backup og meta

បច្ចុប្បន្ន ភាពគ្មាន​កូន​លើ​បុរស​​មាន​ខ្ពស់ជាង​ស្រ្តី?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 13, 2020

    បច្ចុប្បន្ន ភាពគ្មាន​កូន​លើ​បុរស​​មាន​ខ្ពស់ជាង​ស្រ្តី?

    តាមការ​សិក្សា​បង្ហាញ​ថាមាន​គូស្វាមី ភរិយា​ប្រហែលជា​៨៥​ភាគរយ​អាចមា​នគភ៌​នៅ​មួយ​ឆ្នាំ​បន្ទាប់​​​ពី​មាន​ការ​រួម​ភេទ​ដោយ​មិនមានការ​ការពារ ឬពន្យាកំណើត។ ចំណែក​ឯកគូស្វាមី​១៥​ភាគរយ​ទៀត​អាច​មាន​បញ្ហា​ក្នុងការ​មាន​កូន​នេះ។​ តាមការ​បា៉ន់​ប្រ​មាណក្នុង​ចំណោម​ប្តីប្រពន្ធ​៧គូ មាន​មួយគូនឹង​មាន​ហានិភ័យ​ដែល​ប្រឈម​នឹង​ភាព​គ្មាន​កូន​នេះ។​

    ភាព​គ្មាន​កូន​គឺ​ជា​បញ្ហា​មួយ​ដែល​ភាគ​ច្រើន​បន្ទុក​ត្រូវ​បាន​ធ្លាក់​ទៅលើ​តែ​ម្ខាងៗ។ នៅ​ពេល​ដែល​គូ​ស្វាម៉ី​ភរិយា​ជួប​ការ​លំបាក​ក្នុង​ការ​មាន​កូន សង្គម​នឹង​មាន​ទំនោរ​បន្ទោស​ទៅ​លើ​ខាង​ស្រី។ ទោះ​ជា​ការ​ពិត​ដោយ​សារ​តែ​ជំងឺ​រោគ​ស្ត្រី​មួយ​ចំនួន (ដូច​ជា​ជំងឺ endometriosis) អាច​មាន​ផល​ប៉ះ​ពាល់​ដល់​សមត្ថភាព​ក្នុង​ការ​បង្កកំណើត និង​ទ្រទ្រង់​គភ៌ ប៉ុន្តែការ​មាន​កូន​គឺ​ត្រូវ​ពឹង​ផ្អែក​លើ​ដៃ​គូ​ទាំង​សង​ខាង។ ក្នុង​អត្ថ​បទ​នេះយើង​​នឹងស្វែង​យល់​បន្ថែម​អំពី​ស្ថាន​ភាព​​គ្មាន​កូន​ដែល​បណ្តាល​មក​ពីខាង​ប្រុស។

    អត្ថបទពាក់ព័ន្ធ៖ ប្រុសៗការហើយយូរឆ្នាំនៅតែអត់មានកូន តើគួរធ្វើម៉េច?

    ១- ការមានកូនរបស់បុរសកំពុងមានការធ្លាក់ចុះ

    យោង​តាម​វេជ្ជបណ្ឌិត Dr Helena Lim អ្នក​ឯក​ទេស​ខាង​ការ​បង្កកំណើត និង​ជា​អ្នក​ពិគ្រោះ​យោបល់​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៅ​មជ្ឈ​មណ្ឌល KL Fertility Centre បាន​លើក​ឡើង​ថា​បញ្ហា​នៃ​ការ​មាន​កូន​របស់​បុរស​បាន​កើន​ឡើង​ក្នុង​រយៈពេល​ពី ទៅ ១០ ឆ្នាំ​កន្លង​មកនេះ។ តាម​ពិត​ទៅ​មាន​ប្រហែល​ជា ៤០ ទៅ ៥០ ភាគ​រយ​នៃ​ភាព​គ្មាន​កូន​ទាំង​អស់​គឺ​ដោយ​សារ​តែ​បញ្ហា​របស់​បុរស។ មាន​លក្ខ​ខណ្ឌ និង​កត្តា​ផ្សេង​ៗ​គ្នា​ដែល​មាន​ឥទ្ធិពល​លើ​ការ​មាន​កូន​របស់​បុរស។ ​មាន​ដូច​ជា៖

    • បញ្ហា​ក្នុង​ការ​ផលិត​មេ​ជីវិត​ឈ្មោល
    • បញ្ហា​នៃ​ការ​ធ្វើ​ចលនា​របស់​មេ​ជីវិត​ឈ្មោល
    •  បញ្ហា​ដែល​ទាក់​ទង​នឹង​ការ​រួម​ភេទ និង
    • ជំងឺ​អ័រម៉ូន

    ក្រៅ​ពី​កត្តា​ខាង​លើ​នេះ​ក៏​មាន​លក្ខ​ខណ្ឌ​មួយ​ផ្សេង​ទៀត​ដែល​មាន​ឥទ្ធិពល​ដល់​ការ​មាន​កូន​របស់​បុរស នោះ​គឺ – azoospermia  គឺសម្ដៅ​​ទៅ​លើ​ភាព​គ្មាន​កោសិកា​មេជីវិត​ឈ្មោល​នៅ​ក្នុង​ទឹក​កាម។ រឿងនេះ​ក៏​អាច​បណ្តាល​មក​ពី​បញ្ហា​នៃ​ការ​ផលិត​មេ​ជីវិត​ឈ្មោល​ដូច​ជា​ការ​ស្ទះ​បំពង់​ពង​ស្វាស​ជាដើម។

    អត្ថបទពាក់ព័ន្ធ៖

    ប្រសិន​បើ​គ្នា​យើង​មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​ក្នុង​ការ​មាន​កូនយើង​​អាច​ធ្វើ​ការ​តាម​ដាន​ដោយ​ស្កេន​មើល​ការ​បង្កកំណើត​បាន។ ចំពោះ​បុរស ការ​ស្កេន​មាន​ការ​ពិនិត្យ​រាង​កាយ​ក៏​ដូច​ជា​ការ​វាយ​តម្លៃ​លើ​អ័រម៉ូន​មួយ​ចំនួន​ដូច​ជា​អ័រម៉ូន​តេស្តូស្តេរ៉ូន អ័រម៉ូន follicle-stimulating hormone (FSH) និង​អ័រម៉ូន luteinizing hormone (LH)។

    ក្រៅ​ពី​កត្តា​ដែល​បាន​លើក​ឡើង​ខាង​លើ កត្តា​នៃ​របៀប​ក្នុង​ការ​រស់​នៅក៏​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជះ​ឥទ្ធិពល​លើ​ការ​មាន​កូន​របស់​បុរស​ផង​ដែរ។ កត្តា​នៃ​របៀប​រស់​នៅ​មួយ​ចំនួន​មាន​របប​អាហារ ការងារ ទម្ងន់​រាង​កាយ សកម្មភាព​ប្រចាំថ្ងៃ ក៏​ដូច​ជា​ការ​ប្រើ​ប្រាស់​សារ​ធាតុ​ញៀន​សុទ្ធ​តែ​មាន​ផល​ប៉ះ​ពាល់​ដល់​ការ​មាន​កូន​របស់​បុរស​បាន។

    ២- អ្វីដែលគួរធ្វើ

    វេជ្ជបណ្ឌិត Dr Helena ជំរុញ​ឲ្យ​បុរស​មិន​ត្រូវ​ពន្យារ​ពេល​ក្នុង​ការ​ស្វែង​រក​ជំនួយ​ពី​អ្នក​ឯក​ទេស​ខាង​បង្កកំណើត។ អ្នកជំនាញ​រូបនេះ​​បាន​ណែនាំ​ឲ្យ​គូ​ស្វាមី​ភរិយា​គួរ​ធ្វើ​ការ​តាម​ដាន​មើល​ពី​ភាព​បង្កកំណើត​ឲ្យបាន​ឆាប់ ជា​ពិសេស​លើ​អ្នក​ដែលមាន​អាយុ ៣៥ ឆ្នាំ​ឡើង​ទៅ។ ការ​មាន​កូន​គឺ​ជា​ទំនួល​ខុស​ត្រូវ​របស់​ប្តី​ប្រពន្ធ​ទាំង​សង​ខាង។ ដូច្នេះ​ជាការសំខាន់​ណាស់​សម្រាប់​ប្តី​ប្រពន្ធ​ទាំង​ពីរ​ក្នុង​ការ​ស្កេន​មើល​ដើម្បី​ជៀស​វាង​ពី​ភាព​គ្មាន​កូន​របស់ខ្លួន​។

    ៣- ផ្លាស់ប្តូររបៀបរស់នៅ

    កត្តា​ដែល​បណ្តាល​មក​ពី​របៀប​ក្នុង​រស់​នៅ​សព្វ​ថ្ងៃ​ដែល​ជះ​ឥទ្ធិពល​ដល់​ការ​មាន​កូន​ជាក់​ស្តែង​គឺ​មក​ពី​បុរស។ លើ​បុរស​ដែល​ញៀន​ក្នុង​ការ​ជក់​បារី​គឺ​ចាំបាច់​ណាស់​ក្នុង​ការ​រក​ជំនួយ​ភ្លាម​ៗ។ បារី​គឺ​ជា​កត្តា​គ្រោះ​ថ្នាក់​ដ៏​ធំ​មួយ​សំរាប់​បញ្ហា​សុខ​ភាព​ ក្នុង​នោះ​រួម​ទាំង​ការ​គ្មាន​កូន​ផង​ដែរ។ យើង​ក៏​គួរ​តែ​កាត់​បន្ថយ​នូវ​ការ​ទទួល​ទាន​ស្រា​​ដូច​គ្នា។ មិន​ត្រឹម​តែ​គ្មាន​កូន​នោះ​ទេ ទាំង​បារី និង​ស្រា​សុទ្ធ​តែ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ជាច្រើន​ដែរ។

    ក្រៅ​ពី​ការ​គ្រប់​គ្រង​ការ​ញៀន របប​អាហារ​ដែល​មាន​សុខ​ភាព​ល្អ​ក៏​សំខាន់​ផង​ដែរ។ យើង​​ត្រូវ​ញ៉ាំ​អាហារ​ប្រចាំ​ថ្ងៃ​ឲ្យ​មាន​តុល្យភាព​ជាមួយ​នឹង​បរិមាណ​អាហា​ដ៏​ត្រឹម​ត្រូវ។ អាហារ​ដែល​ល្អ និង​មាន​សុខ​ភាព​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​បាន​ពេញ​មួយ​ថ្ងៃ ដោយ​សារ​តែ​ភាព​តាន​តឹង​ក៏​អាច​ធ្វើ​ឲ្យ​សមត្ថភាព​ក្នុង​ការ​មាន​កូនរបស់​បុរស​ចុះខ្សោយ​បាន​ដែរ។

    ដើម្បី​យល់​ឲ្យ​កាន់តែ​ច្បាស់​ពី​បញ្ហា​នៃ​ភាព​គ្មាន​កូន សូម​ទៅ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​បង្កកំណើត​ដើម្បី​ទទួល​បាន​ការ​ពិគ្រោះ​យោបល់​ផ្ទាល់​ខ្លួន និង​កាន់​តែ​ច្បាស់​លាស់។ ដើម្បី​ជា​ជំនួយ​ដល់​ភាព​គ្មាន​កូន​របស់យើង ការ​ធ្វើ​អន្តរាគមន៍​ផ្នែក​វេជ្ជសាស្រ្ត​ផ្សេង​ទៀត​មាន ovulation induction Intra-Uterine Insemination (IUI), Intracytoplasmic Sperm Injection (ICSI) ឬ In-Vitro Fertilisation (IVF)

    បើ​និយាយ​ដល់​ភាព​គ្មាន​កូន ពេល​វេលា​គឺ​ជា​កត្តា​សំខាន់។ នៅ​ពេល​យើង​កាន់​តែ​ចាស់​ការ​បង្កកំណើត​គឺ​​កាន់​តែ​មាន​ភាព​ពិបាក ដែល​ជា​​លទ្ធ​ភាព​នៃ​ការ​មាន​ផ្ទៃ​ពោះ​ពិបាក​ដូច​គ្នា។ ដូច្នេះ​គឺ​​ចាំបាច់​ណាស់​​ក្នុង​ការ​ស្វែង​រក​ជំនួយ​ឲ្យ​បាន​ឆាប់​ដើម្បី​ដោះស្រាយ​ពី​បញ្ហា​ដែល​យើង​មាន​ឲ្យ​បាន​ឆាប់​រហ័ស និង​បាន​អត្រា​ជោគ​ជ័យ​ខ្ពស់​ក្នុង​ការ​ព្យាបាល។

    អត្ថបទពាក់ព័ន្ធ៖ 

  • មេ​ជីវិត​ប្រុសៗ​បញ្ចេញ​ម្តងៗ​ មិន​ចេះ​តិច​ទេ តើ​វាអាច​រស់​បាន​ប៉ុន្មាន​ថ្ងៃ?
  • អាហារ​ល្អៗ ប៉ូវ​ឲ្យមេជីវិតប្រុសៗ​កាន់​តែ​ខ្លាំង​ជាង​មុន
  • អ៊ូរទាំរឿងអត់​កូន ត្រូវដឹងអាហារ​គួរញ៉ាំ និងមិនគួរញ៉ាំ
  • “តែបៃតង” ជួយឲ្យឆាប់មានកូន?
  • ក្នុង​ករណី​មាន​សំណួរ​ មន្ទិល​សង្ស័យ​​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ​មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម