backup og meta

អាហារប៉ុន្មានប្រភេទនេះមានជាតិខ្លាញ់ច្រើន​ តែល្អចំពោះសុខភាព

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 29, 2020

    អាហារប៉ុន្មានប្រភេទនេះមានជាតិខ្លាញ់ច្រើន​ តែល្អចំពោះសុខភាព

    យើង​គ្រប់គ្នា​ឲ្យ​តែ​ឮ​ពាក្យ​ថា ខ្លាញ់គឺ​ភាគច្រើន​សុទ្ធ​តែ​គិតថា​មិន​ល្អ​សម្រាប់​សុខភាព។ តាម​ពិត​ទៅ​មិន​មែន​ឲ្យ​តែ​ខ្លាញ់​សុទ្ធ​តែ​អាក្រក់​ទេ​ដូចជា​ពពួក​ខ្លាញ់​ឆ្អែត​ជាដើមដែល​ល្អ​សម្រាប់​សុខភាព ហើយ​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​ក៏​មាន​ផ្ទុក​ខ្លាញ់​ដែរ។ ប៉ុន្តែ​តើ​អាហារ​ណាខ្លះ​​មាន​ជាតិ​ខ្លាញ់​ល្អ​​ដែល​ជួយ​ដល់​សុខភាព?

    . ផ្លែ​បឺរ

    ផ្លែ​បឺរ​ផ្ទុក​​៧៧%​នៃ​កាឡូរី ដែល​បាន​មកពី​ខ្លាញ់។ ជាតិ​ខ្លាញ់​នេះ​គឺ​ខ្លាញ់ monosaturated ឈ្មោះ​អាស៊ីដ​អូលេអិច (oleic acid)​ដែល​ខ្លាញ់​នេះ​ក៏​មាន​ក្នុង​ប្រេង​អូលីវ​ និង​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព។ ក្រៅ​ពី​ខ្លាញ់ ផ្លែបឺរ​ក៏​សម្បូរ​ដោយ​ជាតិសរសៃ​ដែល​ការសិក្សា​ជា​ច្រើន​បង្ហាញ​ថា​អាច​បញ្ចុះ​ខ្លាញ់​អាក្រក់ (LDL) និងទ្រីគ្លីសេរីត​ក្នុង​រាងកាយ ខណៈ​ដែលវា​ក៏បង្កើន​ខ្លាញ់​ល្អ (HDL) ផងដែរ ។ ម៉្យាងទៀត ទោះបី​ផ្លែ​បឺរ​សម្បូរ​ដោយ​ខ្លាញ់ និង​កាឡូរី​ក៏​ដោយ អ្នក​ញ៉ាំ​គឺ​មិន​ឡើង​ទម្ងន់ ឬ​ដុះ​ក្បាល​ពោះ​ទេ។

    អត្ថបទពាក់ព័ន្ធ៖

    . ឈីស

    ឈីស​គឺ​មាន​សារធាតុចិញ្ចឹម​ច្រើន​ដូចជា​កាល់ស្យូម វីតាមីន B12 ផូស្វ័រ ប្រូតេអ៊ីន និង​selenium។ ឈីស​គឺ​ដូច​ទៅ​នឹង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ផ្សេងទៀត​ដែរ​ មាន​ផ្ទុក​អាស៊ីដខ្លាញ់​ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​រួមទាំង​បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២។ ឈីស​មួយ​ដុំ​គឺ​មាន​សារធាតុ​ចិញ្ចឹម​ប្រហែល​នឹង​ទឹកដោះគោ​មួយ​កែវ។

    . សូកូឡា​ខ្មៅ

    សូកូឡា​ខ្មៅ​មាន​ជាតិ​ខ្លាញ់​​ ហើយ​កាឡូរី​ប្រហែល ​៦៥%​ បាន​មកពីខ្លាញ់ និង​ជាតិ​សរសៃ ១១%។ សូកូឡា​ខ្មៅ​ក៏​មាន​សារធាតុប្រឆាំង​អុកស៊ីតកម្ម​ដែល​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​ចំនួន​អាច​បញ្ចុះ​សម្ពាធឈាម និង​ការពារ​ខ្លាញ់​អាក្រក់​ក្នុង​ឈាម​ពី​ការ​ធ្វើ​អុកស៊ីតកម្ម​។ ម៉្យាងទៀត ការសិក្សា​ជាច្រើន​ក៏​បាន​បង្ហាញ​ថា​សូកូឡាខ្មៅ​អាច​ជួយ​ដល់​មុខងារ​ខួរក្បាល និង​ការពារ​ស្បែក​ពី​ការ​ខូចខាត​នៅ​ពេល​ត្រូវ​កម្ដៅ​ថ្ងៃ។ គ្នាយើង​យក​ល្អ​គួរ​ជ្រើសរើស​សូកូឡា​ខ្មៅ​ដែល​មាន​កាកាវ​យ៉ាង​តិច ៧០%

    . ស៊ុត

    ស៊ុត​តែង​ត្រូវ​គិត​ថា​មិន​ល្អ​សម្រាប់​សុខភាព​ព្រោះ​ស៊ុត​ពណ៌​លឿង​មាន​កូលេស្តេរ៉ូល និង​ជាតិ​ខ្លាញ់​ខ្ពស់។ តាមពិតទៅ​ស៊ុត​មួយ​គ្រាប់​ផ្ទុក​កូលេស្តេរ៉ូល ២១២​មិល្លីក្រាម ហើយ​៦២%​នៃ​កាឡូរី​ក្នុង​ស៊ុត​បាន​មក​ពី​ខ្លាញ់។ ការសិក្សា​ថ្មី​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថាសម្រាប់​មនុស្ស​មួយ​ចំនួន​ធំ​កូលេស្តេរ៉ូល​ក្នុង​ស៊ុត​មិន​ប៉ះពាល់​ដល់​កម្រិត​កូលេស្តេរ៉ូល​ក្នុង​ឈាម​ទេ​។ ក្រៅពីនេះ​ស៊ុត​ក៏​សម្បូរ​ដោយ​វីតាមីន ជាតិរ៉ែ និង​សារធាតុប្រឆាំងអុកស៊ីតកម្ម​ដែល​សុទ្ធ​តែ​ល្អ​សម្រាប់​សុខភាព។

    . ខ្លាញ់​ត្រី

    ខ្លាញ់​ត្រី​ដែល​បាន​មក​ពី​ត្រី​សាល់ម៉ុន ត្រី trout ត្រី mackerel ត្រីសាឌីន និង​ត្រី herring​សុទ្ធ​តែ​សម្បូរ​អាស៊ីដខ្លាញ់​អូមេហ្គា៣​ ប្រូតេអ៊ីន និង​សារធាតុចិញ្ចឹម​សំខាន់​ផ្សេង​ទៀត។ ការសិក្សា​ជា​ច្រើន​បង្ហាញ​ថា​អ្នក​ញ៉ាំ​ត្រី​តែង​មាន​សុខភាព​ល្អ និង​មាន​ហានិភ័យ​​ទាប​នៃ​ជំងឺ​បេះដូង ជំងឺ​បាក់ទឹកចិត្ត និង​ជំងឺ​ភ្លេចភ្លាំង។

    . គ្រាប់​ធញ្ញជាតិ

    គ្រាប់ធញ្ញជាតិ​មាន​ជាតិ​ខ្លាញ់ ជាតិ​សរសៃ​ខ្ពស់ ​វីតាមីន E និង​ម៉ាញ៉េស្យូម។ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​អ្នក​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​មាន​សុខភាព​ល្អ និង​មាន​ហានិភ័យ​ទាប​នៃ​ជំងឺ​ផ្សេងៗ​រួមមាន​ជំងឺ​ធាត់ ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ២។ គ្រាប់ធញ្ញជាតិ​ដែល​ល្អ​សម្រាប់​សុខភាព​រួម​មាន​គ្រាប់​អាល់ម៉ុន គ្រាប់ walnut និង​គ្រាប់​ធញ្ញជាតិ​ផ្សេង​ទៀត។

    . គ្រាប់​ជីរ

    គ្រាប់ជីរ​២៨ក្រាម​ផ្ទុក​ជាតិ​ខ្លាញ់ ៩ក្រាម ហើយ​កាឡូរី​ក្នុង​គ្រាប់ជីរ ​៨០%​បាន​មក​ពី​ខ្លាញ់​ដែល​ធ្វើ​ឲ្យ​គ្រាប់ជីរ​ជា​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់។ ភាគច្រើនជាតិ​ខ្លាញ់​​ក្នុង​គ្រាប់​ជីរ​គឺ​អាស៊ីដខ្លាញ់​អូមេហ្គា៣​ឈ្មោះ ALA។ គ្រាប់​ជីរ​មាន​ប្រយោជន៍​​ច្រើន​សម្រាប់​​សុខភាព​​ដូចជា​បញ្ចុះ​សម្ពាធឈាម និង​​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​ការ​​រលាក។

    . ផ្លែ​ដូង និង​ប្រេង​ដូង

    ផ្លែ​ដូង និង​ប្រេង​ដូង​គឺ​ជា​ប្រភព​នៃ​ខ្លាញ់​ឆ្អែតដែល​ប្រហែល​៩០%​នៃ​អាស៊ីដខ្លាញ់​ក្នុង​ផ្លែ​ដូង​គឺ​ជា​ខ្លាញ់​ឆ្អែត។ ផ្លែ​ដូង​ផ្ទុក​អាស៊ីដខ្លាញ់ដែលមានខ្សែច្រវ៉ាក់កាបូនមធ្យម (​medium-chain fatty acids) ដែល​មាន​ប្រយោជន៍​សម្រាប់​អ្នក​មាន​ជំងឺ​ភ្លេចភ្លាំង (Alzheimer’s ) និង​ជួយ​កម្ចាត់​ខ្លាញ់​ក្បាល​ពោះ​ដែរ។

    . យ៉ាអួ​មាន​ជាតិ​ខ្លាញ់ (Full-fat Yogurt)

    យ៉ាអួ​មាន​ជាតិខ្លាញ់​​ផ្ទុក​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ដូច​​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ផ្សេង​ទៀត​ដែរ​។ ប៉ុន្តែ​យ៉ាអួ​មាន​ probiotic ដែល​ល្អ​សម្រាប់​សុខភាព។ ការសិក្សា​ជា​ច្រើន​បាន​ឲ្យ​ដឹងថា​យ៉ាអួ​អាច​ជួយ​ដល់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ និង​អាច​ជួយ​ប្រឆាំង​នឹង​ជំងឺ​បេះដូង និង​ជំងឺ​ធាត់។ យក​ល្អ​គួរ​ពិនិត្យ​មើល​ស្លាក​សញ្ញា​ឲ្យ​បាន​ច្បាស់​ និង​ចៀសវាង​យ៉ាអួ​មាន​ជាតិ​ខ្លាញ់​តិច​ប៉ុន្តែ​សម្បូរ​ដោយ​ស្ករ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 29, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម