backup og meta

វិធី ៨យ៉ាង ជួយការពារស្បែកមិនឲ្យចាស់លឿនពេក

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 10, 2019

    វិធី ៨យ៉ាង ជួយការពារស្បែកមិនឲ្យចាស់លឿនពេក

    យើងមិនអាច​បញ្ឈប់​ការ​វិវត្ត​របស់​រាងកាយ​បាន​នោះទេ ដោយ​វា​ប្រែប្រួល​រហូត​ពី ១​ថ្ងៃ​ទៅ ១​ថ្ងៃ ពី ១​ខែ​ទៅ ១​ខែ និងពី ១​ឆ្នាំ​ទៅ ១ឆ្នាំ។ តែយើង​អាច​អនុវត្ត​ទម្លាប់​រស់នៅ​មួយចំនួន ដើម្បី​ជួយ​កុំឲ្យ​ស្បែក​របស់​យើង ចាស់លឿន​ ដល់​ថ្នាក់​មើលទៅ ចាស់ជាង​អាយុ​ខ្លាំងពេក។

    ១. កាត់បន្ថយ​ការញ៉ាំ​ស្ករ

    ការញ៉ាំអាហារ ដែល​មាន​ជាតិស្ករ​ផ្អែមខ្លាំង បានជំរុញ​ឲ្យ​រាងកាយ​របស់​យើង ឆាប់ចាស់ និង​បណ្ដាល​ឲ្យ​ឡើង​ស្នាមអុច​ខ្មៅ ខ្សោះជាតិទឹក និង​មាន​ស្នាមជ្រួញ។ អ្នកជំនាញ ណែនាំ​ថា ដើម្បី​កុំឲ្យ​ឆាប់​ចាស់ យើង​គួរ​កាត់បន្ថយ​ការញ៉ាំ​ជាតិស្ករ និង​ចៀសវាង​ការ​ញ៉ាំអាហារ និង​ភេសជ្ជៈ​ផ្អែមខ្លាំង។

    ២. រក្សាកម្រិតកាល់ស្យូម​ឲ្យបាន​គ្រប់គ្រាន់

    យើង​ប្រហែល​ជាដឹងហើយ កាល់ស្យូម ជួយ​ឲ្យ​ឆ្អឹងរឹងមាំ។ លើសពីនេះ វាក៏មាន​មុខងារ​សំខាន់​ជួយ​ការពារ​យើង មិន​ឲ្យ​ឆាប់ចាស់​ទាំង​អាយុ​នៅក្មេង​ផងដែរ។

    ៣. កុំគេងផ្កាប់មុខ

    បើយើង​ទម្លាប់​គេង​ផ្កាប់មុខ យើងចាំបាច់​​ត្រូវកែ​ទម្លាប់នេះ​ភ្លាម បើមិន​ចង់​ឆាប់ចាស់​លឿន​ទេ។ ការសិក្សា និង​អ្នកជំនាញ​ជាច្រើន បាន​លើកឡើង​ថា ការគេង​ផ្កាប់មុខ​ទៅ​លើ​ខ្នើយ បណ្ដាល​ឲ្យ​ស្បែក​ជ្រួញ ដោយ​ពិបាក​ត្រឡប់​មក​ដូច​ធម្មតា​វិញ​ណាស់។

    ៤. កុំងូតទឹកយូរពេក

    ដើម្បី​កុំឲ្យ​ស្បែក​ឆាប់ចាស់ រឿង​ដែល​ត្រូវ​ចៀសវាង ១ទៀត គឺកុំងូត​ទឹក​យូរពេក ជាពិសេស ទឹកក្តៅ។ ការងូត​ទឹក​យូរពេក បណ្ដាល​ឲ្យ​ខូច​ស្បែក និង​ស្ងួតស្បែក។ មិនតែ​ប៉ុណ្ណោះ វាបណ្ដាល​លេចចេញ​សញ្ញា​ស្បែក​ចាស់ ដូចជា ជ្រួញ និង​យារ។

    ៥. ការពារ​កុំឲ្យ​ប៉ះកម្ដៅ​ថ្ងៃ​ច្រើនពេក

    កម្ដៅថ្ងៃ មាន​តួនាទី​សំខាន់ ជួយពន្លឿន​ការឆាប់​ចាស់​ជាងអាយុ ហើយ​បើយើង​ត្រូវ​កម្ដៅថ្ងៃ​កាន់តែ​ខ្លាំង យើង​នឹង​ឆាប់ចាស់​កាន់តែ​ខ្លាំង​ផងដែរ។ ដូច្នេះ បើមិន​ចង់​ឲ្យ​ស្បែក​ឆាប់​ចាស់​ទេ យើងត្រូវ​ការពារ​ខ្លួន កុំឲ្យ​ត្រូវ​កម្ដៅថ្ងៃ​ខ្លាំងពេក។

    ៦. ផឹកតែបៃតង

    តែបៃតង គឺល្អបំផុត​សម្រាប់​រាងកាយ ទាំង​ខាងក្នុង និង​ខាងក្រៅ ដោយ​វា​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ជួសជុល​កោសិកា​ខូច និង​មើលទៅ​ក្មេងជាង​មុន។ វាក៏ជួយ​បំបាត់​ការ​ឡើង​កន្ទួលក្រហម និង​រមាស់​នៅ​លើស្បែក​ផងដែរ ដោយសារ​វាមាន​សមាសធាតុ​ប្រឆាំង​ការ​រលាក។ យើង​ក៏អាច​ប្រើ​កញ្ចប់​តែ​តូចៗ ដែល​ប្រើប្រាស់​រួចហើយ ដាក់​លើ​រង្វង់​ភ្នែក​ផងដែរ ដើម្បី​ជួយ​ការពារ​ការ​ឡើង​រង្វង់​ខ្មៅ​ត្រង់ភ្នែក។

    ៧. ញ៉ាំ​ផ្លែប្ល៊ូប៊ើរី

    នៅស្រុក​ខ្មែរយើង ផ្លែប្ល៊ូប៊ើរី ត្រូវបាន​នាំចូល​ពី​បរទេស ដោយ​វាមិន​ត្រឹមតែ​មានរ​សជាតិ​ឆ្ងាញ់​នោះទេ វាថែម​ទាំង​ជួយ​ប្រឆាំង​ការ​វិវត្ត​ល្បឿន​របស់​ស្បែក​ថែម​ទៀត។ នេះ​ដោយសារ​ផ្លែប្ល៊ូប៊ើរី សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។

    ៨. សមាធិ និង​កុំស្ត្រេសច្រើន

    ស្ត្រេសច្រើន ជាកត្ដា​ចម្បង​មួយ ជំរុញ​ឲ្យ​រាងកាយ​យើង​ឆាប់​ចាស់។ មិនតែ​ប៉ុណ្ណោះ ការគិត​ច្រើន និង​ថប់បារម្ភ ក៏បណ្ដាល​ឲ្យ​យើង​ឆាប់​ចាស់​មុន​អាយុ​ផងដែរ។ ដូច្នេះ កុំឲ្យ​បញ្ហា​ទាំង​នេះ កើត​ឡើង​លើ​រូប​យើង​ច្រើន​ពេក។ ការ​ធ្វើសមាធិ​ជា​មធ្យោបាយ​មួយ ជួយ​ឲ្យ​សម្រួល​សរសៃប្រសាទ​របស់​យើង និង​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង បញ្ចេញ​អ័រម៉ូន​រីករាយ ហើយ​វាជា​វិធី​ល្អ ជួយ​យើង​មិន​ឲ្យ​ឆាប់​ចាស់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 10, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម