backup og meta

ឧស្សាហ៍​រាក គួរកាត់បន្ថយ​អាហារ​មួយចំនួននេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ May 17, 2023

    ឧស្សាហ៍​រាក គួរកាត់បន្ថយ​អាហារ​មួយចំនួននេះ

    មិន​មែន​បំភ័យ​ទេ តែ​ជាការ​ពិត មិន​ចំពោះ​ក្មេងៗ ​មនុស្ស​ពេញ​វ័យ​ទេ មាន​បញ្ហាពោះឧស្សាហ៍រាក ច្បាស់​ជាដោយសារ​​បញ្ហា​ក្រពះ​ ពោះវៀន​មិនខាន ហើយ​បើនៅ​តែ​បណ្តែត​បណ្តោយ ប្រយ័ត្នខូចក្រពះ ពោះវៀន ធ្លុះធ្លាយ​ខ្ទេច រត់​ទៅ​រក​ពេទ្យ ប្រយ័ត្ន​ហួស​ពេល លែង​ដូច​ដើម។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ មាន​វិធី​ងាយៗ​ជាច្រើន ពិសេស​របបអាហារ “Hello គ្រូពេទ្យ” នឹង​ប្រាប់​អាហារ​មួយ​ចំនួន​មិន​គួរញ៉ាំពេល​មាន​បញ្ហា​រាក។

    វេជ្ជបណ្ឌិត Steven Kussin, MD អ្នកឯកទេសខាងក្រពះ ពោះវៀន នៅទីក្រុងញូវយ៉ក និងជាអ្នកនិពន្ធសៀវភៅ​វេជ្ជសាស្ត្រ បានលើក​ឡើង​ថា៖ “ការលាងសម្អាតដៃ ជាវិធីមួយមានប្រសិទ្ធភាពបំផុត ដើម្បីការពារមេរោគ និងបាក់តេរីបង្កឲ្យ​រាក។ សមាគមជីវសាស្ត្រ​អាមេរិក រកឃើញថា ស្រីៗមាន ៩៧%  និងប្រុសៗ ៩២% អះអា​ថា ពួកគេលាងសម្អាតដៃក្រោយពីចេញពីបង្គន់ ប៉ុន្តែធាតុ​ពិតមានតែស្រីៗ ៧៥% និងប្រុសៗ ៥៨% ប៉ុណ្ណោះ អនុវត្តបានតាមក្បួនអនាម័យនេះបាន​ខ្ជាប់​ខ្ជួន”។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ១- អាហារគួរ​ចៀសវាង

    – ផលិតផលពីទឹកដោះគោ៖ ផលិតផលពីទឹកដោះគោ អាចធ្វើឲ្យស្ថានភាព​ជំងឺ​កាន់​តែ​យ៉ាប់​យ៉ឺន ដោយ​លោក​សាស្រ្តចារ្យ Sandra Quezada, MD ជំនួយការនៃសាកលវិទ្យាល័យ Maryland បានរាយការណ៍​ថា បើ​យើង​កំពុងមាន​ជំងឺ​រាក​រូស​រ៉ាំរ៉ៃ ឈប់​ញ៉ាំ​ផលិត​ផលទឹកដោះគោ​ អាច​រក្សា និង​គ្រប់គ្រង​អាការៈ​បាន។

    លោកសាស្រ្តចារ្យរូប​នេះ បញ្ជាក់ទៀត​ថា៖ “អាហារ និងភេសជ្ជៈ អាចបង្ក​ឲ្យ​កើត​មាន​ជំងឺ​រាក​រូស​រ៉ាំរ៉ៃ ពិសេស​អាហារ និង​ភេសជ្ជៈ មាន​ជាតិឡាក់​តូស ឬ​មាន​លាយ​ផ្សំជាតិឡាក់​តូស ក្នុង​ផលិតផល​ពី​ទឹក​ដោះគោ”។

    – អាហារមានជាតិសរសៃខ្ពស់៖ ជាតិ​សរសៃ ល្អ​សម្រាប់​រាងកាយ គួរ​​មាន​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ប៉ុន្តែវេជ្ជបណ្ឌិត Kussin បានណែនាំថា យើង​គួរ​កំណត់​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់ ដូចជា បន្លែ និង​គ្រាប់​ធញ្ញជាតិ ពីព្រោះវា​ពិបាក​រំលាយ ​នៅ​ពេល​យើង​កើត​ជំងឺ​រាករ៉ាំរ៉ៃ។

    – ​អាហារមានជាតិម្សៅ៖ បន្ថែមពីលើការកំហិតរបបអាហារ​មាន​ជាតិ​សរសៃ យើង​គួរ​​ចៀសវាង​អាហារ​ផ្ទុកទៅដោយជាតិម្សៅ ព្រោះប្រូតេអ៊ីន​មាន​ច្រើន​នៅ​ក្នុងផលិត​ផល​កែច្នៃ ដូចជា ម្សៅស្រូវសាលី ដែល​អាច​ធ្វើ​ឲ្យ​ជំងឺ​រាក​មិន​អាច​ជា​សះស្បើយ។ ជាធម្មតា យើងមាន​ជំងឺ​ពោះវៀន ត្រូវ​ចៀសវាងជាតិស្ករ ព្រោះ​ងាយ​បណ្តាល​ឲ្យរាក។ ទោះ​បើ​គ្មាន​ជំងឺ​ពោះវៀន​ក៏ដោយ យើង​នឹង​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន បើ​មិន​ញ៉ាំ​អាហារមានជាតិម្សៅ ពិសេសនៅពេលកំពុង​ជួប​បញ្ហា​រាករូស​តែម្តង។

    របបអាហារ ត្រូវបានណែនាំដោយវេជ្ជបណ្ឌិត Kussin គួរញ៉ាំ​អាហារ​ធម្មតា ដូចជា បាយ ស៊ុប នំបុ័ង​អាំង សាច់គ្មានជាតិ​ខ្លាញ់ និង​ផឹកទឹកឲ្យបានច្រើន។

    – ​អាហារមានជាតិខ្លាញ់ និងធ្វើឲ្យធាត់៖ សាស្ត្រាចារ្យ Douglas A. Drossman MD នៃសាកលវិទ្យាល័យ North Carolina ប្រាប់ថា អាហារសម្បូរជាតិខ្លាញ់ និងធ្វើធាត់ អាចធ្វើឲ្យ​សាច់​ដុំពោះ​ឡើង​តឹង ជា​មូលហេតុ​បង្កឲ្យ​រាក​កាន់​តែធ្ងន់ធ្ងរ​ឡើង។ សាស្ត្រាចារ្យ​រូប​​នេះ បញ្ជាក់​ថា៖ “អាហារ​ទាំង​នេះ អាចបង្កជា​​ដំបៅ​​ក្រពះ​​បន្តិច​ម្តងៗ ធ្វើឲ្យ​យើងមាន​អារម្មណ៍ដូច​ហើមពោះ”។

    – អាហារ​មាន​ជាតិ​អាល់កុល និង​កាហ្វេ​អ៊ីន៖ ទាំងជាតិអាល់កុល និង​កាហ្វេអ៊ីន សុទ្ធ​តែ​អាច​បណ្តាលឲ្យ​កើត​ជំងឺ​រាក។ បើ​ធ្លាប់​ផឹក​កាហ្វេ​នៅ​ពេល​ព្រឹក ឬ​នៅពេលយប់ គួរ​ឈប់​មួយ​រយៈ​សិន ដើម្បីកុំ​ឲ្យ​ស្ថានភាព​ជំងឺរាក កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។

    អាការៈរាករូស

    ២- វិធីព្យាបាល​ និងបង្ការ​កុំឲ្យ​រាក

    – ប្រើ​ថ្នាំ​​រាក៖ លោក​វេជ្ជបណ្ឌិត Kussin បញ្ជាក់ថា នៅ​ពេលយើង​មានបញ្ហារាកធ្ងន់ធ្ងរ ការព្យាបាល ត្រូវព្យាបាលអាការរាកជា​មុន តាម​រយៈ​​កម្ចាត់មេរោគបង្កឲ្យ​រាក ចាំបាច់បំផុត និងមិនត្រូវឲ្យមានមេរោគ ឬជំងឺណាផ្សេងមកជ្រៀតជ្រែកនោះទេ។

    បើយើង​ចង់ប្រើថ្នាំព្យាបាលរាក ត្រូវ​ស្វែង​រក​ថ្នាំ អាច​ប្រឆាំង​មេរោគបង្ក​ឲ្យរាករូស និង​មិន​ត្រូវ​ប្រើថ្នាំ​មាន​ឥទ្ធិពល រារាំង​ការ​បន្ទោបង់ដែល​អាច​ធ្វើឲ្យ​ប៉ះពាល់​ពោះវៀនមួយ​កម្រិត​ទៀត។

    – ផឹកទឹកឲ្យបាន​ច្រើន៖ ព្រោះជំងឺរាក​ អាច​ធ្វើយើងបាត់បង់សារធាតុ​ទឹក​នៅ​ក្នុង​ខ្លួន។ ហេតុនេះ ត្រូវតែ​រក្សា​សារធាតុ​ទឹក​​ក្នុង​រាងកាយ ដោយ​ទឹក ឬ​ភេសជ្ជៈផ្តល់​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន​បាន​គ្រប់គ្រាន់។ ទឹកផ្លែឈើ នំស្រួយ និងអាហារផ្សេងៗទៀត ឬ​ភេសជ្ជៈ​មាន​ជាតិ​សូដ្យូម ដូចជា ស៊ុប និង​ទំពាំង​បាយជូរ អាច​ជំនួស​កម្រិត​ជាតិ​ទឹក និង​អេឡិចត្រូលីត (ជាតិ​រ៉ែ) ដែលបាត់បង់​ដោយ​សារ​រាក។

    – លាង​សម្អាត​ដៃឲ្យ​បាន​ញឹក​ញាប់៖ វិធី​ងាយ​ស្រួល​បំផុត​សម្រាប់យើង ដើម្បី​ចៀស​វាង​មេរោគ និង​បាក់តេរី ត្រូវ​លាង​សម្អាត​ដៃឲ្យ​បាន​ត្រឹម​ត្រូវ។ វិធី​នេះ សាមញ្ញ​ក៏ពិត​មែន ប៉ុន្តែ​គ្នា​យើង​ជា​ច្រើន​ មិន​បាន​ត្រឹមត្រូវនោះ​ទេ។

    ពេលយើង​លាង​សម្អាត​ដៃ នៅ​តាម​ចន្លោះ​ម្រាម​ដៃ និង​ក្រចក​ដៃបាន​ស្អាត​តាម​ក្បួន​អនាម័យ គប្បី​លាង​ដៃ​យ៉ាង​ហោច​ណាស់ ២០ វិនាទី។ មុន​នឹង​ញ៉ាំ​អាហារ និង​ក្រោយ​ពេល​ញ៉ាំ ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូឲ្យ​បាន​ស្អាត ពិសេស​រាល់​ពេល​ប៉ះពាល់​​ជាមួយ​សត្វ​ចិញ្ចឹម ឬ​ប្រើ​បង្គន់​រួច ត្រូវ​លាង​ដៃ​នឹង​សាប៊ូ​ឲ្យបានត្រឹមត្រូវ។

    អត្ថបទពាក់ព័ន្ធ៖

    ៣- ពេល​រាក​កាន់​តែ​ធ្ងន់ធ្ងរ ត្រូវ​ប្រញាប់​ជួប​ពេទ្យ

    បើមានជំងឺរាករូសធ្ងន់ធ្ងរ យូរ​ជាង ៤ សប្តាហ៍ ហើយបន្ទោបង់មាន​ឈាម ឬ​រាក​តែពេល​យប់ រាករូសផង ឈឺពោះផង ក្អួតចង្អោរផង ក្តៅខ្លួនផង ស្រកគីឡូ ជម្រើស​ដ៏ល្អបំផុត ប្រញាប់ទៅជួបពេទ្យជំនាញ​ដើម្បី​ព្យាបាលឲ្យ​បាន​ទាន់​ពេល​វេលា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ May 17, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម