backup og meta

តិចនិកជួយ​ប្រមូលអារម្មណ៍បានមូល លែងឈឺក្បាល និងស្ត្រេសទៀត!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Jul 30, 2019

    តិចនិកជួយ​ប្រមូលអារម្មណ៍បានមូល លែងឈឺក្បាល និងស្ត្រេសទៀត!

    គ្នា​យើង​ អ្នក​ណា​ក៏​ដោយ ក៏​ធ្លាប់​មាន​បញ្ហា​ស្ត្រេស​ គិត​អី​មិន​ចេញ​ដែល នាំ​ឲ្យ​ជួប​វិវបត្តិផ្លូវ​ចិត្ត​មួយ​ហៅ​ថា ពិបាក​ផ្ទង់​អារម្មណ៍ គ្រាន់តែ​គ្នា​យើង​ខ្លះ ចេះតិចនិក​ពិសេស​ អាច​គេច​ចេញ​ពី​ស្ត្រេស​ និង​បញ្ហា​នេះ​បាន អាច​ប្រមូលអារម្មណ៍​បាន​ល្អ ធ្វើការ​ងារ ​ក៏​អាច​សម្រេច​បាន​លឿន​ដែរ។ ហេតុនេះ គ្នា​យើង​ឧស្សាហ៍​ស្ត្រេសខ្លាំង​រឿង​ការងារ ឬ​បញ្ហា​អ្វី​មួយ អាច​សាក​ល្បង​តិចនិក​ពិសេសទាំង​នេះ ប្រហែល​ជា​ជួយ​បាន​ច្រើន​ក៏​ថា​បាន។

    ១- អ្វី​ជា​បញ្ហា​ពិបាកផ្ចង់អារម្មណ៍?

    បញ្ហា​ពិបាក​ផ្ទង់​អារម្មណ៍ ​សំដៅ​លើ​ការ​​ថយ​ចុះ​សមត្ថភាព​ផ្តោត​អារម្មណ៍​លើ​អ្វី​មួយ​រយៈពេល​យូរ។ ពេល​ជួប​បញ្ហា​នេះ​ ច្រើន​មាន​បញ្ហា​ផ្សេង​ទៀត​មក​ជាមួយ ​រួម​មាន គេង​មិន​លក់ ឆេវឆាវ គិត​ច្រើន​ផ្តេសផ្តាស ឬ​លែង​សូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាដើម។

    ២- មូលហេតុនាំ​ឲ្យ​ពិបាក​ផ្ទង់​អារម្មណ៍​

    – អស់កម្លាំង៖ យោង​តាម​ការ​ស្រាវ​ជ្រាវ​មួយ​​បញ្ជាក់​ថា ​ខួរ​ក្បាល​យើង​នឹង​មិន​អាច​ធ្វើ​ការ​បាន​ល្អ​ ឬ​គិត​អ្វី​បាន​សព្វ​ជ្រុង​ជ្រោយ​ឡើយ នៅ​​ពេល​យើង​នឿយ​ហត់​ ឬ​អស់​កម្លាំង។ ជាក់​ស្តែង ពេល​យើង​គេង​មិន​បាន​គ្រប់​គ្រាន់​ជា​ដើម​ នោះ​ការ​ផ្ចង់​អារម្មណ៍​ ក៏​នឹង​ថយ​ចុះ​ដែរ ​ហើយ​មិន​អាច​ធ្វើ​ការងារ​បាន​ល្អ ​ដូច​សព្វ​ដង​ឡើយ។

    – ធ្វើការច្រើនមុខក្នុងពេលតែមួយ៖ គ្នា​យើង​មួយ​ចំនួន​ តែង​មាន​អំនួតលើ​ខ្លួន​ឯង ​អាច​ធ្វើ​ការ​បាន​ច្រើន​មុខ​ក្នុង​ពេល​តែ​មួយ យ៉ាង​ណា គិត ឬ​ធ្វើ​បែប​នេះ មិន​មែន​ជា​រឿង​ល្អ​ឡើយ។ យោង​តាម​ការ​សិក្សា​បាន​បញ្ជាក់​ថា ធ្វើ​ការ​ងារ​ច្រើន​​ក្នុង​ពេល​តែ​មួយ ​មិន​ត្រឹម​តែ​ផ្តល់​ផល​អវិជ្ជមាន​លើ​ការ​ងារ​យើង​ធ្វើ​ប៉ុណ្ណោះ​ទេ (ខ្វះ​ការ​ប្រុង​ប្រយ័ត្ន មើល​មិន​សព្វ​ជ្រុង​ជ្រោយ) ថែមទាំង​ជះ​ឥទ្ធិពល​មក​ល្អ​ដល់​ខួរ​ក្បាល​ទៀត​ផង។ លើស​ពី​នេះ ពេល​ទូរសព្ទ​ ឬ​កុំ​ព្យូទ័រ​ លោត​សំឡេង​ផ្តល់​ដំណឹង​ផ្សេងៗ ក៏​ជា​ការ​រំខាន​ផង​ដែរ។ និយាយ​ឲ្យ​ស្រួល​ស្តាប់ ធ្វើ​ការ​កាន់​តែ​ច្រើន​មុខ​ក្នុង​ពេល​តែ​មួយ អារម្មណ៍​កាន់​តែ​អត់​មូល។

    – បញ្ហា​សុខភាព​ផ្សេងៗ៖ សុខ​ភាព​ផ្លូវ​កាយ​ និង​ចិត្ត​ទាក់​ទង​គ្នា​យ៉ាង​ស្អិត​រមួត។ យើង​នឹង​កាន់​តែ​ពិបាក​ប្រមូល​អារម្មណ៍​ ពេល​មាន​ជំងឺណាមួយ​ កំពុងព្យាបាលជំងឺ ឬមាន​បញ្ហាផ្លូវចិត្ត រួមទាំងជំងឺ មួយចំនួន ដូចជា ជំងឺក្រពេញទីរ៉ូអ៊ីត ជំងឺស្លេកស្លាំង ទឹកនោមផ្អែម បាក់ទឹកចិត្ត ឬថប់បារម្ភជាដើម។

    អត្ថបទ​ពាក់​ព័ន្ធ៖

    • ៣សំណួរ អាចជួយយើងស្វែងរកអត្ថន័យ “ជីវិត”
    • ទំនាក់ទំនងរវាងទុក្ខសោក ទៅជាជំងឺបាក់ទឹកចិត្ត

    ៣- ដំណោះស្រាយពេល​មាន​បញ្ហា​ពិបាក​ផ្ចង់​អារម្មណ៍

    បញ្ហា​នេះ អាច​​មាន​មូល​ហេតុ​ច្រើន​ តែ​ក៏​មាន​ដំណោះ​ស្រាយ​ពិត​ប្រាកដ ​សម្រាប់​មូល​ហេតុ​នីមួយៗដូចគ្នា ដូចជា៖

    – មើល​តម្រាប់មិន​ភក្តិ ឬ​បង​ប្អូន​ដែលពូកែផ្ចង់អារម្មណ៍៖ ពេល​យើង​ក្រឡេក​ទៅ​មើល​កាយ​វិការមនុស្ស​ជុំ​វិញ​ខ្លួន​កំពុង​ផ្ចង់​អារម្មណ៍ យើង​នឹង​ឃើញ​ថា​ ពួក​គេ​នៅ​ស្ងៀម​ធ្មឹង ក្រសែ​ភ្នែក​មុតស្រួច​ និង​ដក​ដង្ហើម​យឺតៗ។ ចំនុច​ទាំង​នេះ​ ​អាច​យក​ទៅ​ប្រើ​ដើម្បី​ បង្កើន​ការ​ផ្ចង់​អារម្មណ៍​ឲ្យ​បាន​ល្អ។

    – កុំសូវយកចិត្តទុកដាក់នឹងបរិស្ថានជុំវិញ៖ នៅ​កន្លែង​មនុស្ស​ច្រើន មានសំឡេង​អ៊ូអរ អាច​ធ្វើ​យើងឆាប់​​បែក​អារម្មណ៍​បាន។ហេតុ​​នេះ គួរ​តែ​ចៀស​វាង​កន្លែង​ទាំង​នោះ ដើម្បី​ធ្វើ​ការងារបាន​ល្អ​ឡើង​វិញ។

    – សម្រាកបន្តិច៖ ​គួរ​ចេញ​ទៅ​ក្រៅ មើល​ទេស​ភាព​ជុំ​វិញ ដើរ​លេង​ក្នុង​សួន​ជាដើម​ ដើម្បី​ឲ្យ​​ធូរ​អារម្មណ៍​។ ធ្វើ​បែប​នេះ អាច​ជួយយើង​មានអារម្មណ៍​ល្អ ងាយ​ប្រមូល​អារម្មណ៍​ឡើង​វិញ​។

    – បែង​ចែក​ការងារ​ដែល​អាទិភាព៖ គួរ​ចាប់​ផ្តើម​ធ្វើ​ការ​ងារ​ដែល​សំខាន់​មុន ការងារ​រាយ​រង ​ទុកធ្វើ​​តាម​ក្រោយ។ ឧទាហរណ៍៖ ការ​ងារ​សម្រាប់​ថ្ងៃ​នេះ ការងារ​សម្រាប់​ថ្ងៃ​ស្អែក និង​គួរ​​បើក​មើល ​ឆ្លើយ​តប​សារ​នៅ​ចុង​ក្រោយ​គេ​។

    – កុំសូវរវល់នឹងការងារផ្សេង៖ គួរ​កំណត់​តារាង​ពេល​វេលា​ប្រចាំ​ថ្ងៃ​ ក្នុង​ការ​ឆ្លើយ​សារ​ និង​លេង​អ៊ីន​ធើ​ណេត ព្រោះ​អាច​នឹង​ធ្វើ​ឲ្យ​យើង​​ចេះ​តែ​បើក​មើល​នេះ​ មើល​នោះ រក​ផ្ចង់​អារម្មណ៍​លើ​ធ្វើ​អី​មួយឲ្យប្រាកដ​មិន​បាន។

    – រើសកន្លែងធ្វើការមាន​បរិយាកាស​សក្តិសម៖ ចល័ត​កន្លែង​ធ្វើ​ការ ពីហាង​កាហ្វេ ឬ​បណ្ណាល័យ ញឹក​ញាប់​ពេក អាច​ធ្វើឲ្យយើង​យល់​ថា​ ប្លែក​កន្លែង ចេះ​តែ​បែក​អារម្មណ៍​ មើល​នេះ​មើល​នោះ។ ដូច​នេះ​ គួរ​រក​ន្លែង​ណា​​ខ្លួន​ពេញ​ចិត្ត ​អាច​ឲ្យ​យើង​​មិន​សូវ​បែក​អារម្មណ៍។

    – រកកន្លែងស្ងាត់៖ បើ​សិន​ជាយើង​​ត្រូវ​ធ្វើ​ការ​ក្នុង​កន្លែង​រួម​គ្នា គួរ​រក​កន្លែង​ក្បែរ​ធ្វើ​ការ ​ជាមួយ​កុំ​ព្យូទ័រ​ជាជាង​ទូរសព្ទ ហើយ​គួរ​និយាយ​គ្នា​ជាមុន​ពី​រឿង​ទៅ​ជួប​ភ្ញៀវ ​ឬ​មិត្ត​ភក្តិ​នៅ​កន្លែង​ផ្សេង ​ដើម្បី​កុំ​ឲ្យ​​រំខាន​ការ​ផ្តោត​អារម្មណ៍​។

    – កំណត់ម៉ោង៖ កំណត់​ម៉ោង​សម្រាក ​និង​ម៉ោង​ធ្វើ​ការ​ ដើម្បី​ទាញ​អារម្មណ៍​មក​ធ្វើ​ការ​ងារ​វិញ។

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Chamnan Amrith · កែ Jul 30, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម