backup og meta

អាហារ ៧ មុខនេះអាចជួយឲ្យចរន្តឈាមដើរបាន​ល្អ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 07, 2020

    អាហារ ៧ មុខនេះអាចជួយឲ្យចរន្តឈាមដើរបាន​ល្អ

    បញ្ហា​ឈាម​រត់​មិន​ល្អ​អាច​បង្ក​ឡើង​ដោយ​បញ្ហា​មួយ​ចំនួន​ដូចជា​ជំងឺ​សរសៃ​អាកទែរ (Peripheral artery disease ) ជំងឺ​ទឹកនោមផ្អែម ជក់បារី និង​ជំងឺ Raynaud’s។ នៅ​ពេល​ចរន្ត​ឈាម​ត្រូវ​បាន​កាត់បន្ថយ​អាច​បង្ក​រោគសញ្ញា​មួយ​ចំនួន​ដូចជា​ការ​ឈឺចាប់ រមួល​ក្រពើ ស្ពឹក បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ និង​ត្រជាក់​ចុង​ដៃ​ចុង​ជើង​ជាដើម។ ទោះបីជា​បញ្ហា​ចរន្ត​ឈាម​តែង​ត្រូវ​ព្យាបាល​ដោយ​​ការ​ប្រើ​ថ្នាំ ប៉ុន្តែ​ការ​ញ៉ាំ​អាហារ​ប៉ុន្មាន​ប្រភេទ​នេះ​ក៏​អាច​ជួយ​ឲ្យ​ចរន្ត​ឈាម​មាន​ភាព​ប្រសើរ​ឡើង​ដែរ។

    ១. ម្ទេស

    ម្ទេស​មាន​រសជាតិ​ហឹរ​ដោយសារ​សារធាតុ capsaicin ហើយ​សារធាតុ​នេះ​ជួយ​ឲ្យ​ចរន្ត​ឈាម​ទៅ​កាន់​ជាលិកា​ល្អ​ឡើង​ដោយ​បញ្ចុះ​សម្ពាធ​ឈាម និង​ជំរុញ​ការ​ផលិត​នីឌ្រិច​អុកស៊ីត (nitric oxide)ដែល​អាច​ពង្រីក​សរសៃ​ឈាម​បាន។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ការ​ញ៉ាំ​ម្ទេស​បង្កើន​ចរន្ត​ឈាម ពង្រឹង​សរសៃ​ឈាម និង​បន្ថយ​ការ​កក​ស្ទះ​នៅ​សរសៃ​អាកទែរ។

    ២. ផ្លែ​ទទឹម​

    ផ្លែទទឹម​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ប៉ូលីហ្វេណុល (polyphenol) និងនីដ្រាត (nitrates) ដែល​សុទ្ធតែ​អាច​ពង្រីក​សរសៃ​ឈាម។ ការ​ញ៉ាំ​ផ្លែ​ទទឹម​ ឬ​ផឹក​ទឹក​ទទឹម​អាច​ជួយ​ឲ្យ​ចរន្ត​ឈាម​មាន​ភាព​ប្រសើរ​ឡើង​ និង​​បញ្ជូន​អុកស៊ីសែន​ទៅ​កាន់​ជាលិកា​សាច់ដុំ​ដែល​អាច​ជួយ​ដល់​ការ​ធ្វើ​សកម្មភាព​ផ្សេងៗ។

    ៣. ខ្ទឹម​បារាំង

    ខ្ទឹម​បារាំង​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម Flavonoid ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​បេះដូង។ បន្លែ​នេះ​ជួយ​ដល់​ចរន្ត​ឈាម​ដោយ​ពង្រីក​សរសៃ​អាកទែរ និង​សរសៃ​វ៉ែន។ ម៉្យាងទៀត ខ្ទឹមបារាំង​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​ការ​រលាក​ដែល​អាច​បង្កើន​ចរន្ត​ឈាម និង​ល្អ​សម្រាប់​បេះដូង​ដោយ​កាត់បន្ថយ​ការ​រលាក​នៅ​សរសៃ​វ៉ែន និង​សរសៃ​អាកទែរ។

    ៤. ខ្ទឹមស

    ខ្ទឹមស​មាន​ប្រយោជន៍​ដល់​ចរន្ត​ឈាម និង​សុខភាព​បេះដូង។ ការ​សិក្សា​ជាច្រើន​បាន​អះអាង​ថា​សារធាតុ​ស្ពាន់ធ័រ​ និង​សារធាតុ​អាល់លីស៊ីន (Allicin) ក្នុង​ខ្ទឹមស​អាច​បង្កើន​ចរន្ត​ឈាម​ទៅ​កាន់​ជាលិកា និង​បញ្ចុះ​សម្ពាធ​ឈាម​ដោយ​ជួយ​សម្រួល​សរសៃឈាម។

    ៥. រមៀត

    អត្ថប្រយោជន៍មួយ​​នៃ​ការ​ញ៉ាំ​រមៀត​គឺ​បង្កើន​ចរន្ត​ឈាម។ ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា​សារធាតុ​មាន​នៅ​ក្នុង​រមៀត​ឈ្មោះ curcumin ជួយ​បង្កើន​ការ​ផលិត​នីឌ្រិចអុកស៊ីត បន្ថយ​អាការៈoxidative stress (អ​តុល្យភាព​នៃ​រ៉ាឌីកាល​សេរី និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៅក្នុង​រាងកាយ) និង​បន្ថយ​ការ​រលាក​បាន។

    ៦. ពពួក​ផ្លែ​ក្រូច

    ពពួក​ផ្លែ​ក្រូច​ដូចជា​ផ្លែ​ក្រូច ក្រូចឆ្មារ និង​ក្រូចថ្លុង​សុទ្ធ​តែ​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុ flavonoids។ ការ​ញ៉ាំ​ផ្លែឈើ​សម្បូរ flavonoid អាច​បន្ថយ​ការ​រលាក​នៅ​ក្នុង​រាងកាយ​ដែល​អាច​បញ្ចុះ​សម្ពាធ​ឈាម និង​ការ​ឡើង​រឹង​នៃ​សរសៃ​អាកទែរ ​បង្កើន​លំហូរ​ឈាម និង​ការ​ផលិត​នីឌ្រិច​អុកស៊ីត។ ការ​ញ៉ាំ​ផ្លែ​ក្រូចថ្លុង និង​ក្រូចឆ្មារ​ជាប្រចាំ​អាច​បញ្ចុះ​សម្ពាធ​ឈាម និង​បន្ថយ​ហានិភ័យ​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល។

    ៧. មើម​ខ្ញី

    ខ្ញី​អាច​បញ្ចុះ​សម្ពាធ​ឈាម និង​បង្កើន​ចរន្ត​ឈាម​។ ក្នុង​ការ​សិក្សា​លើ​មនុស្ស​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ខ្ញី​អាច​បញ្ចុះ​សម្ពាធ​ឈាម​ដែល​អាច​បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​លំហូរ​ឈាម។

    ក្រៅ​ពី​ញ៉ាំ​អាហារ​ទាំងនេះ ការ​ផ្លាស់ប្ដូរ​បរិបទ​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ក៏​អាច​ជួយ​ដល់​ចរន្តឈាម​ដែរ​។ នេះ​ជា​សកម្មភាព​ដែល​ជួយ​ដល់​ចរន្តឈាម៖

    • ផ្ដាច់​បារី៖ ជក់បារី​អាច​បង្ក​ជំងឺ​រ៉ាំរ៉ៃ​ដូចជា​ជំងឺ​មហារីក​ជាដើម និង​អាច​ប៉ះពាល់​ដល់​លំហូរ​ឈាម។
    • បង្កើន​ការ​ធ្វើ​សកម្មភាព៖ ការ​ហាត់ប្រាណ​អាច​ជំរុញ​លំហូរ​ឈាម​ឲ្យ​ដើរ​បាន​ល្អ និង​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង។
    • សម្រក​ទម្ងន់៖ ការ​ធាត់​លើស​ទម្ងន់​អាច​ប៉ះពាល់​ដល់​ចរន្តឈាម​ និង​អាច​ឈាន​ទៅ​រក​ផលវិបាក​ផ្សេងៗ​ដូចជា​ការ​ស្ទះ​សរសៃ​អាកទែរ​ជាដើម។
    • ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់៖ ការ​រក្សា​ជាតិ​ទឹក​សំខាន់​សម្រាប់​សុខភាព​ទាំង​មូល​រួម​ទាំង​ចរន្ត​ឈាម​ដែរ។ ការ​ខ្វះ​ជាតិ​ទឹក​អាច​បង្ក​ការ​រលាក​ដល់​រលាក និង​រឹត​ត្បិត​លំហូរ​ឈាម។​
    • កាត់បន្ថយ​ស្ត្រេស៖ ការ​សិក្សា​បង្ហាញ​ថា​កម្រិត​ស្ត្រេស​អាច​ប៉ះពាល់​ដល់​សម្ពាធ​ឈាម។ យក​ល្អ​គួរ​គ្រប់គ្រង​ស្ត្រេស​តាម​រយៈ​ការ​ហាត់​យ៉ូហ្កា សមាធិ ឬ​ហាត់ប្រាណ​​​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 07, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម