backup og meta

ក្រូចថ្លុង​ សម្បូរជាតិសរសៃ និងប្រយោជន៍ច្រើនទៀតដល់សុខភាព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 27, 2021

    ក្រូចថ្លុង​ សម្បូរជាតិសរសៃ និងប្រយោជន៍ច្រើនទៀតដល់សុខភាព

    ក្រូចថ្លុងក្រៅពីមានរសជាតិផ្អែមឆ្ងាញ់ហើយ ផ្លែឈើប្រភេទនេះក៏សម្បូរទៅដោយវីតាមីន ជាតិរ៉ែ និង សារធាតុប្រឆាំងអ៊ុកស៊ីតកម្មដែលល្អចំពោះសុខភាពទៀតផង។ អត្ថបទនេះនឹងបង្ហាញពីអត្ថប្រយោជន៍នៃក្រូចថ្លុងដែល​គ្នា​យើង​គ្រប់​គ្នា​មិន​គួរ​មើល​រំលង​។

    សម្បូរសារធាតុចិញ្ចឹមខ្ពស់

    ក្រូចថ្លុងមានផ្ទុកនូវវីតាមីន និងជាតិរ៉ែជាច្រើន ជាពិសេសវីតាមីន C។ ផ្លែក្រូចថ្លុងមួយ (ប្រហែល ៦១០ក្រាម) មាន៖

    • កាឡូរី ២៣១
    • ប្រូតេអ៊ីន ៥ក្រាម
    • កាប៊ូអ៊ីដ្រាត ៥៩ក្រាម
    • ជាតិសរសៃ (Fiber) ៦ក្រាម
    • Riboflavin ១២,៦% 
    • Thiamine ១៧,៣% 
    • វីតាមីន C ៤១២%  
    • ស្ពាន់ (copper) ៣២%  
    • ប៉ូតាស្យូម ២៨%  

    សម្បូរជាតិសរសៃ (Fiber)  

    ក្នុងមួយថ្ងៃ យើងត្រូវការជាតិសរសៃយ៉ាងតិចណាស់ ២៥ក្រាម។ ផ្លែក្រូចថ្លុងមួយ (៦១០ក្រាម) មានជាតិសរសៃ៦ក្រាម ដូចនេះការញ៉ាំក្រូចថ្លុងជាជម្រើសមួយដ៏ល្អសម្រាប់បំពេញជាតិសរសៃសម្រាប់រាងកាយ។ ជាតិសរសៃនេះអាចជួយដល់ការបន្ទោបង់ និងបង្ការការទល់លាមក។ មិនត្រឹមតែប៉ុណ្ណោះ ជាតិសរសៃអាចជួយដល់ឆ្អឹង ការរក្សាទម្ងន់រយៈពេលវែង ជំនួយដល់សុខភាពពោះវៀន និងខួរក្បាល​ រួមទាំងបន្ថយការប្រឈមនឹងការកើតជំងឺរ៉ាំរ៉ៃមួយចំនួន។ 

    ជួយដល់ការបញ្ចុះទម្ងន់

    ក្រូចថ្លុងជាអាហារមានកាឡូរីទាប ដែលអាចជួយដល់ការបញ្ចុះទម្ងន់ដល់គ្នា​យើង​ណាដែល​ចង់ស្រក​គីឡូ។ ម៉្យាងទៀតក្រូចថ្លុងក៏មានប្រូតេអ៊ីន និងជាតិសរសៃ ដែលអាចជួយឲ្យយើងឆ្អែតបានយូរ។ ដូចនេះ ផ្លែក្រូចថ្លុងជាជម្រើសដ៏ល្អប្រសិនជាយើងចង់កាត់បន្ថយចំនួនកាឡូរីក្នុង​រាងកាយ​ និងសម្រកទម្ងន់។ 

    អត្ថបទពាក់ព័ន្ធ៖ បន្លែ និងផ្លែឈើ ដែលញ៉ាំមិនឡើងគីឡូ ហើយមានប្រយោជន៍ដល់សុខភាពច្រើនទៀត

    សម្បូរសារធាតុប្រឆាំងអ៊ុកស៊ីតកម្ម (antioxidants)

    ផ្លែក្រូចថ្លុងសម្បូរទៅដោយសារធាតុប្រឆាំងអ៊ុកស៊ីតកម្ម ដែលអាចជួយក្នុងការបង្ការ និងបម្រុងទុកនូវកោសិកាដែលខូចខាតដោយសារពពួករ៉ាឌីកាល់​សេរី

    ពពួករ៉ាឌីកាល់​សេរីគឺជាសមាសធាតុដែលមាននៅក្នុងបរិយាកាស​ និងអាហារ​ដែលអាចបង្កឲ្យមានបញ្ហាសុខភាព និងជំងឺរ៉ាំរ៉ៃ។ ដោយសារក្រូចថ្លុងមានផ្ទុកនូវវីតាមីន C​ ច្រើន លទ្ធភាព​ក្នុង​ការ​បញ្ចេញ​សារធាតុប្រឆាំងអ៊ុកស៊ីតកម្មក៏​ល្អ​ដែរ​។ សារធាតុប្រឆាំងអ៊ុកស៊ីតកម្មសំខាន់នៅក្នុងផ្លែឈើនេះគឺ naringenin និងnaringin រួមទាំងមាននូវសារធាតុប្រឆាំង​អ៊ុកស៊ីតកម្ម lycopene (មាននៅក្នុងប៉េងប៉ោះដែរ​) ដែលប្រឆាំងនឹងការរលាកទៀតផង។ 

    ជួយដល់សុខភាពបេះដូង

    ផ្លែក្រូចថ្លុងអាចជួយកាត់បន្ថយនូវ​កូ​លេស្តេ​រ៉ូល និងខ្លាញ់អាក្រក់ (Triglycerides) ដែលបង្កជំងឺបេះដូង។ ប្រសិនជាអ្នកកំពុងប្រើប្រាស់ថ្នាំបញ្ចុះកូ​លេស្តេ​រ៉ូល (Statins) គួរចៀសវាងបរិភោគក្រូចថ្លុង។ 

    ជួយពន្យាភាពចាស់

    ផ្លែក្រូចថ្លុង​សម្បូរវីតាមីន C ដែលអាចជួយបង្ការការខូចខាតរបស់ស្បែក និងជួយរក្សាសម្រស់។ បន្ថែមពីនេះទៀត ក្រូចថ្លុងក៏ជួយកាត់បន្ថយ AGEs (Advanced glycation end products) កម្រិតជាតិស្ករក្នុងឈាមបាន​ដែរ​។​

    អត្ថបទពាក់ព័ន្ធ​៖ វីតាមីន C លាក់កំពូលអត្ថប្រយោជន៍ អាចជួយស្បែកឲ្យស ភ្លឺរលោង

    ជាសារធាតុប្រឆាំងបាក់តេរី និងផ្សិត

    ផ្លែក្រូចថ្លុងក៏មានផ្ទុកសារធាតុប្រឆាំងនឹងបាក់តេរី​ និងផ្សិតដែរ។​ ការស្រាវជ្រាវជាច្រើនបានសិក្សាទៅលើឥទិ្ធពលនេះដោយប្រើប្រាស់នូវប្រេងដែលធ្វើពីសំបកក្រូចថ្លុង។ ប្រេងនេះមានកំហាប់ខ្លាំង ដូចនេះគួរចៀសវាងការបរិភោគ និងត្រូវពង្រាវឲ្យបានត្រឹមត្រូវមុននឹងប្រើប្រាស់។ 

    បង្ការជំងឺមហារីក 

    ផ្លែក្រូចថ្លុង​ក៏អាចជួយកំចាត់កោសិកាមហារីក និងទប់ស្កាត់ការរីករាលដាលនៃមហារីកដែរ។ តាមការពិសោធន៍ទៅលើសត្វកណ្តុរបានបង្ហាញថា សារធាតុប្រឆាំងអ៊ុកស៊ីតកម្មអាចកំចាត់នូវកោសិកាមហារីក និងជួយដល់ប្រព័ន្ធភាពស៊ាំ។ ការពិសោធន៍ផ្សេងទៀតបានឲ្យដឹងថាសារធាតុ Naringenin នៅក្នុងផ្លែក្រូចថ្លុងអាចកំចាត់នូវកោសិកាមហារីកក្រពេញប្រូស្តាត និងលំពែងរួមទាំងទប់ស្កាត់ការរីករាលដាលនៃមហារីកសួតទៀត។ សូមបញ្ជាក់ដែរថា ឥទិ្ធពលផ្លែក្រូចថ្លុងទៅលើមហារីកនេះ នៅត្រូវធ្វើការសិក្សាបន្ថែមទៀតជាពិសេសទៅលើមនុស្ស។ 

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម