ដំឡូងជ្វាគឺជាអាហារដែលសម្បូរដោយជាតិសរសៃ ប៉ូតាស្យូម វីតាមីន និងសារធាតុចិញ្ចឹមចាំបាច់ផ្សេងៗដែលមានប្រយោជន៍ដល់សុខភាព។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ដំឡូងជ្វាគឺជាអាហារដែលសម្បូរដោយជាតិសរសៃ ប៉ូតាស្យូម វីតាមីន និងសារធាតុចិញ្ចឹមចាំបាច់ផ្សេងៗដែលមានប្រយោជន៍ដល់សុខភាព។
ការញ៉ាំដំឡូងជ្វា ១២៤ក្រាមផ្តល់ជាតិទឹកប្រហែល ៩៨,៧ក្រាម និងសារធាតុចិញ្ចឹមផ្សេងៗទៀត៖
ដំឡូងជ្វាផ្តល់ប្រយោជន៍ច្រើនដល់សុខភាពមានដូចជា៖
១. ជំងឺទឹកនោមផ្អែម
ការសិក្សាឆ្នាំ២០១៨ អ្នកវិទ្យាសាស្ត្របានរកឃើញថាសំបកដំឡូងជ្វាជួយដល់ការប្រែប្រួលអ័រម៉ូនអាំងស៊ុយលីនរបស់មនុស្សមានជំងឺទឹកនោមផ្អែមប្រភេទ២។ ម៉្យាងទៀត ជាតិសរសៃនៅក្នុងដំឡូងជ្វាក៏សំខាន់ដែរ។ ការសិក្សាជាច្រើនបានរកឃើញថាអ្នកញ៉ាំជាតិសរសៃច្រើនមានហានិភ័យទាបក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទ២។
ក្នុងកម្មវិធីរបបអាហាររបស់សហរដ្ឋអាមេរិកឆ្នាំ២០១៥–២០២០បានណែនាំថាសម្រាប់មនុស្សពេញវ័យអាយុចាប់ពី១៩ឆ្នាំឡើង គួរញ៉ាំជាតិសរសៃឲ្យបាន ២២,៤ ទៅ៣៣,៦ក្រាមក្នុងមួយថ្ងៃ។
២.សុខភាពបេះដូង
សមាគមជំងឺបេះដូងសហរដ្ឋអាមេរិក (AHA) បានលើកទឹកចិត្តឲ្យយើងចៀសវាងការញ៉ាំអាហារដែលមានអំបិលច្រើន និងងាកមកញ៉ាំអាហារសំបូរដោយប៉ូតាស្យូមដើម្បីជួយដល់សុខភាពបេះដូង។ ដូចបានលើកឡើងខាងលើថាការញ៉ាំដំឡូងជ្វា ១២៤ក្រាមផ្តល់ប៉ូតាស្យូម ២៥៩មីល្លិក្រាម គឺស្មើនឹងប្រហែល៥%នៃកម្រិតត្រូវការប្រចាំថ្ងៃ។ ការណែនាំថ្មីៗនេះណែនាំឲ្យមនុស្សពេញវ័យញ៉ាំប៉ូតាស្យូម៤ ៧០០មីល្លិក្រាមក្នុងមួយថ្ងៃ។
៣. សុខភាពភ្នែក
ដូចបានរៀបរាប់ខាងលើ ដំឡូងជ្វាសំបូរដោយវីតាមីន Aក្នុងទម្រង់ជា Beta-carotene។ សម្រាប់មនុស្សពេញវ័យចាប់ពីអាយុ១៨ឆ្នាំ មានការណែនាំឲ្យញ៉ាំវីតាមីន A ៧០០មីល្លិក្រាមក្នុងមួយថ្ងៃសម្រាប់ស្ត្រី និងបុរស ៩០០មីល្លិក្រាម។ វីតាមីន Aគឺសំខាន់ក្នុងការការពារសុខភាពភ្នែក។
យោងតាម Office of Dietary Supplements ដំឡូងជ្វាដុតមួយមើមផ្តល់វីតាមីន A ១ ៤០៣មីល្លិក្រាមស្មើនឹង៥៦១%នៃកម្រិតត្រូវការប្រចាំថ្ងៃ។
អត្ថបទពាក់ព័ន្ធ៖
៤. ជំងឺមហារីក
ដំឡូងជ្វាគឺប្រភពដ៏ល្អរបស់ Beta-carotene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រូវីតាមីន (provitamin) ដែលរាងកាយបំលែងទៅជាវីតាមីន A។ សារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយកាត់បន្ថយហានិភ័យជំងឺមហារីកផ្សេងៗក្នុងនោះរួមមានជំងឺមហារីកសួត និងក្រពេញប្រូស្តាត។
សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Beta-caroteneគឺអាចជួយការពារការខូចខាតកោសិកាដែលបង្កដោយពពួករ៉ាឌីកាល់សេរី។ ប្រសិនជាកម្រិតរ៉ាឌីកាល់សេរីក្នុងរាងកាយច្រើន ការខូចខាតកោសិកាអាចកើតឡើង។ ការទទួលបានសារធាតុប្រឆាំងអុកស៊ីតកម្មពីចំណីអាហារអាចការពារជំងឺមហារីកបាន។
៥. ការរំលាយអាហារ
ជាតិសរសៃនៅក្នុងដំឡូងជ្វាអាចបង្ការការទល់លាមក និងជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ។ ការសិក្សាជាច្រើនក៏បានបង្ហាញពីទំនាក់ទំនងរវាងការញ៉ាំជាតិសរសៃច្រើន និងការបន្ថយហានិភ័យជំងឺមហារីកពោះវៀនធំ។
៦. ប្រព័ន្ធភាពស៊ាំ
តាមការណែនាំ សម្រាប់ស្ត្រីត្រូវញ៉ាំវីតាមីន C ៧៥មីល្លិក្រាម និងសម្រាប់បុរស ៩០មីល្លិក្រាម។ អ្នកញ៉ាំវីតាមីន C តិច ឬគ្មានវីតាមីន C អាចកើតមានជំងឺ scurvy ដោយអាការៈល្ហិតល្ហៃ អស់កម្លាំង អាចមានឈាមតាមអញ្ចាញធ្មេញជាដើម ដោយសារតែខ្វះវីតាមីន C នេះ។
វីតាមីន C ក៏ជួយទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំ និងជួយដល់ការស្រូបយកជាតិដែក។ ការខ្វះវីតាមីន C អាចបង្កើនហានិភ័យនៃជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕