– រលាកទ្វារមាសដោយមិនមានការបង្ករោគ (Noninfectious vaginitis)៖រលាកទ្វារមាសដោយមិនមានការបង្ករោគ ជាបញ្ហាមួយកើតឡើងដោយសារតែមានអាលែហ្ស៊ី ឬមានការរលាកនៅពេលប្រើក្រែមលាបទ្វារមាស ស្ព្រាយបាញ់ សាប៊ូដុំ សាប៊ូបោកខោអាវ ឬទឹកក្រអូប។ រោគសញ្ញាទាំងអស់ នឹងបាត់ទៅវិញក្នុងរយៈពេលយ៉ាងខ្លី នៅពេលឈប់ប្រើប្រាស់ផលិតទាំងអស់នោះ ហើយបើចង់ទទួលការព្យាបាល អាចទៅជួបជាមួយគ្រូពេទ្យ គាត់នឹងឲ្យយើងប្រើក្រែមលាប ដើម្បីកាត់បន្ថយរលាក រហូតដល់ប្រតិកម្មទាំងអស់នោះបាត់ទៅវិញ។
– ឆ្លងមេរោគផ្សិត (Yeast infections)៖ ឆ្លងមេរោគផ្សិត ជាការបង្កររោគរបស់ពួកផ្សិតមានឈ្មោះថា Candida ដោយរោគសញ្ញាគេឃើញញឹកញាប់ជាងគេ មានដូចជា ធ្លាក់សក្រាស់ និងមានពណ៌សខាប់។ ស្រីៗមួយចំនួន អាចធ្លាក់ស មានពណ៌ក្រហម និងរមាស់នៅមាត់ទ្វារមាសខ្លាំង ខណៈការព្យាបាលពពួកមេរោគផ្សិតនេះ អាចបាត់ទៅវិញ ដោយគ្រាន់តែប្រើថ្នាំ ហើយថ្នាំទាំងនោះភាគច្រើន ជាថ្នាំមិនត្រូវការវេជ្ជបញ្ជាឡើយ។ ប្រសិនបើសង្ស័យ កំពុងមានមេរោគផ្សិត គួរទៅជួបជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យមានប្រសិទ្ធភាព។
– រលាកទ្វារមាសដោយសារបាក់តេរី (Bacterial vaginosis)៖ បញ្ហាមួយនេះ កើតឡើងដោយសារបាក់តេរី មានក្នុងទ្វារមាសយើង ស្រាប់កើតឡើងច្រើនពេក។ គ្នាយើងមានបញ្ហានេះ អាចមានធ្លាក់ស មានសភាពស្ដើង ពណ៌ទឹកដោះគោ មានក្លិនឆ្អាប។ ក្នុងករណីនេះ គួរតែទៅជួបជាមួយគ្រូពេទ្យ ដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។