backup og meta

ស្វែងយល់ពីការប្រែប្រួលរបស់ថ្លើម ពេលផឹកស្រាច្រើន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Nov 01, 2019

    ស្វែងយល់ពីការប្រែប្រួលរបស់ថ្លើម ពេលផឹកស្រាច្រើន

    សម័យនេះ ស្រា ស្រាបៀរ ពេញ​និយម​ណាស់ មិន​ថាក្នុង​ឱកាស​អ្វី​ក៏ដោយ តែង​តែ​មាន​មុខ​ជានិច្ច នាំ​ឲ្យ​បញ្ហា​ផឹក​ស្រា​នៅ​ជុំ​វិញ​ពិភព​លោក កាន់​តែ​គួរឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ឡើង។ ការ​ផឹក​ស្រាច្រើន​លើស​កម្រិត ​មិន​ត្រឹម​ត្រូវ​ធ្វើ​ឲ្យ​ខាត​បង់​លុយ​កាក់​ច្រើន​ប៉ុណ្ណោះ​ទេ អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​បំផុត គឺ​សុខភាព​យើង​តែ​ម្តង ដោយ​បច្ចុប្បន្ន ជំងឺ​ថ្លើមដោយ​សារ​ផឹក​ស្រា កាន់​តែ​គួរ​ឲ្យ​បារម្ភ។ “Hello គ្រូពេទ្យ’ ពេល​នេះ នឹង​លើក​ឡើង​ពី​ការ​ប្រែ​ប្រួស​ថ្លើម ក្រោយ​ផឹក​ជាតិ​អាល់កុល​ឲ្យ​គ្នា​យើង​បាន​ដឹង។

    ១- ​ជាតិ​អាល់កុល​ក្នុងស្រា​ស្រូប​ចូល​ក្នុង​ខ្លួនម៉េចវិញ?

    ពេល​យើង​ផឹកជាតិ​អាល់កុល វានឹង​ស្រូប​ចូល​ក្នុង​ចរន្ត​ឈាម​តាម​រយៈ​ភ្នាស​ក្រពះ ​និង​ពោះវៀន ហើយ​ចរន្ត​ឈាម ​ចេញ​ពី​ប្រព័ន្ធ​រំលាយ​អាហារ នឹង​ត្រូវ​ឆ្លង​កាត់​ថ្លើម មុន​នឹង​ទៅ​ដល់​បេះដូង។ ដូច​នេះ​ហើយ កំហាប់​ជាតិ​អាល់កុល​​ខ្ពស់​បំផុត នឹង​​ឆ្លង​កាត់​នៅ​ត្រង់​ថ្លើម​នេះ​ឯង ដោយ​សារ​កោសិកា​ថ្លើម​ មាន​ប្រព័ន្ធ​អង់ហ្ស៊ីម​មួយ​សម្រាប់​បំប្លែង និង​សំយោគ​ជាតិ​អាល់កុល​ ដោយ​ធ្វើ​តាម​រយៈ​​ប្រតិកម្ម​គីមី ឲ្យ​ទៅ​ជា​ទឹក និង​ឧស្ម័ន​កាបូន​ឌី​អ៊ុកស៊ីត ​បញ្ចេញ​ចោល​តាម​ទឹក​នោម និង​តាម​សួត។

    ប៉ុន្តែសមត្ថភាព​ថ្លើម គឺ​​មាន​កម្រិត ហើយ​វា​អាច​សំយោគ​កម្រិត​ជាតិ​អាល់កុល​បាន​មួយ​ចំនួន​ប៉ុណ្ណោះ​ក្នុង​រយៈពេល​មួយ​ម៉ោង​ៗ។ តាម​រយៈ​ការ​សិក្សា អ្នក​វិទ្យាសាស្ត្រ ណែនាំ​ថា​ គួរ​ញ៉ាំ​ជាតិ​អាល់កុល ត្រឹម ១-២ IU (តម្លៃឯកតា​អន្តរជាតិ) ​ក្នុង​មួយ​ថ្ងៃ ដែល ១ IU = ២៥ មិល្លីលីត្រ ចំពោះ​ប្រភេទ​ភេសជ្ជៈមាន​កម្រិត​ ៤០ ដឺ​ក្រេ ឬ ៥០ មិល្លីលីត្រ ចំពោះ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល ២០ ដឺក្រេ។ ផ្ទុយ​ទៅ​វិញ គ្នា​យើង​​ញៀន​ស្រា និងផឹក​ច្រើន​ហួស​កំណត់ អាច​នឹង​មាន​ផល​ប៉ះពាល់​អាក្រក់​ចំពោះ​សុខភាព​ ដូច​ជា ថ្លើម​មាន​ខ្លាញ់​ច្រើន (Fatty liver) រលាក​ថ្លើម ក្រិន​ថ្លើម ដែល​ជំងឺ​ថ្លើម​ទាំង​បី​មុខ​នេះ អាច​កើត​ឡើង​នៅ​ពេល​តែ​មួយ ឬ​វិវត្ត​ម្ដង​បន្តិច​ៗ។

    ២- ថ្លើម​មាន​ខ្លាញ់​ច្រើន (Fatty Liver)

    ថ្លើម​មាន​ខ្លាញ់​ច្រើន (Fatty liver) ​កើត​មាន​ចំពោះគ្នា​យើង​​ផឹក​ជាតិ​អាល់កុលច្រើន។ តែ​បញ្ហា​នេះ ​អាច​នឹង​ថយ​ចុះ​វិញ ​នៅ​ពេលយើង​​ឈប់​ផឹក។ ផ្ទុយ​ទៅ​វិញ ​បើ​នៅ​តែ​បន្ត​ផឹក​ស្រា វា​នឹង​វិវត្ត​ទៅ​ជា​រលាក​ថ្លើម។

    ជំងឺ​រលាក​ថ្លើម​ដោយ​សារ​ស្រា អាច​ចាប់​ផ្ដើម​ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ ហើយ​ក្នុង​ករណី​ស្រាល វា​នឹង​មិន​លេច​ចេញ​រោគ​សញ្ញា​អ្វី​ទេ បើ​មិន​មាន​អ្វី​ប្រែ​ប្រួល​ចំពោះ​អង់ហ្ស៊ីម​ថ្លើម​ដែល​មាន​ក្នុង​ឈាម​ខុស​ប្រក្រតី​ទេ​នោះ។ ករណី​ខ្លះ ជំងឺ​អាច​វិវត្ត​ទៅ​ជា​រ៉ាំរ៉ៃ ដោយ​សារ​តែ​ការ​ខូច​ខាត​កោសិកា ថ្លើម​បន្តិច​ម្ដង​ៗ ហើយ​ឈាន​ទៅ​ជា​ក្រិន​ថ្លើម​ទៀត​ផង។ រោគ​សញ្ញា​ធ្ងន់​ធ្ងរ គឺ​ហត់​អស់​កម្លាំង លេច​ចេញ​សញ្ញា​ជំងឺ​​ខាន់​លឿង និង​​ពេល​ខ្លះ​ឈឺ​នៅ​ត្រង់ថ្លើម។ ដំណាក់​កាល​ជំងឺ​រលាក​ថ្លើម​ស្រួច​ស្រាវ កើត​ឡើង​លេច​ចេញ​ឲ្យ​ឃើញ ដូច​ជា​ គ្នា​យើង​មាន​​ជំងឺ អាច​​សន្លប់​ដោយ​សារ​បញ្ហា​ថ្លើមភ្លាម​ៗ ស្បែក​ឡើង​លឿង​ក្រមៅ បញ្ហា​ឈាម​កក ខូច​ញាណ សន្លប់ ហូរ​ឈាម​ក្រពះ​ពោះវៀន និង​ប្រឈម​អត្រា​ស្លាប់កាន់​តែ​​ខ្ពស់។ ការ​គ្រប់គ្រង​ជំងឺ គឺ​ត្រូវ​ផ្ដោត​ទៅលើ​តុល្យភាព​ជីវជាតិ​ត្រឹម​ត្រូវ ឬ​ត្រូវ​ផ្ដល់​អាហារ​តាម​រយៈបំពង់​ក្រពះ និង​ព្យាបាល​ដោយ​ថ្នាំ​ស្តេរ៉ូអ៊ីត។

    អត្ថបទ​ពាក់​ព័ន្ធ៖

    • ជុំគ្នា កុំផឹកច្រើនពេក! ស្រាប៉ះពាល់ដល់រាងកាយយើងខ្លាំងណាស់
    • កើតជំងឺរលាកថ្លើមប្រភេទ B ហេតុអីត្រូវប្តូរថ្លើម? ចុះពេទ្យប្តូរ​ថ្លើមដោយវិធីណា?

    ៣- ក្រិន​ថ្លើម

    ក្រិន​ថ្លើម សំដៅ​លើការ​​ខូច​ថ្លើម​ម្ដង​បន្តិច​ៗ ​នាំ​ឲ្យ​ឈាន​ទៅ​បាត់​បង់​មុខងារ​ថ្លើម​ទាំង​ស្រុង​តែ​ម្ដង។ ការ​វិវត្ត ​នឹង​កើន​ខ្លាំង​ឡើង​នៅពេល​​ជាលិកា​ដែល​ខូច ប៉ះពាល់​ដល់​រូបរាង​ធម្មតា និង​ការ​កើត​ឡើង​វិញ​របស់​កោសិកា​ថ្លើម។ កោសិកា Hepatocellular នៅ​ពេល​​វា​របួស ឬងាប់​ជាលិកា​ថ្មី​ និង​លូត​លាស់​ប្ដូរ​ជំនួស​ ហើយយូរ​ៗ​ទៅ ថ្លើម​នឹង​បាត់​បង់​មុខងារ​ទាំង​ស្រុង។ ជាលិកា​​ខូច ​ក៏​មាន​ឥទ្ធិពល​ខ្លាំង ​រំខាន​ទៅ​ដល់​ចរន្ត​ឈាម​រត់​ទៅ​កាន់​ថ្លើមដូច​គ្នា ខណៈ​ជាលិកា​ដែល​មាន​ស្នាម​ នឹ​ង​មាន​ជា​រៀង​រហូត ដោយ​មិន​ជា​ត្រលប់​មក​ធម្មតា​វិញ​បាន​ឡើយ។ ដំបូង ករណី​ខូច​កោសិកា​ថ្លើម​ខ្លះ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់សុខភាព​គ្នា​យើង​មាន​​ជំងឺ​ឡើយ ហើយ​ក៏​គ្មាន​ចេញ​រោគ​សញ្ញា​អ្វី​ដែរ ប៉ុន្តែ​ពេល​កោសិកា​ថ្លើម​ខូច​កាន់​តែ​ច្រើន​ទៅ​ៗ នោះ​ជំងឺ​នឹង​លេច​ចេញ​មក​ភ្លាម។ ដូច​នឹង​រោគ​សញ្ញា​រលាក​ថ្លើម​បង្ហាញ​ខាង​លើ​ដែរ ប៉ុន្តែ​អ្វី​ខុស​គ្នា គឺការ​វិវត្ត​របស់​ជំងឺ​ក្រិន​ថ្លើម ​គឺ​យឺត​ជាង រលាក​ថ្លើម។ ចំពោះគ្នា​យើង​មាន​ជំងឺ​ធ្ងន់ធ្ងរ ​ក្រិន​ថ្លើម​រយៈពេល​យូរ បណ្ដុំ​រោគ​សញ្ញា​ ឈាម​កក​ក្នុង​សរសៃ​វ៉ែន Portal (Portal vein thrombosis syndrom) ជា​ទូទៅ​វិវត្តដោយ​មាន​រោគ​សញ្ញា​ ដូច​ជា ទាច​ទឹក (Ascites) រីកសរសៃឈាមនៅលើជុំវិញពោះ។ អ្វី​ដែល​គ្រោះ​ថ្នាក់​បំផុត​ចំពោះ​ជំងឺ​ក្រិន​ថ្លើម វា​អាច​វិវត្តទៅ​ជា​ជំងឺ​មហារីក​ថ្លើម​បាន។

    ជំងឺ​ក្រិន​ថ្លើម អាច​កើត​ឡើង​ដោយ​សារ​មូល​ហេតុ​ផ្សេង​ទៀត​ដូច​ជា វីរុស ជំងឺ​តំណ​ពូជ​ បញ្ហា​មេតាបូលីស ប៉ុន្តែ​ភាគ​រយ​ខ្ពស់​នៃជំងឺ​ក្រិន​ថ្លើម​ គឺដោយ​សារ​ស្រា​ ហើយ​កំពុង​កើន​ឡើង​ខ្លាំងអំឡុង​ពេល​ ១០​ ឆ្នាំ​ចុង​ក្រោយ​​នេះ ដល់​ទៅ ១០% ឯណោះ។

    ក្រៅ​ពី​​រោគ​សញ្ញា​រៀប​រាប់​ខាង​លើ នៅ​មាន​តេស្ត​មួយ​ចំនួន​ ​អាច​ជួយ​ធ្វើ​រោគ​វិនិច្ឆ័យជំងឺក្រិន​ថ្លើម​បាន ​ដូច​ជា ​តេស្ត​ឈាមរក​មើល​ការ​កើន​ឡើង ALT កើន​ឡើង ALP ធ្លាក់​ចុះ Albumin កើន​ឡើង Bilirubin ច្រើន​ក្នុង​ឈាម (Hyperbilirubinemia) ពេល​ថត​អ៊ុលត្រា​សោន បង្ហាញ​ពី​ការ​ខូច​ថ្លើម និង​ច្រិប​កោសិកា​ថ្លើម សុទ្ធ​តែ​អាច​ជួយ​ឲ្យ​បង្ហាញ​ពី​​រូបរាង​ជាលិកា​ថ្លើម​មាន​ស្នាម ចំពោះ​ថ្លើម​ក្រិន ឬ​ប្រភេទ​រលាក​ថ្លើម​ផ្សេង​ៗ​ទៀត។

    ៤- វិធីព្យាបាល ​និង​ការពារ

    រឿង​ចាំបាច់​បំផុត​យើង​ត្រូវធ្វើ គឺ​ត្រូវ​​តែ​ឈប់​ផឹក​ស្រា។ បន្ទាប់​មក គ្នា​យើង​មាន​​ជំងឺ ​តម្រូវ​ឲ្យ​តម​អាហារ និង​ត្រូវ​ញ៉ាំថ្នាំ​បំប៉ន​វីតាមីន ជាតិ​រ៉ែ​នៅ​ពេល​​ចាំ​បាច់។

    ជា​ការ​សំខាន់​​កាត់​បន្ថយជាតិ​​​ទឹក​ចេញពី​រាងកាយ (Aspirate) ប្រើ​ថ្នាំ​បញ្ចុះ​ទឹក​នោម និង​ថ្នាំ​ផ្សះ ចំពោះ​គ្នា​យើង​មានបញ្ហា​ទាច​ទឹក។ ពេល​ថ្លើម​មិន​មាន​សកម្មភាព​ទៀត វិធី​ព្យាបាល​ មាន​នៅ​សល់​តែ​មួយ​គត់ គឺ​ការ​វះកាត់​ប្ដូរ​ថ្លើម។

    ដើម្បី​​ការពារសុខភាព​ថ្លើម ​ត្រូវ​ឈប់ ​ឬ​កម្រិត​ការផឹក​ជាតិ​អាល់កុល ក្នុង​កម្រិតបាន​ណែនាំដូច​ខាង​ក្រោម

    – ចំពោះ​​ប្រុសៗ៖ គួរ​ផឹកកុំ​ឲ្យ​លើស​ពី ៤ ឯកតា​/ថ្ងៃ ហើយ​ត្រូវ​តិច​ជាង ២១​ ឯកតា/សប្ដាហ៍។

    – ចំពោះ​ស្រី៖ កម្រិត​ការ​ផឹក​ជាតិ​អាល់កុល កុំ​ឲ្យ​លើស ៣ ឯកតា/ថ្ងៃ និង​ ១៤​ ឯកតា/សប្ដាហ៍។

    – ចំពោះស្រីៗពពោះ៖ មិន​ត្រូវ​ផឹក​ដាច់​ខាត បើនៅ​តែ​ផឹក ត្រូវ​កម្រិត​ឲ្យ​តិច​ជាង ១-២ ឯកតា/សប្ដាហ៍ និង​មិន​ត្រូវ​ស្រវឹង​ដាច់​ខាត។

    ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Nov 01, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម