backup og meta

ស្វែងយល់ពីវិធីសង្គ្រោះបន្ទាន់ចលនាបេះដូង និងដង្ហើម CPR

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Aug 14, 2019

    ស្វែងយល់ពីវិធីសង្គ្រោះបន្ទាន់ចលនាបេះដូង និងដង្ហើម CPR

    ស្ថាន​ភាពសុខភាព​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​យើង​សន្លប់​​ភ្លាមៗ ហើយ​បើ​គ្មាន​ការ​សង្គ្រោះ​​បន្ទាន់ទេ អាច​ឈាន​ដល់​ស្លាប់​​ត្រឹម​រយៈ​ពេលប៉ុន្មាន​នាទី​ប៉ុណ្ណោះ។ ហេតុ​នេះហើយ ទើប​បណ្តាល​ប្រទេស​ជាច្រើន​តែង​បង្រៀន​ពលរដ្ឋ​ខ្លួនឲ្យ​ចេះ​វិធី​សង្គ្រោះ​បន្ទាន់ ហៅថា CPR ព្រោះ​អាច​ជួយ​ជីវិត​ជន​រងគ្រោះ​ បើ​សិន​ជា​ជួប​ករណី​បន្ទាន់​ណា​មួយ។ “Hello គ្រូពេទ្យ’ ពេលនេះ នឹង​ណែ​នាំ​គ្នា​យើង​ពី​វិធីសង្គ្រោះ​បន្ទាន់ CPR ឲ្យ​បាន​យល់​ទាំង​អស់​គ្នា។

    ១- អ្វី​ជា​វិធី​សង្គ្រោះ​បន្ទាន់ CPR?

    CPR ជា​ភាសា​បច្ចេកទេស​ នៃ​វិធី​សង្គ្រោះ​​ចលនាបេះដូង និងដង្ហើម ត្រូវ​ចាត់​ទុក​ជា​ការ​​សង្គ្រោះ​បន្ទាន់​ដើម្បី​ជួយ​ជីវិត នៅពេលប្រទះ​ឃើញ​គ្នា​យើងសន្លប់ ហើយ​​​ចង្វាក់​បេះដូង ​និង​ចង្វាក់​ដង្ហើមឈប់​ដើរ ដែល​បង្ក​ដោយ​ស្ថាន​ភាព​សុខភាព​មួយ​ចំនួន ជា​ពិសេស​ជំងឺ​គាំង​បេះដូង ដាច់សរសៃឈាមខួរក្បាល។

    វិធី​សង្គ្រោះ​បន្ទាន់ CPR អាច​ជួយឲ្យ​បន្ត​ចរន្ត​ឈាម​មាន​អុកស៊ីហ្សែន​ឡើង​វិញ នឹង​​បន្ត​ទៅ​ដល់​ខួរ​ក្បាល​បាន ព្រោះ​បើ​មិន​ដូច​នោះ​ទេ ខួរ​ក្បាល​នឹង​ងាប់​ដោយ​សារ​តែ​គ្មាន​អុកស៊ីហ្សែន​ដើម្បី​ចិញ្ចឹម ហេតុ​​នេះ​ហើយទើប​វិធី​សង្គ្រោះ CPR មាន​សារសំខាន់​ណាស់​ ដើម្បី​ធ្វើឲ្យ​​ខួរ​ក្បាលអាច​​នៅ​រស់។

    អំឡុង​ពេល ៤ នាទី​ដំបូង ពេល​គ្នា​យើង​ណា​​ម្នាក់​ឈប់​ដក​ដង្ហើម បេះ​ដូង​ឈប់​ច្របាច់​ឈាម យើង​អាច​និយាយ​បាន​ថា ជន​រងគ្រោះស្ថិត​​នៅ​ក្នុង​ដំណាក់​កាល​រៀប​នឹង​ស្លាប់ ប៉ុន្តែយើង​អាច​ជួយ​សង្គ្រោះ​ជីវិត​គ្នា​យើង​មក​វិញ​បាន ដោយ​អនុវត្ត​វិធីសង្គ្រោះ CPR នេះ ដើម្បី​ឲ្យចរន្ត​អុកស៊ីហ្សែន​អាច​បន្ត​ទៅ​ដល់​ខួរ​ក្បាល។ បន្ទាប់​ពី ៤-៦ ​នាទី បើ​គ្មាន​អុកស៊ីហ្សែន​ទេ កោសិកា​ខួរ​ក្បាល​នឹង​ចាប់​ផ្ដើម​ងាប់ ហើយ​ចាប់​ពី ១០​នាទី​ឡើង​ទៅ​ ខួរ​ក្បាលលែង​ដំណើរ​ទាំង​ស្រុង​តែ​ម្តង ខណៈ​ដំណាក់​កាល​នេះ​ ជន​រងគ្រោះ​គឺ​បាន​​ស្លាប់ទៅ​ហើយ​ ​មិន​អាច​សង្គ្រោះ​ឲ្យ​មាន​ជីវិត​មក​វិញ​បាននោះដែរ​។

    ២- គោល​ការ​ណែនាំ​វិធី​សង្គ្រោះ CPR ចំពោះ​មនុស្ស​ធំ

    បើ​ប្រទះ​ឃើញ​នរណា​ម្នាក់ កំពុង​សន្លប់​ បាត់​ដង្ហើម យើង​នឹង​ចង់​សង្គ្រោះ​ជន​រងគ្រោះ​ដោយ​ប្រើ​វិធី CPR ត្រូវតែ​​ចាំ​ពាក្យ​គន្លឹះ​ទាំង​នេះ ដែល​ភាសាបច្ចេកទេស​ហៅ​ថា D-R-C-A-B ដូចជា៖

    – D- Danger (គ្រោះ​ថ្នាក់)៖ ត្រូវ​ប្រាកដ​ថា ​នៅ​ជុំវិញ​ខ្លួន​យើង និង​ជនរងគ្រោះ គឺមាន​សុវត្ថិភាព និង​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​ជន​រង​គ្រោះ។

    – R- Response, Rescue (ការ​ឆ្លើយ​តប និង​​ជួយ​សង្គ្រោះ)៖ ពិនិត្យ​មើល​តើ​ជន​រង​គ្រោះ​ដឹង​ខ្លួន​ ឬ​ទេ ដោយ​ត្រូវ​អង្រួន​ស្មា ហើយ​សួរ​ថា​ យ៉ាង​ម៉េច​ហើយ?។ ​បើ​មិន​មាន​ការ​ឆ្លើយ​តប​ទេ ត្រូវ​នរណា​ម្នាក់​ទូរសព្ទ​ទៅ​លេខ ១១៩​ និង​ត្រូវ​យក​ម៉ាស៊ីនរើ​សម្រាប់​ជួយ​ចង្វាក់​បេះដូង Automated External Defibrillators (AED) មក​ធ្វើ​ការ​សង្រ្គោះ​ភ្លាមៗ ។ ត្រូវពិនិត្យ​រក​មើល​ជីព​ចរនៅ​ត្រង់​ក (Carotid Artery) រយៈពេល ៥​វិនាទី តែ​មិន​ត្រូវ​លើស​ពី ១០ វិនាទី​ឡើយ ហើយ​​បើសិន​ជា​​គ្មាន​ជីពចរ​ទេ ត្រូវ​ធ្វើវិធី​សង្គ្រោះ CPR ភ្លាម។

    – C- Chest Compressions (សង្កត់​ទ្រូង)៖ ត្រូវ​ឲ្យជន​រង​គ្រោះ​ដេក​នៅ​លើ​ផ្ទៃ​រាប​ស្មើ យើង​​ត្រូវ​ស្ថិត​នៅ​ទីតាំង​ម្ខាងនៃ​ជន​រង​គ្រោះ (នៅ​ចន្លោះ ក និង​ស្មា) ហើយដាក់​ថ្លើម​ដៃ​ម្ខាង នៅ​លើ​ចំណុច​កណ្ដាល​ទ្រូង​ជន​រង​គ្រោះ (ទាប​ជាង​ពាក់​កណ្ដាល​​ឆ្អឹង​ទ្រូង) និង​ដាក់​ថ្លើម​ដៃ​ម្ខាង​ទៀត​នៅ​ពី​លើ​ដៃ​ទី​មួយ។ នៅ​ពេល​សង្កត់​ទ្រូងដើម្បី​សង្គ្រោះ ត្រូវ​ដាក់​ដៃ​ឲ្យ​ត្រង់ និង​ចាប់​ផ្តើម​សង្កត់​ឲ្យ​​ខ្លាំង ​យ៉ាង​ហោច​ក៏​បាន​ជំរៅ ៥សង់ទីម៉ែត្រ (២អ៊ីញ) តែ​មិន​ត្រូវ​ជ្រៅ​ជាង ៦ សង់ទីម៉ែត្រ​ នៅ​ពេល​សង្កត់​ម្ដងៗឡើយ។ ជា​ទូទៅ ចំនួន​សង្កត់​ទ្រូង​នេះ​ គឺ​ត្រូវ​នៅ​ចន្លោះ​ពី ១០០​-១២០ ​ដង/នាទី។

    អត្ថបទ​ពាក់​ព័ន្ធ៖

  • សញ្ញាគួរឲ្យបារម្ភ នៃអាការៈគាំងបេះដូង និងវិធីសង្គ្រោះបឋម
  • វិធីសាស្ត្រសង្គ្រោះបឋម ពេលប្រទះមានមនុស្សប្រកាច់
  • – A – Airway (ផ្លូវ​ដង្ហើម)៖ ត្រូវ​បើក​ផ្លូវ​ដង្ហើម​ជន​រងគ្រោះ ដោយ​ភ្ងើយក្បាល​ជន​រងគ្រោះ​ទៅ​ក្រោយ ហើយ​លើក​ចង្កា​ឡើង​ថ្នមៗ និង​​ចាប់​ថ្គាម​ដើម្បី​ភ្ងើយ​វិញ បើ​ចាប់​អារម្មណ៍​ថា ​ជន​រង​គ្រោះ​ត្រូវ​របួស​ក្បាល ឬ​ក។

    – B – Breathing (ជំនួយ​ដង្ហើម)៖ ដើម្បី​អាច​ផ្តល់​ជំនួយ​ផ្លូវ​ដង្ហើម​ដល់​ជន​រងគ្រោះ​បាន ត្រូវប្រើ​មាត់​ ទល់​នឹង​មាត់ (ដើម្បី​សុវត្ថិភាព គួរ​ធ្វើ​វិធី​នេះ​នៅ​ពេល​ដែល​មាន​របាំង​មុខ​ប្លាស្ទិក (Face shield) របាំង​​ប្លាស្ទិក​មាន​ទុយោ​ដាក់​ចូល​ក្នុង​មាត់​ងាយ ​ស្រួល​ក្នុង​ការ​ផ្លុំ​ខ្យល់​ចូល)​។​បើ​មាត់​របស់​ជន​រង​គ្រោះ​មាន​របួស ឬ​មិន​អាច​បើក​បាន ត្រូវ​ធ្វើ​វិធី​ផ្លុំ​តាមច្រមុះ​វិញ។ នៅ​ពេល​ធ្វើ​វិធី​បញ្ចូល​ខ្យល់​ដោយ​ប្រើ​មាត់ ​ទល់​នឹង​មាត់ ត្រូវ​តែ​បិទ​ច្រមុះ​ជន​រងគ្រោះ ហើយ​ពេល​ផ្លុំ​ខ្យល់​ចូល​ដំបូង យើង​អាច​នឹង​ចាប់​អារម្មណ៍​ឃើញ​ទ្រូងជនរងគ្រោះងើប​ឡើង។ ​បើ​ទ្រូង​ងើប ត្រូវ​ផ្លុំ​លើក​ទី​ពីរ​ភ្លាម តែ​​បើ​មិន​ងើប​ទេ ត្រូវ​ងើយ​ក្បាល ​និង​លើក​ចង្កា​ម្ដង​ទៀត មុន​​ផ្លុំជា​លើក​ទី​ពីរ។

    រាល់​ពេល​ប្រើ​វិធី​សង្គ្រោះ CPR ម្ដងៗ មាន​ការ​សង្កត់​ទ្រូង ៣០ដង និង​ផ្លុំ​ខ្យល់​ដង្ហើម ​២ ដង ធ្វើ​បែប​នេះឲ្យ​បាន​ ៥ដង មុន​នឹង​ពិនិត្យ​មើល​ជីពចរ​ជន​រង​គ្រោះ​ម្ដង​ទៀត។ បើ​នៅ​តែ​មិន​មាន​ជីពចរ​ដដែល​ទេ ត្រូវ​ធ្វើ CPR ចំនួន ៥​ ដង​ទៀត រហូត​ទាល់​តែ​មាន​ជីពចរ ឬ​ឡាន​សង្គ្រោះ​មក​ដល់។ ​បើ​ប្រទះ​ឃើញ​ជន​រងគ្រោះ​មាន​ជីពចរ តែ​មិន​មាន​ដង្ហើម ត្រូវ​ជួយ​ផ្លុំ​ដង្ហើម ១ ​រៀង​រាល់ ៥​ វិនាទីម្តង  ផ្លុំ​ ១២​ ដង/​នាទី។

    ក្នុង​ករណីមានម៉ាស៊ីនជំនួយ​បេះដូង AED ត្រូវ​បើកភ្លាម ​ហើយ​ធ្វើ​តាម​ការ​ណែនាំ។ ​បើមិន​មាន​ទេ ត្រូវ​ធ្វើ CPR ម្ដង​ទៀត​រហូត​ទាល់​តែ​ ឡាន​សង្គ្រោះ​មក​ដល់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Aug 14, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម