backup og meta

ទោះមានអ្វីកើតឡើងក៏ដោយ តិចនិកទាំងនេះនៅតែអាចធ្វើចិត្តស្ងប់បាន

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Sep 16, 2019

    ទោះមានអ្វីកើតឡើងក៏ដោយ តិចនិកទាំងនេះនៅតែអាចធ្វើចិត្តស្ងប់បាន

    ​យើង​ម្នាក់​ៗ​ សុទ្ធ​តែ​ធ្លាប់​ជួប​រឿង​មិន​ល្អ​ចៀស​មិន​ផុត រឿង​ដែល​កើត​ឡើង​​ ក៏​មិនមែន​សុទ្ធ​តែ​ជា​​បញ្ហាដូច​យើង​គិត​ដែរ។ ​ផ្ទុយមក​​វិញ​ ការ​ឆ្លើយ​តប ទាំង​កាយវិការ និង​អារម្មណ៍​របស់​យើង​ឯណេះ​ទេ ទើប​ជា​បញ្ហា។ អ្នក​ឯកទេស​​វិទ្យាសាស្ត្រ នៅ​អាមេរិក លោក Albert Ellis លើក​ឡើង​ថា ហេតុ​ការណ៍​ណា​មួយបាន​កើត​ឡើង អាច​កំណត់​បាន​តាម​ការ​គិត​ និង​កាយវិការ​យើង ដើម្បីឆ្លើយ​តបទៅ​វិញ។ បើ​យើង​គិត​វិជ្ជមាន​ឲ្យ​បាន​ច្រើន អា​រម្មណ៍​​ក៏​ល្អ​ទៅ​តាម​នឹង​ដែរ។ ហេតុនេះ “Hello គ្រូពេទ្យ’ ចង់​ណែនាំ​​ពី​តិចនិកសម្រួល​អារម្មណ៍ ពេល​មាន​រឿង​មិន​ល្អ​កើត​ឡើង។

    ១- ចំណាយពេលឲ្យបានច្រើនជាមួយមិត្ត​ភក្តិ​មានគំនិតសុទិដ្ឋិនិយម

    យើង​គ្រប់​គ្នា ​អាចមាន​ទំនាក់​ទំនង​ជាមួយ​មិត្ត​ភក្តិ អ្នកស្គាល់​គ្នា​ជា​ច្រើន​ប្រភេទ ហើយរៀង​រាល់​ថ្ងៃ ​យើង​តែង​​បាន​ជួប និង​និយាយ​​ជាមួយ​​មនុស្ស​ជា​ច្រើន​។ ដើម្បី​រក្សា​ចិត្ដ​ឲ្យ​វិជ្ជមាន យើង​​ត្រូវគេច​ចេញ​ពី​ក្រុម​មនុស្ស​ទុទិដ្ឋិនិយម ក្រុម​ចូល​ចិត្ដ​រអ៊ូ​រទាំ​រឿង​ពិបាក​ចិត្ដ ឬចូលចិត្ត Drama។ ផ្ទុយ​មក​វិញ គួរ​ចំណាយ​ពេល​ជាមួយ​មនុស្ស​យើង​​ទុក​ចិត្ដ និងអាច​​ធ្វើ​ឲ្យយើង​​ញញឹម​បាន។ ដំបូន្មាន និង​របៀប​​គិត​មិត្តភក្តិ​ជំពូកនេះ អាច​ជួយ​កាត់​បន្ថយ​រឿង​មិន​ល្អ​ក្នុង​ចិត្ដយើង​បាន។

    ២- គិតឡើង​វិញពីរឿងខ្លះយើងបានឆ្លងកាត់

    អាច​ថាយើង​​កំពុង​តែ​ដោះ​ស្រាយ​ជា​មួយ​រឿង​លំបាក​​ណា​មួយ ប៉ុន្តែគ្នា​យើង​ ក៏​គួរ​តែ​គិត​ទៅ​វិញ​ ថា​តើ​ក្នុង​អំឡុង​ពេល​នេះ​ យើង​​បាន​ឆ្លង​កាត់ និង​រៀន​បាន​អ្វី​ខ្លះ។ ពេល​វេលា​ដ៏​លំបាក អាច​​ធ្វើ​ឲ្យយើង​​ក្លាយ​ជា​មនុស្ស​ខ្លាំង ហើយ​ការ​បរាជ័យ​ នឹង​ក្លាយ​ជា​មេរៀន​ក្នុង​ជីវិត​របស់​អ្នក។ ក្នុង​ពេល​នេះ​ យើង​ក៏​អាច​សង្កេត​មើលពី​លទ្ធ​ផល​ជា​ច្រើន​​ ​បាន​មក​ពីការ​​ព្យាយាម ​ពុះ​ពារ អំឡុង​​ពេល​វេលា​លំបាក​ទាំង​នេះ។

    ៣- ស្វែងរកជំនួយ

    បើ​យើង​ត្រូវ​ការ​ជំនួយ ​អាច​ទៅ​រក​ជំនួយ និង​ដំបូន្មាន​ពី​អ្នក​ដទៃ​បាន។ នៅ​ពេលយើង​​ដឹង​ថា ​តែងតែ​មាន​មនុស្ស​នៅ​ចាំ​ជួយ​ពី​ក្រោយ ​គឺ​​ពិត​ជា​ជួយ​យើង​​បាន​ច្រើន​មែន​ទែន អាច​ធ្វើ​ឲ្យ​ចិត្ដ​​ស្ងប់ និង​ធ្វើយើង​មាន​គំនិត​វិជ្ជ​មាន​កាន់​តែ​ច្រើន។

    ៤- ធ្វើតាមអារម្មណ៍ខ្លួន​ឯង

    ពេល​ខ្លះ​ វិធី​មួយ​នេះ ដូច​ជា​ពិបាក​នឹង​ធ្វើ​បាន ប៉ុន្តែ​វា​គឺ​ជា​រឿង​ល្អ។ បើ​យើង​​ពិបាក​ចិត្ដ​ខ្លាំង​ហើយ​ចង់​យំ ​គួរ​តែ​យំ​ចេញ​ឲ្យ​ខ្លាំង​ៗ​ទៅ។ ទោះ​​យ៉ាង​ណា​ ​ក៏​អាច​កាត់​បន្ថយ​អារម្មណ៍​សោក​ស្ពាយ ​ជួយ​ឲ្យយើង​គេច​​ចេញ​ពី​រឿង​អវិជ្ជមាន​មួយ​ចំនួន​បាន​ដូច​គ្នា។

    ៥- ស្វែងយល់អំពីស្ថានភាព​ខ្លួនឯង​ឲ្យ​បាន​ច្បាស់

    បើ​​ចេះ​ស្វែង​យល់​ពី​ស្ថាន​ភាព​របស់​អ្នក​ដទៃ​ ​ស្រដៀង​គ្នា​ជា​មួយ​ស្ថាន​ភាព​យើង​កំពុង​ជួប​ប្រទះ អាច​​ជួយ​យើង​​មាន​សង្ឃឹម និង​មាន​កម្លាំង​ដើម្បី​ទប់​ទល់​ភាព​ស្មុគ​ស្មាញ និង​ការ​លំបាកទាំង​នេះបាន។ អ្នក​ឯក​ទេស​ចិត្ត​សាស្ត្រ លើក​ឡើង​ថា ​ស្វែង​យល់ និង​អាន​ច្រើន អាច​ជួយ​កាត់​បន្ថយ​ស្ត្រេស​បាន​រហូត​ទៅ​ដល់​ ៧០% ​ឯណោះ។

    ៦- ជឿជាក់​ថា​ថ្ងៃ​ល្អ​នឹង​កើត​ឡើង​សម្រាប់​យើង

    បើ​ក្នុង​ភ្នែកយើង​មើល​ឃើញ​តែ​រឿង​អវិជ្ជមាន ចុង​ក្រោយ​នឹង​ជួប​រឿង​មិន​ល្អ​រហូត ដោយ​សារ​តែ​​ការ​គិត​យើង ខុស​គ្នា​ឆ្ងាយ​ពី​ការ​រំពឹង​ទុក​។ ដូច​នេះ​ ​ត្រូវ​​ចាប់​ផ្ដើម​គិត​រឿង​អ្វី​ល្អៗ ​ឲ្យ​បាន​ច្រើន។

    ៧- កុំ​ព្យាបាល​គិត​អ្វី​ល្អ​ឥតខ្ចោះ

    ត្រូវ​ចាំ​ថា ជីវិត​មនុស្ស  គឺ​គ្មាន​អ្វី​ដែល​ល្អ​ឥត​ខ្ចោះ​ទេ ហើយ​ក៏​​ជា​រឿង​ធម្មតាដែរ ដោយ​​ពេល​ខ្លះ យើង​មិន​អាច​គ្រប់​គ្រងអ្វី​មួយ​មិន​ឲ្យ​កើត​ឡើង​បាន​។ ប៉ុន្តែ​អ្វី​សំខាន់បំផុត ត្រូវ​ព្យាយាម​អស់​ពី​សមត្ថភាព ​ប្រឹង​ប្រែង​ ១០០% ទាំង​កម្លាំង​កាយ និង​កម្លាំង​ចិត្ត ​ដើម្បី​សម្រេច​ក្ដី​ស្រមៃយើង។

    អត្ថបទពាក់ព័ន្ធ៖

  • មានចំណុចទាំង ៦ នេះ បញ្ជាក់ថាស្នេហាយើងរឹងមាំខ្លាំង គង់វង្សយូរអង្វែង
  • ចូលចិត្តចិញ្ចឹមឆ្កែ ជួយសុខភាពផ្លូវចិត្តកាន់តែល្អ មិនសូវស្ត្រេស
  • ៨- កុំខ្វល់នឹង​គំនិត​អ្នក​ដទៃ

    មិត្ត​ភក្តិ​មួយ​ចំនួននៅ​ជុំ​វិញ​ខ្លួន​យើង អាចនឹងមាន​ចរិតមិន​ល្អ ​ចូល​ចិត្ដ​សើច​ចំអក​ សប្បាយ​លើ​គំនរ​ទុក្ខអ្នក​ដទៃ។ ប៉ុន្តែ​​ត្រូវ​ចាំ​ថា​ នេះ​ជា​ជីវិត​យើង អ្នក​ទាំង​អស់​នោះ​ ក៏​មិន​អាច​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​ ​ចាំ​សើច​ចម្អក​ឲ្យយើង​​រហូត​នោះ​ដែរ។ ហេតុនេះ យើង​ខ្លួន​ឯង ​មិន​គួរ​ចំណាយ​ពេល ចំណាយ​កម្លាំង ឬ​បង្ហូរ​ទឹក​ភ្នែក ​ដោយ​សារ​ពាក្យ​សម្ដី​អត់​បាន​ការ​ទាំង​នោះ​ដែរ។

    ៩- វាយតម្លៃស្ថានភាពអាក្រក់ដែល​កើត​ឡើង

    ត្រូវ​សួរ​ខ្លួន​ឯង​ថា “ជីវិតខ្ញុំ​កំពុង​កើតអី​ឲ្យ​ប្រាកដ?” ឬ​ “​រឿង​អីបាន​ធ្វើ​​ឲ្យ​ខ្ញុំ​ឈឺ​ក្បាល​បែប​នេះ?” បន្ទាប់​មក ​ត្រូវ​កត់​ត្រា​រឿង​ទាំង​អស់ តាម​លំដាប់​លំដោយ​ និង​រក​មើល​មូល​ហេតុ​បង្កឲ្យ​បាន​ច្បាស់។ ពេល​យើង​​រក​ឃើញមូល​ហេតុ​ហើយ យើង​​នឹង​អាច​ទប់​ទល់​ជាមួយ​គំនិត​អវិជ្ជមាន​​បាន​កាន់​តែ​ងាយ​ស្រួល។

    ១០- ធ្វើចិត្ដឲ្យសប្បាយពេលគិតដល់រឿងអាក្រក់​ធ្លាប់​កើត​ឡើង

    រឿង​​គួរ​ឲ្យ​ខ្លាច​បំផុត​ក្នុង​ឆាក​ជីវិតយើង មិន​មែនការ​បរាជ័យ​ទេ ប៉ុន្តែ​គឺ​ជា​ការចុះ​ចាញ់របស់​យើង​ទៅ​វិញទេ។ ត្រូវ​គិត​ពី​មេរៀន​ជីវិត ធ្លាប់​បាន​ឆ្លង​កាត់​ ​ធ្លាប់​កើត​ឡើងពី​មុន និង​ត្រូវ​បន្ត​ដើរ​ទៅ​មុខ​ទៀត។ ថ្ងៃ​ណា​មួយ​យើង នឹង​នឹក​ឃើញ​រឿង​ទាំង​អស់​នេះ​ ហើយនឹង​​សរសើរ​ខ្លួន​ឯង ជឿជាក់លើ​ខ្លួន​ឯង ពោរពេញ​ទាំង​ថាម​ពល និងការជំរុញ​​ទឹក​ចិត្ដ។

    រាល់​បញ្ហា​​កើត​ឡើង​តែង​តែ​នាំមក​នូវ​ផល​វិជ្ជមាន និង​អវិជ្ជមាន អាស្រ័យ​លើ​​ការគិតរបស់​យើងផ្ទាល់។ ​គួរ​តែ​ធ្វើ​ចិត្ដ​ស្ងប់​ឲ្យ​បាន​ច្រើន​បំផុត និង​គិត​បែប​វិជ្ជមាន ហើយ​ជឿ​ជាក់​ថា​ ​រឿង​មិន​ល្អ​កើត​ឡើងថ្ងៃ​នេះ នឹង​ក្លាយ​ទៅ​ជា​រឿងល្អនៅ​ថ្ងៃ​ស្អែក។

    ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Sep 16, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម