backup og meta

តិចនិក​ងាយ​ៗ​ ធ្វើ​ឲ្យ​ស្បែក​​មុខ​ភ្លឺ​ថ្លា​ត្រឹម​​មួយ​សប្ដាហ៍

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 27, 2020

    តិចនិក​ងាយ​ៗ​ ធ្វើ​ឲ្យ​ស្បែក​​មុខ​ភ្លឺ​ថ្លា​ត្រឹម​​មួយ​សប្ដាហ៍

    គ្មាន​អ្នក​ណា​ដែល​មិន​ចង់​បាន​ស្បែក​ភ្លឺ​ស្រស់​ថ្លា ទន់​ម៉ត់​រលោង​ គួរ​ឲ្យ​ចង់​គយគន់​នោះ​ទេ​។​ ប៉ុន្តែ​ ដើម្បី​ទទួល​បាន​​ភាព​ស្រស់​ស្អាត​ ​យើង​​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ថែទាំ​ឲ្យ​បាន​ដិត​ដល់​ ចៀស​វាង​​មាន​ការ​សោក​ស្ដាយ​ទៅ​ថ្ងៃ​ក្រោយ​។​ យើង​អាច​​ជា​ស្ត្រី​ដែល​មា​ន​​ភាព​ជឿជាក់​លើ​សម្រស់​ខ្លួន​ឯង ​ដោយ​គ្រាន់​តែ​អនុវត្ត​តិចនិក​ងាយ​ៗ ក្នុង​ការ​ផ្លាស់​ប្ដូរ​ស្បែក​មុខ​យើង​​​ត្រឹម​ពេល​​មួយ​សប្ដាហ៍​។

    .​កំណត់​ប្រភេទ​ស្បែក

    ស្បែក​មុខ​យើង​ មាន​៥ប្រភេទ​ គឺ​ស្បែក​ស្ងួត​ ប្រេង​ ចម្រុះ​ ធម្មតា​ និង​ស្បែក​ងាយ​ប្រតិកម្ម​។ ដូចនេះ វា​ជា​រឿង​ចាំបាច់​មួយ​ ដែល​យើង​​ត្រូវ​ដឹង​ថា​តើ​យើង​មាន​​ស្បែក​​មុខ​ប្រភេទ​ណា​ មុន​ពេល​ចាប់​ផ្ដើម​ថែទាំ​​។​ ការ​ថែទាំ​ស្បែក​ត្រឹម​ត្រូវ​ ទៅ​តាម​ប្រភេទ​ស្បែក​ នឹង​ធ្វើ​ឲ្យ​យើង​​ទទួល​ប្រសិទ្ធភាព​យ៉ាង​​ឆាប់​រហ័ស​។

    . លាង​សម្អាត​ស្បែក

    ការ​លាង​សម្អាត​ស្បែក​ គឺ​ជា​រឿង​ចាំបាច់​បំផុត​ ដែល​យើង​ម្នាក់​ៗ​មិន​គួរ​មើល​​រំលង​។ ជ្រើសរើស​ហ្វូម​លាង​មុខ​ដែល​គ្មាន​សារជាតិ​កាត់​ ដើម្បី​កម្ចាត់​​ធូលី​ដី​ ភាព​កខ្វក់​ គ្រឿងMakeup និង​ជាតិ​ប្រេង​។​ បន្ទាប់​មក​ ជូត​មុខ​​ថ្នម​ៗ​ដោយ​ប្រើ​កូន​កន្សែង​ស្អាត​។ ចៀស​វាង​ជូត​មុខ​ខ្លាំង​​ៗ​ ដែល​ធ្វើ​ឲ្យ​ស្បែក​រលាក​ ឬ​ក្រហាយ​។

    សុខភាព​ស្បែក

    . ទឹក​ជូត​មុខ

    បន្ទាប់​ពី​លាង​សម្អាត​ស្បែក​រួច ចូរ​ប្រើ​ទឹក​ជូត​មុខ​ដែល​ស័ក្ដិ​សម​នឹង​ប្រភេទ​ស្បែក​របស់​យើង​​​ ដោយ​ចាក់​ទឹក​ជូត​មុខ​នៅ​លើ​សំឡី​ រួច​ជូត​​ស្រាល​ៗ​នៅ​លើ​មុខ​​ឲ្យ​សព្វ​ល្អ​។

    . ផ្ដល់​សំណើម​ដល់​ស្បែក

    ​​​ជំហាន​បន្ទាប់​ ចូល​ប្រើ​ក្រែម​ផ្ដល់​សំណើម​ ដើម្បី​បំពេញ​ជាតិ​ទឹក​ និង​ធ្វើ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ ចាក​ឆ្ងាយ​​ពី​ភាព​ជ្រីវជ្រួញ​ ក៏​ដូចជា​ស្បែក​ស្រអាប់​មិន​ភ្លឺ​ថ្លា​។

    . ប្រើ​ក្រែម​​​ការពារ​​ស្នាម​ជ្រីវជ្រួញ​ក្រោម​ភ្នែក

    ដោយ​សារ​ក្រោម​ភ្នែក​ គឺ​ជា​ផ្នែក​ដែល​ស្តើង​បំផុត​នៃ​ស្រទាប់​​ស្បែក​ ដូចនេះ​វា​ត្រូវ​ការ​សំណើ​ម​ជាង​ផ្នែក​ផ្សេង​ទៀត​។ ចូរ​ប្រើ​ក្រែម​ការពារ​ស្នាម​ជ្រីវជ្រួញ​ក្រោម​ភ្នែក​ ដោយ​លាប​ថ្នមៗ​នៅ​ខាង​ក្រោម​ភ្នែក កន្ទុយ​ភ្នែក និង​លើ​ត្របក​ភ្នែក​។

    . គ្រប់គ្រង​ស្រ្តេស​​

    នៅ​ពេល​ដែល​យើង​​គិត​ច្រើន​ ធ្វើ​ការ​ច្រើន​ ឬ​មាន​បញ្ហា​ស្រ្តេស​ ​យើង​​នឹង​ប្រឈម​​ការ​កើត​មុន​។​ដូចនេះ​ ចូរ​​ស្វែង​រក​វិធី​សាស្ត្រ​ផ្សេង​ៗ​ ដើម្បី​បន្ធូរ​អារម្មណ៍​ ដូច​ជា​ស្ដាប់​ចំរៀ​ង ​អាន​សៀវ​ភៅ​ ឬ​មើល​ភាព​យន្ត​ជា​ដើម​។​ ម្យ៉ាង​វិញ​ទៀត​ ការ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ គឺជា​រឿង​សំខាន់​បំផុត។

    . ចៀសវាង​អាហារ​មិនល្អ

    ​​​​​​របប​អាហារ ​គឺ​ផ្នែក​មួយ​ដ៏​សំខាន់​ ដើម្បី​ទទួល​បាន​ស្បែ​ក​ស្អាត​ ភ្លឺ​ថ្លា​ និង​ក្មេង​ជាង​វ័យ​។ ប្រសិន​បើ​យើង​​ចូលចិត្ត​ញ៉ាំ​អាហារ​ដែ​ល​មាន​ជាតិ​ខ្លាញ់​ច្រើន​ ឬ​អាហារ​ចៀន​ ស្បែក​យើង​​នឹង​ងាយ​​កើត​មាន​បញ្ហា​មុន​។ ​​ចូរ​ជ្រើស​រើស​អាហារ​ដែល​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ វីតាមីន និង​សារធាតុ​ចិញ្ចឹម​ល្អៗ​ ផ្សេង​ទៀត​ជំនួស​វិញ​។

    . ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន និង​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​

    ទឹក​គឺ​ជា​អ្វី​ដែល​រាងកាយ​យើង​មិន​អាច​ខ្វះ​បាន​។ ការ​ញ៉ាំ​ទឹក​គ្រប់​គ្រាន់​នឹង​ធ្វើឲ្យ​ស្បែក​យើង​​ភ្លឺ​ស្រស់​ថ្លា និង​មាន​សុខភាព​ល្អ។ ​ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​៨​កែវ​ក្នុង​មួយ​ថ្ងៃ​។​ លើ​ស​ពី​នេះ យើង​​គួរ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ ដើម្បី​បង្កើន​ចលនា​ឈាម​រត់​​ ដែល​ជួយ​ផ្ដល់​នូវ​អុកស៊ីសែន​​ដល់​កោសិកា​ស្បែក​របស់​យើង​។

    .​ប្រើ​ឡេ​ការពារ​កម្ដៅ​​ថ្ងៃ

    កម្ដៅ​ថ្ងៃ​ គឺ​ជា​ភ្នាក់ងារ​បំផ្លាញ​ស្បែក​​យ៉ាង​ធ្ងន់​ធ្ងរ​ ដែល​អាច​បង្ក​ទៅ​ជា​ជំងឺ​​មហារីក​ស្បែក​បាន​ផង​ដែរ​ ​​​។ ហេតុ​នេះ​ហើយ​ ការ​​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ជា​ប្រចាំ​ ទោះ​បី​ជា​យើង​នៅ​ក្នុង​ផ្ទះ ឬ​ចេញ​ខាង​ក្រៅ​ក៏ដោយ​ នឹង​ធ្វើ​ឲ្យ​ស្បែក​យើង​​មាន​​សុខភាព​ល្អ ចៀស​ឆ្ងាយ​ពី​បញ្ហា​ស្បែក​ផ្សេងៗ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Nov 27, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម