backup og meta

ស្រីៗធ្លាក់សមិនធម្មតាមានសញ្ញាទាំងនេះ គួរទៅពិនិត្យជាមួយគ្រូពេទ្យ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 23, 2020

    ស្រីៗធ្លាក់សមិនធម្មតាមានសញ្ញាទាំងនេះ គួរទៅពិនិត្យជាមួយគ្រូពេទ្យ

    បើ​និយាយ​ពី​រឿង ធ្លាក់​ស វា​ជា​រឿង​ទូទៅ​មួយ​សម្រាប់​ស្រី​ៗ​គ្នា​យើង​ទៅ​ហើយ។ ការ​ធ្លាក់​ស មាន​ច្រើន​ប្រភេទ​ខុស​គ្នាៗ ផ្អែក​ទៅ​តាម​ពណ៌ ក្លិន និង​ទម្រង់​របស់​វា ហើយ​ស្រី​ៗ​ខ្លះ​ធ្លាក់​ស​ធម្មតា ចំណែក​គ្នា​យើង​ខ្លះ​ទៀត អាច​មាន​បញ្ហា​ទាក់​ទង​នឹង​ការ​ធ្លាក់​ស ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ព្យាបាល​។

    បញ្ហា​ធ្លាក់​ស​ខុសប្រក្រតី អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​រោគ​មាន ​ដូចជា ពពួក Vaginosis, Candidiasis (បង្ក​រោគ​ដោយ​ផ្សិត) និងមេរោគ Trichomoniasis។ បាក់តេរី Vaginosis និង Candidiasis អាច​ឆ្លង​ទោះ​បី​យើង​មិន​បាន​រួម​ភេទ​ក្ដី ខណៈ​ជំងឺ​ប្រមេះ អាច​ធ្វើ​ឲ្យ​ស្រីៗធ្លាក់​ស​ខុស​ប្រក្រតី​ដូច​គ្នា ហើយ​មេរោគ​មួយ​នេះ ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​មិន​បាន​ការ​ពារ។ នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនសែនសុខ។

    ក្នុង​ករណី​ដែល​អាការៈ​ធ្លាក់​ស​មាន​ការ​ប្រែ​ប្រួល​ខុស​ធម្មតា អាច​បញ្ជាក់​ពី​វត្តមាន​មេរោគ ឬ​ជំងឺ​អ្វី​មួយ ដែល​យើង​អាច​ដឹង​បាន​តាម​រោគ​សញ្ញា​ដូច​ជា៖

    – មាន​ក្លិន​ស្អុយ

    –​ ពណ៌​បៃ​តង ពណ៌​ប្រផេះ ឬ​មាន​សភាព​ដូច​ខ្ទុះ

    – មាន​លក្ខណៈ​ពពុះ ឬ​ស្រដៀង​ឈីស

    – ទ្វារ​មាសរមាស់ ក្ដៅ ហើម ឡើង​ក្រហម ឬ​មាន​សភាព​មិន​ប្រក្រតី

    – មាន​ធ្លាក់​ឈាម ទោះ​មិន​មែន​ជា​ពេល​មក​រដូវ។

    ចេញ​សញ្ញា​អ្វី​ខ្លះ​ទើប​ត្រូវ​ជួប​គ្រូពេទ្យ?

    ស្រីៗ​យើង បើ​ឃើញ​ធ្លាក់​ស​មាន​សញ្ញា​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ និង​សញ្ញា​រួម​ផ្សំ​ប៉ុន្មាន​នេះ​ត្រូវ​ប្រយ័ត្ន ហើយ​គួរ​ទៅ​ពិនិត្យ​ជា​មួយ​គ្រូពេទ្យ​ដូចជា៖

    • ក្ដៅ​ខ្លួន
    • ចុក​ពោះ
    • ធ្លាក់ឈាមខុសធម្មតា
    • ស្រក​ទម្ងន់​មិន​ដឹង​មូល​ហេតុ
    • អស់​កម្លាំង
    • ឈឺ​នោម​ញឹក​ញាប់។ល។​​

    ការ​បង្ក​រោគ​មិន​មែន​ជា​មូល​ហេតុ​តែ​មួយ​ដែល​ធ្វើ​ឲ្យ​ធ្លាក់​ស​ខុស​ប្រក្រតី​នោះ​ទេ។ ជួន​កាល ការ​ធ្លាក់​ស​ខុស​ប្រក្រតី​ក៏​អាច​បណ្ដាល​មក​ពី ជំងឺ​មហារីក​មាត់​ស្បូន ជំងឺ​កាម​រោគ រលាក​ទ្វារ​មាស ជំងឺ​ស្វិត​ទ្វារ​មាស និង​ប្រើ​ប្រ​ដាប់​បាញ់​លាង​សម្អាត​ទ្វារ​មាស ស្រោម​អនាម័យ ឬ​សំឡី​អនាម័យ​ស្ទះ​ក្នុង​ទ្វារ​មាស​ជាដើម។

    វិធី​ការពារ​បញ្ហា​ធ្លាក់​ស​ខុស​ប្រក្រតី៖

    – មាន​អនាម័យ​ទ្វារមាស ដោយ​លាង​សម្អាត​ជាមួយ​សាប៊ូ​ស្រាលៗ និង​ទឹក​ក្ដៅ​ឧណ្ហៗ

    – កាត់​បន្ថយ​ប្រើ​​គ្រឿង​សម្អាង​មាន​ក្លិន និង​ការ​ងូត​ទឹក​ពពុះ​សាប៊ូ

    – ហាម​ប្រើ​ទឹក​បាញ់​លាង​ទ្វារ​មាស

    – បន្ទាប់​ពី​បន្ទោ​បង់​រួច ត្រូវ​ជូត​សម្អាត​ពី​ខាង​មុខ​ទៅ​ក្រោយ ដើម្បី​ការពារ​កុំ​ឲ្យ​មេរោគ​ចូល​ទៅ​ក្នុង​ទ្វារ​មាស​បាន

    – ស្លៀក​ខោ​ទ្រនាប់​ផលិត​ពី​កប្បាស និង​មិន​ត្រូវ​ស្លៀក​ខោ​រឹប​តឹង​ខ្លាំង​ទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 23, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម