backup og meta

​កន្ទាល​ត្រអាក​រ៉ាំរ៉ៃ អាច​បណ្តាល​មក​ពី​បញ្ហា​សុខភាព​ទាំង​នេះ

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

    ​កន្ទាល​ត្រអាក​រ៉ាំរ៉ៃ អាច​បណ្តាល​មក​ពី​បញ្ហា​សុខភាព​ទាំង​នេះ

    កន្ទាល​ត្រអាក បើ​ស្តាប់​ទៅ អាច​ជា​បញ្ហា​ស្បែក​ធម្មតាៗ ប៉ុន្តែ​ក៏​គួរ​ឲ្យ​ធុញ​ទ្រាន់ដោយ ធ្វើ​ឲ្យយើង​រមាស់ រក​ដេក​ពួន​មិន​បាន។ ចុះ​គ្នា​យើង​ណា​ខ្លះ​ឧស្សាហ៍​ចេញ​កន្ទាល​ត្រអាក? ក្នុង​លក្ខខណ្ឌ​ធម្មតា កន្ទាល​ត្រអាក​មិន​គួរ​ឲ្យ​ខ្លាច​ទេ ប៉ុន្តែ​ករណី​ខ្លះ ឡើង​កន្ទាល​ត្រអាក ក៏​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​មួយ​ចំនួន​ដូច​គ្នា។ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​ពី​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​មួយ​ចំនួន នាំ​ឲ្យ​យើង​ឡើង​កន្ទាល​ត្រអាក។

    ១- ស្ត្រេស

    អ្នក​ស្រាវជ្រាវ​លើក​ឡើង​ថា ស្ត្រេស ក៏​ជា​មូល​ហេតុ​ចម្បង​មួយ​នាំ​ឲ្យ​ងាយ​មាន​បញ្ហា​កន្ទាល​ត្រអាក​រ៉ាំរ៉ៃ ជា​ភាសា​បច្ចេកទេស​ហៅ​ថា Chronic Urticaria ឬ Chronic Hives។ ទោះ​អ្នក​វិទ្យាសាស្ត្រ នៅ​មិន​ទាន់​មាន​ភស្តុតាង​ច្បាស់​ដើម្បី​បញ្ជាក់​នៅ​ឡើយ ប៉ុន្តែ​កម្រិត​ស្ត្រេស ត្រូវ​គេ​រក​ឃើញ​អាច​ធ្វើ​ឲ្យ​បញ្ហា​កន្ទាល​ត្រអាក​កាន់​តែ​ធ្ងន់​ធ្ងរ និង​កើត​ឡើង​រយៈ​ពេល​យូរ។

    អត្ថបទពាក់ព័ន្ធ៖ តិចនិកពិសេស អាចកាត់បន្ថយស្ត្រេសហើយ រក្សាទម្ងន់បានល្អទៀត

    ២- សីតុណ្ហភាព

    ការ​ប្រែ​ប្រួល​សីតុណ្ហភាព អាច​ធ្វើ​ឲ្យ​គ្នា​យើង​មួយ​ចំនួន​វិវត្ត​ទៅ​រក​បញ្ហា​ឡើង​កន្ទួល​រមាស់​ក្រហម​លើ​ស្បែក ដែល​ហៅ​ថា កន្ទាល​ត្រអាក។ គ្នា​យើង​ខ្លះ សុខភាព​ស៊ាំ​នឹង​អាកាស​ធាតុ​ត្រជាក់ នៅ​ពេល​ប៉ះពាល់​ជាមួយ​អាកាស​ធាតុ​ក្តៅ អាច​នឹង​ឡើង​កន្ទាល​ត្រអាក ខណៈ​មួយ​ចំនួន​ទៀត ងាយ​ឡើង​កន្ទាល​ត្រអាក នៅ​ពេល​បើក​ញើស។

    ៣- ទំនាក់​ទំនង​រាង​កាយ

    ការ​ត្រដុស​ស្បែក កកិត ឬ​ខ្វាច សម្ពាធ ក៏ដូច​ជា​ពិបាក​ចិត្ត សុទ្ធ​តែ​អាច​បង្ក​ឲ្យ​គ្នា​យើង​កើត​មាន​កន្ទាល​ត្រអាក ខណៈ​ពន្លឺ​ព្រះ​អាទិត្យ ក៏​អាច​បង្ក​កន្ទាល​ត្រអាក​ដូច​គ្នា។

    ៤- ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត

    ជំងឺប្រព័ន្ធ​ភាព​ស៊ាំ​ទីរ៉ូអ៊ីត (Autoimmune Thyroid) គឺ​មាន​ទំនាក់​ទំនង ទៅ​នឹង​ករណី​មួយ​ចំនួន​ដែល​កើត​មាន​កន្ទាល​ត្រអាក។ អ្នក​វិទ្យាសាស្ត្រ កំពុង​ស្រាវជ្រាវ​ និង​ពិនិត្យ​ទៅ​លើ​លក្ខខណ្ឌ​មួយ​ចំនួន ពិសេស ក្នុង​ករណីយើង​មាន​បញ្ហា​កន្ទាល​ត្រអាក​រ៉ាំ​រ៉ៃ ដែល​មិន​ដឹង​មូលហេតុ។

    ៥- ជំងឺ​ថ្លើម

    ជំងឺ​រលាក​ថ្លើម​ប្រភេទ B ជា​ប្រភេទ​មួយ​នៃ​ជំងឺ​ថ្លើម ដែល​មាន​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​បញ្ហា​កន្ទាល​ត្រអាក​រ៉ាំរ៉ៃ។ ទោះ​យ៉ាង​ណា គ្នា​យើង​មួយ​ចំនួន មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ក៏​មាន​ទំនោរ​ច្រើន​វិវត្ត​ទៅ​រក​បញ្ហា​កន្ទាល​ត្រអាក​រ៉ាំរ៉ៃ នាំ​ឲ្យ​អ្នក​ស្រាវជ្រាវ កំពុង​សម្លឹង​មើល​កត្តា​អាច​ទៅ​រួច​ណា​មួយ ពី​ទំនាក់​ទំនង​រវាង​បញ្ហា​សុខភាព​ទាំង​ពីរ។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៦- មហារីក

    ទោះ​ជា​រឿង​កម្រ​ក៏​ពិត​មែន ប៉ុន្តែ​ករណី​មួយ​ចំនួន​តូច ជំងឺ​មហារីក ក៏​មាន​ទំនាក់​ទំនង​ជា​មួយ​បញ្ហា​កន្ទាល​ត្រអាក។ លើស​ពី​នេះ ការ​ស្រាវជ្រាវ​ស៊ី​ជម្រៅ តែង​តែ​លើក​ឡើង​ថា គ្នា​យើង​ដែល​មាន​បញ្ហា​កន្ទាល​ត្រអាក​រ៉ាំរ៉ៃ កាន់​តែ​ប្រឈម​ខ្ពស់​វិវត្ត​ទៅ​រក​ជំងឺ​មហារីក ពិសេស​មហារីក​គ្រប់​ឈាម ឬ​មហារីក​ឈាម​ស​ជាដើម។ ប៉ុន្តែ​ការ​លើក​ឡើង​ថា អ្នក​ស្រាវជ្រាវ​អះអាង ត្រូវ​ការ​សិក្សា​បន្ថែម​ទៀត។

    ៧- ជំងឺ​ក្រពះ​ពោះ​វៀន

    នៅ​ពេល​ដែល​យើង​ព្យាយាម​ព្យាបាល ឬ​បំបាត់​រោគសញ្ញា​ឈឺ​ពោះ ឈឺក្រពះ ហើម​ពោះ ឬ​រោគ​សញ្ញា​ដទៃ​ទៀត​របស់​​ជំងឺ​ក្រពះ​ពោះ​វៀន​នោះ ករណី​កន្ទាល​ត្រអាក ក៏​អាច​បាត់​ទៅ​តាម​នឹង​ដែរ ព្រោះ​បញ្ហា​កន្ទាល​ត្រអាក​រ៉ាំរ៉ៃ មាន​ទំនាក់​ទំនង​ផ្ទាល់​ជាមួយ​លក្ខខណ្ឌ​សុខភាព​ប្រព័ន្ធ​ភាព​ស៊ាំ និង​ជំងឺ​ក្រពះ​ពោះវៀន ដែល​សុទ្ធ​តែ​ត្រូវ​ចាត់​ទុក​ជា​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ។

    ៨- ជំងឺ​សើស្បែក Lupus

    ដូច​ជា​យើង​កត់​សម្គាល់​ឃើញ មានបញ្ហា​ជំងឺ​ស្វ័យ​ភាព​ស៊ាំ (Autoimmune disease) មាន​ទំនាក់​ទំនង​ច្រើន​ជា​មួយ​បញ្ហា​កន្ទាល​ត្រអាក​រ៉ៃរ៉ាំ ខណៈ​ជំងឺ Lupus ក៏​ស្ថិត​ក្នុង​ចំណោម​ជំងឺ​ទាំង​នោះ​ដូច​គ្នា។ ទោះ​មិន​មែន​ជា​រឿង​ឧស្សាហ៍​កើត​មាន ប៉ុន្តែ​គ្នា​យើង​មួយ​ចំនួន ចាប់​ផ្តើម​រោគសញ្ញា​កន្ទាល​ត្រអាក​ដោយ​សារ​ជំងឺ​ស្វ័យភាព​ស៊ាំ ដែល​ជា​រោគសញ្ញា​ដំបូង​របស់​ជំងឺ Lupus។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៩- មិន​ដឹង​ប្រភព

    ក្រៅ​ពី​បញ្ហា​សុខភាព​ជាក់​លាក់​ខាង​លើ កត្តា​គួប​ផ្សំ​មួយ​ចំនួន​ទៀត សុទ្ធ​តែ​អាច​បង្ក​ឲ្យ​មាន​កន្ទាល​ត្រអាក​រ៉ាំរ៉ៃ ដោយ​ភាគ​ច្រើន​​មាន​ទំនាក់​ទំនង ប៉ុន្តែ​មិន​មែន​ជា​ឈឺ​ជាក់​លាក់​ណា​មួយ​​នោះ​ទេ ដោយ​អាច​និយាយ​បាន​ថា កន្ទាល​ត្រអាក​រ៉ាំរ៉ៃ​មិនដឹង​ប្រភព ឬជំងឺ Chronic idiopathic urticaria។ យ៉ាង​ណា​ ដំណឹង​ល្អ​សម្រាប់​យើង កន្ទាល​ត្រអាក​មិន​ដឹង​ប្រភព គឺ​អាច​ព្យាបាល​បាន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម