backup og meta

ឧស្សាហ៍ឈឺក្បាលប្រកាំង សាកដោះស្រាយតាមតិចនិក ៥ យ៉ាងនេះ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 26, 2021

    ឧស្សាហ៍ឈឺក្បាលប្រកាំង សាកដោះស្រាយតាមតិចនិក ៥ យ៉ាងនេះ

    មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​សុទ្ធ​តែ​បាន​ជួប​បញ្ហាឈឺ​ក្បាល​ប្រកាំង​ជា​រៀង​រាល់​ថ្ងៃ។ ប្រសិន​បើ​យើង​ធ្លាប់​មាន​អាការៈ​ឈឺ​ក្បាល​ប្រកាំង​នោះយើង​​ប្រាកដ​ជា​​ត្រូវ​​ដឹង​ថា​រោគ​សញ្ញា​នេះ​នឹង​មាន​ការ​ថយ​ចុះ​នៅ​ពេល​ណា​មិន​ខាន។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ងាយៗ​ទាំង ៥ ដើម្បី​ជួយ​គ្នាយើង​ពី​បញ្ហា​នៃ​ការ​ឈឺ​ក្បាល​ប្រកាំង​បាន។

    ១- កត់ត្រាសកម្មភាពប្រចាំថ្ងៃរបស់យើង

    គ្មាន​នរណា​ម្នាក់​ស្គាល់ខ្លួនយើង​​ច្រើន​ជាង​យើង​នោះ​ទេ។ ការ​កត់ត្រា​នូវ​សកម្មភាព​របស់​យើង​​ប្រចាំ​ថ្ងៃ​អាច​ជួយ​យើង​ក្នុង​ការ​ទប់ទល់​នឹង​ការ​ឈឺ​ក្បាល​ប្រកាំង​បាន។ យើង​​ត្រូវ​ចាប់​ផ្តើម​កំណត់​ពី​ភាព​ញឹកញាប់​នៃ​ការ​ឈឺ​ក្បាល​ដែលយើងបាន​ជួប និង​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ឈឺ​ម្តងៗ ដោយ​កំណត់ចំណាំមូលហេតុផង។ ការ​ធ្វើ​បែប​នេះ​ក៏​អាច​ជួយយើង​ទប់​ស្កាត់​ការ​ឈឺចាប់​ និង​​អាច​ជួយយើង​​ក្នុង​ការ​ជៀសវាង​ការ​ឈឺ​នៅ​ពេល​ក្រោយ។​

    បន្ទាប់​មក​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​របប​អាហារ និង​ភេសជ្ជៈ​ដែលយើង​បាន​ញ៉ាំ​ប្រចាំ​ថ្ងៃ។ ជា​ទូទៅ​អាហារ និង​ភេសជ្ជៈ​ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​ឈឺ​ក្បាល​មាន​កាហ្វេអ៊ីន ស្រា សូកូឡា ឈីស ​សាច់ និង​ប៊ីចេង (MSG) ។ ការ​កាត់​បន្ថយ​នូវ​អាហារ​ទាំង​នោះ​អាច​បន្ថយ​ការ​ឈឺ​ក្បាល​របស់យើងបាន និង​ធ្វើ​ឲ្យ​អាហារយើងកាន់​តែ​មាន​សុខភាព។ ថ្នាំ​មួយ​ចំនួន​ក៏​អាច​បណ្តាល​ឲ្យ​មាន​ការ​ឈឺក្បាល​ប្រកាំង ឬ​ស្ថានភាព​ជំងឺ​ផ្សេង​ទៀត​បាន​ដែរ។ ថ្នាំ​ទាំង​នោះ​អាច​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដែល​រួម​មាន​រោគសញ្ញា​ប្រកាំង និង​ការ​ឈឺក្បាល។ យើង​​គួរ​ពិក្សា​ជាមួយ​វេជ្ជបណ្ឌិត​ពី​ការ​ជំនួស​ថ្នាំ​ដែលយើង​បាន​ប្រើប្រាស់ បើ​ជួប​ករណីនេះ​។

    អត្ថបទពាក់ព័ន្ធ៖ 

    ២- ប្រុង​ប្រយ័ត្ន​ចំពោះ​ការប្រែប្រួល​អ័រម៉ូន

    ចំពោះ​​ស្ត្រី​ អ័រម៉ូន​​ដើរ​តួនាទី​សំខាន់​លើ​ការ​ឈឺ​ក្បាល​បែប​ប្រកាំង។ ​ស្ត្រី​ភាគ​ច្រើន​ការ​ឈឺ​ក្បាល​បែប​ប្រកាំង​ជាទូទៅ​គឺ​កើត​មាន​ក្នុងអំឡុង​ពេល ឬមុន​ពេល​មក​រដូវ។ ដូច្នេះ​ជាការសំខាន់​ណាស់​ដែល​ស្ត្រី​ត្រូវ​យល់​ដឹង​ឲ្យ​បាន​ច្បាស់​ពី​វដ្ត​រដូវ​របស់​ខ្លួន​ ដើម្បី​ជួយ​ដល់​ការ​គ្រប់គ្រង​អាការៈនេះ​ឲ្យ​មាន​ប្រសិទ្ធភាព។លើស​​ពី​នេះ​​ទៀត​​ស្ត្រី​គួរ​តែ​ប្រុង​ប្រយ័ត្នជា​ពិសេស​ទៅ​លើ​របប​អាហារ និង​ទម្លាប់​ហាត់​ប្រាណ​របស់​ខ្លួន​​ក្នុង​អំឡុង​ពេល​មក​រដូវ។ ការ​បរិភោគ​អាហារ និង​ភេសជ្ជៈ​ដែល​ត្រឹម​ត្រូវ​អាច​ជួយ​ការពារ​ស្រីៗយើង​​ពី​ការ​ឈឺ​ក្បាល​ប្រកាំង​បាន។ ក្រៅ​ពី​នេះ ការ​លេប​ថ្នាំ​ពន្យា​រ​កំណើត និង​ការ​ព្យាបាល​តាម​អ័រម៉ូន​ក៏​អាច​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ក្បាល​ប្រកាំង និង​មាន​​ភាព​ធ្ងន់​ធ្ងរ​​ផង​​ដែរ​។

    ៣- បរិភោគ និងគេងបានត្រឹមត្រូវ

    រយៈពេល​នៃ​ការ​គេង​របស់យើង​គឺ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​ការ​ឈឺ​ក្បាល​ប្រកាំង។ ការ​គេង​មិន​គ្រប់គ្រាន់​អាច​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ​របស់​យើង​ក្នុង​រយៈពេល​វែង។ គ្រោះ​ថ្នាក់​ទាំង​នោះ​មាន​ការ​ប៉ះពាល់​ដល់​មុខងារ​រាងកាយ វិបត្តិ​ក្នុង​ការ​ផ្តោតអារម្មណ៍ និង​កាត់​បន្ថយ​នូវ​ចំណង់​ចំណូល​ចិត្ត​ក្នុង​ការ​ធ្វើ​សម្មភាព​ប្រចាំ​ថ្ងៃ។​ ដូច​គ្នា​ផង​ដែរ​ការ​គេង​លើស​ពី ៧-៨ ម៉ោង​ជា​រៀង​រាល់​ថ្ងៃ​ក៏​អាច​បណ្តាល​ឲ្យ​យើង​​មាន​ការ​ឈឺ​ក្បាល​បែប​ប្រកាំង​បាន​ដែរ។ ភាគ​ច្រើន​នៃ​ការ​ឈឺ​ក្បាល​ប្រកាំង​គឺ​មក​ពី​ការ​គ្រប់គ្រង​​ពេល​វេលា​​ក្នុង​ការ​គេង​មិន​បាន​ល្អ ដែល​បណ្តាល​ឲ្យ​យើង​អស់​កម្លាំង​ខ្លាំង​ហើយ​​ដេក​យូរ។​ វិធី​ល្អ​បំផុត​ក្នុង​ការ​ការពារ​ពី​ការ​ឈឺ​ក្បាល​ប្រកាំង​គឺ​ត្រូវ​ចូល​គេង និង​ភ្ញាក់​ក្នុង​ពេល​តែ​មួយជាក់លាក់​​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ធានា​ថាយើង​​បាន​គេង​លក់​ស្កប់​ស្កល់។

    ការ​តម​អាហារ ឬ​ការ​អត់​អាហារ និង​ការ​ខ្វះ​ជាតិ​ទឹក​សុទ្ធ​តែ​អាច​បណ្តាល​ឲ្យ​មាន​ការ​ឈឺក្បាល​ប្រកាំង​បាន។ សម្រាប់​ការ​ឈឺ​ក្បាល​ដែល​បណ្តាល​មក​ពី​ការ​ឃ្លាន ត្រូវ​បាន​ណែនាំ​ឲ្យ​បរិភោគ​អាហារ​ក្នុង​កំឡុង​ពេល ១ ម៉ោង​បន្ទាប់​ពី​យើង​បាន​ក្រោក​ពី​គេង។ ជាមួយ​នឹង​ការ​បរិភោគ​អាហារ​ដែល​ប្រកប​ដោយ​សុខភាព​ល្អ យើង​​ត្រូវ​ញ៉ាំ​អាហារ​រៀង​រាល់ ៣ ទៅ ៤ ម៉ោង​ម្តង​ដើម្បី​ធានា​ថាយើង​​ឆ្អែត​បាន​ពេញ​មួយ​ថ្ងៃ។ ដូច​គ្នា​នឹង​ការ​បង្គ្រប់ជាតិ​ទឹក​ដែរ យើង​​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ពីរ​លីត្រ​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​យើង​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​លើ​រាង​កាយ​របស់​យើង​​ដែរ​ដើម្បី​ជៀសវាង​ពី​ការ​ផឹក​ទឹក​លើស​កម្រិត​។

    អត្ថបទពាក់ព័ន្ធ៖

    ៤- នៅ​ឲ្យ​ឆ្ងាយ​ពី​សំឡេង​ឮ​ខ្លាំង និង​ពន្លឺ​ភ្លឺ​ខ្លាំង

    ចំពោះ​​មនុស្ស​ជា​ច្រើន​សំឡេង​​លឺ​ខ្លាំង ពន្លឺ​ភ្លើង ឬ​ពន្លឺ​ភ្លឺ​ខ្លាំង និងការ​រំញោច​អារម្មណ៍ ​អាច​ជាមូល​ហេតុ​នៃ​ការ​ឈឺ​ក្បាល​ប្រកាំង​បាន។ ការ​រំញោច​អាច​នឹង​ពិបាក​ក្នុង​ការ​ជៀស​វាង ប៉ុន្តែ​យើងអាច​នឹង​គ្រប់គ្រង​បាន​ប្រសិន​បើយើង​បាន​ដឹង​ពី​មូល​ហេតុ និង​ការ​គំរាម​កំហែង​ក្នុង​បរិស្ថាន​ទូទៅ​របស់​យើង។ ឧទាហរណ៍ ​រួម​មាន​ការ​បើកបរ​ពេល​​យប់ ឬ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ដែល​ភ្លឺ​ចិញ្ចាច មើល​កុន ចូល​រួម​ពិធី​ជប់​លៀងពេល​​រាត្រី ឬ​មើល​ការ​ប្រគុំ​តន្រ្តី​នៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​កុះករ។ សម្រាប់​​ការ​​នៅ​ផ្ទះ ឬ​នៅ​កន្លែង​ធ្វើ​ការ​យើង​ត្រូវ​ប្រាកដ​ថា​​បាន​ឆ្លៀត​ពេល​ក្នុង​ការសម្រាក​ពី​កញ្ចក់​ទូរ​ទស្សន៍ ឬ​អេក្រង់​កុំព្យូទ័រ​របស់យើង។ យើង​ក៏​ត្រូវ​កែ​សម្រួល​កម្រិត​​ពន្លឺ​នៅ​លើ​អេក្រង់​​ដែរ​ដើម្បី​កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ភ្នែកយើង។ យើង​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​សំឡេងដែរ ដោយ​យើង​អាច​ប្រើ​ប្រាស់​កាស​​ត្រចៀក​។

    ៥- ធ្វើ​លំហាត់​ប្រាណ​ដើម្បី​បន្ធូរ​អារម្មណ៍

    ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​គឺ​ជា​ការ​បង្កើត​មូលដ្ឋាន​គ្រឹះ​នៃ​របៀប​រស់​នៅ​ដែល​អាច​ឲ្យ​យើងមាន​សុខភាព​ល្អ។ ចំពោះ​គ្នា​យើង​មាន​អាការៈឈឺ​ក្បាល​ប្រកាំង​ការ​ធ្វើ​លំហាត់​ប្រាណ​បែប vigorous អាច​ធ្វើ​ឲ្យ​យើង​កាន់​តែ​ឈឺ​ក្បាល​ខ្លាំង​ជាង​មុន​ទៀត។ ដូច្នេះយើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​រាងកាយ​នៅ​ពេល​ដែល​យើង​​កំពុង​ធ្វើ​លំហាត់​ប្រាណ។ ការ​ហាត់ប្រាណ​លើក​ទម្ងន់​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺក្បាល​ប្រកាំង​ផង​ដែរ។

    ការ​ធ្វើ​សកម្មភាព​គឺ​ល្អ​បំផុត​ដល់​រាងកាយ​ក្នុង​ការ​កាត់​បន្ថយ​ភាព​តាន​តឹង។ សកម្មភាព​ទាំង​នោះ​រួម​មាន​ការ​ធ្វើ​យ៉ូហ្គា ការ​ហាត់​ថៃជី និង​ការ​ធ្វើ aerobics តិច​តួច​ សុទ្ធ​តែ​​ជា​​ជម្រើស​ដ៏​សមស្រប​ដើម្បី​សម្រេច​បាន​គោលដៅ​នេះ។ ប្រសិន​បើយើង​ហ្វឹកហាត់​បែប​ខ្លាំង​ក្លា យើង​​គួរ​តែ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ក្នុង​ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក ដោយ​សារ​តែថ្នាំ​អាច​នឹង​ជួយយើង​​ក្នុង​ការ​សម្រួល​រោគសញ្ញា​ប្រកាំង​បាន។

    ការ​ការពារ​ការ​វាយ​ប្រហារ​ពី​ជំងឺ​ឈឺ​ក្បាល​ប្រកាំង​ត្រូវ​ចាប់​ផ្តើម​ពីការមាន​ជំនឿ​លើ​ខ្លួនឯង។ ការ​ឈឺ​ក្បាល​ប្រកាំង​ដូច​ការ​ធ្វើ​ទារុណ​កម្ម​យើង​​ដែរ ប៉ុន្តែ​បើយើង​​ជ្រើស​រើស​​វិធី​ដោះស្រាយ​បា​ត្រឹម​​ត្រូវ ​នឹង​​អាច​ធ្វើ​ឲ្យ​ជីវិតយើង​​​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម