backup og meta

ធ្វើម៉េចអាចដឹងកូនអាលែកហ្ស៊ីជាមួយអាហារ? មូលហេតុ និងរោគសញ្ញាម៉េចខ្លះ?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Oct 18, 2019

    ធ្វើម៉េចអាចដឹងកូនអាលែកហ្ស៊ីជាមួយអាហារ? មូលហេតុ និងរោគសញ្ញាម៉េចខ្លះ?

    អាលែកហ្ស៊ី សំដៅ​ទៅ​លើ​ប្រតិកម្ម​រាង​កាយ​ប្រឆាំង​នឹង​អ្វី​មួយមក​ពី​ខាងក្រៅ ​រាប់​បញ្ចូល​ទាំង​អាហារ​យើង​ញ៉ាំ​ផង​ដែរ។ ក្មេង​ៗ​មួយ​ចំនួន គឺ​មាន​ប្រតិកម្ម​ជា​មួយអាហារ​ដែល​ញ៉ាំ ដែល​បណ្តាល​មាន​ការ​ឡើង​រោល​កន្ទួល​ក្រហម​ស្បែក ក្អួត ពិបាក​ដក​បង្ហើម សន្លប់ ហើយ​ក្នុង​ករណី​ធ្ងន់​ធ្ងរ អាច​បណ្តាល​ឲ្យ​ស្លាប់​ទៀត​ផង។ ហេតុនេះ ប៉ាម៉ាក់ ទាំង​អស់​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ នឹង​ចេះ​កត់​សម្គាល់​អាហារ​ណាល្អ​សម្រាប់​កូន និង​អាហារ​ណា​ធ្វើ​ឲ្យ​កូន​មាន​អាលែកហ្ស៊ី។ “Hello គ្រូពេទ្យ’ នឹង​ពន្យល់​ពី​អាលែកហ្ស៊ី​ចំណី​អាហារ​លើ​ក្មេងៗ​ ក្នុង​អត្ថបទ​ខាង​ក្រោម​នេះ។

    ១- អ្វី​ជា​បញ្ហា​អាលែកហ្ស៊ីអាហារ?

    អាលែកហ្ស៊ី​អាហារ​ កើត​ឡើង​ពេល​រាង​កាយ​​យើង ​ចាត់ទុក​អាហារ​​ជារបស់​មាន​គ្រោះ​ថ្នាក់​ ដោយ​វា​ផ្ដល់​សញ្ញា​ទៅ​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ ផលិត​អង់​ទី​ករ​វាយ​តប​ត្រឡប់​ទៅ​វិញ។ រាល់​ការ​ប៉ះ​ពាល់​​ជាមួយ​អាហារ​ទាំង​អស់ មាន​ដូច​ជា​ការ​ប៉ះ ញ៉ាំ ឬ​ហិត​ក្លិន វា​នឹង​ធ្វើ​ឲ្យ​រាងកាយ​យើង​បញ្ចេញ​សារធាតុ​គីមី​ជាក់​លាក់​មួយ ហៅ​ថាហ៊ីស្តាមីន (Histamine) ដើម្បី​ការពារ​ខ្លួន។ សកម្មភាព​នេះ ​បញ្ចេញ​រោគ​សញ្ញា​អាលែកហ្ស៊ី​កើត​ឡើង ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​លើ​ប្រព័ន្ធ​ដង្ហើម ប្រព័ន្ធ​រំលាយ​អាហារ ស្បែក និង​ប្រព័ន្ធ​សរសៃ​ឈាម​បេះ​ដូង។

    ២- ធ្វើ​ម៉េច​ទើប​ដឹង​កូន​អាលែកហ្ស៊ី​ជាមួយ​អាហារ?

    រោគ​សញ្ញា​សាមញ្ញ​នៃ​បញ្ហា​អាលែកហ្ស៊ី​អាហារ​មាន​ដូច​ជា៖

    – ឡើង​ក្រហម​ស្បែក

    – ឡើង​កន្ទាលត្រអាក​លើ​ស្បែក

    – ឡើង​កន្ទួល​ក្រហម​រមាស់

    – ហើម​បបូរ​មាត់ ភ្នែក និង​មុខ

    – ហៀរ​សំបោរ ឬ​តឹង​ច្រមុះ កណ្ដាស់ ហៀរ​ទឹក​ភ្នែក

    – ចង្អោរ​ចង់​ក្អួត ក្អួត ឈឺ​ពោះ រាក

    – រមាស់​ក្នុង​មាត់ ឬ​បំពង់​ក។

    ​បើ​អាលែកហ្ស៊ី​មាន​សភាព​ធ្ងន់​ធ្ងរ ប្រតិកម្ម​អា​ណា​ហ្វី​ឡាក់​ទិច​ (Anaphylaxis) អាច​កើត​មាន​ឡើង ហេតុនេះ​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​មន្ទី​រពេទ្យ​បើ​កូន​យើង​​មាន​សញ្ញាដូច​ខាង​ក្រោម៖

    – ដក​ដង្ហើម​ឮសម្លេង

    – ថប់​ក្នុង​ទ្រូង

    – ហើម​អណ្ដាត និង​បំពង់​ក

    – ថប់​តាម​ផ្លូវ​ដង្ហើម

    – សម្ពាធ​ឈាម​ចុះ​ទាប​ខ្លាំងគ្រោះ​ថ្នាក់​ដល់​ជីវិត (Shock)

    – វិល​មុខ វង្វេង​រង្វាន់ បាត់​ស្មារតី។

    ក្នុង​ករណី​ខ្លះ ​បញ្ហា​អាលែកហ្ស៊ី​ជាមួយអាហារ ពិបាក​ក្នុង​ការ​កំណត់​ណាស់ ដោយ​សារ​តែ​វា​មាន​ភាព​សាំញ៉ាំ​ពេក។ បញ្ហា​មួយ​នេះ អាច​ហៅ​ម្យ៉ាងទៀត​ថា​ អាលែកហ្ស៊ី​លាក់​មុខ ច្រើន​កើត​លើ​ក្មេង​ទើប​កើត ហើយ​ខុស​គ្នា​ពី​អាលែកហ្ស៊ី​ចេញ​សញ្ញា​ភ្លាម​ៗ ដែល​វា​មាន​បញ្ចេញ​ហ៊ីស្តាមីន ចំណែក​ឯ​អាលែកហ្ស៊ី​ដែល​មិន​ងាយ​បង្ហាញ​សញ្ញា​វិញ​ វា​ទាក់​ទង​ជាមួយ​ប្រព័ន្ធ​ការ​ពារ​ខ្លួន​យើងត្រូវ​ការ​ពេល​យូរ​ទើប​ឆ្លើយ​តប​ជាមួយ​សារធាតុ​បង្ក​អាលែកហ្ស៊ី​ (Allergen)។

    ការ​ឆ្លើយ​តប​យឺត ​ធ្វើ​ឲ្យ​យើង​ពិបាកដឹងថា​ អាហារ​ណាមួយ​ ជាមូលហេតុ​ធ្វើ​ឲ្យ​អាលែកហ្ស៊ី ហើយ​ប៉ា​ម៉ាក់​ អាច​នឹង​បញ្ចុក​អាហារ​ដដែល និង​ធ្វើ​ឲ្យ​កូន​អាលែកហ្ស៊ី​ម្ដង​ហើយ​ម្ដង​ទៀត។ អាលែកហ្ស៊ី​ជា​មួយ​អាហារ​ ដែលមិន​ងាយ​បញ្ចេញ​សញ្ញា ​អាច​ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​ជំងឺ​មួយ​ចំនួន​ដូច​ជា ​ជំងឺ​ត្រអក​(Eczema) ហើម​ពោះ ឈឺ​ពោះ​ខ្លាំង ក្មេង​លូត​លាស់​មិនបាន​ល្អ រាករូស និង​ទល់​លាមក។ រោគ​សញ្ញា​ទាំង​អស់​នេះ ​នឹង​បាត់​ទៅ​វិញ​ នៅ​ពេលយើង​ឈប់​ឲ្យ​កូន​ៗ​ញ៉ាំ​អាហារ​ណា​ធ្វើ​ឲ្យ​អាលែកហ្ស៊ីទាំង​នេះ។ អាហារ​បង្ក​បញ្ហា​ទាំង​អស់ ភាគ​ច្រើនគឺ​ទឹក​ដោះ​គោ ទឹក​សណ្ដែក ស៊ុត និង​ស្រូវ​សាលី។

    អត្ថបទ​ពាក់​ព័ន្ធ៖

    • នេះជាហេតុផល កូនយើងត្រូវការវីតាមីន និងសារធាតុរ៉ែជាចាំបាច់!
    • បន្លែបៃតងល្អចំពោះសុខភាពកូន តែគួរចម្អិនបែបណា ទើបសុវត្ថិភាព?

    ៣- អាលែកហ្ស៊ីអាហារ និងការញ៉ាំអាហារខុស

    ភាគ​ច្រើនយើង​តែង​ច្រឡំ​គ្នា​ រវាង​បញ្ហា​ទាំង​ពីរ​នេះ ហើយ​ករណី​ញ៉ាំ​អាហារ​ខុស ​ធ្វើ​ឲ្យ​ចេញ​រោគ​សញ្ញា​ស្រដៀង​គ្នា​ ប៉ុន្តែ​វា​មិនទាក់​ទង​គ្នា​ជាមួយ​នឹង​ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន ហើយរាងកាយ​ក៏​​មិន​បញ្ចេញ​ហ៊ីស្តាមីន​ដែរ។ ញ៉ាំ​អាហារ​ខុស ​អាច​ដោយ​សារ​តែ​ប្រព័ន្ធ​រំលាយ​អាហារ​​មិន​អាច​ធ្វើ​​ការ​បាន​ល្អ​ចំពោះ​អាហារ​មួយ​ចំនួន។ បញ្ហា​នេះ​ អាច​គួរ​ឲ្យ​ធុញ​ទ្រាន់ ប៉ុន្តែ​វា​​មិន​បង្ករ​ឲ្យ​មាន​គ្រោះ​ថ្នាក់​នោះ​ទេ។

    ៤- គួរ​ធ្វើ​ម៉េច​ពេល​កូន​អាលែកហ្ស៊ី​ជាមួយ​អាហារ?

    បញ្ហា​អាលែកហ្ស៊ី​​អាហារ​ ងាយ​ដឹង​ណាស់ ដោយ​សារ​តែ​រាងកាយ​យើង​នឹង​ប្រតិកម្ម​ភ្លាម​ៗ​ ជាមួយ​នឹង​អាហារ​ទាំង​នោះ។ បើយើង​​សង្ស័យ​ថា​កូន​អាលែកហ្ស៊ី​ជាមួយ​អាហារណា​មួយ មិន​ត្រូវ​​ឲ្យ​គេ​ទៅ​ប៉ះ​ពាល់អាហារ​នោះ​ដាច់​ខាត​ រហូត​ទាល់​តែ​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​សិន។ បើ​សង្ស័យ​ថា​កូន​​មាន​ជំងឺ ឧទាហរណ៍​ មាន​អាការៈ ​រាក ឬ​ភើ​ ហើម​ពោះ ដោយ​សារ​តែ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​លាក់​មុខ​រយៈពេល​យូរ សូម​កត់​ចំណាំ​របប​អាហារកូន​យើងញ៉ាំ ហើយ​បើកូននៅ​បៅ​ដោះ​ទេ សូម​កត់​ចំណាំ​រាល់​ចំណី​អាហារ​ម៉ាក់ៗ​ញ៉ាំ ដើម្បី​អាច​ដឹង​ ​តើ​រោគ​សញ្ញា​កើត​ឡើង​ទាក់​ទង​នឹង​ប្រភេទ​អាហារ​ណា​មួយ។ ការកត់​ចំណាំ​នេះ នឹង​ជា​ជំនួយ​​ល្អ​បំផុត នៅ​ពេលយើង​យក​កូន​ទៅ​ជួប​ពេទ្យ។

    ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Oct 18, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម