backup og meta

សញ្ញា​សុខភាព​តូចៗ ១៥ យ៉ាង បញ្ជាក់​ថា ប្រុសៗ​អាច​អាយុ​ខ្លី បើ​អត់​តាម​ដាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Sep 14, 2023

    សញ្ញា​សុខភាព​តូចៗ ១៥ យ៉ាង បញ្ជាក់​ថា ប្រុសៗ​អាច​អាយុ​ខ្លី បើ​អត់​តាម​ដាន

    មហារីក ​ជា​ជំងឺ​គ្រោះ​ថ្នាក់​បំផុត បើ​អាច​វិវត្ត​ដល់​ដំណាក់កាល​របស់​វា។ វិធី​​ជោគ​ជ័យ​បំផុត​​ព្យាបាល​​មហា​រីក ​គឺត្រូវ​ព្យាបាល​ពី​ដំណាក់​កាល​ដំបូង។ ភាគរយ​ខ្ពស់​បំផុត គឺ​អាច​ព្យាបាល​ជា​ដាច់ ​បើ​តាមដាន​ដិតដល់ និង​យក​ចិត្ត​ទុកដាក់​ព្យាបាល​ដោយ​ពេទ្យ​ឯកទេស។

    “Hello គ្រូពេទ្យ” ចង់​ដាស់​តឿន​ប្រុសៗ ពី​ការ​ថែទាំ​ខ្លួន និង​ចាប់​ផ្ដើម​ស្រលាញ់​សុខភាព កុំ​ចេះ​តែ​គិត​ថា​មិន​អី មិន​ធ្ងន់។ យើង​មាន​បញ្ហាតូចៗ ១៥ ចំណុចដែល​អាច​ជា​សញ្ញាណ​របស់​ “មហារីក”។ សូម​អង្កេត និងតាម​ដានសុខភាព​ខ្លួន​យើងថា​តើ​មាន​អី មិន​ប្រក្រតី​អត់។ បើ​ជា​រោគ​មហារីក​មែន ក្នុង​ដំណាក់កាល​បឋម​នេះ គឺ​អាច​មើល​ជា។

    ១- បញ្ហាពេលនោម

    អ្នក​ណា​ខ្លះ ​នោមញឹក ជា​ពិសេស​ពេលយប់? នោម​ស្រក់​តក់ៗ សើម​មិន​ដឹង​ខ្លួន ឬ​ពិបាក​ទប់​នោម? ឬ​អង្កេត​ឃើញ​ខ្លួន​ឯង នោម​ខ្សោយ ពេល​ចាប់​ផ្ដើម​នោម?

    បញ្ហា​ទាំង​នេះ​អាច​មក​ពី​ការ​រី​ក ​ឬ​មហារីក​ក្រពេញ​ប្រូ​ស្តាត។ ដូច្នេះ​ កុំ​ព្រងើយ​ វាគ្រោះថ្នាក់​ជាង​ការ​គិត​​ទៅ​ទៀត។ ​គួរ​ពិនិត្យ​​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ។ ការ​ធ្វើ​តេស្ត​ឈាម​ខ្លះ​ ពេទ្យ​អាច​ស្នើ​សុំ ឬ​ឲ្យ​យោបល់​ថា​គួរ​ពិនិត្យ។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនា BMI

    ២- ពងស្វាសប្រែប្រួល

    បើ​មាន​អារម្មណ៍ ឬ​ដឹង​ខ្លួន​ច្បាស់​ថា “ពងស្វាស” ឡើង​ពក ហើម​ប៉ោង ឬបញ្ហា​មិន​ប្រក្រតី​ផ្សេង​ទៀត​ សូម​ប្រញាប់​ទាក់ទង​​​គ្រូ​ពេទ្យ​ជា​បន្ទាន់ ព្រោះ​វា​ជា​អាច​ជា​មហា​រីក​ពង​ស្វាស។ ជំងឺ​នេះ​ វិវត្ត​រាលដាល​​លឿន​ណាស់។

    ៣- ឈាមក្នុងទឹកនោម ឬលាមក

    អាច​ជា​ភាព​មិន​ប្រក្រតី​ចំពោះ​បុរស​ដែល​មាន​ឈាម​នៅ​ត្រង់​នេះ។ នេះ​អាច​ជា​មហារីក​ប្លោក​នោម តម្រង​នោម ពោះវៀន​ធំ ​ឫសដូងបាត ឬ​រលាក​ផ្លូវ​តម្រង​នោម។ ជា​ការ​ល្អ​បំផុត​ដែល​ត្រូវ​ទៅ​ជួប​គ្រូ​ពេទ្យ ​ដើម្បី​ពិគ្រោះ និង​ព្យាបាល​ទាន់​ពេល។

    ៤- ស្បែកប្រែប្រួល

    មហារីក​ស្បែក​មាន​សញ្ញា​ជា​ការ​ប្រែប្រួល​ទំហំ​ រូប​រាង ពណ៌​នៃ​ដុំ​ ឬ​ចំណុច​លើ​ស្បែក។ បើ​មាន​សញ្ញា​ទាំង​នេះ មិន​គួរ​ពន្យារ​ពេល​រត់​រក​ពេទ្យ ឬ​មក​សម្ងំ​ព្យាបាល​ខ្លួន​ឯង​ផ្ដេសផ្ដាស​ទេ។

    អត្ថបទគួរអាន៖

    ៥- ឡើងកូនកណ្តុរ

    ប៉ោង​កូន​កណ្ដុរ មាន​ដុំ​តូចៗ​ប៉ុន​គ្រាប់​សណ្ដែក​នៅ​ក ក្លៀក ឬ​កន្លែង​ផ្សេង​ទៀត​ បាន​ន័យ​ថា ​មាន​អ្វី​មិន​ធម្មតា​ក្នុង​ខ្លួន​យើង​ហើយ។ វា​អាច​ជា​​ការ​ឆ្លើយ​តបរបស់​រាងកាយ​ទៅនឹង​ការ​រលាក​បំពង់​ក ផ្ដាសាយ ឬ​ធ្ងន់ធ្ងរ​ជាង​នេះ​ គឺ​ដំណើរ​របស់ ​មហារីក។ សូម​ជួប​គ្រូពេទ្យ​ដើម្បី​ទទួលការ​ពិនិត្យ​ និង​ព្យាបាល។

    ៦- ពិបាកលេបចូល

    ការពិបាក​លេប​ចូល​ គឺ​មាន​ច្រើន​ណាស់​ ហើយ​ក៏​បាត់​ទៅ​វិញ​ជា​រឿយៗ។ តែ​បើ​សញ្ញា​នេះ​កើត​មាន​ជាមួយ​នឹង​ការ​ស្រក​ទម្ងន់ ​និង​ក្អួត​ចង្អោរ​ វា​អាច​ជា​សញ្ញា​របស់​មហារីក​បំពង់​ក ​ឬ​មហារីក​ក្រពះ ​ហើយ។

    ៧- ក្រហាយទ្រូង

    មិន​ខុស​គ្នា​ពី​ការ​ពិបាក​លេប​ដែរ វា​អាច​ជា​សញ្ញា​របស់​មហារីក​បំពង់ក ​ឬ​ក្រពះ​ បើ​សិន​​មាន​រយៈ​ពេល​យូរ ​និង​ធ្ងន់ធ្ងរ​ជាង​មុន។

    ៨- មាត់​មិន​ប្រក្រតី

    បើ​សិន​ជា​អ្នក​ជក់​បារី ឬ​ចុក​ថ្នាំ​ជក់ នឹងប្រឈម​ជំងឺ​មហារីក​មាត់។ ​គួរ​យក​ចិត្ត​ទុក​ដាក់​នឹង​បរិវេណ​មាត់​ឲ្យ​បាន​ហ្មត់ចត់ ជាពិសេស​ពេល​មាន​ឡើង​បន្ទះ​ស ​ឬ​ក្រហម។

    ៩- ស្រក​គីឡូគ្មានមូលហេតុ

    ស្រក​គីឡូ​ដោយ​មាន​របប​អាហារ​ និង​ការ​ហាត់​ប្រាណ​ត្រឹម​ត្រូវ ជា​រឿង​ប្រសើរ។ តែ​បើ​ស្រក​ទម្ងន់ ​៤-១០ ​គីឡូ​ ដោយ​មិន​បាច់​ខំ​នោះ អាច​មក​ពី​សុខ​ភាព​យើង​មិន​ល្អ ឬ​ជា​សញ្ញាមហារីក​ក្រពះ លំពែង ឬ​សួត។

    ១០- ក្តៅខ្លួន

    ក្ដៅខ្លួនភាគ​ច្រើន កើតឡើង​ដោយ​សារ​រាយកាយ​ប្រឆាំង​នឹង​ការ​បង្ក​រោគ​ដោយ​មេរោគ។ តែ​ពេល​​វា​អត់​បាត់ ​ហើយ​រក​មូល​ហេតុ​មិន​ឃើញ​នោះ វា​អាច​ជា​សញ្ញា​របស់​មហារីក​គ្រាប់​ឈាម​ស​ ឬ​មហារីក​គ្រាប់​ឈាម​ផ្សេង។ សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ ក្ដៅ​ខ្លួន​នេះ ព្រោះ​ករណី​ខ្លះ មិនមែន​ក្ដៅ​ខ្លួន​ធម្មតា។ ចូរ​អង្កេត និង​កំណត់​ភាព​ខុស​ប្រក្រតីដែល​តែង​កើត។

    ១១- ដោះប្រែប្រួល

    ប្រុសៗហាក់​ព្រងើយ​នឹង​ដុំ​ដោះ​ តែ​​ប្រហែល​មិន​ដឹង​ទេ​ថា​ ប្រុសៗក៏​អាច​កើត​មហារីក​ដោះ​ដូចស្រីៗដែរ ទោះ​ជា ១% ក្ដី។ បើ​សង្កេត​ឃើញ​មាន​ដុំ​ដោះ​ត្រង់​ណា​នោះ ទៅ​ពេទ្យ​ពិនិត្យ​ភ្លាម។

    ១២- ល្ហិតល្ហៃ

    បើ​អស់​កម្លាំង​អត់​មាន​អី​ចម្លែក​ទេ ព្រោះ​រវល់​ការងារមួយថ្ងៃៗ ប៉ុន្តែ​មហារីក​ប្រភេទ​មួយ​ចំនួន នឹង​ធ្វើ​ឲ្យ​យើង​ហត់អស់​កម្លាំង​​ពី​ខ្លួន ​ទោះ​ខំ​សម្រាក​ច្រើន​ក៏​ដោយ។

    ហត់អស់កម្លាំង

    ១៣- ក្អក

    អ្នកអត់​ជក់​បារី ​ក្អក​អាច​ជា​រឿង​ធម្មតា។ តែ​បើ​អ្នក​ជា​​ញៀន​បារី បើ​មាន​ក្អក​មាន​ឈាម ដកដង្ហើម​ខ្លីៗ វា​អាច​ជា​សញ្ញា​បង្ហាញ​ពី​មហារីក​ហើយ។

    ១៤- ឈឺចាប់

    បើ​ឈឺ​ចាប់​ខ្លាំង​ យូរ ​ពិបាក​ទ្រាំ ត្រូវ​ទៅ​រក​គ្រូពេទ្យ​ដោះស្រាយ​បញ្ហា​នេះ។ ការ​ឈឺ​ចាប់​យូរ​​ឥតស្រាក ក៏​អាច​បណ្ដាល​មក​ពី​ការ​រាល​ដាល​នៃ​មហារីក​ដែរ។

    ១៥- ចុកពោះ និងបាក់ទឹកចិត្ត

    រោគ​សញ្ញា​ពីរ​នេះ​​រួម​ចូល​គ្នា​អាច​ជា​សញ្ញា​របស់​មហារីក​លំពែង។ វា​កម្រ​មាន​ណាស់​ តែ​គួរ​ប្រុង​ប្រយ័ត្ន​ និង​ថែ​រក្សា​ខ្លួន​។

    សរុបមក យើង​មិន​​គួរ​​មើល​រំលង​សញ្ញា​តិច​តួច​ឡើយ។ គួរ​មាន​ទម្លាប់​រស់​នៅ​ឲ្យ​បាន​ល្អ ហាត់​ប្រាណ​ឲ្យ​ទៀង​ទាត់​ ចៀស​វាង​ស្រា​ និង​បារី។ ទាំង​នេះ​ជា​រឿង​ដែល​យើង​គប្បី​ធ្វើ ​ដើម្បី​ការពារ​សុខភាព​ខ្លួន​ឯង។

    ចំណុចសំខាន់

    បញ្ហាតូចៗ ១៥ ចំណុចដែល​អាច​ជា​សញ្ញាណ​របស់​ “មហារីក” មាន៖
    • បញ្ហា​ពេល​នោម​
    • ពងស្វាស​ប្រែប្រួល
    • ឈាម​ក្នុង​ទឹក​នោម​ ឬ​លាមក
    • ស្បែក​ប្រែប្រួល
    • ឡើង​កូន​កណ្តុរ
    • ពិបាក​លេប​​អាហារ​
    • ក្រហាយ​ទ្រូង
    • មាត់​មិន​ប្រក្រតី​
    • ស្រក​គីឡូ​គ្មាន​មូលហេតុ​
    • ក្តៅ​ខ្លួន
    • ដោះ​ប្រែប្រួល
    • ល្ហិតល្ហៃ
    • ក្អក
    • ឈឺចាប់
    • ចុកពោះ និង​បាក់​ទឹក​ចិត្ត

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Chamnan Amrith · កែ Sep 14, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម