backup og meta

ស្រីៗឧស្សាហ៍​លាបសក់ តោះមកដឹងពីតិច​និក​ជួយ​កុំ​ឲ្យ​សក់​ខូច និង​បែក​ចុង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Sep 22, 2023

    ស្រីៗឧស្សាហ៍​លាបសក់ តោះមកដឹងពីតិច​និក​ជួយ​កុំ​ឲ្យ​សក់​ខូច និង​បែក​ចុង

    អ្នកឧស្សាហ៍​ប្ដូរពណ៌សក់​ឲ្យ​ទាន់​សម័យ អាច​ប្រឈម​ធ្វើ​ឲ្យ​សក់​ខូច និង​បែក​ចុង។ “Hello គ្រូពេទ្យ” នឹងប្រាប់​​វិធី​ថែ​សក់ ក្រោយ​លាប​ថ្នាំ​រួច ដើម្បី​ការពារ​សក់​មិន​ឲ្យ​ខូច ឬ​បែក​ចុង។

    ១- កំណត់​ពេល​លាង​សក់

    មិន​ត្រូវ​លាង​សក់​ញឹកញាប់​ដូច​ធ្លាប់​ធ្វើ​នោះ​ទេ។ ៣ថ្ងៃ ទាំង​មុន និង​ក្រោយ​លាប​សក់ មិន​ត្រូវ​កក់​សាប៊ូ​សក់​ឡើយ។ ពេល​សក់​យើង​ចាប់​ផ្តើម​រាប​ស្មើ ឬ​កើត​មាន​ជាតិ​ប្រេង គួរ​ប្រើ​សាប៊ូ​កក់សក់​ស្ងួត​ជា​បណ្ដោះ​អាសន្ន។

    ២- ធ្វើ​ឲ្យ​សក់​មាន​សំណើម​ជាង​មុន

    បន្ទាប់​ពី​លាប​សក់ សក់​យើង​ច្បាស់​ជា​បាត់បង់​ស្រទាប់​ធម្មជាតិ​ស្រោប​ពី​ក្រៅ និងក្លាយ​ទៅ​ជា​ស្ងួត​ខ្លាំង។ ហេតុ​នេះ សក់​ត្រូវការ​​សំណើម​បន្ថែម ហើយ​ដើម្បី​ផ្តល់​សំណើម​ឲ្យ​សក់ ត្រូវ​ប្រើ​ក្រេម​បន្ទន់​សក់​មាន​ជាតិ​សំណើម​ខ្លាំង ម្តង​ក្នុង​មួយ​សប្តាហ៍។ លើស​ពី​នេះ លាយ​ក្រេម​បន្ទន់​មាន​សំណើម​ខ្លាំង ជាមួយ​ក្រេម​បន្ទន់​សក់​ធម្មតា ដើម្បី​ប្រើ​ប្រាស់​រាល់​ថ្ងៃ​ កាន់​តែ​ទទួល​បាន​លទ្ធផល​ល្អ​ថែម​ទៀត។

    ៣- កំណត់​ការ​ប្រើ​កម្តៅ​លើ​សក់

    កម្តៅ​ទាំង​អស់ រួម​ទាំង ម៉ាស៊ីន​ផ្លុំ​សក់ ប្រដាប់​កៀប​សក់ ឬ​ប្រដាប់​អ៊ុត​សក់​រួញ​ជា​ដើម សុទ្ធ​តែ​ធ្វើ​ឲ្យ​សក់​យើង​ឆាប់​ខូច​ជាង​ធម្មតា។ ក្រៅ​ពី​នេះ សូម​ប្រើ​ស្ព្រាយ​ការពារ​កម្តៅ​សក់​ឲ្យ​ជាប់​ជា​ប្រ​ចាំ។

    ៤- ថែទាំ​បន្ថែម​កុំ​ឲ្យ​បែក​ចុង

    រឿង​លាប​សក់ ភាគ​ច្រើន​ធ្វើ​ឲ្យ​សក់​បែក​ចុង ហេតុ​នេះ​ត្រូវ​ស្វែង​រក​ផលិត​ផល​ការពារ​សក់។ បើ​សក់​យើង​បែក​ចុង​ហើយ​នោះ គួរ​កាត់​វា​ចោល និង​ពិនិត្យ​ ក៏​ដូច​ជា​ថែ​ទាំង​ដោយ​ប្រើ​ផលិតផល​ផ្សេង​ទៀត។

    ថែទាំសក់ក្រោយលាបរួច Hello គ្រូពេទ្យ

    ៥- ប្រើប្រាស់​គ្រឿង​បន្ទន់​សក់ ក្រោយ​ងូត​ទឹក

    សក់​យើង​ច្បាស់​ជា​ងាយ​ខូច បើ​ក្រោយ​លាប​រួច​មិន​បាន​ការពារ​ដិត​ដល់។ បន្ទាប់​ពី​ងូត​ទឹក​ហើយ ប្រើគ្រឿង​បន្ទន់​សក់ មុន​នឹង​សិត​បញ្ចូល​គ្នា។ ទាំង​នេះ​នឹង​កាត់​បន្ថយ​បញ្ហា​កណ្តាញ់ និង​ពក​នៅ​លើ​សក់ ដោយ​បាន​ធ្វើ​ឲ្យ​ត្រង់​ស្អាត និង​មាន​សំណើម។

    ៦- ការពារ​សក់​ពី​ពន្លឺ​ព្រះអាទិត្យ

    សក់​ស្ងួត ហើយ​បាន​លាប​ថ្នាំ គឺ​មិន​គួរ​ប៉ះ​នឹង​ពន្លឺ​ព្រះអាទិត្យ​ដោយ​ផ្ទាល់​នោះ​ឡើយ។ ស្វែងរក​ផលិត​ផល​មាន​ផ្ទុក​សារធាតុ​ការ​ពារ​កាំរស្មី UV អាច​ជួយ​ការ​ពារ​សក់​បាន និង​អាច​ប្រើ​មួក ឬ​កន្សែង​គ្រប់​សក់​ពេល​ចេញ​ក្រៅ។

    ៧- ប្រើ​ម៉ាស់​ពេល​យប់​រៀងរាល់​ពីរ​សប្តាហ៍​ម្តង

    ប្រើប្រាស់ Deep Conditioner (ម៉ាស់​សម្រាប់​ថែរក្សា​សក់) ១ ដង/សប្តាហ៍។

    ៨- ស្វែង​យល់​ពី​ប្រេង​ដែល​សក់​ត្រូវ​ការ​ចាំ​បាច់

    ប្រេង​លើ​សក់ ពិត​ជា​អាថ៌​កំបាំង​នៃ​ភាព​ស្រស់​ស្អាត​មួយ។ អាច​ជួយ​ឲ្យ​សក់​មាន​ពន្លឺ​ជាង​មុន ទន់​ជាង​មុន និង​មាន​សុខភាព​ល្អ​ជាង​មុន។ ប្រើ​វា​ជា​ប្រចាំ ធ្វើ​ឲ្យ​យើង​មើល​ទៅ​ប្លែក និង​ទាក់ទាញ​ជាង​មុន។ ប្រេង​ប្រភេទ​នេះ ក៏​អាច​ប្រើប្រាស់​សម្រាប់​លាប​លើ​ស្បែក ដូច​នឹង​ផលិត​ផល​ថែទាំ​ស្បែក​ដែរ។

    ៩- តម្រឹម​សក់​ជា​ប្រចាំ

    តម្រឹម​សក់​ជា​ប្រ​ចាំ នឹង​ជួយ​សក់​មិន​ងាយ​បែក​ចុង ក៏​ដូច​ជា​ត្រៀម​សម្រាប់​សក់​ថ្មី​ដុះ​ឡើង ជួយ​ឲ្យ​ដុះ​កាន់​តែ​លឿន​ជាង​មុន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Sep 22, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម