backup og meta

ក្រោយរួមភេទស្រីៗមាន​បញ្ហា​ធ្លាក់ឈាម មកពីមូលហេតុអ្វី?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Apr 09, 2021

    ក្រោយរួមភេទស្រីៗមាន​បញ្ហា​ធ្លាក់ឈាម មកពីមូលហេតុអ្វី?

    ស្រីៗ​យើង​ប្រ​ហែល​ជា​បារម្ភ​ពេល​ឃើញ​មានចេញ​​ឈាម​ខ្លះៗ​ក្រោយ​រួមភេទ​ហើយ។ ការ​ហូរ​ឈាម​តាម​ទ្វារ​មាសក្រោយ​រួម​ភេទ​ ​មិន​មាន​ទាក់ទង​នឹង​ការ​មក​​​រដូវ ឬ​មិន​មែន​ជិត​ដល់​ថ្ងៃ​មក​រដូវ​ទេ តើ​ឈាម​នោះ​ជា​ឈាម​អ្វី​ដែរ?

    បើ​ទោះ​ជា​បញ្ហា​ហូរ​ឈាម​តាម​ទ្វារ​មាស ក្រោយ​ពេល​រួម​ភេទ អាចថា​គួរ​​ឲ្យ​បារម្ភ​ក្ដី តែ​ក៏​អាច​​ជា​រឿង​ធម្មតា​មួយ ដែល​កើត​លើ​មនុស្ស​ស្រី​យើង​ក្នុង​វ័យ​មាន​រដូវ​ដូច​គ្នា​ ដែល​រឿង​នេះ​​មិន​មែន​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ពេក​ឡើយ។

    ១. មូលហេតុធ្វើឲ្យមានហូរឈាមក្រោយពេលរួមភេទ

    មូលហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​ហូរ​ឈាម​ក្រោយ​ពេល​រួម​ភេទ​ញឹក​ញាប់​ជាង​គេ​នោះ​ គឺ​ដោយ​សារ​តែ​មាត់​ស្បូន​​ចង្អៀត​ពេក និង​​បណ្ដាល​មក​ពី​ការ​រលាក​មាត់​ស្បូន។

    មូលហេតុ​កើត​មាន​​ញឹក​ញាប់មួយ​ដែរ បង្ក​ឲ្យ​មាន​ឈាម​ក្រោយ​រួមភេទ គឺ​ដោយ​សារ​មាន​​ដុំ​ពក​ដុះ​នៅ​មាត់​ស្បូន។ ដុំ​នេះ​ច្រើន​មាន​ទំហំ​តូច​ប្រហែល ១ ទៅ ២​សង់​ទី​ម៉ែត្រ។ ភាគ​ច្រើន​ដុំ​នេះ​ដុះ​នៅ​ត្រង់​កន្លែង​ភ្ជាប់​គ្នា រវាង​មាត់​ស្បូន​ជាមួយ​នឹងទ្វា​រមាស ហើយ​​គ្រូពេទ្យ​អាច​យក​វា​ចេញ ដោយមិន​​បង្ក​គ្រោះ​ថ្នាក់​អ្វី​ឡើយ។

    មូលហេតុ​ផ្សេង​ៗ ធ្វើ​ឲ្យ​មាន​ការ​ហូរ​ឈាម​ក្រោយ​ពេល​រួម​ភេទ​ មាន​ដូ​ចជា៖

    • ការ​កកិត​នៅ​ពេល​រួម​ភេទ ឬ​ដោយ​សារ​មិន​មាន​ទឹក​រំអិល​គ្រប់​គ្រាន់
    • អាច​មាន​ការ​ហូរ​ឈាម​ធម្មតា ប្រសិន​បើ​ស្រីៗ​យើង​​ចាប់​ផ្ដើម​មក​រដូវ ឬ​រដូវ​ទើប​បញ្ចប់
    • មាន​ការ​រលាក​មាត់​ស្បូន ឬ​រលាក​ទ្វារ​មាស
    • របួសនៅ​ប្រដាប់​ភេទ ដោយ​សារ​តែ​មេរោគ​ស្វាយ​ប្រមេះ​ ឬ​មេរោគ​អ្វី​ផ្សេង
    • មាន​ចាប់​ផ្ដើម​ចេញ​សញ្ញា​របស់​ជំងឺ​មហារីក​មាត់​ស្បូន
    • Cervical ectropion (កើត​ឡើង​នៅ​ពេល​សាច់​មាត់​ស្បូន​ខាង​ក្នុង ដុះ​ចាក់​មក​ក្រៅ​តាម​ផ្លូវ​មាត់​ស្បូន និង​ដុះ​មក​ដល់​ក្នុង​ទ្វារ​មាស)
    • ស្រុត​សរីរាង្គ​នៅ​ក្នុង​អាង​ត្រគៀក
    • មហារីក​មាត់​ស្បូន ទ្វារ​មាស និង​មហារីក​ស្បូន

    កត្តា​ស្ងួត​ប្រដាប់​ភេទ ក៏​អាច​ធ្វើ​ឲ្យ​មាន​ការ​ហូរ​ឈាម​ដែរ ដែល​ការ​ស្ងូត​នេះ​អាច​បង្ក​មក​ពី៖

    • ការ​បំបៅ​ដោះ​កូន
    • ក្រោយ​សម្រាល​កូន
    • ប្រើ​ថ្នាំ​ផ្ដាសាយ អាលែកហ្ស៊ី ឬ​ថ្នាំ​ទប់​អ័រម៉ូន​អឺស្រ្តូសែន
    • ផល​រំខាន​បណ្ដាល​មក​ពី​ការ​ព្យាបាល​ជំងឺ​មហារីក​មាត់​ស្បូន
    • ការ​បាញ់​ទឹក​លាង​សម្អាត​ទ្វារ​មាស
    • អស់​រដូវ។

    មួយវិញ​ទៀត​អាការៈមាន​ឈាម​ក្រោយ​រួមភេទ នេះ​​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯងដែរ​ក្នុង​ករណី​មិនបង្ក​ដោយ​ជំងឺ​ផ្សេង​ៗ​។ មាន​ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ពាក់​កណ្ដាល​នៃ​មនុស្ស​ស្រី មាន​បញ្ហា​ហូរ​ឈាម​ក្រោយ​រួម​ភេទ នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ក្នុង​រយៈ​ពេល ២ឆ្នាំ។

    ប្រសិន​បើ​យូរ​ៗ​ម្ដង ទើប​យើង​មាន​បញ្ហា​ហូរ​ឈាម​ក្រោយ​រួម​ភេទ​​ នោះ​មិន​មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ​ខ្លាំង​ពេក​ទេ។ ប៉ុន្តែ​ដើម្បី​ដឹង​ឲ្យ​បាន​ច្បាស់​យើង​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ស្វែង​យល់​បន្ថែម។

    រួមភេទ

    ២. វិធីការពារការហូរឈាមក្រោយពេលរួមភេទ

    យើង​​អាច​ប្ដូរ​របៀប​រស់​នៅ​មួយ​ចំនួន ដើម្បី​កាត់​បន្ថយ​ហានីភ័យ​នៃ​ការ​កើត​បញ្ហា​ហូរ​ឈាម​ក្រោយ​រួមភេទ​បាន៖

    • ប្រើ​ទឹក​រម្អិល​មុន និង​អំឡុង​ពេល​រួមភេទ
    • ត្រូវ​ចាំ​ឲ្យ​រដូវ​អស់​ច្រើន​ថ្ងៃ​សិន ទើប​ចាប់​ផ្ដើម​រួមភេទ
    • ឲ្យ​គ្រូពេទ្យ​កាត់​ដុំ​ដុះ​នៅ​មាត់​ស្បូន​ចេញ ឬ​ព្យាបាល​ជំងឺ​នៅ​មាត់​ស្បូន​ឲ្យ​អស់
    • ដាស់​អារម្មណ៍​ឲ្យ​ពុះ​កញ្ជ្រោល​ជាមុន​សិន មុន​ពេល​ចាប់​ផ្ដើម​រួមភេទ​ដោយ​ស៊ី​ជម្រៅ
    • កាត់​បន្ថយ​ការ​រួមភេទ​បែប​ប្រើ​សកម្មភាព​ខ្លាំង​ៗ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Apr 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម