របៀបនៃការរស់នៅក្នុងសម័យទំនើបនាពេលបច្ចុប្បន្ន បានរួមចំណែកធ្វើឲ្យប៉ះពាល់ខ្លាំងទៅលើសុខភាពមាត់ធ្មេញ។ បើយោងតាមការស្ទង់មតិបានរកឃើញថា អ្នកធ្វើការក្នុង Office ងាយកើតជំងឺមាត់ធ្មេញជាងការងារផ្សេងៗទៀត។ ដោយសារអ្នកធ្វើការក្នុង Office ជាច្រើនដុសធ្មេញមិនបានទៀងទាត់ ដោយសារប្រញាប់ចូលធ្វើការ ហើយបើនិយាយអំពីរបៀបដុសធ្មេញវិញ មាន ៨៨ភាគរយហើយ ដែលដុសមិនដល់២នាទីទេ។ ក្នុងការស្ទង់មតិនេះ ក៏បានរកឃើញថា មានមនុស្សប្រមាណ ៤០ភាគរយចូលចិត្ដញ៉ាំនំចំណី ជាជាងញ៉ាំបាយម្ហូបត្រឹមត្រូវ។ ទម្លាប់ទាំងអស់នេះហើយ ដែលធ្វើឲ្យធ្មេញឆាប់ខូច ដោយសារតែនំចំណីទាំងនោះ ទៅទប់ស្កាត់កម្រិត pH ក្នុងមាត់ ហើយធ្មេញក៏ប៉ះពាល់ជាមួយជាតិអាស៊ីតក្នុងអាហារច្រើនដូចគ្នា។