំ​ដូច​ត​ទៅ៖

    – ស្ត្រី មាន​ផ្ទៃពោះ​ គួរ​ចៀស​វាង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ណា ដែល​មាន​វីរុស ហ្ស៊ីកា កំពុង​រាត​ត្បាត។

    – ក្នុង​ករណី​ចាំបាច់​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ទាំង​នោះ គួរ​ពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិត​ជា​មុន​សិន ហើយ​ត្រូវ​តែ​ម៉ត់​ចត់ កុំ​ធ្វែស​ប្រហេស​ អនុវត្ត​វិធានការ ដើម្បី​ចៀស​វាង​ពី​មូស​ខាំ។

    – ទាំង​ស្រីៗ និង​ប្រុសៗ កំពុង​ព្យាយាម​យក​អូនៗ គួរ​តែ​ធ្វើ​ដូច​គ្នា​ ត្រូវ​ចៀស​វាង​ទៅ​កាន់​តំបន់​មាន​វីរុស​ហ្ស៊ីកា ហើយ​អនុវត្ត​តាម​ជំហានៗ ដើម្បី​ចៀស​វាង​មូសខាំ ប្រសិន​បើ​ការ​ធ្វើ​ដំណើរ មិន​អាច​ចៀស​ផុត​ទេ។

    – ដោយសារ​ជំងឺ ហ្ស៊ីកា អាច​ចម្លង​តាមរយៈ​ការ​រួម​ភេទ​ដែរ​នោះ គ្នា​យើង​ទាំងអស់ កំពុង​រស់​នៅ ឬ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​មាន​ការ​រាតត្បាត និង​ដៃ​គូ​មាន​ផ្ទៃ​ពោះ​ត្រូវ​តែ​ប្រើប្រាស់​ស្រោម​អនាម័យ ឬ​តម​រួម​ភេទ​អំឡុង​ពេល​មាន​គភ៌។

    ២- ជំងឺគ្រុនឈីក

    វីរុសគ្រុនឈីក មាន​កំណើត​ដើម​នៅ​តំបន់ ការីបប៊ីន និង​ទ្វីប​អាមេរិក​ខាង​ត្បូង។ យ៉ាង​ណា បច្ចុប្បន្ន ​វីរុស​ប្រភេទ​នេះ អាច​រក​ឃើញ​នៅ​ក្នុង សហរដ្ឋ​អាមេរិក និង​កន្លែង​ជា​ច្រើន​ទៀត។ ប៉ុន្តែ​ ករណី​ផ្ទុះ​ឡើង​ជំងឺ​នេះ កើត​មាន​ឡើង​នៅ​ឯ​បណ្តា​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក អាស៊ី អឺរ៉ុប តំបន់​ជា​ច្រើន​នៅ​មហាសមុទ្រ​ឥណ្ឌា និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ ការ​បង្ក​រោគ​គ្រុនឈីក បណ្តាល​ឲ្យ​មាន​ឈឺ​ចាប់​សន្លាក់​ធ្ងន់​ធ្ងរ មិន​ព្រម​បាត់​រយៈពេល​ច្រើន​សប្តាហ៍។ រោគ​សញ្ញា​ដទៃ​ផ្សេង​ទៀត​អាច​រួមមាន​ឈឺ​ក្បាល ឈឺ​សាច់​ដុំ និង​កន្ទួល​រោល​ស្បែក។

    គ្នា​យើង​ដែល​ឆ្លង​រោគ ត្រូវ​ការ​សម្រាក និង​ផឹក​ទឹក​ឲ្យ​បាន​ច្រើន។ ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ អាច​ប្រើ​បាន​សម្រាប់​ព្យាបាល​ជំងឺ​គ្រុនឈីក​ ហើយ​ស្ទើរ​តែ​គ្រប់​ករណី​ទាំង​អស់ មិន​បណ្តាលឲ្យ​ស្លាប់​ឡើយ។ ចាប់​តាំង​ពី​ឆ្នាំ ២០១៣ ជំងឺ​គ្រុនឈីក បាន​រាលដាល​ទៅ​កាន់​ប្រទេស​ចំនួន ៤៥ និងមាន​ករណី​ប្រមាណ ២លាន ត្រូវ​បាន​រាយការណ៍​កើត​ជំងឺ​នេះ។

    ៣- ជំងឺគ្រុនឈាម

    ជំងឺ​គ្រុនឈាម បណ្តាល​ឲ្យ​មាន​គ្រុនក្តៅ​ធ្ងន់ធ្ងរ​ភ្លាមៗ និង​មាន​ហូរ​ឈាម​រឹមៗ ចេញ​តាម​ច្រមុះ ឬ​អញ្ចាញ​ធ្មេញ។ វិធី​ល្អ​បំផុត អាច​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុន​ឈាម ត្រូវ​សម្រាក និង​គ្រប់​គ្រង​រោគ​សញ្ញា​ឲ្យ​ត្រឹម​ត្រូវ។ គ្នា​យើង​មួយ​ចំនួន អាច​ជួប​ប្រទះ​ជំងឺ​គ្រុន​ឈាម មាន​អាការៈ​ហូរ​ឈាម។ ស្ថានភាព​នេះ ដោយ​សារ​សរសៃ​ឈាម​តូចៗ​ជ្រាប ហើយ​សារធាតុ​រាវ​បាន ចាល់​ផ្តុំ​នៅ​ក្នុង​ពោះ និង​សួត។

    គ្រុន​ឈាម មាន​ហូរ​ឈាម ទាម​ទារ​ការ​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​បន្ទាន់ ហើយ​ជំងឺ គ្រុន​ឈាម អាច​បង្ក​ឡើង​ដោយ​វីរុស​មួយ ក្នុង​ចំណោម​វីរុស​គ្រុន​ឈាម​ទាំង​បួនប្រភេទ (វីរុស​គ្រុន​ឈាមប្រភេទ ១, ២, ៣ ឬ ៤)។ ហេតុ​នេះ មនុស្ស​ម្នាក់​អាច​ត្រូវ​បាន​បង្ករោគ​ដោយ​ជំងឺ​គ្រុន​ឈាម​​រហូត​ដល់ ៤ ដង។

    ការ​បង្ក​រោគ​គ្រុន​ឈាម ជា​មូលហេតុ​ធំ​ជំងឺ ដែល​ឆក់​យក​ជីវិត​មនុស្ស​ជាច្រើន ក្នុង​បណ្តា​ប្រទេស​តំបន់​ត្រូពិច និង​តំបន់​ក្បែរៗ​នោះ។ រោគសញ្ញា​ជំងឺ​គ្រុនឈាម អាច​មាន​យ៉ាង​រហ័ស ពី​ស្រាល​ទៅ​ធ្ងន់។ អ្វី​សំខាន់​ ត្រូវ​ស្វែង​រក​រោគសញ្ញា​ឲ្យ​បាន​លឿន​បំផុត បើ​ប្រទះ​ឃើញ​រោគសញ្ញា​កាន់​តែ​អាក្រក់​ត្រូវ​ស្វែង​រក​ការ​ព្យាបាល​ឲ្យ​បាន​លឿន​បំផុត តាម​អាច​ធ្វើ​ទៅ​បាន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Feb 21, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម