backup og meta

ញ៉ាំអាហារ Fast Food ញឹកញាប់ អាចខ្សោយមេជីវិត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Oct 14, 2021

    ញ៉ាំអាហារ Fast Food ញឹកញាប់ អាចខ្សោយមេជីវិត

    ភាព​អារ​អត់​កូន​បាន​កំពុង​វាយ​លុក​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​សម្រាប់​អ្នក​ជំនាន់​ថ្មី​នេះ។ មាន​មនុស្ស​ជា​ច្រើន​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​បាន​កំពុង​រង​គ្រោះ​ដោយ​មិន​អាច​មាន​កូនតាម​បែប​ធម្មជាតិ​បាន។ ការ​មិន​អាច​មាន​គភ៌​គឺ​ជា​ស្ថានការណ៍​ដ៏​កម្រ​បំផុត​នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​មុន ​ប៉ុន្តែ​ឥឡូវ​នេះ​មួយ​ក្នុង​ចំណោម​ប្ដី​ប្រពន្ធ​៥​គូ​គឺ​កំពុង​រង​គ្រោះដោយ​ភាព​អារ​អត់​កូន។

    មានការ​ណែនាំមិន​ឲ្យ​យើង​ញ៉ាំ​អាហារ​ប្រភេទ Fast Food ​​ញឹកញាប់ពេក​ ​ព្រោះ​ថាអាហារនេះមិន​ល្អ​សម្រាប់​សុខភាព​ហើយ​ថែម​ទាំង​ចំណាយ​ថវិកា​អស់​ច្រើន​ថែម​ទៀត។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​ចៀសវាង​ពី​អាហារ​ដែល​មិន​ល្អ​សម្រាប់​សុខភាព​នេះ​បែរ​ជា​យើង​នាំ​គ្នា​ចូលចិត្ត​ញ៉ាំ​អាហារបែបនេះទៅ​វិញ។ មនុស្ស​ភាគ​ច្រើន​គឺ​មិន​អាច​ទ្រាំ​មិន​ញ៉ាំ​អាហារ​ Fast Food បាន​នោះ​នៅ​ពេល​ដែល​​មានអ្នក​ហៅ​ប៉ាវ​ញ៉ាំ​ទៅ​ហើយ។

    តាម​រយៈ​ការ​ស្រាវជ្រាវ

    តាម​ការ​សិក្សា​ថ្មី​មួយ​របស់​​សហរដ្ឋអាមេរិក​ និង​អេស្ប៉ាញ​បាន​រក​ឃើញ​ថា​ផលិតផល​អាហារ​ Fast Food ​ជា​ពិសេស​ពពួក​អាហារ​ដែល​មាន​ផ្ទុក​ខ្លាញ់​ចម្រាញ់​អាច​ធ្វើ​ឲ្យ​បុរស​ដែល​មាន​សុខភាព​ល្អ​មិន​អាច​បង្ក​កំណើត​បាន ​ដោយ​ខ្លាញ់​ចម្រាញ៉​ទៅ​បំផ្លាញ​មេ​ជីវិត​ឈ្មោល។ ក្រុម​គ្រូ​ពេទ្យ​ខាង​សុខភាព​បន្ត​ពូជ​មក​ពី​សាកល​វិទ្យាល័យ​Harvard​និង​សាកល​វិទ្យាល័យ​Murcia​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អេស្ប៉ាញ​បាន​សហការ​គ្នា​ដើម្បី​វិភាគ​ទៅ​លើ​មេ​ជីវិត​ឈ្មោល​​លើ​បុរស​អាយុ​ចន្លោះ​អាយុ​១៨​និង​២២​ឆ្នាំ។ អ្វី​ដែល​ក្រុម​គ្រូ​ពេទ្យ​បាន​រក​ឃើញ​គឺ​សម្រាប់​អ្នក​ដែល​បរិភោគ​អាហារ Fast Food ​ច្រើន​ មាន​មេ​ជីវិត​ដែល​មាន​គុណភាព​​ល្អ​តិច​ជាង​អ្នក​ដែល​បរិភោគ​របប​អាហារ​ដែល​សម្បូរសារធាតុ​ចិញ្ចឹម។

    គ្រប់​បុរស​ដែល​ត្រូវ​បាន​យក​ទៅ​សិក្សា​គឺ​ត្រូវ​កំណត់​ឲ្យ​មាន​រាងកាយ​មាំមួន​ និង​មិន​មាន​បញ្ហា​ដែល​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​បន្ត​ពូជ​​នោះ​ទេ។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​សម្រាប់​អ្នក​ដែល​បរិភោគ​អាហារប្រភេទ Fast Food ​ដែល​សម្បូរ​ទៅ​ដោយ​ខ្លាញ់​ចម្រាញ់​គឺ​នៅ​តែ​អាច​រក​ឃើញ​ថាមេ​ជីវិត​ តែ​មេជីវិតនោះ​បាន​រង​គ្រោះ​ធ្ងន់ធ្ងររួចហើយ​ និង​​ប្រសិន​បើ​នៅ​តែ​បន្ត​បរិភោគ​អាហារ​ទាំង​នេះ​ ទៀត​​នឹង​អាច​ឈាន​ទៅ​ដល់​ការ​កើត​មាន​ភាព​អារ​អត់​កូន​តែ​ម្ដង។

    Fast Food

    អាហារ​Fast Food ​និង​ភាព​អារ​អត់​កូន

    រហូត​មក​ដល់​ពេល​នេះមនុស្សមួយចំនួន​បាន​ដឹង​​រួច​ហើយ​ថា​អាហារ​ Fast Food ​គឺ​មិន​ល្អ​សម្រាប់​សុខភាព​នោះ​ទេ​ព្រោះ​វា​បង្កើន​ឱកាស​ដែល​ឈាន​ទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម​ កូលេស្តេរ៉ូល​ខ្ពស់ ​និង​ជំងឺ​ធាត់​លើស​ទម្ងន់​ ប៉ុន្តែ​យោង​តាម​របាយការណ៍​ថ្មីៗ​នេះ​ការ​ទទួលទាន​អាហារ​Fast Food អាច​បង្កើន​ហានិភ័យ​នៃ​ភាព​អារ​អត់​កូនទៀត​។

    ទំនាក់ទំនង​រវាង​ការ​បរិភោគ​អាហារ​Fast Food និង​ភាព​អារ​អត់​កូន​ ទំនង​អាច​មកពី​​គ្រឿង​ផ្សំ​ដែល​កែប្រែ​ហ្សែន​ (GMOs)​ហើយ​​មើល​ទៅ។  នៅ​ក្នុង​ឆ្នាំ​២០០៨​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​មាន​ផ្សា​ភ្ជាប់​ការ​នៃ​បរិភោគ​សារធាតុ ​GMOs​ ជាមួយ​នឹង​ភាព​អារ​អត់​កូន​ដោយ​ផ្ដល់​នូវ​ភស្តុតាង​ជាក់លាក់​មួយ​គឺ​សារធាតុ​ GMOs​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​ប្រព័ន្ធ​បន្ត​ពូជ។ ​ហេតុ​នេះ​ហើយ​ការ​បរិភោគ​អាហារ​Fast Food ​បានបន្ថយគុណភាព​មេ​ជីវិត ​និង​ធ្វើ​ឲ្យ​ខូចខាត​ដល់​ប្រព័ន្ធ​បន្ត​ពូជ។ អាហារ​Fast Food ភាគ​ច្រើន​សម្បូរទៅ​ដោយ​សារធាតុ ​GMOs។

    លោក​សាស្ត្រាចារ្យ​Marion Nestle​ជំនាញ​ខាង​អាហារ​ និង​សារធាតុ​ចិញ្ចឹម​នៅ​សាកល​វិទ្យាល័យ​ New York​ បាន​និយាយ​ថា​អាហារ​Fast Food ​គឺមិនគួរបរិភោគច្រើននោះទេ។ ការ​បរិភោគ​អាហារ​ខ្លាញ់​បាន​ក្លាយ​ជា​ការ​គំរាម​កំហែង​មួយ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ចំណោម​​ហានិភ័យ​នៃ​សុខភាព។ អាហារ​Fast Food សម្បូរ​​ទៅ​ដោយ​កាល់ឡូរី ​និង​អំបិល​ព្រម​ទាំង​សារធាតុ​គីមី​ ។ ដូច​ដែលយើង​បាន​ដឹង ​សារធាតុ​គីមី​ដែល​ជ្រាប​ចូល​ទៅ​ក្នុង​អាហារ​របស់​យើង​នោះ​គឺ​មិន​ល្អ​សម្រាប់​​សុខភាព​ហើយ​​ថែម​ទាំង​បង្កើត​ឱកាស​ក្នុង​ការ​វិវឌ្ឍ​ជំងឺ​ជា​ច្រើន​មុខ​ និង​ការ​អសមត្ថភាព​បង្ក​កំណើត​តាម​បែប​ធម្មជាតិ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Oct 14, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម