backup og meta

តើទឹកដោះគោបង្កឲ្យមុខឡើងមុនមែនឬយ៉ាងណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 23, 2021

    តើទឹកដោះគោបង្កឲ្យមុខឡើងមុនមែនឬយ៉ាងណា?

    ប្រសិន​បើ​គ្នា​យើង​មាន​បញ្ហា​មុខ​មុន ប្រហែល​ជា​ធ្លាប់​ឮ​គេ​និយាយ​ថា​ទឹកដោះ ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​អាច​នឹង​ធ្វើ​ឲ្យ​បញ្ហា​មុខ​មុន​កាន់តែ​ធ្ងន់ធ្ងរ​ទៅ។ តើ​ទឹកដោះគោ ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​អាច​បង្ក​បញ្ហា​មុខ​មុន​មែន​ឬយ៉ាងណា?

    ទឹកដោះគោ​តែង​ត្រូវ​បាន​គេ​ប្រើ​ក្នុង​ផលិតផល​ថែរក្សា​ស្បែក​ដូចជា​សាប៊ូ និង​ឡេ​ជាដើម​។ នេះ​​មក​​ពី​ទឹកដោះ(ប្រភេទទឹកដោះគោស្រស់)​ ​មាន​ជាតិ​ខ្លាញ់​ដែល​អាច​ផ្តល់​សំណើម​ដល់​ស្បែក និង​ជួយ​បំបាត់​ការ​រលាក​ដូចជា​ការ​រលាក​បង្ក​ដោយ​មុន។

    អ្នកជំនាញ​មាន​អំណះអំណាង​ផ្សេងៗ​គ្នា​ទាក់ទង​នឹង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ក្នុង​របប​អាហារ​ដែល​បង្ក​បញ្ហា​មុខ​មុន​​ដោយ​ខ្លះ​ថា​អាច​ជួយ​ឲ្យ​បញ្ហា​នេះ​មាន​ភាព​ប្រសើរ​ឡើង និង​ខ្លះ​ទៀត​ថា​ធ្វើ​ឲ្យ​បញ្ហា​មុខ​មុន​នេះ​កាន់តែ​ធ្ងន់ធ្ងរ។ ដោយឡែក​វេជ្ជបណ្ឌិត F. William Danly អ្នក​ឯកទេស​រោគ​សើស្បែក​ជឿ​ថា​ការ​ញ៉ាំ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​អាច​នឹង​ធ្វើ​ឲ្យ​បញ្ហា​មុខ​មុន​កាន់តែ​ធ្ងន់ធ្ងរ។ នេះ​មក​ពី​ទឹកដោះគោ​ផ្ទុក​សារធាតុ​ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​អ័រម៉ូន​តេស្តូស្តេរ៉ូន​។ អ័រម៉ូន​នេះ​ជំរុញ​ឲ្យ​ក្រពេញ​ខ្លាញ់​នៅ​នឹង​ស្បែក​ផលិត​ខ្លាញ់​កាន់តែ​ច្រើន​ ហើយ​ការ​ផលិត​ខ្លាញ់​កើនឡើងតែង​បណ្ដាល​ឲ្យ​បញ្ហា​​មុន។

    ស្បែកមុន២

    ដោយសារតែ​ការ​សិក្សាជា​ច្រើន​មិនទាន់ឯកភាព​គ្នាចំពោះ​ទំនាក់ទំនង​រវាង​​ផលិតផលទឹក​ដោះ​គោ និង​បញ្ហា​កើត​មុន​នេះ​​ ទើប​ធ្វើ​ឲ្យ​អ្នក​ជួប​បញ្ហា​មុន​លើ​ផ្ទៃមុខ​ពិបាក​ក្នុង​ការ​សម្រេចចិត្ត​ថា​ត្រូវ​បញ្ឈប់ញ៉ាំ ឬក៏ត្រូវញ៉ាំ​បន្ត​ពេល​ខ្លួន​កំពុង​ឡើង​មុន​ខ្លាំង។​​

    ម៉្យាងទៀត ការ​កាត់បន្ថយ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ពី​របប​អាហារ​របស់​យើង​អាច​នឹង​បង្ក​បញ្ហា​ផ្សេងៗ​ដូចជា​ឆ្អឹង​ចុះ​ខ្សោយ និង​បង្កើន​ហានិភ័យ​នៃ​ការ​បាក់​ឆ្អឹង​ជាដើម។ ដូចនេះ​មាន​ការ​ណែនាំ​ខ្លះ​ដើម្បី​ឲ្យ​យើង​អាច​កំណត់​ថា​តើ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​អាចបង្ក​បញ្ហា​មុន​​ឬ​យ៉ាង​ណា៖

    • ព្យាយាម​កាត់បន្ថយ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​រយៈពេល​ពីរ​ទៅ​បី​សប្ដាហ៍ ប្រសិន​ជា​ក្នុង​រយៈពេលនេះ​បញ្ហា​មុន​របស់​យើង​នៅ​ដដែល​មិន​មាន​ប្រែប្រួល​អ្វី នោះមានន័យ​ថាទឹកដោះគោ​អាច​មិន​មែន​ជា​មូលហេតុ​បង្កឲ្យ​យើងកើត​មុន​​ទេ។ ដូចនេះ​យើង​អាច​បញ្ចូល​ទឹកដោះគោ ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ចូល​ទៅ​ក្នុង​របប​អាហារ​វិញ​បាន។
    • ប្រសិនជា​យើង​អាលែកហ្សី​នឹង​ទឹកដោះគោ យើង​គួរ​ព្យាយាម​ញ៉ាំ​ក្នុង​កម្រិត​តិចតួច​។ ម៉្យាងទៀត​ គ្នា​យើង​មួយ​ចំនួន​អាច​នឹង​ផឹក​ទឹកដោះគោ​បាន​ក្នុង​កម្រិត​តិចតួច​ដោយ​មិន​មាន​បញ្ហា​ស្បែក​។ នេះ​អាច​ជួយ​ដល់​រាងកាយ​ក្នុង​ការ​ទទួល​បាន​ជាតិ​កាល់ស្យូម​ខណៈ​ដែល​យើង​ត្រូវ​ការ​គ្រប់គ្រង​ស្ថានភាព​ស្បែក​របស់​យើងដែរ​។
    • គ្នា​យើង​ខ្លះ​ដែល​អាលែកហ្សី​ទឹកដោះគោ​អាច​នឹង​មិន​អាលែកហ្សី​នឹង​ទឹកដោះ​ចៀម ឬ​ពពែ​ទេ។ នេះ​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ក្នុង​ការ​ថែរក្សា​សុខភាព​ស្បែក និង​សុខភាព​ឆ្អឹងក្នុង​ពេល​តែ​មួយ។
    • ប្រសិនជា​គ្នាយើង​ឃើញ​ថា​របប​អាហារ​ដែល​មិន​មាន​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​អាច​ជួយ​ឲ្យ​បញ្ហា​មុន​ធូរ​ស្រាល​ជាមុន យើង​ត្រូវ​ប្រាកដ​ថា​ញ៉ាំ​អាហារ​ដែល​សម្បូរ​ដោយ​កាល់ស្យូម​​ជំនួស​ទឹកដោះគោ​ក្នុង​របបអាហារដើម្បី​សុខភាព​ឆ្អឹង។

    ការ​អនុវត្ត​តាម​ការណែនាំ​នេះ​អាច​ជួយ​ឲ្យ​យើង​ថែរក្សា​សុខភាព​ស្បែក ខណៈដែល​រាងកាយ​នៅ​តែ​ទទួល​បាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 23, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម