backup og meta

រៀបការយូរហើយគ្មានកូន ទោះជារួមភេទញឹកញាប់ តើជាកំហុសខាងប្រុស ឬស្រី?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 22, 2020

    រៀបការយូរហើយគ្មានកូន ទោះជារួមភេទញឹកញាប់ តើជាកំហុសខាងប្រុស ឬស្រី?

    បន្ទាប់ពី​រៀបការ​រួច គូ​ស្វាមី​ភរិយា តែង​ប្រាថ្នា​ចង់​បាន​កូន ដើម្បី​ឲ្យ​ទៅ​ជា​គ្រួសារ​យ៉ាង​ពេញលេញ និង​កាន់តែមាន​សុភមង្គល តែ​បំណង​ប្រាថ្នា​នេះ​មិន​អាច​ក្លាយ​ទៅ​ជា​ការ​ពិត​បាន​ទាំងអស់​​ឡើយ។ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា ការ​ដែល​មិន​អាច​មាន​កូន ឬ​អា​អាច​បណ្ដាល​មក​ពី​ស្ត្រី ហើយ​ក៏​អាច​បណ្ដាល​មក​ពី​បុរស​ដូច​គ្នា។

    វេជ្ជបណ្ឌិតបាន​បែងចែក​និយមន័យ ក្រោយ​រៀបការ ៣ ឆ្នាំ​ដោយ​គ្មាន​ការ​ពន្យារ​កំណើត ហើយ​គ្មាន​កូន នោះ​ចាត់​ទុក​ថា (អារ)។ ចំពោះ​ស្ត្រី​ពាក្យ​ថា “ស្ត្រី​អារ” ចង់​សំដៅ​ទៅ​លើ​ស្ត្រី​ដែល​គ្មាន​លទ្ធភាព​ក្នុង​ការ​បង្កើត​កូន​បាន។ ស្ត្រី​អា​មាន​ជា ២ ប្រភេទ គឺ​ស្ត្រី​ដែល​មិន​អាច​មាន​កូន​ពី​កំណើត និង​មួយ​ទៀត គឺ​ស្ត្រី​ដែល​អាច​មាន​កូន​បាន តែ​កូន​នោះ​ចេះ​តែ​មិន​នៅ​ ចេះ​តែ​រលូត​ជាដើម។ ម្យ៉ាង​វិញ​ទៀត​នោះ​អាច​បណ្ដាល​មកពី​ភាព​មិន​ប្រក្រតី​របស់​ស្ត្រី​តាំង​ពី​កំណើត​ធ្វើឲ្យ​ស្ត្រី​មិន​អាច​បន្ត​ពូជ​ មិន​អាច​ទម្លាក់​ស៊ុត​បាន ដែល​ជា​កត្តា​ធ្វើឲ្យ​ស្ត្រី​ឈាន​ទៅ​រក​ភាព​មិន​អាច​ពពោះ និង​គ្មាន​កូន​បាន។ តែ​ក៏​មាន​ស្ត្រី​មួយ​ចំនួន​ទៀត​គ្មាន​កូន​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ដែល​ធ្វើឲ្យ​គិត​ថា​ខ្លួន​មិន​អាច​មាន​កូន​បាន ស្រាប់​តែ​ពេល​មួយ​នោះ​អាច​មាន​កូន​បាន ដែល​នេះ​បណ្ដាលមក​ពី​កត្តា​ជាច្រើន និងពិបាកបកស្រាយ។

    មូល​ហេតុ​ធ្វើឲ្យ​ស្ត្រី​គ្មាន​កូន

    មកពី​ស្ត្រី​មួយ​ចំនួន​មិន​អាច​មាន​កូន​បាន​នោះ គឺ​មាន​ច្រើន​កត្តា។ កាលណា​ស្ត្រី​មិន​មាន​កូន យើង​ត្រូវ​ពិនិត្យ​ទៅ​លើ​ស្ត្រី​ផ្ទាល់​តែ​ម្ដង មើល​ថា​តើ​ស្ត្រី​នោះ​មាន​ជំងឺ​អ្វី​មួយ​ដែល​បង្ក​មិន​ឲ្យ​មាន​កូន​ដែរ​ឬ​ទេ។ ជួនកាល​ស្ត្រី​នោះ​មាន​ជំងឺ​រលាក​មាត់ស្បូន រលាក​ទ្វារមាស ដែល​ជា​កត្តា​មួយ​ធ្វើឲ្យ​មេ​ជីវិត​បុរស​មិន​អាច​ចូល​ទៅ​បាន។ ម្យ៉ាង​វិញ​ទៀត​អាច​មក​ពី​ស្ត្រី​មួយ​ចំនួន​មាន​ការ​រអាក់រអួល​ក្នុង​ការ​ទម្លាក់​ស៊ុត។ ដោយសារ​ការ​រអាក់រអួល​ក្នុង​ការ​បង្ក​កំណើត​ដែល​មក​ពី​មេ​ជីវិត​ស្ត្រី​ពិបាក​ក្នុង​ការ​ទៅ​ជួប​ជាមួយ​មេ​ជីវិត​ឈ្មោល​បុរស។ ជួនកាល​ស្ដ្រី​មិន​អាច​មាន​កូន ដោយសារ​ពងស្វាស​បុរស​មិន​អាច​ផលិត​មេ​ជីវិត​ឈ្មោល​បាន​តាម​ប្រក្រតី។ តែ​បើ​ដំណើរការ​ផលិត​មេ​ជីវិត​ឈ្មោល​ប្រក្រតី​នៅតែ​មិន​អាច​មាន​កូន គឺ​បណ្ដាល​មកពី​មាន​ការ​ស្ទះ​ដៃ​ស្បូន​របស់​ស្ត្រី។ ចំពោះ​ស្ត្រី​មួយ​ចំនួន​ទៀត​មិន​អាច​មាន​កូន​បាន​ដោយសារ​មាន​បញ្ហា​មិន​មាន​រដូវ រដូវ​រអាក់រអួល រដូវ​មិន​ទៀងទាត់។

    វិធី​ព្យាបាល

    វិធី​ព្យាបាល​ប្រព្រឹត្ត​ទៅ​តាម​មូលហេតុ​ដែល​ស្ត្រី​កើត​មាន។ ឧទាហរណ៍​ថា​ស្ត្រី​ស្ទះ​ដៃ​ស្បូន​បង្ក​ឲ្យ​គ្មាន​កូន គឺ​ព្យាបាល​វះកាត់​ដៃ​ស្បូន​ដែល​ស្ទះ​នោះ​ចេញ ហើយ​ត​វា​ឡើង​វិញ​ក៏​អាច​ធ្វើ​ឲ្យ​មាន​កូន​បាន។ ប៉ុន្តែ​វិធី​នេះ​អាច​នឹង​ទទួល​បរាជ័យ​ទៅ​ថ្ងៃ​ក្រោយ ដោយ​អាច​នឹង​ស្ទះ​ម្ដង​ទៀត បង្ក​ទៅ​ជា​កូន​ក្រៅ​ស្បូន។

    គ្មានកូន

    មូល​ហេតុ​ធ្វើឲ្យ​បុរសគ្មាន​កូន

    ​ប្រហែល​ជា​ពាក់​កណ្ដាល​នៃ​បញ្ហា​គ្មាន​កូន គឺ​បណ្ដាល​មក​ពី​បុរស។ បុរស​អារ អាច​បណ្ដាល​មកពី​ការ​ផលិត​មេ​ជីវិត​ឈ្មោល​បាន​តិច​ពេក មុខងារ​មេ​ជីវិត​ឈ្មោល​មាន​លក្ខណៈ មិន​ប្រក្រតី ឬ​មាន​ស្ទះ​បំពង់​មេ​ជីវិត ដែល​រារាំង​ដល់​ការ​ដឹកនាំ​មេ​ជីវិត​ឈ្មោល​ចេញ​មក​ក្រៅ​បាន។ បញ្ហា​សុខភាព​រ៉ាំរ៉ៃ ការ​រង​របួស របៀបរស់នៅ និង​កត្តា​ផ្សេង​ទៀត​ក៏​អាច​ជះ​ឥទ្ធិពល​ដល់​ការ​មាន​កូន​បាន​ដែរ។

    ការ​មិន​អាច​មាន​កូន​បាន​អាច​កើត​ចេញ​ពី​ភាព​តានតឹង​ក្នុង​ជីវិត ប៉ុន្តែ​បុរស​មួយ​ចំនួន អាច​ព្យាបាល​បញ្ហា​នេះ​ឲ្យ​ជា​សះស្បើយ​បាន។ មាន​កត្តា​ហានិភ័យ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ផ្សារ​ភ្ជាប់ ទៅ​នឹង​ការ​គ្មាន​កូន​លើ​បុរស​រួមមាន៖

    • ជក់​បារី

    • ប្រើប្រាស់​គ្រឿង​ស្រវឹង

    • ការ​ប្រើ​ថ្នាំ​ញៀន

    • ធាត់​លើស​ទម្ងន់

    • មាន​ឆ្លង​មេរោគ​កាល​ពី​ពេល​មុន ឬ​ក្នុង​ពេល​បច្ចុប្បន្ន

    • ប៉ះពាល់​នឹង​សារ​ជាតិ​ពុល

    • ឡើង​កម្ដៅ​ខ្លាំង​នៅ​តំបន់​ពងស្វាស

    • ធ្លាប់​ធ្វើការ​វះ​កាត់​ពន្យារ​កំណើត ក្រៀវ ឬ​ធ្លាប់​វះកាត់​នៅ​ពោះ ឬ​នៅ​អាង​ត្រគៀក​កាល​ពី​មុន

    • ប្រវត្តិ​ក្រុម​គ្រួសារ​ធ្លាប់​មាន​បញ្ហា​នេះ

    • មាន​ជំងឺ​មួយ​ចំនួន​ដូចជា​ដុំ​សាច់ និង​ជំងឺ​រ៉ាំរ៉ៃ

    • ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន

    • ទទួល​ការ​ព្យាបាល​នានា​ដូចជា​វះកាត់ ឬ​ប្រើប្រាស់​កាំ​រស្មី​វិទ្យុសកម្ម​សម្រាប់​ការ​ព្យាបាល​ជំងឺ​មហារីក

    • អនុវត្ត​សកម្មភាព​យូរ​ៗ​មួយ​ចំនួន​ដូចជា​ជិះកង់ ឬ​ជិះ​សេះ ជាពិសេស​នៅ​លើ​កៅអី​ដែល​រឹង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Sep 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម