backup og meta

មូល​ហេតុ​ចម្បង ៣ ​នេះ​ហើយ​​ អាច​នាំឲ្យ​​ប្រុសៗ​អារ​អត់​កូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Sep 19, 2023

    មូល​ហេតុ​ចម្បង ៣ ​នេះ​ហើយ​​ អាច​នាំឲ្យ​​ប្រុសៗ​អារ​អត់​កូន

    ភាពមិនអាចបង្កកំណើតបានគឺជាបញ្ហាសុខភាពបន្តពូជដ៏សំខាន់បំផុតរបស់បុរស។ ភាគច្រើននៅពេលដែលគូស្វាមីភរិយាមាន​ការលំបាក​ក្នុង​ការ​បង្កកំណើតស្រីៗ​តែងតែត្រូវបានចោទថាជាដើមចម​នៃ​បញ្ហា។ ទោះយ៉ាងណាក៏ដោយមានការសិក្សាជាច្រើន​បានបង្ហាញ​ថាខាង​ប្រុសក៏​ជា​កត្តា​នាំ​ឲ្យ​មិន​អាច​បង្ក​កំណើត​នេះ​ដែរ​ ហើយ​រឿង​នេះ​​ក៏​​កំពុង​​កើតមាន​ច្រើន​ដែរ​។

    ចំណុចតូចៗនៃភាពអារអត់កូនរបស់បុរស

    ភាពអារអត់កូនរបស់បុរសគឺកើតឡើងដោយបញ្ហាជាក់ស្ដែងជាច្រើន។ ស្ថានភាពនេះបានបូកផ្សំជាមួយកត្តាជាច្រើនរួមមានកត្តា​វេជ្ជសាស្ត្រ កត្តាបរិយាកាស និងកត្តានៃបែបផែនរស់នៅ។ ខាងក្រោមនេះគឺជាការបកស្រាយនៃចំណុចទាំងនេះ៖

    ១. កត្តាវេជ្ជសាស្ត្រ

    ជាដំបូងបញ្ហាជាមួយនឹងពងស្វាសដែលអាចបណ្ដាលឲ្យបុរសអារមានដូចជារីកសរសៃវ៉ែន (varicocele ) ឬពងស្វាសមិនធ្លាក់។ការ​រីកសរសៃវ៉ែនអាចធ្វើឲ្យគុណភាពទឹកកាមធ្លាក់ចុះ ស្របពេលដែលពងស្វាសដែលមិនធ្លាក់ចុះ ក៏​បង្កើនឱកាស​នៃ​ភាព​អារ​​លើបុរស។ ភាពមិនអាចបង្កកំណើតបាន​ អាចបណ្ដាលមកពី​ការឆ្លងមេរោគ ឬជំងឺកាមរោគ​ ដូចជាជំងឺប្រមេះទឹកបាយ​ HIV ឬការរលាកស្រទាប់អេពីឌីឌីមីស (epididymitis)ឬរលាកពងស្វាស (orchitis)។ លើសពីនេះទៀតក៏អាចមានលទ្ធភាពដែល​មេជីវិតឈ្មោលត្រូវ​រង​ការ​វាយ​ប្រហារ​ដោយ​ច្រឡំពី​សំណាក់​អង់ទីករ ឬប្រព័ន្ធបន្តពូជបុរសដែលប៉ះពាល់ដោយសារដុំសាច់មហារីក។

    អត់កូនHello_គ្រូពេទ្យ

    បន្ថែមពីនេះគឺការខូចទ្រង់ទ្រាយរបស់បំពង់ទឹក​កាមដោយសារការ​រង​របួស​ដោយចៃដន្យ​ពីការវះកាត់ ការឆ្លងមេរោគកាលពីមុន ការប៉ះទង្គិច ឬការលូតលាស់ដែលខុសលក្ខណៈអាចបង្អាក់លំហូរធម្មតានៃទឹកកាមបានផងដែរ។ ជាចុងបញ្ចប់វាក៏អាចមាន​បញ្ហាផ្សេងទៀតកើតឡើងដូចជាការបញ្ចេញទឹកកាម​ដែលមិនចេញក្រៅ អតុល្យភាពអ័​រម៉ូន ដូចជា​អ័រម៉ូនតេស្តូតេរ៉ូនទាប បញ្ហាក្នុងការរួមភេទ និងជំងឺសេលីយ៉ាក់ Celiac Disease (ដែលងាយនឹងឈឺចាប់ដោយសារសារធាតុgluten)។

    អត្ថបទពាក់ព័ន្ធ:

    ២. កត្តាបរិយាកាស

    បរិយាកាស​ជុំវិញ​ក៏​ជះឥទ្ធិពលយ៉ាងសំខាន់មកលើការបង្កកំណើតរបស់បុរសដែរ​។ ការប៉ះពាល់លើសកំណត់ទៅ​លើ​កត្តាបរិយាកាស​ជាក់លាក់ណាមួយ​នឹង​ធ្វើឲ្យ​មាន​ការប៉ះពាល់អវិជ្ជមាន​លើប្រព័ន្ធបន្តពូជបុរស។ ឧទាហរញ៍​ ការប៉ះពាល់ជាបន្តបន្ទាប់ទៅ​នឹង​សារធាតុ​គីមី​ឧស្សាហកម្ម រួមមានបង់ហ្សែន (benzenes) តូលូអែន(toluene) ស៊ីលែន (xylene) ថ្នាំសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ សារធាតុរំលាយសរីរាង្គ សម្ភារៈថ្នាំពណ៌ដែល​អាច​កាត់បន្ថយគុណភាពនៃមេជីវិតឈ្មោល ការប៉ះពាល់ទៅនឹងវិទ្យុសកម្ម ឬកាំរស្មីអ៊ិចដែលបង្ការមេជីវិតឈ្មោលក្នុងការផលិតជាធម្មតា។

    ៣. កត្តាបែបផែនរស់នៅ

    ការរក្សារបៀប​របប​រស់នៅឲ្យមានសុខភាពល្អគឺមានឥទ្ធិពលគួរឲ្យកត់សម្គាល់ទៅលើឱកាសបង្ការ​ភាពអារអត់កូន។ កត្តា​រួម​ចំណែក​​មានដូចជាការក្រេបគ្រឿងស្រវឹង ប្រើថ្នាំ ជក់បារី ស្ត្រេស និងបញ្ហា​លើសទម្ងន់ ឬខ្វះទម្ងន់​ក៏បង្កើន​ហានិភ័យ​នៃភាព​អារ​អត់​កូនផងដែរ។ ដូចជា​​ការប្រើថ្នាំហួសកម្រិតសម្រាប់​បង្កើនការលូតលាស់សាច់ដុំ គឺវានឹង​ទៅកាត់បន្ថយទំហំរបស់ពងស្វាសនិង​ការផលិត​មេជីវិតឈ្មោល។ ចំណែក​ការផឹក​គ្រឿង​ស្រវឹង​ធ្វើឲ្យកម្រិតអ័​រម៉ូនតេស្តូតេរ៉ូនធ្លាក់ចុះដែលធ្វើឲ្យលិង្គមិនអាចឡើងរឹង និងបង្ក​ឲ្យ​កើត​ស្ត្រេសដែលធ្វើឲ្យមានអតុល្យភាពអ័​រម៉ូន។

    វាពិតជាសំខាន់ដែលយើងដឹងអំពីមូលហេតុចម្បងនៃភាពអារអត់កូនរបស់ប្រុសៗ​ដើម្បីជៀសវាងជីវិតរស់នៅជាមួយ​សុខ​ភាពមិន​ល្អ ឬអាច​ទទួលបាន​ការព្យាបាលឲ្យសមស្របសម្រាប់បញ្ហាសុខភាពជាក់លាក់ណាមួយ។ ប្រសិនបើយើង​និងដៃគូមានភាពលំបាកក្នុងការបង្កកំណើតគួរតែទៅប្រឹក្សាយោបល់ជាមួយអ្នកឯកទេសបង្កកំណើតដើម្បីធ្វើការពិនិត្យ និងព្យាបាល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Sep 19, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម