backup og meta

អាហារទាំងនេះល្អសម្រាប់សក់ ស្បែក និង​ក្រចក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 27, 2020

    អាហារទាំងនេះល្អសម្រាប់សក់ ស្បែក និង​ក្រចក

    កេរ៉ាទីន (Keratin) គឺ​ជា​ប្រូតេអ៊ីន​ម៉្យាង​មាន​នៅ​ក្នុង​សក់ ស្បែក និង​ក្រចក។ សារធាតុ​នេះ​គឺ​សំខាន់​សម្រាប់​រក្សា​រចនាសម្ព័ន្ធ​ស្បែក ទ្រទ្រង់​ការ​ជា​សះ​ស្បើយ​នៃ​របួស និង​ធ្វើឲ្យ​សក់ និង​ក្រចក​មាន​សុខភាព​ល្អ​ទៀត​ផង​។ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​យើង​​អាច​បន្ថែម​អាហារ​ប៉ុន្មាន​មុខ​នេះ​ដែល​អាច​ជួយ​ជំរុញ​ការ​ផលិត​កេរ៉ាទីន​បាន។

    ១. ស៊ុត

    ការ​ញ៉ាំ​ស៊ុត​អាច​ជួយ​ជំរុញ​ការ​ផលិត​កេរ៉ាទីន​បាន​ព្រោះ​ស៊ុត​ក៏​មាន​ Biotin ដែល​ជា​សារធាតុ​ចិញ្ចឹម​សំខាន់​ក្នុង​ការ​ផលិត​កេរ៉ាទីន។ ស៊ុត​ឆ្អិន​មួយ​គ្រាប់​ផ្តល់​ Biotin ១០​មីក្រូក្រាម។ ស៊ុត​ក៏​មាន​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​ដែរ​ដូចជា​សេលេន្យូម (Selenium) វីតាមីន A និង​វីតាមីន B12។

    ២. ខ្ទឹម​បារាំង​

    ខ្ទឹមបារាំង​សម្បូរ​ដោយ​ N-acetylcystein ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​រុក្ខជាតិ​ដែល​រាងកាយ​បំលែង​ទៅ​ជា​អាស៊ីដ​អាមីណូ L- cystein (ជាសមាសធាតុ​មួយ​នៃ​កេរ៉ាទីន)។ ម៉្យាងទៀត ខ្ទឹមបារាំង​ក៏​ផ្តល់​ហ្វូឡាត (Folate) ដែល​សំខាន់​ក្នុង​ការ​រក្សា​ឫស​សក់​ឲ្យ​រឹងមាំ​ដែរ។

    ៣. ត្រីសាល់ម៉ុន

    ត្រី​សាល់ម៉ុន​សម្បូរ​ប្រូតេអ៊ីន ដោយ​​ត្រី​សាល់ម៉ុន​ ៨៥​ក្រាម​ផ្តល់​ប្រូតេអ៊ីន​ជិត ១៧​ក្រាម។ ត្រីសាល់ម៉ុន​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ Biotin ដែល​ជួយ​ទ្រទ្រង់​ការ​ផលិត​កេរ៉ាទីន​ដែរ។ ក្រៅ​ពី​នេះ​ត្រី​សាល់ម៉ុន​មាន​អាស៊ីដខ្លាញ់​អូមេហ្គា​៣​ច្រើន​ដែល​ជា​ខ្លាញ់​ល្អ​សម្រាប់​សុខភាព​​បេះដូង និង​អាច​ជួយ​ដល់​ការ​លូតលាស់​របស់​សក់ និង​បង្ការ​បញ្ហា​សក់​ជ្រុះ​ដែរ។

    ៤. ដំឡូងជ្វា

    ដំឡូងជ្វា​មាន​សារធាតុ​ចិញ្ចឹម​ច្រើន និង​ល្អ​សម្រាប់​ការ​ជំរុញ​ការ​ផលិត​កេរ៉ាទីន​បាន។ ដំឡូង​ជ្វា​មាន​ផ្ទុក​សារធាតុ Beta-carotene ដែល​រាងកាយ​បំលែង​ទៅ​ជា​វីតាមីន A ច្រើន។ វីតាមីន A គឺ​ជា​សារធាតុ​មួយ​សំខាន់​ក្នុង​ការ​ផលិត​កេរ៉ាទីន។

    ៥. គ្រាប់​ផ្កាឈូករ័ត្ន

    គ្រាប់​ផ្កាឈូករ័ត្ន​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​ Biotin និង​ប្រូតេអ៊ីន​ដែល​ទ្រទ្រង់​ការ​ផលិត​កេរ៉ាទីន។ គ្រាប់​ផ្កាឈូករ័ត្ន​ ៣៥​ក្រាម​ផ្តល់​ប្រូតេអ៊ីន ៧​ក្រាម និង​ Biotin ២,៦មីក្រូក្រាម។

    ៦. ផ្លែ​ស្វាយ​

    ផ្លែស្វាយ​ក្រៅ​ពី​មាន​រសជាតិ​ឆ្ងាញ់​ហើយ​នៅ​សម្បូរ​សារធាតុ​ចិញ្ចឹម​ផ្សេងទៀត។ ផ្លែស្វាយ​មាន​សារធាតុ​ចិញ្ចឹម​ដែល​សំខាន់​សម្រាប់​សុខភាព​ស្បែក និង​សក់​ដូចជា​វីតាមីន C និង​ហ្វូឡាត (Folate)។

    ៧. ថ្លើម​គោ

    ថ្លើមគោ​សម្បូរ​ Biotin ដែល​អាច​បង្កើន​ការ​ផលិត​កេរ៉ាទីន​បាន។ ថ្លើមគោ​ ៨៥​ក្រាម​ផ្តល់​ Biotin ៣១​មីក្រូក្រាម ប្រូតេអ៊ីន ២៤,៥ក្រាម និង​វីតាមីន A ៧,៩​មិល្លីក្រាម។ ម៉្យាងទៀត ថ្លើម​គោ​ក៏​ផ្តល់​វីតាមីន និង​ជាតិ​រ៉ែ​ផ្សេងទៀត​ដែរ​ដូចជា​វីតាមីន B12 ហ្វូឡាត និង​ជាតិដែក។

    ៨. ការ៉ុត

    ការ៉ុត​សម្បូរ​វីតាមីន C ដែល​ជួយ​ដល់​ការ​ផលិត​ខូឡាជែន​ដើម្បី​ទ្រទ្រង់​សុខភាព​សក់ ស្បែក និង​ក្រចក។ បន្ថែម​ពី​នេះ​ទៀត វីតាមីន​នេះ​ក៏​ជួយ​ដល់​ការ​ជា​សះស្បើយ​របួស បន្ថយ​ការ​រលាក និង​ការពារ​ការ​ខូចខាត​ស្បែក។ ការ៉ុត​ក៏​ផ្តល់ Biotin វីតាមីន B6 ប៉ូតាស្យូម និង​វីតាមីន K1។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 27, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម