backup og meta

ទម្លាយ​អាថ៌កំបាំងរូបរាងទាំង ៥ របស់ទ្វារមាស គ្នាយើងភាគតិចបានដឹង

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Sep 05, 2019

    ទម្លាយ​អាថ៌កំបាំងរូបរាងទាំង ៥ របស់ទ្វារមាស គ្នាយើងភាគតិចបានដឹង

    យើង​ម្នាក់ៗ​កើត​មក សុទ្ធ​តែ​មាន​អ្វីៗ​ពិសេស​រៀងៗ​ខ្លួន សូម្បី​តែ​សរីរាង្គ ក៏មិនដូច​គ្នាដែរ ហើយ​គ្នា​យើង​ខ្លះ ពិសេស​ស្រីៗ តែង​លួច​ឆ្ងល់ សរីរាង្គ​យើងដូច​គេ​ដែរអត់ ដូចជា​ត្រង់​កន្លែង​សម្ងាត់​តែ​ម្តង។ គ្រាន់​តែ​មិន​ធ្លាប់​ហា៊ន​សួរ​នាំ ព្រោះ​ខ្មាស​អៀនច្រើនប៉ុណ្ណោះ។ អត្ថបទនេះ “Hello គ្រូពេទ្យ’ នឹង​ពន្យល់​គ្នា​យើង​ឲ្យ​បាន​ដឹង ពីអាថ៌​កំបាំងរូ​ប​រាង​ទាំង ៥ របស់​ទ្វារ​មាស​ស្រីៗ មនុស្សភាគ​តិច​បាន​ដឹង។

    ១- ស្វែង​យល់​សរីរាង្គនៃទ្វារមាសស្រីៗ

    ប្រភេទ​ និង​រូប​រាង​ប្រដាប់​ភេទ​ស្រី​ៗ អាច​​ខុស​គ្នាៗ ​មាន​លក្ខណៈ​ប្លែកពីគ្នា។ ស្រីៗ​​ខ្លះ មាន​​ប្រដាប់​ភេទ​រាង​ជា​ស៊ីឡាំង និង​មាន​ទំហំ​តូច ចំណែក​ ឯ​​ខ្លះ​ទៀត​មាន​រាង​ជា​រង្វង់ និង​មាន​ទំហំ​ធំ​ជាង។ ហើយ​បើ​ប្រដាប់​ភេទយើង ខុស​គ្នា​ពីប្រដាប់​ភេទ​របស់ស្រីៗ​ដទៃ ក៏មិន​ប្រាកដ​ថា យើង​មាន​បញ្ហា​នោះ​ដែរ។

    យោនី ​​ជា​សរីរាង្គ​មាន​សភាព​យឺត និង​មាន​ប្រវែង​ប្រហែល ៨​សង់ទីម៉ែត្រ ​ភ្ជាប់​ពី​ស្បូន​មក​កាន់​ផ្នែក​ខាង​ក្រៅ​នៃ​រាង​កាយ។ ប្រដាប់​ភេទ​​ស្រីៗ​ក្រាល​ដោយ​ជាលិកា​ទន់ និង​មាន​ភាព​បត់​បែន ហើយ​អាច​ផលិត​ទឹក​រម្អិល និង​មាន​រំញោច​ខ្លាំង។ ទ្វារ​មាស​ ជា​ផ្លូវ​សម្រាប់​លិង្គ​ស៊ក​ចូល នៅ​ពេល​រួម​ភេទ ហើយ​នៅ​ពេល​សម្រាល​កូន​ ទ្វារ​មាស​អាច​រីក​ទំហំ និង​ក្លាយ​ជា​ផ្លូវ​សម្រាប់​កូន​ចេញ​មក​ក្រៅ។ មួយ​វិញ​ទៀត ​ទ្វារ​មាស​ក៏​ជា​កន្លែង​បញ្ចេញ​ឈាម ​ពេល​មក​រដូវផងដែរ។

    ផ្លូវ​ចូល​របស់​ទ្វារ​មាស គេ​ហៅ​ថា Vulva ​ជា​ផ្នែក​ខាង​ក្រៅ​នៃ​ប្រដាប់​ភេទស្រីៗ វា​មាន​​ផ្នែក​ដូច​ជា មាត់​ទ្វារ​មាស បបូរទ្វារ​មាស ឬ​ហៅ​ថា Labia និង គ្លីតូរីស ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ក្រៅ ​និង​ខាង​លើនៃ​ទ្វារ​មាស។ បបូរ​ទ្វារ​មាស​ ឬ labia ​​មាន​ភាព​ខុស​គ្នា​ចំពោះ​​មនុស្សស្រី​ម្នាក់ៗ ហើយ​ក្នុង​ករណី​កម្រ​ខ្លះ បបូរ​ទ្វារមាសស្រីៗ ​មាន​ទំហំ​ធំ​ពេក អាច​ធ្វើ​ឲ្យ​គាត់​ពិបាក​​អង្គុយទៀត​​ផង។

    សន្ទះ​ព្រហ្មចារី (Hymen) ជា​ស្រទាប់​កម្រាល​មួយ ​ជា​អ្នក​គ្រប និង​ធ្វើ​ឲ្យ​ផ្លូវ​ទ្វារ​មាស​ចង្អៀត។ ស្រទាប់​នេះ​ អាច​នឹង​ដាច់​ធ្លាយ ដោយ​សារ​ការ​ប៉ះ​ទង្គិច ឬ​ដោយ​សារ​ការ​រួម​ភេទ។

    ២- រូប​រាង​ផ្សេងៗរបស់​ទ្វារ​មាន​ស្រីៗគួរដឹង

    តើ​ទ្វារ​មាស​ស្រីៗ​គ្នា​យើង​មាន​រូប​រាង​ដូច​ម្ដេច​ដែរ? រូប​រាងទ្វារ​មាស​ខាង​ក្រៅ ​ត្រូវ​បាន​កំណត់​ តាមរយៈ​បបូរទ្វារ​មាស​ ខណៈ​ខាង​ក្រោម​នេះ​ ជា​ទម្រង់​ទ្វារ​មាស​ទាំង ៥ ស្រីៗ​​គួរស្វែង​យល់៖

    – ទ្វារ​មាសសណ្ឋាន​ដូចតុក្កតា Barbie៖ ប្រភេទ​ទី​ ១ របស់​ទ្វារ​មាស មាន​រាង​ជាដូច​ជា Barbie ខណៈមូលហេតុ​​គេ​ហៅ​​ថា​ Barbie ក៏​ដោយ​សារ​ទ្វារ​មាស​​ស្រីៗ​គ្នា​យើង​ខ្លះ មាន​រាង​ដូច​គ្នាទៅនឹងទ្វារ​មាស​​តុក្កតា Barbie ដែល​គេ​ផលិត​ឡើង។ ចំពោះ​ទ្វារ​មាស​ប្រភេទ​នេះ​ បបូរ​ទ្វារ​មាស​ខាង​ក្នុង (Labia Minora) គ្រប​ទាំង​ស្រុង​លើ​ដោយបបូរ​ទ្វារ​មាស​ខាង​ក្រៅ ហៅ​ថា Labia Majora។ ដូច​នេះ ​យើង​ឃើញ​មាន​តែ​ផ្នត់​បញ្ឈរតែ​មួយ​មាន​រាង​ដូច​អក្សរ ‘V’។ អ្នក​ជំនាញ​ជា​ច្រើន​តែង​ជឿ​ថា ​ស្រីៗ​គ្រប់​រូប​កើត​មក​មាន​ទ្វារ​មាស​រាង​ដូច​នេះ ប៉ុន្តែ​តាម​ការ​ពិត មាន​មនុស្ស​ស្រី​តិច​នាក់​ណាស់ មាន​ទ្វារ​មាស​រាង​ Barbie។

    – ទ្វារ​មាសសណ្ឋានដូចវាំង​នន៖ ទ្វារ​មាស​មាន​រាង​បែប​នេះ គឺ​ដោយ​សារ​តែ បបូរទ្វារ​មាស​ខាង​ក្នុង លៀន​ចេញ​មក​ក្រៅ​ ​លើ​បបូរ​ទ្វារ​មាស​ខាង​ក្រៅ (Labia Majora)។ ផ្នែក​បបូរ​ទ្វារ​មាស​ខាង​ក្នុង​ខ្លះ ​មិនបាន​គ្រប​ជិត​ឡើយ ដូច​នេះ​​ធ្វើ​ឲ្យ​លេច​ចេញ​ស្រទាប់​ច្រើន។ ស្រីៗ​ក៏​​មិន​ចាំ​បាច់​ត្រូវ​បារម្ភ បើ​ទ្វារ​មាស​យើង​មាន​រាង​បែប​នេះ​ដែរ ព្រោះ​មាន​ស្រីៗ​ជា​ច្រើន សុទ្ធតែ​​មា​ន​ទ្វារមាស​រាង​បែប​នេះ។

    – ទ្វារ​មាប៉ោង៖ ទ្វារ​មាស​ទម្រង់​នេះ ស្រដៀង​ទៅ​នឹង​ទ្វារ​មាស Barbie ដែរ។ ប៉ុន្តែ​ទ្វារ​មាស​ប្រភេទ​នេះ មាន​បបូរ​ខាង​ក្រៅ​លយ​ចេញ​មក​ខាង​មុខ​ឆ្អឹង​ថ្ងាស​បន្តិច។

    – ទ្វារ​មាសសណ្ឋានដូចផ្កាទូលីប៖ គេ​ដាក់​ឈ្មោះ​ទ្វារ​មាស​បែប​នេះ ​ដោយ​សារ​តែ​មាន​រាង​ស្រដៀង​​ជា​មួយ​ផ្កាទូលីប (Tulip) ​កំពុង​រីក។ បបូរ​ទ្វារ​មាស​ខាង​ក្នុង​ ឃើញ​ចេញ​មក​ខាង​ក្រៅ​ក្បែរ​បបូ​ទ្វារ​មាស​ខាង​ក្រៅ ឬ​បបូរ​ខាង​ក្នុងលៀន​ចេញ​ពី​ខាង​ក្រោម​បបូរ​ខាង​ក្រៅ។

    – ទ្វារ​មាសរាង​ដូចទ្រនាប់​ក្រចក​ជើង​សេះ៖ ទ្វារ​មាស​ប្រភេទ​នេះ គឺ​បបូរ​ទ្វារ​មាស​ខាង​ក្នុង​ អាច​មើល​ឃើញ​នៅ​ផ្នែក​ខាង​លើ​ទ្វារ​មាស តែ​មិន​អាច​ឃើញ​នៅ​ផ្នែក​ខាង​ក្រោយ​បាន​ឡើយ ដែល​​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹងទ្រនាប់​ក្រចក​ជើង​សេះអ៊ី​ចឹង។

    អត្ថបទ​ពាក់​ព័ន្ធ៖

    • ប្រយ័ត្នផង! ជំងឺទាំងនេះ ឧស្សាហ៍កើតមានលើប្រដាប់ភេទស្រីៗណាស់
    • រឿងពិតពីស្រោមអនាម័យស្រីៗ យើងមិនធ្លាប់ដឹង!

    ៣- ​ទ្វារ​មាស​យើង​ធម្មតា​ដែរ​អត់?

    បើ​ចង់​ដឹង​ថា​ ​ទ្វារ​មាស​យើង​បែប​ណា ឬ​ប្រភេទ​ណា​ ទើប​គេ​ហៅ​ថា​ធម្មតា? ចម្លើយ​ គឺ​មិនមាន​ការ​​ប្រកាន់​ថា​ ទ្វារ​មាស​ប្រភេទ​ណា​ធម្មតា ឬ​មិន​ធម្មតា​ឡើយ។ តាម​ការ​ពិត​ទៅ បបូរ​ទ្វារ​មាស​ស្រីៗ​ម្នាក់ៗ មាន​ទំហំ​ខុស​ៗ​គ្នា ខណៈ​ស្រីៗ​​ប្រហែល ៥០​% មាន​បបូរ​ទ្វារ​មាស​ខាង​ក្នុង​វែង​ជាង​បបូរ​ទ្វារ​មាស​ខាង​ក្រៅ។

    បើ​យោង​តាម​ការ​សិក្សា បោះ​ពុម្ភ​ផ្សាយ​ក្នុងទស្សនាវដ្តីវេជ្ជ​សាស្ត្រ​ International Journal of Obstetrics and Gynaecology បាន​លើក​ឡើង​ថា បបូរ​ទ្វារ​មាស​មនុស្ស​ស្រី​ម្នាក់​ៗ គឺ​ខុស​ៗ​គ្នា អាច​បបូរ​ខាង​ក្នុង​ វែង​ជាង​បបូរ​ខាង​ក្រៅ។

    ទ្វារ​មាសស្រីៗ ​មាន​ភាព​មិន​ស្មើ​គ្នា​រវាង​ខាង​ឆ្វេង​ ជាមួយ​ខាង​ស្ដាំ ហើយ​មាន​ស្រីៗ​​តិច​ណាស់ ​មាន​ទ្វារ​មាស​ស្មើ​គ្នា​រវាង​ខាង​ឆ្វេង និង​ខាង​ស្ដាំ។ ដូច​នេះ​​ បើ​ទ្វារ​មាស​យើង​មិន​ស្មើ​គ្នា ក៏​មិន​ចាំ​បាច់​បារម្ភដែរ​​ ​។

    ក្នុង​ករណី​មាន​សំណូរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Sep 05, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម