មើលកុន ដូចជារឿងកំប្លែង ច្បាស់ជាធ្វើឲ្យយើងសើចក្អាកក្អាយ ជួយកាត់បន្ថយស្ត្រេស ឃ្លាតឆ្ងាយពីភាពតានតឹងផ្សេងៗ និងធ្វើឲ្យស្មារតីល្អពិតមែន។ ប៉ុន្តែការសិក្សាមួយ ធ្វើឡើងដោយអ្នកស្រាវជ្រាវនៃសកលវិទ្យាល័យ Maryland សហរដ្ឋអាមេរិក រកឃើញថា ការសើចខ្លាំងៗអំឡុងពេលកំពុងមើលរឿងកំប្លែង ធ្វើឲ្យសរសៃឈាមយើងរីកធំដល់ទៅប្រមាណ ២២% ជាហេតុនាំឲ្យសម្ពាធឈាមថយចុះ។
ក្រឡេកទៅកាន់រឿងបែបភ័យរន្ធត់ ផ្សងព្រេង ឬរឿងខ្មោចជាដើម ក៏ធ្វើឲ្យនាំបម្រែបម្រួលផ្លូវអារម្មណ៍ និងរាងកាយដូចគ្នា ធ្វើឲ្យអារម្មណ៍យើងតក់ស្លុតខ្លាំង ដូចគ្នាទៅនឹងគ្នាយើងចូលចិត្ដកីឡាលោតឆ័ត្រយោង ឡើងជម្រាលថ្មភ្នំខ្ពស់ៗ ឬកីឡាបែបផ្សងព្រេងផ្សេងទៀត។ ពេលមើលរឿងភ័យរន្ធត់ រាងកាយយើង នឹងជំរុញឲ្យមានការបញ្ចេញអ័រម៉ូនអាដ្រេណាលីន និងករទីសុល ដោយអ័រម៉ូនទាំងពីរនេះ ធ្វើឲ្យយើងនឹកឃើញដល់រឿងអាក្រក់ៗធ្លាប់កើតឡើងពីមុន ដូចនេះ បើធ្លាប់មានរឿងមិនល្អកើតឡើងកាលពីអតីតកាល មិនគួរមើលរឿងប្រភេទនេះទេ។
ភាពយន្តមនោសញ្ចេតនា ក៏ស្រដៀងគ្នាជាមួយរឿងបែបកំប្លែងដែរ ហើយទាំងពីរនេះ អាចជួយមិនឲ្យយើងគិតច្រើន ខ្វាយខ្វល់ជាមួយបញ្ហាជុំវិញបាន។ ក្នុងរឿងបែបមនោសញ្ចេតនា នៅពេលតួអង្គក្នុងរឿងធ្វើខុសអ្វីមួយ បើកំហុសនោះស្រដៀងគ្នា ជាមួយកំហុសយើងធ្លាប់ធ្វើ នោះនឹងធ្វើឲ្យយើងបានធូរស្រាលចិត្ដច្រើន លែងគិតអវិជ្ជមានពីបញ្ហាណាមួយកំពុងប្រឈម អាចជួយឲ្យខួរក្បាលដំណើរការល្អ គិតរកដំណោះស្រាយវិជ្ជមានបានទៀតផង។