backup og meta

រឿងទ្វារមាសមានក្លិន ស្រីៗចង់ដឹងខ្លាំង តែខ្មាសអត់ហ៊ានសួរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 15, 2020

    រឿងទ្វារមាសមានក្លិន ស្រីៗចង់ដឹងខ្លាំង តែខ្មាសអត់ហ៊ានសួរ

    បញ្ហាសុខភាពពាក់ព័ន្ធ​ប្រដាប់ភេទ ស្រីៗកើតមានច្រើនជាង​ប្រុស ប៉ុន្តែដោយសារ​ស្រីៗ​ខ្មាសអៀន​ច្រើន អត់​ហ៊ាន​សួរ ឬអត់​ហ៊ាន​ទៅពេទ្យ នាំ​ឲ្យ​បញ្ហា​កាន់តែធ្ងន់ធ្ងរ ពិសេស​រឿង​បញ្ហា​​ក្លិន​មិន​ល្អនៅ​ប្រដាប់​ភេទ ច្បាស់​ជា​កាន់​តែ​ខ្មាស​​មិន​ខាន។ កុំ​ខ្មាស​អៀន​ច្រើនពេក គិត​គូរ​បញ្ហា​សុខភាព​យើង​ជា​រឿង​ចាំ​បាច់​ អត្ថបទ “Hello គ្រូពេទ្យ’ នឹ​ងលម្អិត​ពាក់ព័ន្ធ​មូលហេតុ​មួយ​ចំនួន ​ធ្វើ​ឲ្យ​ប្រដាប់​ភេទ​ស្រីៗ​មាន​ក្លិន​មិន​ល្អ។

    ១- ក្លិនធម្មតា​របស់​ទ្វារមាស

    – ក្លិនដូច​មានជាតិ​លោហៈ (Metallic)៖ ក្លិន​ដូច​ជាតិ​លោហៈ ជា​ក្លិន​ធម្មតា​ និងកើត​ច្រើន​ជាង​គេបន្ទាប់​ពី​មក​រដូវ ឬ​មាន​ប៉ះ​ពាល់​ជា​មួយ​ទឹក​កាម។ មូលហេតុ​ទាំង​ពីរនេះ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​កម្រិត pH នៅ​ក្នុង​ទ្វារ​មាស ដោយ​អាច​ទៅ​ជា​កើន​អាស៊ីដ ឬ​ប្រែ​ទៅ​ជា​ក្លិន​ផ្សេង​ទៀត។ ក្នុង​ករណី​​នេះ ធ្វើ​ឲ្យ​ទ្វារ​មាស​អ្នក​មាន​ក្លិន​ក្នុង​រយៈ​ពេល​ខ្លី​តែ​ប៉ុណ្ណោះ ​បើ​ក្លិននៅ​​បន្ត​មាន​​យូរ បន្ទាប់​ពី​មក​រដូវ​រួច ហើយ​យើង​​មិន​បាន​រួម​ភេទ​ទេ​នោះ បូក​រួម​ជា​មួយ​ទ្វារ​មាស​មាន​រមាស់ ឬ​ធ្លាក់​ស ត្រូវ​តែ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ទៅ។

    – ក្លិនផ្សាដូច​ក្លិន (Musky)៖ ក្លិន​បែប Musky គឺ​ជា​ក្លិន​ខ្លាំង​មួយ ជាងក្លិន​ធម្មតា​​របស់​ទ្វារ​មាស អាច​បណ្ដាល​មក​ពី​បែក​ញើស​ច្រើន​ពេក ស្លៀក​ខោ​រឹប​ពេក ឬ​ស្លៀក​ខោ​មាន​សាច់​កំណាត់​ហប់ មិន​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​បាន​គ្រប់​គ្រាន់។ យើងអាច​លាង​សម្អាត​ទ្វារ​មាស​ ជាមួយ​សាប៊ូ​ស្រាលៗ និង​ប្ដូរ​ខោ​ខៅ​ប៊យ​រឹប​ចេញ បើ​គិត​ថា​ ទ្វារ​មាស​មាន​ក្លិន​ខ្លាំង​ពេក។ ហើយ​ក្លិន​បែប​នេះ គឺ​មិន​បាន​បញ្ជាក់​អំពី​បញ្ហា​សុខ​ភាពណា​មួយ​កើត​ឡើង​នោះ​ទេ។

    ២- ក្លិនដែលមិនមែនជាក្លិនធម្មតា​របស់ទ្វារមាស

    – ក្លិនឆ្អាប៖ នៅ​ពេល​ទ្វារ​មាសមាន​ធំ​ក្លិន​ឆ្អាប នោះ​អាច​បញ្ជាក់​ថា ​ក្នុង​ខ្លួន​យើង​​កំពុង​មាន​បញ្ហា​ណា​មួយ​កើត​ឡើងមិន​ខាន។ ​ក្លិន​ឆ្អាប​នៅ​តំបន់​សម្ងាត់​​ អាច​បញ្ជាក់ពី​ជំងឺឆ្លងបាក់តេរី​​ពីរ​ប្រភេទ គេ​ឧស្សាហ៍​ឃើញ​កើត​មាន​លើ​ទ្វារមាស​​ស្រីៗ មាន​បាក់តេរី Vaginosis និង Trichomoniasis។ បាក់តេរី Vaginosis ជា​ការ​ឆ្លង​រោគ​ទាក់​ទង​ជាមួយ​បញ្ហា​អ​តុល្យភាព​បាក់​តេរី​ក្នុង​ទ្វារ​មាស វា​មិន​មែន​ជា​ជំងឺ​កាម​រោគ​ទេ ប៉ុន្តែ​អាច​បង្កឡើង​ដោយ​ការ​រួម​ភេទ​ជា​មួយ​ដៃ​គូ​ថ្មី​ដូច​គ្នា។

    – ក្លិនមេដំបែ ឬក្លិននំប៉័ង៖ ជា​ធម្មតា​មេរោគ​ផ្សិត ​មិន​បង្ក​ឲ្យ​មាន​ក្លិន​ទេ ភាគ​ច្រើន​អាច​ដឹង​បាន​ដោយ​រោគ​សញ្ញា​ ដូច​ជា ធ្លាក់​ស​ក្រាស់​ពណ៌​ស​ និង​រមាស់​ខ្លាំង។ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ មេរោគ​ផ្សិត អាច​បង្កើត​ឲ្យ​មាន​ក្លិន​ស្រដៀង​នឹង​នំ​ប៉័ង ឬ​មាន​ក្លិន​ដូច​របស់​ផ្អាប់​ទុក​យូរ។ មាន​ធំ​ក្លិន​ មិន​មែន​ជា​រោគ​សញ្ញា​តែ​មួយ​គត់​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ឡើយ​ ប៉ុន្តែអាច​ជួយយើង​ឲ្យ​បែក​ចែក ​រវាង​ការ​បង្ក​រោគ​ដោយ​បាក់​តេរី និង​មេរោគ​ដទៃ​ផ្សេង​ទៀត ដែល​ផ្ដល់​ការ​រំខាន​ដល់​ទ្វារ​មាស​យើង។

    – ក្លិន​ស្អុយ៖ បើ​ទ្វារ​មាស​ស្រាប់​តែ​មាន​ក្លិន​ស្អុយ​ភ្លាម​ៗ ​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ជា​បន្ទាន់ ព្រោះ​អាច​​បញ្ជាក់​ថា ​ក្នុង​ខ្លួន​អ្នក​កំពុង​តែ​មាន​បញ្ហា​ហើយ អាច​ជា​សញ្ញា​​រុល​ចូល​របស់​សំឡី​អនាម័យ​តាំប៉ុង (សំឡី​អនាម័យ​ញាត់​ចូល​ទ្វារ​មាស) ចូល​ទៅ​ក្នុង​ទ្វារ​មាស​ ​នៅ​ពេលយើង​​មក​រដូវ​លើក​​ចុង​ក្រោយ ​បញ្ហាអាច​កើត​ឡើង​ជាញឹក​ញាប់​ លើស​ពី​អ្វីយើង​​ធ្លាប់​គិត។ គ្រូពេទ្យ​ឯក​ទេស​ខាង​រោគ​ស្ត្រី គាត់​មាន​ជំនាញ​ ​យក​សំឡី​ដែល​យើង​ភ្លេចក្នុង​ទ្វារ​មាស​រយៈ​ពេល​យូរ​ចេញ​បាន​យ៉ាង​ស្ទាត់​ជំនាញ ដូច​នេះ​​មិន​ចាំ​បាច់​ត្រូវ​អៀន​ខ្មាស់​​អ្វី​ឡើយ។

    អត្ថបទ​ពាក់​ព័ន្ធ៖

    • មូលហេតុចម្បងនាំឲ្យមានបញ្ហារោគស្ត្រី ស្រីៗគួរតែដឹង
    • បញ្ហាពាក់ព័ន្ធកន្លែងសម្ងាត់ ស្រីៗចង់ដឹងបំផុត តែអត់ហ៊ានសួរ

    ៣- មូលហេតុផ្សេង​ទៀត​បង្កឲ្យទ្វារមាសមានក្លិន

    – ខ្វះអនាម័យ៖ ​មនុស្ស​ស្រី​មាន​កន្លែង​សម្ងាត់​សាំញ៉ាំច្រើនណាស់​ ហើយ​ការ​សម្អាត​កន្លែង​ទាំង​អស់​នោះ​ ក៏​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ដែរ។ ភាគ​ច្រើន​ ការ​បង្ក​ឲ្យ​មាន​ក្លិន​នៅ​ទ្វារ​មាស ​បណ្ដាល​មក​ពីខ្វះ​ទម្លាប់​អនាម័យ ហេតុ​នេះ​ត្រូវ​ប្រាកដ​ថា យើង​បាន​លាង​សម្អាត​តំបន់​ទាំង​អស់​នោះ​ឲ្យ​បាន​ត្រឹម​ត្រូវ​ជា​រៀង​រាល់​ថ្ងៃ ដោយ​ប្រើ​សាប៊ូ​ដែល​មាន​ក្លិន​ស្រាល និង​មិន​មាន​ជាតិ​កាត់។ ត្រូវ​សម្អាត​ទ្វារ​មាស​បន្ទាប់​ពី​ចេញ​ពី​បន្ទប់​ទឹក ដោយ​សម្អាត​ពី​ខាង​មុខ​ទៅ​ក្រោយ (សម្អាត​ផ្ទៃ​ខាង​ក្រៅ​ទ្វារ​មាស) ប៉ុន្តែ​មិន​ត្រូវ​សម្អាត​ដោយ​បាញ់​ទឹក​ចូល​ទ្វារ​មាស​ជា​ដាច់​ខាត ហើយ​ត្រូវ​ប្ដូរ​ខោ​ក្នុង​ជា​ប្រចាំ​ រៀងរាល់​ថ្ងៃ ទោះ​បី​ជា​មិន​ត្រូវ​ងូត​ទឹកក៏ដោយ។

    – បាក់តេរី vaginosis៖ បញ្ហា​មួយ​នេះ កើត​ឡើង​នៅ​ពេល​បាក់​តេរី​ល្អ​ក្នុង​ទ្វារ​មាសកើន​ឡើង​ហួស​កម្រិត ហើយ​ការ​ធ្លាក់​ស​ ជា​រោគសញ្ញា​មួយ​បញ្ជាក់ពី​បញ្ហានេះ ប៉ុន្តែ​​ក៏​ធ្វើ​ឲ្យ​ទ្វារ​មាស​មាន​ក្លិន​ដូច​គ្នា ប៉ុន្តែ​មាន​ស្រីៗ​ជា​ច្រើន​មាន​បញ្ហានេះ​ តែ​មិន​បង្ហាញ​រោគ​សញ្ញា​អ្វី​ឡើយ។ យើង​​ត្រូវ​ទាត់​ចោល​ការ​បង្ក​រោគ​ដទៃ​ផ្សេង​ទៀត មុន​ពេល​ព្យាបាល​បាក់​តេរី Vaginosis ខណៈ​ការ​​ព្យាបាល​ មាន​ដូច​ជា​ លាប​ជែល និង​លេប​ថ្នាំ​ផ្សះ។ ទោះ​បីការ​ព្យាបាល​បាន​ជោគ​ជ័យ​ក្ដី ប៉ុន្តែ​បញ្ហា​មួយ​នេះ​ នៅ​តែ​អាច​កើត​ឡើង​ម្ដង​ទៀតនៅ​ពេល​ក្រោយ។

    – ជំងឺ Trichomoniasis៖ ជា​​ជំងឺ​កាម​រោគ បង្ក​ឡើង​ដោយ​ប៉ារ៉ាស៊ីត និង​កើត​ទាំង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី ដែលជា​ទូទៅ​ គ្នា​យើង​​កើត​បញ្ហា​នេះ មិន​សូវ​មាន​រោគ​សញ្ញា​អ្វី​ឡើយ ប៉ុន្តែមួយ​ចំនួន​អាច​មាន​បញ្ហា​ធ្លាក់​ស​តាម​ទ្វារ​មាស ឬ​រន្ធ​បង្ហូរ​នោម ដោយ​​មាន​ពណ៌​បៃ​តង ឬ​មាន​ពពុះ និង​មាន​អាការៈ​ផ្សា​ក្រហាយ​ពេល​នោម ឈឺ​ចាប់​ពេល​រួម​ភេទ ​រមាស់​នៅ​ក្នុង​តំបន់​ប្រដាប់​ភេទជាដើម។ រោគ​វិនិច្ឆ័យ ​ធ្វើ​ឡើង​ដោយ​ការ​វិភាគ​ប៉ារ៉ាស៊ីត​នៅ​តំបន់​ប្រដាប់​ភេទ ហើយ​គេ​ប្រើ​ថ្នាំ​ផ្សះ ​ដើម្បី​ព្យាបាល​ការ​បង្ក​រោគ​ ខណៈ​បញ្ហា​មួយ​ អាច​កើត​ឡើង​ម្ដង​ទៀត ​បន្ទាប់​ពី​ព្យាបាល​រួច។

    – មេរោគផ្សិតក្នុងទ្វារមាស៖ បញ្ហា​មួយ​ប្រភេទ​នេះ បង្ក​ឡើង​ដោយ​មេរោគ​ផ្សិត​មួយ​ប្រភេទ​ មាន​ឈ្មោះ​ថា Candida។ ការ​បង្ក​រោគ​នេះ​ ភាគ​ច្រើន​ ធ្វើ​ឲ្យ​មាន​ក្ដៅ ឈឺ រមាស់ ធ្លាក់​ស និង​ឈឺ​ចាប់​ពេល​រួម​ភេទ។ មេរោគ​ផ្សិត​ អាច​ឆ្លងរវាង​​​មនុស្ស​ប្រុស​ជា​មួយ​​មនុស្ស​ស្រី ប៉ុន្តែ​គេ​អាច​​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​សម្លាប់​រោគផ្សិត ដោយ​លាប​នៅ​កន្លែង​រលាក ឬ​លេប​ថ្នាំ​តាម​មាត់។

    – ជំងឺកាមរោគ៖ មេរោគប្រមេះ (Chlamydia) និង មេរោគ​ស្វាយ (Gonorrhea) ​ជា​មេរោគចម្បងនៃ​​ជំងឺកាម​រោគ ​អាច​ធ្វើ​ឲ្យ​មាន​ក្លិន​ស្អុយ​នៅ​ក្នុង​ទ្វារ​មាស។ មេរោគ​ទាំង​ពីរ​ កើត​ឡើង​ច្រើន​ណាស់ប៉ុន្តែ​​ការ​ព្យាបាល​ក៏​ងាយ​ស្រួល​ដូច​គ្នា។ យ៉ាង​ណា ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព ​បើ​មិន​ព្យាបាល​ត្រឹម​ត្រូវ។ ដោយ​សារ​តែ​អាច​បញ្ចេញ​រោគ​សញ្ញា ឬ​មិន​បង្ហាញ​ឲ្យ​ឃើញ ដូច​នេះ​យើង​​អាច​ឆ្លង​មេរោគ​ពពួក​នេះ​ឡើង។ ​បើ​មាន​​ឈឺ​ចាប់​ពេល​នោម ឬ​មាន​ហូរ​ខ្ទុះ ​គួរ​តែ​ប្រញ៉ាប់​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់​រហ័ស ហើយ​ដើម្បី​ការ​ពារ​ខ្លួន​ពី​ជំងឺមួយ​នេះ មិន​ត្រូវ​រួមភេទ ឬ​ត្រូវ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​គ្រប់ពេល​រួម​ភេទ។

    – ជំងឺ​រលាកអាងត្រគាក៖ ជំងឺ​រលាក​អាង​ត្រគាក (PID) ​ជា​ជំងឺ​កាម​រោគ ​ដូច​ពពួក​មេរោគស្វាយ (Gonorrhea) ឬ​ប្រមេះ (Chlamydia ) ដែរ។ ជា​ការរលាក​នៅ​ក្នុង​ស្បួន ដៃ​ស្បូន អូវែ និង​បំពង់​ដៃ​ស្បូន​​ស្រីៗ ហើយរោគ​សញ្ញា​ជំងឺ មាន​ដូច​ជា ក្ដៅ​ខ្លួន ធ្លាក់​ស ឈឺ​ក្នុង​ពោះ ឬ​ក្នុង​តំបន់​អាង​ត្រគាក ឈឺ​ពេល​រួម​ភេទ និង​ឈឺ​ពេល​នោម។ គេ​អាច​ព្យាបាលដោយ​ប្រើ​ថ្នាំ​ផ្សះ ហើយ​បើ​មិន​ព្យាបាល​ត្រឹម​ត្រូវ ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​ធ្ងន់​ធ្ង ដូច​ជា ​អត់​អាច​មាន​កូន​ជា​ដើម។

    ជំងឺមហារីកមាត់ស្បូន៖ មេរោគ HPV ជា​មូល​ហេតុ​ចម្បង​នៃជំងឺ មហារីក​មាត់​ស្បូន។ ជំងឺមហារីក​ កើត​ឡើង​នៅ​ផ្នែង​ខាង​ក្រោម​​ស្បូន ដែល​​ជា​កន្លែង​ភ្ជាប់​គ្នា​របស់​ស្បូន និង​ទ្វារ​មាស។ រោគ​សញ្ញា​ ជំងឺ​មហារីក​មាត់​ស្បូន ក្នុង​ដំណាក់​កាល​ធ្ងន់​ធ្ងរ ​អាច​មាន ហូរ​ឈាម​ពេល​រួម​ភេទ មាន​ធ្លាក់​ស​ក្លិន​អាក្រក់​ពី​ក្នុង​ទ្វារ​មាស និង​ឈឺ​អាង​ត្រគាក។ យើង​អាច​ប្រឈម​កើតជំងឺ​មហារីក​មាត់​ស្បូនកាន់​តែខ្ពស់ ​បើ​​មាន​ដៃ​គូរ​រួម​ភេទ​ច្រើន ឆាប់​ប្រឡូក​ក្នុង​ការ​រួម​ភេទទាំង​វ័យ​ក្មេង មាន​ប្រព័ន្ធ​ការ​ពារ​ក្នុង​ខ្លួន​ខ្សោយ ជក់​បារី ឬ​កើត​ជំងឺកាម​រោគ​ដទៃ​ផ្សេង​ទៀត។ គេ​ព្យាបាល​ជំងឺ​នេះ​ទៅ​តាម​ដំណាក់​កាល​​ជំងឺ ​ដូច​ជា ការ​វះ​កាត់ បាញ់​កាំ​រស្មី និង​ប្រើ​ថ្នាំ​គីមី។

    – ជំងឺមហារីកទ្វារមាស៖ ជំងឺ​មហារីក​ទ្វារ​មាស​ជាជំងឺកម្រ​កើត​ខ្លាំង​ណាស់ ភាគ​ច្រើន​គេ​ឃើញ​វា​នៅ​លើ​កោសិកា​ផ្នែង​ខាង​លើ​​ទ្វារ​មាស និង​អាច​ព្យាបាល​បាន​យ៉ាង​ងាយ​ស្រួល សម្រាប់​​ដំណាក់​កាល​ដំបូង។ ​ក្នុង​ដំណាក់​កាល​ដំបូង យើង​ប្រហែល​ជា​មិន​អាច​កត់សម្គាល់ឃើញ​រោគ​សញ្ញាជំងឺមួយ​នេះ​ឡើយ។ នៅ​ពេល​កោសិកា​វិវត្ត​ទៅ​មុខ យើងនឹង​ចាប់​ផ្ដើម​មាន​ហូរ​ឈាម​ខុស​ធម្មតា ឈឺ​ចាប់​ពេល​នោម ឈឺ​ក្នុង​ត្រគាក និង​ទល់​លាមក ហេតុនេះ​ត្រូវ​ប្រញ៉ាប់​ទៅ​​ជួប​គ្រូពេទ្យ ​បើ​ប្រទះ​ឃើញ​រោគ​សញ្ញា​ទាំង​អស់​នេះ។ គ្រូពេទ្យ​មិន​ទាន់​ច្បាស់​ថា តើ​អ្វី​ជា​មូលហេតុ​ជំងឺ​នេះ​នៅ​ឡើយទេ ប៉ុន្តែ​វា​នឹង​រាល​ដាល​ទៅ​មុខ ​បើ​ព្យាបាល​ទាន់​ពេល​វេលា។

    មហារីក​ទ្វារ​មាស​ មាន​ ៤​ប្រភេទ អាស្រ័យ​តាម​កន្លែង​ដែល​សាច់​មហារីក​ដុះ។ ស្រីៗ​​ប្រឈម​​ជា​មួយជំងឺ​មហារីក​ទ្វារ​មាស​កាន់​តែ​ខ្ពស់ ពេល​អាយុ​កាន់​តែ​ច្រើន ធ្លាប់​ប្រើ​ប្រាស់​ថ្នាំ​រក្សា​គភ៌ មាន​ដៃ​គូរ​រួម​ភេទ​ច្រើន ឬ​ជក់​បារី។ ​បើរក​ឃើញ​ថា​ មាន​ជំងឺមហារីក​ទ្វារ​មាស គ្រូពេទ្យ​នឹង​ប្រាប់​វិធី​ព្យាបាល វះ​កាត់ ប្រើ​ថ្នាំ​គីមី ឬ​បាញ់​កាំ​រស្មី​។

    – រន្ធប្រដាប់ភេទ និងគូទធ្លាយចូលគ្នា (Rectovaginal Fistula)៖ វា​ជា​ការ​ត​ភ្ជាប់​ខុស​ប្រក្រតី​រវាង​ទ្វារ​មាស នឹង​រន្ធ​គូទ ទើប​គេ​ហៅ​​ថា Rectovaginal Fistula។ ដោយ​សារ​បញ្ហា​នេះ អាច​បញ្ចេញ​លាមក ឬ​ផោម​តាម​ទ្វារ​មាស ហើយ​រោគ​សញ្ញា​​ជំងឺ អាចជា​រឿង​អៀន​ខ្មាស អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​ស្នេហា​ ប៉ះ​ពាល់​ភាព​ជឿ​ជាក់​លើ​ខ្លួន​ទៀត​ផង។ ​ប្រហែល​ជា​រឿង​លំបាក​ ក្នុង​ការ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ពី​បញ្ហា​មួយ​នេះ ប៉ុន្តែ​ Rectovaginal Fistulas ត្រូវ​ការ​​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​ភាគ​ច្រើន​ គេត្រូវ​ការ​ធ្វើ​ការ​វះ​កាត់​ដើម្បី​ព្យាបាល​ឲ្យ​បាន​ជា​សះស្បើយ។ រោគ​សញ្ញា​ មួយ​ចំនួន​របស់បញ្ហារន្ធប្រដាប់ភេទ និងគូទធ្លាយចូលគ្នា ​មាន​ដូច​ជា ធ្លាក់​ស​តាម​ទ្វារ​មាស និង​មាន​ក្លិន​អាក្រក់ ឆ្លង​រោគ​ម្ដង​ហើយ​ម្ដង​ទៀត មាន​លេច​លាមក​ ឬ​ផោម​តាម​ទ្វារ​មាស ឈឺ​ចាប់​ពេល​រួម​ភេទ ឬ​​ឈឺ​តាម​តំបន់​ទ្វារ​មាស។ មូលហេតុ​ជា​ច្រើន​អាច​បង្ក​ឲ្យ​កើត​បញ្ហា​មួយ​នេះ រួម​មានជំងឺ Crohn’s disease ព្យាបាលជំងឺងឺ​មហារីក​នៅ​តំបន់​អាង​ត្រគាក​ ឬ​ធ្លាប់​វះ​កាត់​នៅ​តំបន់​ជុំ​វិញ​នោះ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ​ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Jul 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម