backup og meta

ស្រីៗជួបបញ្ហា​ស្បែកមុខឡើង​ខ្លាញ់ សាក​ប៉ុន្មានវិធីនេះអាចកាត់បន្ថយបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 02, 2020

    ស្រីៗជួបបញ្ហា​ស្បែកមុខឡើង​ខ្លាញ់ សាក​ប៉ុន្មានវិធីនេះអាចកាត់បន្ថយបាន

    គ្នាយើង​អាច​នឹង​មាន​បញ្ហា​មុខ​ខ្លាញ់​ដែល​បង្ក​ដោយសារ​ការ​ផលិត​ខ្លាញ់​ច្រើន​របស់​ក្រពេញ​ខ្លាញ់ ហើយ​នៅ​ពេល​មុខ​ខ្លាញ់​ច្រើន​អាច​បង្ក​ឲ្យ​កក​ស្ទះ​រន្ធ​ញើស និង​មាន​បញ្ហា​មុន។ ការ​កើន​ឡើង​នៃ​ការ​ផលិត​ខ្លាញ់​អាច​មក​ពី​ហ្សែន ការ​ប្រែប្រួល​អ័រម៉ូន ឬ​ស្ត្រេស​។ ប៉ុន្តែ​យើង​អាច​កាត់បន្ថយ​បញ្ហា​មុខ​ខ្លាញ់​បាន​តាម​រយៈ​ប៉ុន្មាន​វិធី​ខាង​ក្រោម។

    ១. លាង​សម្អាត​មុខ​ជា​ប្រចាំ

    យើង​អាច​លាង​សម្អាត​មុខ​ជាមួយ​នឹង​ផលិតផល​ដែល​មាន​ជាតិ​កាត់​តិច និង​មាន​pH ៥,៥  ចំនួន​ពីរ​ដង​ក្នុង​មួយថ្ងៃ​គឺ​ពេល​ព្រឹក និង​ពេល​ល្ងាច។ ក្រោយ​ពី​ហាត់ប្រាណ​រួច​យើង​ក៏​ត្រូវ​សម្អាត​មុខ​ដែរ​ដើម្បី​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ។ ការ​ប្រើ​ហ្វូម​សម្អាត​មុខ​ដែល​​មាន​ជាតិ​កាត់​ខ្លាំង​អាច​ធ្វើ​ឲ្យ​ការ​ផលិត​ខ្លាញ់​កាន់តែ​ច្រើន។

    ២. ប្រើ​ទឹក​ផ្តល់​សំណើម (Moisturizer) ជាប្រចាំ

    គ្នាយើង​មួយ​ចំនួន​គិត​ថា​ទឹក​ផ្តល់​សំណើម​បង្កើន​ការ​ផលិត​ខ្លាញ់​នៅ​លើ​ស្បែក ឬ​ធ្វើ​ឲ្យ​ស្ទះ​រន្ធញើស ប៉ុន្តែ​ទឹក​ផ្តល់​សំណើម​ដែល​មិន​មាន​ជាតិ​ប្រេង​អាច​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក​បាន។ យក​ល្អ​គួរ​ជ្រើសរើស​ទឹក​ផ្តល់​សំណើម​សម្រាប់​ពេល​ថ្ងៃ​ដែល​អាច​ការពារ​កម្ដៅ​​ព្រះ​អាទិត្យ (SPF 30+)។

    ៣. ផ្លាស់ប្ដូរ​របប​អាហារ​

    សាកលវិទ្យាល័យ​ផ្នែក​ជំងឺ​សើស្បែក​សហរដ្ឋអាមេរិក​បាន​ណែនាំ​ថា​អាហារ​ និង​ភេសជ្ជៈ​ដែល​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​លឿន​អាច​បង្ក​ការ​រលាក និង​ការផលិត​ខ្លាញ់​បាន។ ដូចនេះ​ហើយ​អ្នក​មាន​ស្បែក​មុខ​ខ្លាញ់​គួរ​ញ៉ាំ​បន្លែ ផ្លែឈើ និង​ពពួក​សណ្ដែក​ឲ្យ​បាន​ច្រើន។

    ៤. ប្រើប្រាស់​ផលិតផល​មាន​អាស៊ីដ​សាលីស៊ីលិច (Salicylic acid)

    ការ​ប្រើប្រាស់​ផលិតផល​ខាត់​មុខ​មាន​អាស៊ីដ​សាលីស៊ីលិច​រាល់​សប្ដាហ៍​អាច​ជួយ​កម្ចាត់​កោសិកា​ស្បែក​ដែល​ងាប់ ខ្លាញ់​ដែល​លើស​លើ​ស្បែក​មុខ និង​កម្ទេច​ធូលី​នៅ​លើ​ស្បែក​។

    ៥. ប្រើប្រាស់​ផលិតផល​មាន​ជាតិ​តែ​បៃតង

    សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ផូលីហ្វេណុល (Polyphenol) មាន​ក្នុង​តែ​បៃតង​អាច​ជួយ​ព្យាបាល​បញ្ហា​ស្បែក​ផ្សេងៗ​រួម​ទាំង​ស្បែក​ខ្លាញ់​ដែរ។ ការ​សិក្សា​ឆ្នាំ​២០១៧​ បាន​បង្ហាញ​ថា​សារធាតុ​ផូលីហ្វេណុល​នៅ​ក្នុង​តែ​បៃតង​អាច​កាត់បន្ថយ​ការ​ផលិត​ខ្លាញ់​បាន។

    ៦. លាង​សម្អាត​គ្រឿង​សម្អាង​មុន​ចូល​គេង

    នៅ​ពេល​ដែល​យើង​ទុក​គ្រឿង​សម្អាង​លើ​មុខ​ចោល​ពេញ​មួយ​យប់ វា​អាច​នឹង​កក​នៅ​រន្ធ​ញើស និង​ធ្វើ​ឲ្យ​ស្បែក​រលាក។ ដូចនេះ​យក​ល្អ​គួរ​លាង​សម្អាត​គ្រឿង​សម្អាង​ចេញ​មុន​ចូល​គេង។

    ៧. គ្រប់គ្រង​ស្ត្រេស

    អ្នក​វិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹង​ថា​ស្ត្រេស​អាច​ភ្ញោច​ការ​បញ្ចេញ​អ័រម៉ូន​ដែល​ជំរុញ​ការ​ផលិត​ខ្លាញ់។ ហេតុ​នេះ​ហើយ​គួរ​គ្រប់គ្រង​ស្ត្រេស​ឲ្យ​បាន​ល្អ​ដោយ​ហាត់​យ៉ូហ្កា សមាធិ ចៀសវាង​ការ​ផឹក​គ្រឿង​ស្រវឹង គេង​ឲ្យ​បាន​គ្រប់គ្រាន់ ហាត់ប្រាណ​ និង​ផឹក​ទឹក​ឲ្យ​បាន​ច្រើន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 02, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម